ខ្មែរ​ស្ត្រី​បម្រើ​គេ​នៅ​ម៉ាឡេស៊ី ​ខ្វះ​ការ​ការពារ​ផ្លួវច្បាប់

ចំប៉ី​ជា​កុមារី​ខ្មែរ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប​ពេល​ទៅ​ធ្វើ​ការ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

បទ​យក​ការណ៍​ភាគ​ទី​២​នៃ​៣ភាគ

ការ​ចាកចេញ​ទៅ​ធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​គេ​នៅ​ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​ឱកាស​មួយ​ដើម្បី​ជួយ​សម្រួល​ជីវភាព​ដ៏​ក្រីក្រ​របស់​ប្រជាជន​ក្នុង​ស្រុក​រវៀង​ ​ខេត្ត​ព្រះវិហារ​បាន​មួយ ផ្នែក។​ ប៉ុន្តែ​ការ​ធ្វើ​ចំណាក​ស្រុក​នេះហាក់​ដូចជាកំពុង​ស្ថិត​ក្នុង​ភាព​ប្រថុយ​ប្រថាន​ខ្លាំង​ ​រង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​ ​ការ​ធ្វើ​ទារុណ​កម្ម​និង​ការរំលោភ​បំពាន​ផ្សេងៗ។

នៅ​ពេល​ដែល​តៃ​ ចំប៉ីបាន​វិល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​មកដល់​កម្ពុជា​វិញ​ ​កាល​ពី​ពីរ​ខែ​មុន នាង​មិន​ស្គាល់​នរណា​ម្នាក់​ឡើយ​ ​សូម្បី​តែ​ម្ដាយ​បង្កើត​របស់​នាង​ផ្ទាល់។

យុវតី​វ័យ​២១​ឆ្នាំ​នៅ​ក្នុង​ភូមិ​តំណាក់​ចិន​ ​ឃុំ​រស្មី​ នៃ​ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ​នេះ​ពីមុន​ធ្លាប់​តែ​ជា​មនុស្ស​ស្វាហាប់​ ​តែ​ពេលនេះ​ប្រែជា​មាន​អាការៈ​ស្ពឹក​ស្រពន់​ ​មាន​ដំណើរ​មួយៗ​ ​ប្រៀប​ដូច​ជា​មនុស្ស​ដែល​គ្មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន​បន្តិច​សោះ​ ​ក្រោយពី​នាង​បាន​ទៅ​ធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​គេ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​ជាង​៧ខែ​មក​នោះ។

អង្គុយ​បត់ជើង​នៅ​លើ​រនាប​ក្ដារ​លើ​ផ្ទះ​ឈើ​របស់​នាង ​ដោយ​មាន​ទឹក​មុខ​ម្តង​ស្រងូត​ស្រងាត់​ម្តង​ញញឹម​ញញែម​ ​តៃ ចំប៉ីបាន​រំឭក​អំពី​ទិដ្ឋភាព​ដែល​នាង​បាន​ឃើញ​នៅ​ពេល​ដែល​នាង​បាន​ទៅ​ដល់​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​មួយ​ ឬ​ហៅ​ថា​ ​Agency​ សម្រាប់​ពលការិនី​ខ្មែរ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

«ខ្ញុំ​ចូល​ទៅ​ ​មុន​ដំបូង​នៅ​កន្លែង​ Agency។​ ​កន្លែង​ហ្នឹង​មាន​គ្រូមួយ ​គ្រូខ្មែរ​ ​មហា​សែន​អាក្រក់។​ ខ្ញុំ​បាន​ឃើញ​ទិដ្ឋភាព​ជាច្រើន​ ​ទម្រាំ​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​ថៅកែ។ ​សូម្បី​តែ​មនុស្ស​ឆ្កួត​ ក៏​គាត់​វាយ​ ​មនុស្ស​ឈឺ​ក៏​គាត់​វាយ។​ គាត់​ថា​ ​ធ្វើ​ឈឺ​ ​ធ្វើ​ឆ្កួត​ ​ហើយ​ហូបបាយ​សែន​វេទនា កម្ម​មែនទែន​ ​បបរ​រាល់​ថ្ងៃ​ ​រាល់​ព្រឹក។ ​បបរ​នោះឃើញ​តែ​ម្ទេស​ជាមួយ​ស្ពៃ​ក្ដោប​ ​អត់​មាន​កាក​បាយ​ទេ»។

