មាន​ការ​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​ក្រុម​អ្នក​ប្រឆាំង​ដែលកំពុង​ជាប់​ឃុំ​ឃាំង

  • Lisa Schlein

រូបភាព​ឯកសារ៖ អ្នកទោស​ អង្គុយ​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​រិះគន់​ការបោះឆ្នោត របស់ ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​មិន​យក​ជា​ការ​បាន មិន​សេរី​និង​យុត្តិធម៌ ហើយ​កំពុង​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​អ្នក​ដែល​កំពុង​ជាប់​ឃុំឃាំង​ចំពោះ​ការ​ប្រឆាំង​នឹង​អ្វី​ដែល​គេ​ចាត់​ទុក​ថា​ជា​ការបោះឆ្នោត​ក្លែង​ក្លាយ​។

មាន​ភ្ញាក់​ផ្អើល​តិចតួច​ប៉ុណ្ណោះចំពោះ​ការណ៍​ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ដ៏​យូរ​បំផុត​នៅ​អាស៊ី​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី​កាល​ពី​ចុង​ខែ​មុន​នេះ។ ក្រុម​អ្នក​ប្រឆាំង​អះអាង​ថា ការបោះឆ្នោត​ នេះ​ត្រូវ​បាន​គេ​ក្លែង​បន្លំ ហើយ​លទ្ធផល​ឆ្នោតគឺ​ជា​ការ​សន្និដ្ឋាន​ទុក​ជា​មុន។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​បរិយាកាស​សិទ្ធិ​មនុស្ស​ក្នុង​អំឡុង​ពេល​នៃ​ការបោះឆ្នោត។ អង្គការ​នេះ​បាន​កត់​សម្គាល់​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ វិច្ឆិកា ហើយ​មេដឹកនាំ​របស់​គណបក្ស​នេះ​នៅ​តែ​ជាប់​ក្នុ​ង​មន្ទីរ​ឃុំឃាំង​ដោយសារ​ការ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ។

លោកស្រី Ravina Shamdasani អ្នក​នាំ​ពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់ ​VOA​ ថា អ្នក​ដែល​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ត្រូវ​បាន​បំភិតបំភ័យ ធ្វើ​ទុក្ខបុកម្នេញ​និង​ចាប់​ខ្លួន​ដោយសារ​តែ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​។ លោក​ស្រី​បាន​និយាយ​ថា ​ទីភ្នាក់ងារ​របស់​លោក​ស្រី​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​របស់​ខ្លួន​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​លើក​រួច​មក​ហើយ ដែល​រួម​ទាំង​ការ​ព្រួយ​បារម្ភ​ជាក់លាក់​អំពី​ការ​គំរាមកំហែងផងដែរ។

លោកស្រី Ravina Shamdasani មាន​ប្រសាសន៏​ថា៖

«ប្រជាពលរដ្ឋ​ខ្លះត្រូវ​បាន​គេ​គំរាម​ថា ពួកគេ​នឹង​ជួប​ប្រទះ​ការ​លំបាក​នៅ​ក្នុង​ការ​ទទួល​បាន​សេវាសាធារណៈ ប្រសិន​បើ​ពួកគេ​មិន​បាន​បោះឆ្នោត​ទេ​នោះ។ ​យើង​ក៏ទទួល​បាន​ព័ត៌មានថា ប្រជាពលរដ្ឋបាន​ទទួលប្រាក់​កាសចំពោះការ​ចេញ​ទៅ​ឆ្នោត​ផង​ដែរ។ ដូច្នេះ​យើង​បានពិភាក្សា​អំពីដំណឹង​នេះ​ជាមួយ​នឹង​រដ្ឋាភិបាល ហើយ​ក៏​បាន​លើក​ឡើង​នូវ​កង្វល់​របស់​យើង​ជាមួយ​ពួកគេ​ផង​ដែរ»។

លោកស្រី Shamdasani និយាយ​ថា ទីភ្នាក់ងារ​របស់​លោកស្រី​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​មិន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​នឹង​អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន ​ដោយ​សារ​តែ​ការ​អំពាវនាវ​របស់​ពួកគេ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​ចូល​រួម​ការបោះឆ្នោត​នោះ​ទេ។

លោកស្រី​និយាយ​ថា សិទ្ធិ​ក្នុង​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​ចូល​រួមការ​បោះឆ្នោតដែល​មិន​តម្រូវ​ឲ្យ​ត្រូវ​តែ​ទៅ ​គឺត្រូវបាន​ធានា​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស។ ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង អ្នក​កាសែត អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​ត្រូវ​បាន​ឃាត់​ខ្លួនចំពោះ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួកគេ៕

ប្រែ​សម្រួល​ដោយ ហេង រស្មី