មន្រ្តី​រដ្ឋាភិបាល​ចេញ​មុខ​ដោះ​ស្រាយ​វិវាទ នាំ​ឱ្យ​សង្គម​ស៊ីវិល​មន្ទិល​ពី​ឯករាជភាព​តុលាការ

រូបឯកសារ៖ ពលរដ្ឋដែលរងគ្រោះពីបញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ កាន់បដាជញ្ជីងយុត្តិធម៌ ខណៈពេលចូលរួមបាតុកម្មនៅមុខក្រសួងយុត្តិធ៌ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣។

ភ្នំពេញ — ការ​អនុវត្តយន្តការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន។ ដំណោះស្រាយ​នេះ​ត្រូវ​មើល​ឃើញ​ថា​ដឹកនាំដោយ​មន្ត្រី​ពីរ​រូប​នៃ​អង្គ​នីតិ​ប្រតិបត្តិ​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រួម​មាន​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់ និង​លោក ដួង តារា ជំនួយការ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

យ៉ាងណា​ក៏ដោយ ខណៈ​ដែល​បាន​សម្ដែង​ការ​សាទរ មន្ត្រី​សង្គម​ស៊ីវិល​ក៏បាន​ស្នើឱ្យ​មាន​យន្តការ​ដោះ​ស្រាយ​ច្បាស់លាស់​ធ្វើ​យ៉ាងណា​ចៀសវាង​ការ ​«រំលោភ​បំពាន» ដល់​ឯករាជភាព និង​សិទ្ធិ​អំណាច​របស់​អង្គ​តុលាការ។

ជារឿយៗ នៅសាលពន្លាជ័យក្នុងសាលាខេត្តពោធិ៍សាត់ គេតែងឃើញអភិបាលខេត្ត លោក ម៉ៅ ធនិន កោះប្រជុំមន្ត្រីរដ្ឋបាលនានានៅជុំវិញខេត្ត ជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលមានវិវាទនឹងគ្នា រាប់ចាប់តាំងពីវិវាទគ្រួសារដល់វិវាទដីធ្លី។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបង្ហាញការកោតសរសើរចំពោះអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ក្នុងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការកាលពីកន្លងទៅ។

«ធ្វើឲ្យភាគីពីរដែលចង់តែប្តឹងគ្នាបែរជាទទួលយកបានទាំងសប្បាយចិត្តនូវលទ្ធផលចុងក្រោយមួយ ដែលបានមកពីការសម្របសម្រួលរបស់អ្នក ដែលមានថ្វីមាត់នៅក្នុងការចាត់ចែងទៅលើការដោះស្រាយទំនាស់នានានេះ»។​

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះលើក​ឡើង​ថា​ ការ​ដោះ​ស្រាយទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ បាន​ជួយ​សម្រួល​កុំ​ឲ្យ​មាន​សំណុំ​រឿង​ច្រើន​នៅ​តុលា​ការ ហើយ​វា​ជា​យន្ត​ការ​មួយ​ដែល​នាំ​ឲ្យ​ភាគី​ជម្លោះ​ឈ្នះ​ៗ​ដូច​គ្នា តែ​យ៉ាង​ណា ​ការ​ដោះ​ស្រាយ​នេះ អាច​ធ្វើ​ឡើង​តែ​ចំពោះ​ករណី​ព្រហ្ម​ទណ្ឌ​តូច​តាច និង​សំណុំ​រឿង​រដ្ឋ​ប្បវេណី​តែ​ប៉ុណ្ណោះ។

ក្នុង​អង្គ​ជំនុំ​មួយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ លោក ម៉ៅ ធនិន​ បាន​ព្យាយាម​ដោះ​ស្រាយ​ជម្លោះ​មួយ​ដែល​បុរស​ម្នាក់​រង​ការ​ចោទ​ថា ​«ប៉ុន​ប៉ង​មនុស្ស​ឃាត» នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ពីរ​នាក់​ដែល​ជា​ម្តាយ​និង​កូន​ស្រី បាន​លើក​ឡើង​ថា​ស្វាមី និង​ឪពុក ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ជិត​មួយ​ឆ្នាំ​មក​ហើយ ដោយសារ​ការ​ចោទ​ប្រកាន់​នេះ។