តៃ ចំប៉ីបាន​សម្រេច​ចិត្ត​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​តាម​រយៈ​មេខ្យល់​ ឬ​អ្នក​ជ្រើសរើស​ពលការិនី​ក្នុង​ភូមិ​ម្នាក់​ ​បន្ទាប់​ពី​នាង​ឃើញ​យុវតី​ជាច្រើន​ទៀត​ក្នុង​ភូមិ​ជាមួយ​គ្នា​បាន​នាំគ្នា​ចេញ​ទៅ​តាម​មេខ្យល់​នោះ​ជា​ហូរហែ​ ​បើ​ទោះ​ជា​នាង​និង​ម្ដាយ​របស់​នាង​ដឹង​ថា​ ​មេ​ខ្យល់​នោះ​ជា​ម្ចាស់​ផ្ទះ​បន​មួយ​នៅ​ក្នុង​ភូមិ​ក៏​ដោយ។

ចំប៉ី​បាន​រៀបរាប់​ថា​ ​នៅ​ពេល​ដែល​នាង​បាន​ទៅដល់​ផ្ទះ​ថៅកែ​របស់​នាង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​ថៅកែ​នោះ​បាន​បង្ខំ​ឲ្យ​នាង​ធ្វើ​ការ​ទាំង​នៅ​ផ្ទះ​ផង​ទាំង​នៅ​ហាង​លក់​ដូរ​របស់​ថៅកែ​នោះ​ផង។ ​ចំប៉ី​និយាយ​ថា​ ​នៅ​ជាមួយ​ថៅកែ​នោះ​ ​នាង​មិន​ត្រឹម​តែ​ហូប​មិន​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ​ ​គឺ​ថែម​ទាំង​ត្រូវ​ថៅកែ​វាយ​ធ្វើ​បាប​លើ​រូបកាយ​និង​បង្អត់​បាយ​នាង​ទៀត​ផង។

«ខ្ញុំ​ធ្វើ​ការ​បាន​ប្រហែលមួយ​ខែ​ ​ថៅកែ​ខ្ញុំ​ចាប់​ផ្តើម​វាយ​ខ្ញុំ​ណាស់។ ​គាត់​វាយ​ខ្ញុំ។ ​គាត់​ចាក់​ទឹក​ក្តៅ​លើ​ដៃ​ខ្ញុំ។ ​ខ្ញុំ​ចាំ​ថា​ ​នៅ​យប់​នោះ​ ​គាត់​គម្រាម​ថា​ ​យក​ប៉ូលិស​មក​វាយ​ខ្ញុំ​ ​ព្រឹក​ឡើង​ស្រាប់​តែ​ប៉ូលិស​មក​វាយ​ខ្ញុំ​មែន។​ ​អត់​មាន​និយាយ​ជា​មួយ​គ្នា​អី​ទេ​ ​មក​ដល់​យក​កាំ​ភ្លើង​ភ្ជង់​ខ្ញុំ ​ ​វាយ​ខ្ញុំ។ ​ខ្ញុំ​ចំណាំ»។

ចំប៉ី​រៀបរាប់​បន្ត​ទៀត​ថា​ ​នាង​ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​ជាមួយ​ម្ចាស់​ផ្ទះ​ចំនួន​បួន​ផ្សេងៗ​គ្នា​ក្នុង​អំឡុង​ពេល​៧ខែ​ដែល​នាង​ស្នាក់​នៅ​ក្នុង​ប្រទេស​នោះ។

