ការ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ ​ពលករ​ចំណាក​ស្រុក​ប្រឈម​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ

រូបឯកសារ៖ កម្មករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើ​សំណង់​រង់​ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ខាង​ក្រៅ​អគារ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៦។

ភ្នំពេញ — មួយ​ភាគ​បី​នៃ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មាន​គុណភាព​ជីវិត​ទាប​ដោយ​សារ​បញ្ហា ​stress ​(ជំងឺ​ផ្នែក​ផ្លូវ​អារម្មណ៍) ​ខ្លាំង​ មាន​អាការៈ​ជំងឺ​ធ្លាក់​ទឹកចិត្ត (de·pression )​និង​បរិស្ថាន​រស់​នៅ​មាន​ស្តង់ដារ​ទាប។​ នេះ​បើ​យោង​តាម​អត្ថបទ​ស្រាវជ្រាវ​មួយ​អំពី​ «ស្ថាន​ភាព​សុខភាព​ផ្លូវ​ចិត្ត​និង​គុណភាព​ជីវិត ​ក្នុង​ចំណោម​ពលករ​កម្ពុជា​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ»។ ​អត្ថបទ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​ ២០២០។​

អត្ថបទ​នេះ​សិក្សា​ក្នុង​ចំណោម​ពលករ​កម្ពុជា​ចំណាក​ស្រុក​ចំនួន​ជាង​ ១២០០ ​នាក់ ​នៅ​ក្នុង​ខេត្ត​សាកែវ​ និង​ខេត្ត​សូរិន្ទ ប្រទេស​ថៃ។​ ពលករ​កម្ពុជា​ប្រមាណ​ ២៥០០០​ នាក់​ ធ្វើ​ការ​នៅ​ខេត្ត​នេះ​ កាល​ពី​ឆ្នាំ​ ២០១៨ ​នៅ​អំឡុង​ពេល​ដែល​អ្នក​ស្រាវជ្រាវ​ចុះ​សិក្សា។​

លោក​ ប៉ាល់ ចំរើន ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​ខាណា ដែល​ធ្វើ​ការ​លើ​ផ្នែក​សុខភាព​និង​ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​ លើក​ឡើង​ថា បញ្ហា​ច្រើន​ដូចជា​សុខភាព​ផ្លូវ​ចិត្ត​ ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម​ និង​បរិស្ថាន​រស់​នៅ​ស្តង់ដារ​ទាប​ បាន​ធ្វើ​ឲ្យ​គុណភាព​ជីវិត​របស់​ពួក​គេ​ធ្លាក់​ចុះ។​

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​ បាន​ប្រាប់​វីអូអេ​ថា៖​ «ទាក់​ទង​នឹង​គុណ​ភាព​ជីវិត​ឬ​សេចក្តី​សុខ​របស់​កម្មករ​ហ្នឹង​ឃើញ​ថា ​៣៤ ​ជិត ​៣៥ ​ភាគ​រយ ​(មួយ​ភាគ​បី)​ នៃ​កម្មករ​ដែល​ធ្វើ​ការ​នៅ​ថៃ​ហ្នឹង​ គុណ​ភាព​ជីវិត​គាត់​តិច​តួច​ មាន​ន័យ​ថា ​គុណ​ភាព​ជីវិត​របស់​គាត់​នៅ​ក្នុង​កម្រិត​ខ្សោយ ដោយ​សារ​កត្តា​មួយ​ចំនួន​ពាក់ព័ន្ធ​ដូច​ជា​គាត់​មាន​កម្រិត​ស្ត្រេស ​កម្រិត​ភាព​ធុញថប់​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ជាដើម»។​

បណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ Khon Kaen ​ប្រទេស​ថៃ​រូប​នេះ ​បន្ត​ថា៖​ «ហ្នឹង​ដែល​ខ្ញុំ​ទៅ​ឃើញ​ផ្ទាល់​គឺ​ឃើញ​ថា​ ពួក​គាត់​ភាគ​ច្រើន​ដែល​នៅ​តាម​ចម្ការ​អំពៅ​ ​ចម្ការ​ដំឡូង​អី​ជា​លក្ខណៈ​តូប​តូចៗ ​ដែល​និយោជក​គ្រាន់​តែ​ផ្តល់​ជា​ឈើ​ ឬ​សម្ភារៈ​តិច​តួច​ ដែល​គាត់​ត្រូវ​យក​មក​សាង​សង់​ខ្លួន​ឯង។​ អ៊ីចឹង​គុណ​ភាព​សំណង់​ខ្ទម​ ដែល​គាត់​ធ្វើ​ហ្នឹង​គឺ​ត្រឹម​តែ​បាន​ប្រក់​ការពារ​ខ្យល់​ភ្លៀង​តិចតួច​អី​តែ​ប៉ុណ្ណឹង។ ​សហគមន៍​គាត់​នៅ​ឆ្ងាយ​ដាច់​ពី​ជនជាតិ​ថៃ​ ដែល​គេ​រស់​នៅ​ភូមិ​ស្រុក​របស់​គេ»។​

គុណភាព​ជីវិត​ល្អ​សំដៅ​ដល់​កម្រិត​ស្តង់ដារ​សុខភាព​ សេចក្តី​សុខ​សុភមង្គល​របស់​បុគ្គល​ម្នាក់ៗ​ ដែល​កើត​ចេញ​ពី​សុខភាព​រាង​កាយ​ សុខភាព​ផ្លូវ​ចិត្ត​ ទំនាក់​ទំនង​សង្គម​ និង​បរិស្ថាន​ជុំវិញ​ខ្លួន។​ នេះ​បើតាម​ការ​កំណត់​របស់​អង្គការ​សុខភាព​ពិភពលោក ​(WHO)។​

អត្ថបទ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ ​F1000​Research ​មាន​ទីស្នាក់​ការ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​នេះ សរសេរ​ថា៖​

«អត្រា​ប្រេវ៉ាឡង់​(ទូទៅ)​នៃ​ភាព​ stress ​(ជំងឺ​ផ្នែក​ផ្លូវ​អារម្មណ៍)​ មធ្យម​និង​ខ្លាំង​ ក្នុង​ចំណោម​ពលករ​ទាំង​នោះ​ មាន​ដល់​ជិត​ ៦៨​ ភាគ​រយ​ ហើយ​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ​(depression)​ មាន​ដល់​ជិត​ ៧០ ​ភាគរយ»។ ​នេះ​មាន​ន័យ​ថា ​ក្នុង​ចំណោម​ពលករ​ ១០០ ​នាក់​ មាន​ជិត ​៧០ ​នាក់ ​ប្រឈម​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត​ (depression)។​ ការ​សិក្សា​នេះ​ក៏​បាន​ប្រៀប​ធៀប​ជា​មួយ​នឹង​ការ​សិក្សា​ស្រដៀង​គ្នា​ធ្វើ​ឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ ដែល​គេ​រាយ​ការណ៍​ថា​ ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក ​១០០ ​នាក់ ​ដែល​មាន​ជំនាញ​ទាប​នោះ​មាន​ ៦៣ ​នាក់​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត។​

ពលករ​ចំណាក​ស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​សំណង់​អ្នក​បម្រើ​តាម​ផ្ទះសេវាកម្ម​ឧស្សាហ​កម្ម​ផលិត​វកម្ម​ និង​ចិញ្ចឹម​សត្វ។​ ពួក​គេ​ភាគ​ច្រើន​ទទួល​បាន​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់​ហើយ​ជាប់​បំណុល​ធនាគារ។​ នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ដដែល​នេះ។​

អត្ថបទ​ស្រាវ​ជ្រាវ​នេះ​បន្ថែម​ទៀត​ថា ​បញ្ហា​ផ្លូវចិត្ត​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ទៅ​នឹង​គុណភាព​ជីវិត​ទាប។​នៅ​ពេល​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ ពលករ​ភាគ​ច្រើន​បាន​ជ្រើស​រើស​យក​ការ​ជក់​បារី​និង​សេព​សុរា។​ការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​បំពេញ​ការងារ​ បន្ថែម​បន្ទុក​សេដ្ឋកិច្ចបង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​អាច​ឈាន​ដល់​ការ​លេង​ល្បែង​ស៊ី​សង​ថែម​ទៀត​ផង។​

