មេ​ដឹកនាំ​កម្ពុជាចូលរួម​ក្នុង​វេទិកា​វិនិយោគ​ពិភពលោក​ជាមួយ​មេដឹក​នាំពី​​១៦០ប្រទេស​​នៅ​ក្រុង​ហ្សឺណែវ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍អ្នកគាំទ្ររបស់លោកនៅក្នុងកិច្ច​សំណេះសំណាលមួយជាមួយពលរដ្ឋខ្មែរ​រស់នៅតំបន់អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែកហ្សិក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ (សុខ ខេមរា/VOA)

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​សែន​នៃ​ប្រទេស​កម្ពុជា​ ​ក៏គ្រោង​ថ្លែង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​នេះ​ ​ទៅ​កាន់​វេទិការ​បស់​អ.សប.​ដែរ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា កំពុង​ចូលរួម​វេទិកា​វិនិយោគ​ពិភពលោក​ជាមួយ​មេដឹកនាំ​មក​ពី​បណ្តា​ប្រទេស​ចំនួន ១៦០ និង​អ្នក​វិនិយោគ​ ឬ ​ដៃ​គូសំខាន់ៗ​ជា​ច្រើន ​ដើម្បី​ពិភាក្សា​អំពី​ការលើក​កម្ពស់​វិស័យ​វិនិយោគ​ដែល​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​រហូត​ដល់​ទឹក​ប្រាក់​រាប់​លាន​លាន​ដុល្លារ ​ក្នុង​ពិភពលោក។

វេទិកា​ដែល​រៀបចំ​ដោយ ​អ.ស.ប នេះ​ ត្រូវ​បានគេ​ដឹង​ថា ​មាន​អ្នក​ចូលរួម​ជាង​ ​៥.០០០​នាក់​ ​ជា​ប្រ​មុខ​ដឹកនាំ​រដ្ឋាភិបាល វិស័យ​ឯកជន ដៃគូ​ជា​អង្គការ​នា​នា ដើម្បី​ជជែក​គ្នា​ពី​រឿង​ក្តីបារម្ភ​នានា​ទាក់ទង​នឹង​ការធ្លាក់​ចុះ​វិនិយោគ និង​ផលប៉ះពាល់​ទាំងឡាយ ដែល​ពិបាក​ឲ្យ​ពិភព​លោក​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​ឆ្នាំ​ ​២០៣០។

លោក​ Mukhisa Kituyi​ ​អគ្គលេខាធិការ​អ.ស.ប​ ​ប្រចាំ​វេទិកា​វិនិយោគ​ពិភពលោក​អ.ស.ប​បាន​ស្វាគមន៍​ក្រុម​អ្នក​ចូល​រួម​ក្នុង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ វេទិកា​វិនិយោគ​ពិភព​លោក​អ.ស.ប​ឆ្នាំ​២០១៨​នេះ។

«ការ​ចេញ​មក​ចូលរួម​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​វេទិកា​ពិភពលោក​ឆ្នាំ​នេះ គឺ​ជា​សក្ខី​កម្ម​ ​ចំពោះ​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​វេទិកា​ពិភព​លោក​នេះ​ដើម្បី​ដោះស្រាយ​វិនិយោគ​តាម​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព»។

លោក​បាន​បង្ហាញ​ថា ការ​ធ្វើ​ទំនាកទំនង​រវាង​វិស័យ​ឯកជន​និង​រដ្ឋ គឺ​ជា​រឿង​សំខាន់​បំផុត។ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី និង​អាហ្រ្វិក ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​ក្នុង​វេទិកា​នេះ​ពី​ការ​ដែល​បាន​ទទួល​រង្វាន់​ចំពោះ​ការបង្កើន​បច្ចេកវិជ្ជា​ផ្នែក​អប់រំ បង្កើន​ថាមពល​អាច​ប្រើឡើង​វិញ ​ការងារ​ធ្វើ និង​ការ​បំឡែង​កាក​សំណល់​ទៅ​ជា​អាហារ​រូបឋម​ជា​ដើម។

​វេទិកា​នេះ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ដៃ​គូរ​វាង​រដ្ឋ​និង​វិស័យ​ឯកជន​ដើម្បី​ប្រែក្លាយ​ការវិនិយោគ​ទៅ​ជា​ការ​វិនិយោគ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ហើយ​ថែម​ទាំង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ច្បាប់​បរិស្ថាន​និង​ក្រម សារ​ពើពន្ធ​ជាដើម។​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ ​ក៏គ្រោង​ថ្លែង​សុន្ទរកថា មួយ​នៅ​ថ្ងៃ​នេះ​ ​ទៅ​កាន់​វេទិការ​បស់​អ.សប.​ដែរ៕