នាង​អះអាង​ថា​ ម្ចាស់​ផ្ទះ​ចុងក្រោយ​ដែល​នាង​ស្នាក់​នៅ​ជាមួយ​ ​បាន​បញ្ជូន​នាង​ត្រឡប់​មក​ឲ្យ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​វិញ​ ​ដោយ​ចោទប្រកាន់​ថា​ ​នាង​ធ្វើការ​មិន​បាន​ល្អ​ ​ហើយ​លួច​រត់​ចេញ​ពី​ផ្ទះ។​ នាង​ត្រូវ​បាន​ភ្នាក់ងារ​ក្រុមហ៊ុន​ឃុំ​នៅ​ក្នុង​បន្ទប់​ដ៏​ត្រជាក់​មួយ​ ​ហើយ​នាង​ចាំ​ថា ​នៅ​ពេល​នោះ​ ​ក្បាល​របស់​នាង​ត្រូវ​បាន​គេ​វាយ​យ៉ាង​ដំណំ​រហូត​ដល់​នាង​សន្លប់​បាត់​ស្មារតី។

នៅ​ពេលនាង​ដឹងខ្លួន​ឡើងវិញ​ ​នាង​ដឹង​ថា​ ​ខ្លួនឯង​កំពុង​ស្ថិត​នៅ​លើ​គ្រែ​នៃ​មន្ទីរ​ពេទ្យ​វិកល​ចរិត​មួយ។​ ចំប៉ី​អះអាង​ថា​ ​នាង​បាន​ទទួល​ការ​ព្យាបាល​រយៈពេល​២សប្តាហ៍​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ ​មុន​ពេល​ត្រូវ​គេ​បញ្ជូន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

អ្នក​ស្រីសៅ អ៊ោនគឺ​ជា​ម្តាយ​របស់​យុវតី​តៃ ​ចំប៉ី។ គាត់កំពុង​ត្រៀម​ច្រូត​ស្រូវ​ជាមួយ​ប្តី​របស់​គាត់នៅ​ឯ​ចម្ការ​របស់​គាត់​ក្នុង​ព្រៃ​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ផ្ទះ។ អ្នក​ស្រី​សៅ​ អ៊ោនបាន​ពន្យល់​ថា​ ​អ្នកស្រី​សុខចិត្ត​បណ្ដោយ​កូន​ស្រី​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​គឺ​ដោយ​សារ​តែ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ខ្វះខាត​ពេក។

ប៉ុន្តែ​ពេល​នេះ​ ​អ្នក​ស្រី​សៅ អ៊ោនបាន​មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា​ ​អ្នក​ស្រី​មាន​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ ​នៅ​ពេល​ដែល​ឃើញ​កូនស្រី​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ក្នុង​អាការៈ​ខុស​ពី​ធម្មតា​បែបនេះ។

«ខ្ញុំ​ឆ្អែត​ដើម​ទ្រូង​ហើយ។ ខ្ញុំ​មិន​ចេះ​មាត់។ ​កូន​ខ្ញុំ​វា​ថ្នាក់​ដល់​ប៉ុណ្ណេះ។​ ពេល​ទៅ​ពី​ផ្ទះ​ ​កូន​ខ្ញុំ​គ្រាន់​ ​ចុះ​ហេតុ​អ្វី​មក​ពី​ប្រទេស​ក្រៅ​ ​កូន​ខ្ញុំ​កើត​ជា​រម៉េច​រម៉ឹម​ ​កើត​ជា​ឆ្កួត​អញ្ចេះ​ហ្អ៎ា?»

មាន​ពលករ​ខ្មែរ​ប្រមាណ​២ម៉ឺន​នាក់​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​និង​តាម​ហាង​នានា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​ខណៈ​ពេល​ប្រទេសនោះ​មាន​តម្រូវ​ការ​ខ្ពស់​ខាង​អ្នក​បម្រើ​តាម​ផ្ទះ។ ​តម្រូវការ​ខ្ពស់​ខាង​អ្នក​បម្រើ​តាម​ផ្ទះ​នេះ​គឺ​ដោយសារប្រទេស​ឥណ្ឌូនេស៊ី​ដែល​ធ្លាប់​តែ​បញ្ជូន​ពលករ​របស់​ខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​បាន​ឈប់​បញ្ជូន​ពលករ​របស់​ខ្លួន​ឲ្យ​ទៅ​ធ្វើការ​នៅ​ទី​នោះ​ទៀត​ ​បន្ទាប់​ពី​មាន​របាយ​ការ​ជា​ហូរហែ​អំពី​ស្ថានភាព​ការងារ​មិន​ល្អ​នៅ​ទីនោះ។