លោក​អភិបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ពួកគេ​ទៅ​សួរ​រក​ឈ្មោះ​ចៅក្រម​ ដែលកាន់​សំណុំ​រឿង​នេះ ហើយ​បាន​សន្យា​ថា​ លោក​នឹង​ជួយ​ដោះ​ស្រាយ​ករណី​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «អត់​អី​ទេ ចាំ​អ៊ំ​ធ្វើ​ការ​ហ្នឹង​ឲ្យ។ ឥឡូវ បង​ឯងអាច​បាន​ទេ អាច​ទៅ​ស្រាវជ្រាវ​សំណុំ​រឿង​ហ្នឹង​ឲ្យ​ខ្ញុំ​ថា​នៅ​ចៅ​ក្រម​ណា? ទៅ​សាលា​ដំបូង​បន្តិច​បាន​ទេ? បង​ឯង​ទៅ​កន្លែង​លេខាធិការដ្ឋាន​ជួប​ជាមួយ​ប្អូន​ឃៀង សុមុនី ប្រធាន​លេខាធិការ​ដ្ឋាន​សាលា​ដំបូង​ថា​មក​ជួប​ជាមួយ​លោក​ប្អូន​អភិបាល​ខេត្ត លោក​ឲ្យ​ខ្ញុំ​មក​ជួប​(ជាមួយ​លោក)សួរ​តើ​សំណុំ​រឿង​ប្តី​ខ្ញុំ ...​តើ​នៅ​ចៅក្រម​ណា?»។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ម៉ៅ ធនិន និង​លោក ឃៀង សុមុនី អ្នក​នាំពាក្យ​តុលាការ​ខេត្ត​ពោធិ៍សាត់ បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ​គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ក៏​បាន​លើក​ឡើង​ដែរ​ថា ​ក្រសួង​យុត្តិធម៌​ក៏​កំពុង​ប្រមូល​ធាតុ​ចូល​នានាដើម្បី​រៀប​ចំ​ឯកសារ​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់ យក​មក​ធ្វើ​ជា​យន្ត​ការ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។

លោក អំ សំអាត នាយក​រងអង្គការ​លីកាដូ​បាន​និយាយ​ថា នាពេល​កន្លង​ទៅ​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ក្តីអស់​ជំនឿ​និង​អស់​ការ​អត់​ធ្មត់​នឹង​ប្រព័ន្ធ​តុលា​ការ ដោយសារ​រឿង​ក្តី​របស់​ពួក​គាត់​អូស​បន្លាយ​យូរ និ​ង​មិន​ត្រូវ​បាន​ដោះ​ស្រាយ។

លោក អំ សំអាត ​បន្ត​ថា ​ត្រូវ​មាន​ការ​ចែង​ពី​គោល​ការណ៍​ច្បាស់​លាស់​ថា​តើ​ទំនាស់​បែប​ម៉េច​អាច​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​បាន។ លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ដោយ​យុត្តិធម៌ តម្លាភាព និង​អាច​ទទួល​យក​បាន។

«អ៊ីចឹង​ការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅ​លើ​រឿង​រដ្ឋ​ប្បវេណី និង​រឿង​ព្រហ្ម​ទណ្ឌ​តូច​តាច វា​ជា​រឿង​មួយ​ល្អ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ត្រូវ​ដោះ​ស្រាយ​ដោយ​តម្លាភាព យុត្តិធម៌ ហើយ​ភាគី​ទាំង​អស់ អាច​ទទួល​យក​បាន»។

ក្រៅ​ពី​អភិបាល​ខេត្ត​ពោធិ៍​សាត់​លោក ម៉ៅ ធនិន ដែល​ត្រូវ​ជា​ក្មួយ​ថ្លៃ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​មាន​លោក ដួង តារា ​ដែល​ជា​ជំនួយ​ការ​របស់​លោកនាយក​រដ្ឋមន្រ្តី និង​ជា​អនុ​រដ្ឋលេខា​ធិការនៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ក៏​បាន​ចេញ​មុខ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​បង្ហាញ​ពី​ការ​ដោះ​ស្រាយ​នោះ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​លោក។

