ពួកអាជ្ញាធរវៀតណាមកំពុងដាក់ដេញថ្លៃយន្តហោះដឹកអ្នកដំណើរកម្ពុជាមួយគ្រឿងដែលត្រូវបានបោះបង់ចោលអស់ជាច្រើនឆ្នាំនៅចំណតអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។
យន្តហោះនោះ បានហោះហើរជាលើកចុងក្រោយចេញពីខេត្តសៀមរាបទៅកាន់រដ្ឋធានីនៃប្រទេសវៀតណាម ដោយគ្មានអ្នកទាមទារយកវាត្រឡប់មកវិញចាប់តាំងពីឆ្នាំ២០០៧ មក។
លោក Luu Van Dao ជាមន្រ្តីនៅអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានប្រាប់ VOA ផ្សាយជាភាសាវៀតណាមថា យន្តហោះ Boeing 727 ត្រូវបានទុកចោលនៅអាកាសយានដ្ឋាន Noi Bai ដោយសារបញ្ហាបច្ចេកទេស។
លោកនិយាយថា៖ «យើងបានផ្តល់ព័ត៌មានជូនអាជ្ញាធរកម្ពុជាអំពីយន្តហោះនោះហើយបានចេញផ្សាយព័ត៌មានតាមបណ្តាញផ្សាយព័ត៌មាន ដើម្បីស្វះស្វែងរកម្ចាស់យន្តហោះនោះ ក៏ប៉ុន្តែ គ្មាននរណាម្នាក់ចេញមុខមកទាមទារវាទេ»។
ពួកមន្រ្តីនិយាយថា ប្រាក់ដែលបានមកពីការដេញថ្លៃនះ នឹងត្រូវប្រើប្រាស់ដើម្បីបង់ថ្លៃឈ្នួលសម្រាប់ការចតនៅចំណតអាកាសយានដែលមិនទាន់បានបង់ ដែលមានតម្លៃ៦សែនដុល្លារ។ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា នៅពេលណាទើបយន្តហោះនោះ នឹងត្រូវលក់បានសម្រេច។
ពលរដ្ឋវៀតណាមបានផ្តល់អនុសាសន៍ភ្លាមៗសម្រាប់ពួកអ្នកទិញសំខាន់ៗ។ ពួកគេនិយាយថា ដំណោះស្រាយមួយគឺប្រែក្លាយយន្តហោះ Boeing 727 នោះទៅជាហាងកាហ្វេ ដែលអនុសាសន៍នេះទទួលបានការអបអរសាទរយ៉ាងខ្លាំង។
រូបថតតាមប្រព័ន្ធ Website បង្ហាញថា យន្តហោះនោះត្រូវបានគេលាបពណ៌ក្រហមនិងពណ៌សដោយមានទង់ជ័យកម្ពុជាហើយមានឈ្មោះ Air Dream ដែលត្រូវបានគេដាក់តាំងនៅកាច់ជ្រុងនៃចំណតអាកាសយាន។
ក្នុងឆ្នាំ២០០៧ ក្រុមអាកាសចរណ៍ Air Dream ដែលឥឡូវនេះគ្មានដំណើរការ បានប្រតិបត្តិការយន្តហោះមួយគ្រឿងហោះហើរពីទីក្រុងសៀមរាបទៅកាន់ទីក្រុងហាណូយ។ ប្រតិបត្តិការយន្តហោះនោះ ត្រូវបានបំបែកចេញពីក្រុមហ៊ុនអាកាសចរណ៍ Royal Khmer Airlines៕