រដ្ឋាភិបាលកម្ពុជាបានផ្លាស់ប្តូរការដឹកនាំរបស់អភិបាលខេត្តមួយចំនួន ក្នុងនោះអភិបាលខេត្តចំនួន៤រូបត្រូវបានផ្ទេរទៅដឹកនាំខេត្តផ្សេង ខណៈអភិបាលខេត្ត ៤ រូបទៀតត្រូវបានផ្ទេរមកជាមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យចំនួន ១២ ផ្សេងគ្នា ចុះកាលបរិច្ឆេទដូចគ្នា គឺនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ ដែលវីអូអេទទួលបាន។
អភិបាលខេត្តចំនួន ៤រូប ដែលត្រូវបានផ្ទេរទៅដឹកនាំខេត្តផ្សេងនោះ រួមមាន លោក វ៉ី សំណាង បច្ចុប្បន្នជាអភិបាលខេត្តកំពង់ស្ពឺ ត្រូវផ្ទេរតំណែងជាអភិបាលខេត្តតាកែវ លោក ជាម ច័ន្ទសោភ័ណ បច្ចុប្បន្នជាអភិបាលខេត្តត្បូងឃ្មុំ ត្រូវផ្ទេរតំណែងជាអភិបាលខេត្តកំពង់ស្ពឺវិញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវផ្ទេរតំណែងជាអភិបាលខេត្តកណ្តាលវិញ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ត្រូវផ្ទេរតំណែងជាអភិបាលខេត្តត្បូងឃ្មុំវិញ។
ចំណែកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង អភិបាលខេត្តតាកែវ លោក អ៊ូច ភា និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យ។
មន្រ្តីជាន់ខ្ពស់ ៤ រូប ដែលទទួលបានតំណែងជាអភិបាលខេត្ត ជំនួសអភិបាលខេត្តដែលទទួលតំណែងថ្មីនៅក្រសួងមហាផ្ទៃ រួមមានលោក នួន ផារ័ត្ម អភិបាលរងរាជធានីភ្នំពេញ ត្រូវតែងតាំងជាអភិបាលខេត្តកំពង់ធំ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអភិបាលខេត្តស្ទឹងត្រែង លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះសីហនុ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ។
លោក ប៉ែន កុសល្យ ដែលនឹងឡើងកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកមិនបានដឹងពីមូលហេតុនៃការផ្លាស់ប្តូរការដឹកនាំខេត្តនោះទេ ប៉ុន្តែលោកបញ្ជាក់ថាអ្វីដែលសំខាន់ គឺការបង្កើតទំនុកចិត្ត និងចូលរួមបម្រើប្រជាពលរដ្ឋនៅក្នុងខេត្តដែលលោកទៅដឹកនាំ។
លោកថ្លែងថា៖ «សំខាន់បម្រើបងប្អូនប្រជាពលរដ្ឋឱ្យមានជីវភាពល្អ។ សំខាន់ជីវភាពរស់នៅឱ្យថ្កុំថ្កើនតែប៉ុណ្ណឹង និយាយរួម ធ្វើឱ្យប្រជាពលរដ្ឋយើងប្រសើរជាងមុន» ។
លោក គួច ចំរើន ដែលនឹងដឹកនាំខេត្តកណ្ដាលវិញ បានបដិសេធមិនអត្ថាធិប្បាយ ដោយប្រាប់ឱ្យយោងតាមព្រះរាជក្រឹត្យ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ប្រាប់វីអូអេថា ការផ្លាស់ប្តូរនិងផ្ទេរតំណែងគឺជារឿងធម្មតារបស់រដ្ឋាភិបាល ព្រោះបើទុកឱ្យគ្រប់គ្រងខេត្តណាមួយយូរអាចបង្កជាបក្សពួក។
លោកថ្លែងថា៖ «អ៊ីចឹងការប្តូរផ្លាស់នេះ ខ្ញុំគិតថា វាជាចរន្តធម្មតារបស់រដ្ឋប្រទេសនីមួយៗរួមទាំងស្រុកខ្មែរយើងផង។ តែសំខាន់ត្រង់ថាតើមនុស្សដែលប្តូរទៅកាន់ផ្លាស់ទៅកាន់ គឺមនុស្សមានសមត្ថភាព ឬគ្រាន់តែជាមនុស្សដែលមាននៅជាមួយស្មោះត្រង់ជាមួយខ្សែបន្ទាត់នយោបាយគ្រួសារក្រុមបក្សពួកណាមួយ។ ប៉ុន្តែដល់ទៅធ្វើការអត់មានប្រសិទ្ធភាពបាទ»។
លោកបន្ថែមថា រដ្ឋាភិបាលគួរតែតែងតាំងអ្នកដែលមានសមត្ថភាពធ្វើការងារសំខាន់ៗនៅក្នុងថ្នាក់ខេត្ត ដើម្បីដឹកនាំឱ្យកាន់តែរីកចម្រើន៕