រូបឯកសារ៖ ពលករចំណាកស្រុកខ្មែរដែលធ្វើការនៅប្រទេសថៃ បានធ្វើដំណើរតាមរថយន្តក្រុងមកដល់ចំណតរថយន្តនៅច្រកព្រំដែនប៉ោយប៉ែតជាប់ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

លោក​ ប៉ាល់ ចំរើន​ ជា​អ្នក​សិក្សា​ការ​ស្រាវជ្រាវ​នេះ​បន្ត​ថា​ ពលករ​ចំណាក​ស្រុក​ទាំង​នោះ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​អន្ត​រាគមន៍​ពី​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ទៅ​លើ​ការ​គាំទ្រ​ផ្នែក​សេវា​អប់រំ​ការ​ប្រឹក្សា​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ និង​ការ​កែ​លម្អ​ស្ថានភាព​រស់​នៅ​របស់​ពលករ​ទាំង​នោះ។​

លោក​ ប៉ាល់ ចំរើន​ បារម្ភ​ថា ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាត​ត្បាត​កូវីដ១៩​ ជា​បន្ទុក​បន្ថែម​ដល់​ស្ថាន​ភាព​រស់​នៅ​ដល់​ពលករ​ទាំង​នោះ។​

ត្រឹម​ចុង​ខែ​កញ្ញា​នេះ​ ពលករ​កម្ពុជា​បន្ត​ស្នាក់​នៅ​និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ ​១​ លាន​ ១​សែន​នាក់។​ នេះ​បើ​តាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ។​

លោក ​ញឹប ដា ​អាយុ​ ៤៤ ​ឆ្នាំ ​ជា​ពលករ​មួយ​រូប​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជាង ​៦ ​ឆ្នាំ​មក​ហើយ។​ ដោយសារ​ការ​អូស​បន្លាយ​នៃ​ជំងឺ​កូវីដ១៩​ លោក ​ញឹប ដា ​និង​ភរិយា​រួម​ទាំង​កូន​ស្រី​ អាយុ​ ១៩ ​ឆ្នាំ ​បាន​បាត់បង់​ការងារ​ធ្វើ​នៅ​ខេត្ត​ឈុនបុរី​ប្រទេស​ថៃ។​

លោក​បាន​ឲ្យ​ដឹង​ថា​ លោក​នៅ​បន្ត​ចាំ​រក​ការងារ​ធ្វើ​ព្រោះ​លោក​និង​គ្រួសារ​របស់​លោក​មិន​ត្រឡប់​មក​ស្រុក​វិញ​ទេ​ ដរាប​ណា​លោក​នៅ​មិន​ទាន់​មាន​ចំណូល​ ដើម្បី​ដោះ​បំណុល​ធនាគារ​ជាង​ ៣០០០ ​ដុល្លារ​ ដែល​លោក​ខ្ចី​ដើម្បី​ធ្វើ​ផ្ទះ​ឲ្យ​កូន​ស្រី​ នៅ​ឯ​ស្រុក​បរសេដ្ឋ​ខេត្ត​កំពង់ស្ពឺ។​

លោក​និយាយ​ថា៖​ «យើង​នៅ​ខ្មែរយើង​ក្រ​លំបាក ។ ​យើង​រក​ការងារ​អត់​បាន​ធ្វើ។​យើង​មាន​តែ​មក​ស្រុក​ថៃ។​យើង​មិន​សូវ​ចេះ។​យើង​មក​ថៃ សម្បូរ​ការងារ​ធ្វើ»។​

ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ លោក​ ញឹប ដា​ និង​ក្រុម​គ្រួសារ​សុំ​ស្នាក់​អាស្រ័យ​បណ្តោះ​អាសន្ន​នៅ​ការិយាល័យ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់ត្រាល់។​ លោក​បន្ត​ទៀត​ថា៖​ «ចំណូល​យើង​អត់​មាន​ផង​ ​យើង​អត់​ហ៊ាន​ហូប​ច្រើន ​ហើយ​រក​ការងារ​អត់​ទាន់​បាន​ទៀត»។​

លោក​ លឹង សុផុន​ មន្ត្រី​គម្រោង​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ​ ឲ្យ​ដឹង​ថា​ ពលករ​ភាគ​ច្រើន​មាន​ក្តី​បារម្ភ​ខ្លាំង​ ដោយសារ​អស្ថិរភាព​ការងារ ជា​ពិសេស​ក្នុង​អំឡុង​ពេល​កូវីដ១៩​នេះ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«កន្លែង​ខ្លះ​ គាត់​មាន​ការងារ​បណ្តោះ​អាសន្ន។​ គេ​ហៅ​ទៅ​ធ្វើ​ទៅ​ ក៏​ទៅ អត់​មាន​ ក៏​អត់​ធ្វើ។​ អត់​សូវ​មាន​ការ​ងារ​អ៊ីចឹង ​ពួក​គាត់​នៅ​តែ​ព្រួយ​បារម្ភ»។​ លោក​បន្ត​ថា៖​ «គាត់​លំបាក​រឿង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់ ​រហូត​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ខ្មែរ​វិញ​…​នៅ​ក៏​គ្មាន​ការងារ​ធ្វើ»។​

លោក​ ហេង សួរ ​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ មិន​ផ្តល់​ការ​អត្ថាធិប្បាយ​មក​កាន់​វីអូអេ​ទេ​ លើ​បញ្ហា​ទាំង​នេះ។

លោក​ ហឿ សេធុល​ ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​និង​អប់រំ​ផ្លូវចិត្ត​ ថ្លែង​ថា ​ជា​ទូទៅ​ពលករ​ចំណាក​ស្រុក​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ផ្លូវ​ចិត្ត​ ហើយ​ស្ថានភាព​កូវីដ១៩​ បង្ក​ឲ្យ​ភាព​តាន​តឹង​អារម្មណ៍​កាន់​តែ​ខ្លាំង​ជាង​មុន។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«អ៊ីចឹង​នៅ​ពេល​ដែល​មាន​ស្ថាន​ភាព​កូវីដ១៩​ កើត​ឡើង​ គាត់​អាច​ប្រឈម​នឹង​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​គាត់។ ​អ៊ីចឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់​ ការ​ហូប​ចុក​មិន​បាន​គ្រប់គ្រាន់​សម្ពាធ​ ទាក់ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​គ្រួសារ​ ហើយ​ការ​បាត់​បង់​ការងារ​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គាត់​មាន​បញ្ហា​[ផ្លូវចិត្ត]​ហ្នឹង​ដែរ»។​

លោក​បន្ត​ថា​ ការ​ជួយ​គាំទ្រ​ដល់​ពលករ​ចំណាក​ស្រុក​ភាគ​ច្រើន​ផ្តោត​សំខាន់​លើ​ផ្នែក​សេដ្ឋ​កិច្ច​ និង​សុខភាព​ផ្លូវ​កាយ​ ប៉ុន្តែ​មាន​ការ​អន្ត​រាគមន៍​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​នៅ​មាន​តិច​តួច​នៅ​ឡើយ។​

កាល​ពី​ខែ​ឧសភា ​ឆ្នាំ​ ២០២០​ ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​សិក្សា​មួយ​ ដោយ​លើក​ឡើង​ថា ការ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ នៅ​ខេត្ត​បន្ទាយ​មានជ័យ​ បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ ដើម្បី​រក​លុយ​សង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ទាំង​នោះ។​

ចាប់​តាំង​ពី​ចុង​ខែ​មីនា​ នៅ​ពេល​ជំងឺ​កូវីដ១៩​ កាន់​តែ​តាន​តឹង​ពលករ​ខ្មែរ​ជាង ​១១​ ម៉ឺន​នាក់​ បាន​វិល​ត្រឡប់​ពី​ក្រៅ​ប្រទេស ​ជា​ពិសេស​ពី​ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា​វិញ ​ហើយ​ពួក​គេ​ប្រឈម​អត់​ការងារ​ធ្វើ​ បាត់​បង់​ចំណូល​និង​ជំពាក់​បំណុល​គេ​ថែម​ទៀត៕