កាល​ពី​ថ្ងៃ​ពុធ លោក​បាន​បង្ហោះ​សារ​មួយ​ថា​ដោយ​សារ ​«​ដំណោះ​ស្រាយ​ឈ្នះ-ឈ្នះ​សម្តេច​តេ​ជោ» ទំនាស់​ដី​ធ្លីរវាង​លោក​ឧត្ដម​សេនីយ៍​ឯក​ មាស ប៊ុនឡី អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួង​ការពារ​ជាតិ និង​ភាគី​វិនិ​យោគ​ចិន ត្រូវ​បាន​បញ្ចប់។ លោក​សរសេរថា​ កន្លង​មក ភាគី​ចិន​បាន​ស្នើ​សុំ​អន្តរាគមន៍​រឿង​វិវាទ​ដី​ធ្លី​គាត់​មួយ​ចំនួន​នៅ​ខេត្ត​កំពត។

ចំណែក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា លោក​បាន​បង្ហោះ​ថា ​ប្រជាពលរដ្ឋ​ប្រមាណ​ ១៥​ នាក់​ នៅ​ខេត្ត​ព្រះ​សីហនុ បាន​មក​ជួប​លោក​ទាំង​យប់ ដោយ​សារ​ពួកគាត់​ភ័យខ្លាច​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ​ឲ្យ​ចូល​ខ្លួន​ទៅ​តុលាការ។

លោកបាន​សរសេរថា៖ «ខ្ញុំ​ទទួល​សំណូម​ពរ​បង​ប្អូន​ភ្លាម​ក៏​បាន​បញ្ជូន​ទៅ​លោក​ប្រធាន​ និង​លោក​ចៅ​ក្រម​ភ្លាម»។

លោក​ដួង តារា បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​កន្លង​មក​ប្រជាពលរដ្ឋ​បាន​ដាក់​សំណើ​សុំ​ជំនួយ​អន្តរាគមន៍ពី​លោក​នាយករដ្ឋមន្រ្តី តាម​រយៈ​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក ហើយ​លោក​ក៏​ពិនិត្យ​មើល​ដើម្បី​ដោះស្រាយ។ លោក​បញ្ជាក់​ថា​ លោក​មិន​មែន​ជា​អាជ្ញាធរ​ដោះ​ស្រាយ​ដី​ធ្លី ឬ​តុលាការ​នោះ​ទេ ប៉ុន្តែ​លោក​ចូលរួម​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ដោយ​ឈរ​លើ​គោល​ការណ៍​ «ឈ្នះ​ឈ្នះ»​ របស់​នាយករដ្ឋមន្រ្តី។

«ការ​ដែល​ខ្ញុំ​ធ្វើ​នេះ ក៏​ខ្ញុំ​មិន​ធ្វើ​ឲ្យ​រំលោភនូវ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​ដែរ។ អញ្ចឹង​ហើយ​ប្រជា​ពលរដ្ឋ​ដែល​គាត់​បាន​ដាក់​មក​នេះ គឺ​មាន​ន័យ​ថា​លោក​ព្យាយាម​គ្រប់​កន្លែង​ទាំង​អស់។ បាន​ន័យ​ថា​ តាម​រយៈ​អាជ្ញាធរ​ថ្នាក់​ក្រោម ឬ​ក៏​ស្ថាប័ន​ផ្នែក​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី ឬ​ក៏​ស្ថាប័ន​តុលាការ​អស់​រលីង​ហើយ ហើយ​លោកនៅ​តែ​មាន​អារម្មណ៍​មួយ​ថា ​ដូច​ជា​អត់​ទទួល​បាន​ការ​ដោះ​ស្រាយ​សម​ស្រប​ដែល​អាច​ទទួល​បាន»។