ការ​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​គឺ​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់។​ ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុនជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កម្ពុជា​មាន​ចំនួន​៣១​ក្រុមហ៊ុន។ ​ក្នុង​នេះ​ ​ជាង​ពាក់​កណ្តាល​គឺ​ជា​ក្រុមហ៊ុនជ្រើសរើស​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ​នេះ​បើយោង​តាមក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កម្ពុជា។​ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា​ ​តើ​មាន​ក្រុមហ៊ុន​ប៉ុន្មានដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ជា​មួយ​ក្រសួង​ការងារ​នោះ​ទេ។

នៅ​ក្នុង​ករណី​ជាច្រើន​ ​មេ​ខ្យល់​ ឬ​ឈ្មួញ​កណ្ដាល​នៅ​តាម​ភូមិស្រុក​គឺ​ជា​អ្នក​ដើរ​ជ្រើសរើស​ពលករ​ដោយ​ផ្ទាល់​ ​ដោយ​សន្យា​ផ្តល់​ការងារ​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ដល់​ពួក​គេ​ ​និង​ផ្តល់​លុយកាក់​ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ដល់​ឪពុក​ម្ដាយ​របស់​ពលករ​នោះ​ជាមុន​ ​ហើយ​ថែមទាំង​សន្យា​ជួយ​រត់ការ​ ​លិខិត​ស្នាម​ផ្លូវ​ច្បាប់​ផ្សេងៗ​ដើម្បី​ធានា​ថា​ ​ពលករ​ទាំងនោះ​នឹង​មាន​សុវត្ថិភាព​នៅ​ពេល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ។

ប៉ុន្តែ​នៅ​ក្នុង​ពេលថ្មីៗ​នេះ​ ​មាន​របាយការណ៍ជា​បន្ត​បន្ទាប់​អំពី​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៅលើ​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​ការ​លួច​រត់​ចេញ​របស់​ពលករ​ពី​មណ្ឌល​បណ្ដុះ​បណ្ដាលរបស់​ក្រុមហ៊ុន​ជ្រើសរើស​ពលករមួយ​ចំនួន​ទៀត​ផង។

របាយ​ការ​ណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ស្តី​អំពី​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ម៉ាឡេស៊ី​បាន​បង្ហាញ​ថា​ ​គិត​មក​ត្រឹម​ចុង​ខែ​កញ្ញា​ឆ្នាំ២០១០​នេះ​ ​ពលករ​ចំណាក​ស្រុក​ខ្មែរ​ចំនួន​៨៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្សេងៗ​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

លោក​ស្រី ពុង​ ឈីវកេក​ ប្រធាន​អង្គការ​លីកាដូ​ ​មាន​ប្រសាសន៍​ថា​ ​បញ្ហារំលោភ​បំពាន​លើ​ពលករ​នេះ​នៅ​តែ​កើតឡើង​គឺ​ដោយសារ​តែ​កង្វះ​យន្តការ​របស់​រដ្ឋាភិបាល​ក្នុងការ​ការពារ​ពលករ​ពីករណី​ល្មើស​ច្បាប់​ទាំង​នេះ។

«បើ​ក្រសួងការងារ​យើ់ង​លោក​មាន​វិធាន​ការ​ ​លោក​ឃើញ​ហើយ​ពេល​ហ្នឹង ​ឃើញ​ថា​ ​តើ​ពេល​ដែល​ក្រុមហ៊ុនមុន​ហ្នឹង​ ​យក​ទៅ​ហ្នឹង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ​ ឬ​នៅ​ ​ព្រោះ​សិទ្ធិ​របស់​រដ្ឋា​ភិបាល​អាច​ត្រួត​ពិនិត្យ​បាន​ ត្រួត​ពិនិត្យ​ថា​ ​តើ​មាន​ធ្វើ​បាប​គេទេ​ ​នៅក្នុង​ជំរុំ​ហ្នឹង?​ ​ពេល​ដែល​យក​ទៅ​នោះ?​ ​បើ​រដ្ឋា​ភិបាល​លោក​បញ្ជូន​មន្រ្តី​របស់​លោក​មួយ​ឲ្យ​ទៅជា​មួយ​ក្រុមហ៊ុន​ ហើយ​ទៅ​ជា​មួយអ្នក​ចំណាក​ស្រុក​ហ្នឹង​ ​កម្មករ​អត់​មាន​ចំណោទ​ទេ»។

