កម្មករ​កាត់​ដេរ​នៅ​កម្ពុជា​ត្រដាបត្រដួស​ បន្ទាប់​ពី​មាន​ការ​ដក​ឋានៈ​អនុគ្រោះពន្ធ EBA

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ដើម នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន ខណៈ​ដែល​ការ​ដក​ឋានៈ អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​របស់​សហភាព​អឺរ៉ុប​បាន​ជះឥទ្ធិពល​លើ​សេដ្ឋកិច្ច ដែល​រង​ផល ប៉ះពាល់​រួច​ទៅ​ហើយ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​ការ​ចាកចេញ​របស់​អាជីវកម្ម​របស់​ប្រទេស​លោក​ខាង​លិច​ជាច្រើន។​

វិស័យ​វាយនភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើងដែល​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​៧​ពាន់​លាន​ដុល្លារ​អាមេរិក​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​ជាង​គេ។ កម្មករ​ប្រមាណ​៧០០.០០០នាក់​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​ផលិត​ឲ្យ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ដូចជា Levis Strauss ម៉ាក H&M និង Adidas ៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​គោល​ចំនួន​១៩០​ដុល្លារ​ក្នុង​មួយ​ខែ រួម​ទាំង​ប្រាក់​ធ្វើ​ដំណើរ និង​ការ​ជួល​ផ្ទះ​ស្នាក់​នៅ​ចំនួន​៧ដុល្លារ​ផង​ដែរ។

រាជរដ្ឋាភិបាល​បាន​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​ចំនួន​១,២ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ការ​ខាតបង់​ដោយសារ​តែ​ការ​ដក​ឋានៈ​អនុគ្រោះពន្ធ​មួយ​ផ្នែក​នៅ​ក្រោម​កម្មវិធី «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» (ហៅ​កាត់​ថា EBA) ដែល​ផ្តល់​ការ​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ដោយ​មិន​មាន​កូតា និង​ពន្ធគយ​សម្រាប់​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ។ ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ខែ​សីហា។

នាង ផែន កុសល ដែល​បម្រើការ​នៅ​រោងចក្រ​ Hung Wah Cambodia ដែល​ជា​រោងចក្រ​ផលិត​សម្លៀកបំពាក់​សម្រាប់​នាំ​ចេញ​អស់រយៈពេល​៦ឆ្នាំ​មកហើយ​ បាន​និយាយ​ថា ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​នេះ​ជះ​ផលប៉ះពាល់​យ៉ាង​អាក្រក់​ទៅ​លើ​អនាគត​ការងារ​របស់​នាង​ចំពេល​មាន​ការ​កាត់​បន្ថយ​បុគ្គលិក ការ​បាត់បង់​ការងារ​បន្ថែម​ម៉ោង និង​ម៉ោង​ធ្វើការ​តិច​ជាង​មុន។

នាង ផែន កុសល ​បាន​និយាយ​ថា «ថ្នាក់​ដឹកនាំ​ទាំង​អស់​សូម​ឲ្យ​គាត់​ជួយហើយ​នឹង​សំណូមពរ​បងៗ​ទាំងអស់​ថ្នាក់ដឹកនាំ​ហ្នឹង​ឲ្យ​ជួយ​បញ្ហា​ហ្នឹង​ផង ពួក[ខ្ញុំ]​ជំពាក់លុយ​អង្គការ​ លុយ​ធនាគារ»។

ការ​លើក​ឡើង​របស់​នាង​ស្រដៀង​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក សៅ ឈិន ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ស្បែកជើង Meng Da Footwear។ លោក​បាន​ប៉ាន់ស្មាន​ថា ប្រាក់​ចំណូល​ជា​រួម​ រួម​ទាំង​ប្រាក់​ចំណូល​របស់​លោក​ផង​ដែរ បាន​ធ្លាក់​ចុះ​២០% ខណៈ​ដែល​កម្មករ​ជាច្រើន​ត្រូវ​បាន​គេ​ផ្អាក​ការងារ​ជា​បណ្តោះ​អាសន្ន​រយៈពេល​ពី​បួន​ទៅ​ប្រាំមួយ​ខែ។

រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

លោក​ សៅ ឈិន បាន​និយាយ​ថា៖​

«បញ្ហា​សំខាន់​ដែល​យើង​កំពុង​ប្រឈម​ឥឡូវ​នេះ​គឺ​ថា​កម្មករ​មួយ​ចំនួន​គឺ​ជា​មេគ្រួសារ​ដែល​ត្រូវ​ចិញ្ចឹម​គ្រួសារ​ទាំង​មូល»។ ជួនកាល​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​ពួកគេ​មាន​ចំនួន​តែ​១០០​ដុល្លារ​ទៅ​២០០ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ពួកគេ​ត្រូវ​ចំណាយ​លើ​អ្វីៗ​គ្រប់​យ៉ាង​ដូចជា​ថ្លៃ​ឈ្នួល​បន្ទប់ ចំណីអាហារ និង​ថ្លៃ​សិក្សា​របស់​កូនៗ​របស់​ពួកគេ និង​មាន​ចំណាយ​ជាច្រើន​ទៀត»។

ឋានៈ​អនុគ្រោះ​ពន្ធ EBA ត្រូវ​ផ្តល់​ទៅ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​ ដែល​គោរព​ស្តង់ដារ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ហាមឃាត់​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មិន​ឱ្យ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ២០១៨ ក្នុង​ពេល​បង្ក្រាប​លើ​អ្នក​ប្រឆាំង និង​សារព័ត៌មាន​ឯករាជ្យ​ ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​យ៉ាង​យូរ ទទួល​បាន​កៅអី​សភា​ទាំង​អស់។

ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​មិន​សប្បាយ​ចិត្ត ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​ផ្តើម​ដក​ឋានៈ​អនុគ្រោះ​ពន្ធ។ សហភាព​អឺរ៉ុប​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា ដែល​មាន​ទំហំ​នាំ​ចេញ​ស្មើ​នឹង​៤៥%​នៃ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ២០១៨។ ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​នេះ​បាន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ប្រមាណ​ជា​២០% ហើយ​ការ​ប៉ាន់ស្មាន​ជា​បឋម​បាន​ឱ្យ​ដឹង​ថា ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​ខាតបង់​ទឹកប្រាក់​ប្រមាណ​១៣០លាន​ដុល្លារ។

ទិន្នន័យ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បង្ហាញ​ថា រោងចក្រ​វាយនភណ្ឌ និង​ស្បែកជើង​ចំនួន​៤៥០​នៅ​កម្ពុជា​បាន​ផ្អាក​ការងារ ខណៈ​ដែល​រោងចក្រ​ចំនួន​៨៣​បាន​បិទទ្វារ​នៅ​ក្នុង​ឆមាស​ទី១​នៃ​ឆ្នាំ​នេះ ហើយ​វា​បាន​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ​ជា​១៥០.០០០នាក់។

លោក Ken Loo ដែល​ជា​អគ្គលេខាធិការ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​និយាយ​ថា សហភាព​អឺរ៉ុប​បាន​ប្រព្រឹត្ត​កំហុស​មួយ ដោយ​ការ​ដក​ឋានៈ​អនុគ្រោះពន្ធ កាលពី​ថ្ងៃទី១២ ខែ​សីហា ចំពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​កម្ពុជា​រួច​ទៅ​ហើយ។​

កម្មករ​ម្នាក់​សម្រាក​ក្រោយ​បញ្ចប់​ម៉ោង​ធ្វើការ នៅ​រោងចក្រ​ស្បែកជើង Complete Honour Footwear Industrial របស់​ក្រុមហ៊ុន​តៃវ៉ាន់ ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨។

លោក Ken Loo បាន​និយាយ​ថា៖

«ម៉ាក​ និង​ក្រុមហ៊ុន​លក់​បន្ត​ជាច្រើន​នៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង​បាន​លុបចោល ឬ​ពន្យារពេល​ការ​បញ្ជា​ទិញ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​បន្ត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ដែល​កើត​ឡើង​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩»។

លោក​បាន​និយាយ​បន្ត​ទៀត​ថា៖

«ជា​លទ្ធផល ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់អាច​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ដោយសារ​តែ​វិបត្តិ​នេះ»។

មាន​បញ្ហា​ផ្សេង​ទៀត​ដែល​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច។ កំពង់ផែ​ជាប់គាំង​ជាមួយ​នឹង​ទំនិញ​ដែល​ត្រូវ​បញ្ជូន​ចេញ​ទៅ​អឺរ៉ុប។ កម្រិត​បំណុល​ដ៏​ខ្ពស់​ក្នុង​ចំណោម​អ្នក​ខ្ចី​ប្រាក់​តិចតួច​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​ផ្ញើប្រាក់​មក​ស្រុក​ពី​ពលករ​នៅ​ក្រៅ​ប្រទេស​ក្នុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​មាន​ការ​បារម្ភ​ចំពោះ​ការ​ដក​ឋានៈ​អនុគ្រោះពន្ធ​នេះ​នោះ​ទេ ដោយ​លោក​បាន​និយាយ​ប្រាប់​សារព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​រាជរដ្ឋាភិបាល​ថា នេះ​មិន​មែន​មាន​ន័យ​ថា កម្ពុជា​នឹង​បាត់បង់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​នោះ​ទេ។

លោក​ មាស សុខសេនសាន បាន​និយាយ​ថា៖​«អឺរ៉ុប​នៅ​តែ​ជា​គោលដៅ​នាំ​ចេញ​របស់​កម្ពុជា។ ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA មួយ​ផ្នែក​មាន​ន័យ​ថា ទំនិញ​កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​ទំនិញ​លើក​លែង​ពន្ធ​ទៀត​ហើយ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី ខណៈ​ដែល​ម៉ាក​ល្បីៗ​អាច​នឹង​ប្តូរ​ទីតាំង​ទៅ​ប្រទេស​ផ្សេង​ដូច​ដែល​អ្នក​ជំនួញ​របស់​ប្រទេស​លោក​ខាង​លិច និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​បាន​ប្តូរ​ទីតាំង​របស់​ខ្លួន​នោះ កម្មករ​របស់​ពួកគេ​មិន​អាច​ប្តូរ​ទីតាំង​ធ្វើ​ការ​បាន​នោះ​ទេ។
លោក គង់ អាទិត្យ ដែល​ជា​ប្រធាន​សហព័ន្ធ​សហជីព CCAWDU​ បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​ការងារ​មួយ​ចំនួន​សម្រាប់​កម្មករ ប្រសិនបើ​យើង​មិន​មាន​ការ​បញ្ជាទិញ ឬ​ប្រសិនបើ​ម៉ាក​ល្បីៗ​មិន​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​យើង»។

លោក​បាន​និយាយ​បន្ត​ទៀត​ថា៖

«ខ្ញុំ​គិត​ថា ភាគី​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​រក្សា​អត្ថប្រយោជន៍​នេះ​សម្រាប់​ប្រទេស​យើង ជាពិសេស​សម្រាប់​កម្មករ»៕