លោក ដួង តារា ដែល​ជា​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី បញ្ជាក់បន្ថែម​ថា​ ករណី​ខ្លះ​ជាជម្លោះ​រ៉ាំរ៉ៃ​នៅ​តុលា​ការ ហើយ​ដោះស្រាយ​មិន​ទាន់​ចប់ ដូច្នេះ​លោក​បាន​សម្រប​សម្រួល រួច​ហើយ​ជូន​ដំណឹង​ទៅ​តុលាការ​ថា​ភាគី​ជម្លោះ​ព្រម​ទទួល​យក​ការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។

«ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ គឺ​ខ្ញុំ​ត្រូវ​ដឹង​ខ្លួន​ឯង​ថា តួនាទី​និង​កាតព្វ​កិច្ច​របស់​ខ្ញុំ តើ​ខ្ញុំ​ធ្វើ​ក្នុង​កម្រិត​ណា។ អញ្ចឹង​គឺ​ខ្ញុំ​មិន​អាច​ទៅ​ធ្វើ​អ្វី​ដែល​បំពារ​បំពាន​ទៅ​លើ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ ព្រះ​រាជ​អាជ្ញា​អី​ទេ»។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​ថា ការ​សម្រុះ​សម្រួល នរណា​ម្នាក់ក៏​អាច​ធ្វើ​បាន​ដែរ កុំ​ឲ្យ​តែ​សម្រុះ​សម្រួល​ដោយ​បំពាន​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ​ថ្លែង​បន្ថែម​ថា៖ «មិន​សំខាន់​បុគ្គល​មាន​អំណាច ឬ​មិន​មាន​អំណាច​នោះ​ទេ។ ការ​សម្រុះ​សម្រួល​អាច​ធ្វើ​បាន​គ្រប់​ដំណាក់​កាល​ទាំង​អស់​ទាំង​នៅ​ក្នុងប្រព័ន្ធ​តុលា​ការ ទាំង​នៅ​ក្រៅ​ប្រព័ន្ធតុលាការ។ សំខាន់ធ្វើ​ម៉េច​កុំ​ឲ្យ​បំពាន​ច្បាប់ ដូច​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​មួយ​ចំនួន ដែល​ត្រូវ​ដោះ​ស្រាយ​តាមនីតិវិធី​តុលា​ការ អាហ្នឹង​មិន​អាច​សម្រុះ​សម្រួល​បាន​ទេ»។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា ​តុលាការ​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា ​ស្ថិត​នៅ​ក្រោម​អ្នក​មាន​អំណាច មាន​លុយ និង​រង​ឥទ្ធិពល​នយោបាយ ដែល​ធ្វើ​ឲ្យ​ការ​ដោះ​ស្រាយ​អយត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ។ លោក​គាំទ្រ​ការ​ដោះ​ស្រាយ​ក្រៅប្រព័ន្ធ​តុលាការ តែ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​មានការ​បំពាន​អំណាច​របស់​តុលាការ ជាពិសេស​សំណុំ​រឿង​ដែល​ស្ថិត​ក្នុង​ដៃ​តុលា​ការ​រួច​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​មិន​គួរ​ណា អាជ្ញាធរ ឬ​ក៏​អ្នក​មាន​ឥទ្ធិ​ពល មាន​អំណាច​ហ្នឹង ទៅ​ទាញ​សំណុំ​រឿង​ពី​ក្នុង​ហ្នឹង(ពី​តុលាការ) មក​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ(​តុលាការ​)ទេ។ ចៀស​វា​ង​ការ​រំលោភ​អំណាច»។

លោក ស៊ឹង សែនករុណា​ បន្ត​ថា ​មន្រ្តី​តុលា​ការ​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​តវ៉ា ប្រសិន​បើ​មាន​ការ​រំលោភ​តួនាទី​ពី​អ្នក​មាន​អំណាច។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លើក​ឡើង​ថា ​ការ​ចោទប្រកាន់​ថា​តុលាការ​នៅ​ក្រោម​អ្នក​មាន​អំណាច មាន​លុយ និង​ឥទ្ធិពល​នយោ​បាយ គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូល​ដ្ឋាន៕