លោកវង សូត​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​តំណាង​រាស្រ្ត​ក្នុង​សភាកាល​ពី​ថ្ងៃ​ទី​២១​ខែ​តុលា​ឆ្នាំ​២០១០​នេះ​ថា​ ​ក្រសួង​របស់​លោកបាន​ចាត់​វិធាន​ការយ៉ាង​ហ្មត់ចត់​ដើម្បី​ការពារ​ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ ​ហើយ​ក៏​កំពុង​រៀប​ចំ​អនុក្រិត្យ​ថ្មី​មួយ​ស្តីពី​ការ​គ្រប់គ្រង​ពលករ​ចំណាក​ស្រុក​ ​ដើម្បីផ្តល់​ការ​ការពារ​កាន់តែ​ប្រសើរ​ជាងមុន​ចំពោះ​ពួកគេ​ផងដែរ។

«ក្រសួង​បាន​ចាត់​វិធាន​ការ​យ៉ាង​ហ្មត់ចត់​បំផុត​នៅគ្រប់​តំណាក់​កាល​ ​ដោយ​សហការ​ជា​មួយ​ក្រសួង​មហាម​ផ្ទៃ​ និង​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ស្រុក​រវៀង​នេះ​បាន​អះអាង​ថា​ ​នៅ​ទីនេះ​ ​ពុំ​ទាន់​មានយន្តការ​ជាក់លាក់​ណាមួយ​នៅឡើយ​ ​ដើម្បី​ការពារពលករដែល​ចេញ​ទៅ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ។

តួយ៉ាង​ ​ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​អះ​អាង​ថា​ ​គ្មាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ណាមួយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជ្រើសរើស​ពលករ​នៅ​ក្នុង​ស្រុក​នេះ​ក៏​ដោយ​ ​ក៏​ VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា​ ​យ៉ាង​ហោច​ណាស់មាន​តំណាង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​យ៉ាង​តិច​ចំនួន​ពីរ​ដែរនៅ​ក្នុង​ស្រុក​រវៀង​នេះ​ ​ដែល​កំពុង​ធ្វើការ​ជ្រើសរើស​យុវតី​ក្មេងៗ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

លោកសៀ ទ្រីកួយ​ ​វ័យ​៥៦​ឆ្នាំ​ ជា​អ្នក​តំណាង​ម្នាក់​ក្នុង​ការ​ជ្រើសរើស​ពលករ​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​មួយ​ឈ្មោះ​ TSE។

លោកសៀ ទ្រី​កួយ​បាន​មាន​ប្រសាសន៍​នៅ​អែប​នឹង​ហាង​ខារ៉ាអូខេ​របស់​លោក​ថា​ ​លោក​ជ្រើសរើស​ពលការិនី​វ័យក្មេងឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ីបាន​ប្រមាណ​៣០​នាក់​ហើយ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។

ដោយឡែក​នៅ​ក្នុង​ករណី​របស់​ពលការិនី​តៃ ចំប៉ី ​ដែល​ទើប​វិល​ត្រឡប់មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ​ក្នុង​អាការៈ​ខុស​ប្រក្រតី​នោះ​ ​លោក​សៀ ទ្រី​កួយ ​ដែល​ជា​អ្នកបាន​ជ្រើស​រើសនាង​ផ្ទាល់​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​កាលពី​៩ខែ​មុន​នោះ​ ​មាន​ប្រសាសន៍​ថា​ ​លោកគ្រាន់​តែ​ជា​បុគ្គលិក​ធម្មតា​ម្នាក់​របស់​ក្រុមហ៊ុន​ដែល​ធ្វើការ​ដើម្បី​ទទួល​បាន​ប្រាក់​ខែ​ពី​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។

«ខ្ញុំគ្រាន់​តែ​សាខា​ក្រុម​ហ៊ុន​ ​ពុំ​មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ។​ តែ​បើ​ថា ទៅ​ឯណោះ​ល្អ​ ឬ​អត់​ល្អ​ក៏​លើ​គេ។ លោក​គ្រូ​ដឹង​អី​ ​យើង​គ្រាន់​តែ​ជា​បុគ្គលិក​គេ​មិន​អញ្ចឹង»។

លោក​សេង សិទ្ធិ​ជ័យ​ អគ្គនាយក​ក្រុមហ៊ុន ​TSE ​មាន​ប្រសាសន៍​ដោយ​បដិសេធ​ថា​ ​ពុំ​មាន​ការ​ប្រើ​ហិង្សា​ណាមួយ​ទៅលើ​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ។ ​ដោយ​ឡែក​នៅ​ក្នុង​ករណី​យុវតី​តៃ ចំប៉ីនោះ​ ​លោកសេង សិទ្ធិជ័យ​អះអាង​ថា​ ​គឺ​ដោយសារ​តៃ​ ចំប៉ី​នេះ​មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូចគ្នា​ជាមួយ​ពលការិនី​ខ្មែរ​មា្នក់​ទៀត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ​ ​ហើយ​បាន​បង្ក​រឿង​ដេញ​កាប់​គេឯង​នៅក្នុង​ទី​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​នៅ​ទី​នោះ​ ​រហូតដល់សមត្ថកិច្ច​របស់​ម៉ាឡេស៊ី​ចាប់​ខ្លួន។

«អត់​មាន​ Agency ​ណា​វាយ​ធ្វើបាប​គាត់​ទេ។​ ក្រុមហ៊ុន​យើង​ក៏​អត់​បាន​ប្រព្រឹត្ត។ ​សំខាន់​គាត់​កើត​រឿង​នៅ​ម៉ាឡេ​ ​ហើយ​សំខាន់​ទៀត​គឺ​រឿង​ដោយ​សាម៉ី​ខ្លួន​គាត់​ណា៎​ ​មិនមែន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​លើ​គាត់​ទេ។ ​បើ​សិន​ជា​មាន​អ្នក​ណា​ប្រព្រឹត្ត​លើ​គាត់​ ​ស្ថានទូត​នឹង​ដោះ​ស្រាយ​ ​ព្រោះ​យើង​រាយការណ៍​ជូន​ស្ថានទូត​រហូត»។

លោក​សេង សិទ្ធិជ័យ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ​ក្រុមហ៊ុន​របស់​លោក​ក៏​បាន​ជួយ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ចំនួន​២លាន​រៀល​ដល់​គ្រួសារ​របស់​យុវតី​តៃ ចំប៉ី​ផង​ដែរ​ ​ក្រោយពី​ចំប៉ី​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នោះ។

តែ​ទោះ​ជាយ៉ាង​នេះ​ក្តី​ ​ទឹក​ប្រាក់​ចំនួន​២លាន​រៀល​នេះ​មិន​អាច​ធ្វើ​ឲ្យ​ឪពុកម្តាយ​របស់​យុវតី​ តៃ ចំប៉ី​រស់នៅ​ដោយ​ស្ងប់ចិត្ត​នោះ​ទេ​ ​ដោយ​ពួកគេ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​ សៀ ទ្រីកួយ ​និង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​របស់​គាត់​ ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​មកលើ​កូន​ស្រី​របស់​ពួកគេ។

សូម​លោក​អ្នករង់​ចាំ​អានសេចក្តី​រាយការណ៍​ភាគ​ទី​៣របស់​លោកពេជ្រ សំណាង ដែល​ជា​ភាគ​បញ្ចប់។ លោកពេជ្រ សំណាងនឹង​រាយការណ៍​ជូន​លោក​អ្នក​អំពី​លទ្ធផលនៃ​ការ​ដាក់​ពាក្យ​បណ្តឹង​ដោយ​ឪពុក​ម្តាយ​ជន​រងគ្រោះទាម​ទារ​រក​យុត្តិធម៌​ ឲ្យ​កូនស្រី​ដែលបាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ។