ការសិក្សា​១​រក​ឃើញ​ថា​កសិករ​កម្ពុជា​ប៉ះពាល់​ខ្លាំង​ក្រោយ​ការ​ឆ្លង​កូវីដ​ក្នុង​សហគមន៍​២០​កុម្ភៈ

កសិករម្នាក់កំពុងដកស្មៅពីចម្ការស្ពៃខ្មៅរបស់ខ្លួន ក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ការសិក្សា​មួយ​បាន​រកឃើញ​ថា ​វិបត្តិ​សុខភាព​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩​បាន​បង្ក​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ទី​ជនបទកម្ពុជា​និង​អ្នកប្រកប​របរ​កសិកម្មហើយ​បាន​ជំរុញ​ពួកគេ​ឲ្យកាន់តែ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ​លំបាក។

ការសិក្សា​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទៅលើ​ពលរដ្ឋ​ជាង​២​ម៉ឺន​គ្រួសារ​ដែល​ជា​សមាជិក​សមាគម​នៅ​តាម​បណ្តា​ខេត្ត​នានា​បាន​បង្ហាញថា​កសិករ​បាន​បាត់បង់​ចំណូល​ខណៈ​ការចំណាយ​កើន​ឡើង​ដែល​នាំ​ឲ្យ​ពួកគេ​ជំពាក់​បំណុល​កាន់តែ​ខ្លាំង។

លោក ថេង សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន​ថា៖ «ការ​ប្រកប​មុខ​របរ​របស់​កសិករ​មាន​ការ​លក់ដូរ​ផ្សេងៗ​និង​ដំណាំ​បន្ទាប់​បន្សំ​ផ្សេងៗ​មាន​ការធ្លាក់ចុះ​ហើយ​មាន​ការបាត់បង់​ចំណូល​ជាច្រើន​ហើយ​បើ​កាល​ណា​ពួកគេ​បាត់បង់​ចំណូល​ដែល​ពួកគាត់​ធ្លាប់​រកបាន​មុន​ការ​កើតឡើង​ជំងឺ​កូវីដ​គឺ​គាត់​មាន​ការកើនឡើង​ការ​ចំណាយ​ផង​ហើយ​ពួកគាត់​មាន​ការកើន​ឡើង​បំណុល​ដែល​ពួកគាត់​ខ្ចី​ពី​ធនាគារ​ឬ​ស្ថាប័ន​មីក្រូហិញ្ញវត្ថុ​ឯកជនឬ​ក៏​កម្ចី​ឯកជន​ផ្សេងៗ​ដើម្បី​មក​ប្រើប្រាស់​លើ​មុខ​របរ​ប្រចាំ​ថ្ងៃ»។

ការសិក្សា​ទ្រង់ទ្រាយ​តូច​ដែល​ទើប​បញ្ចេញ​កាលពី​ពាក់​កណ្តាល​ខែ​កក្កដា​បាន​ផ្តោត​លើ​ការ​ប្រែប្រួល​ដែល​ចាប់ផ្តើម​តាំង​ពី​ខែតុលាឆ្នាំ​២០២០​មក​និង​បាន​ផ្តោតលើ​កសិករ​នៅ​ខេត្ត​ក្រចេះ​ត្បូងឃ្មុំ​ ស្វាយរៀង​ព្រៃវែង​ កណ្តាល​ តាកែវ​កំពង់ស្ពឺ​ ព្រះសីហនុ កោះកុង​និង​ខេត្ត​ព្រះវិហារ។ ការសិក្សា​នេះ​បាន​បង្ហាញ​បន្ថែម​ថា​ផលប៉ះពាល់​ខ្លាំង​គឺ​ចាប់តាំងពី​ការឆ្លង​ជំងឺ​កូវីដ​ក្នុង​សហគមន៍ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី២០​ខែកុម្ភៈ​ឆ្នាំ​២០២១​មក។

ថ្ងៃទី២០ ខែកុម្ភៈ​គឺ​ជា​ការចាប់​ផ្តើម​ឆ្លង​ក្នុង​សហគមន៍​ក្នុងទ្រង់ទ្រាយ​ធំ​បន្ទាប់ពី​កម្ពុជា​បាន​ទប់ស្កាត់​ការឆ្លង​ដោយជោគជ័យ​ក្នុង​រយៈពេល​១ឆ្នាំ​កន្លង​ទៅ។ រហូត​មកដល់​ថ្ងៃ​ពុធ​នេះ​កម្ពុជា​មាន​អ្នកស្លាប់​ដោយ​វីរុស​ដ៏​ប្រល័យ​នេះ​ចំនួន​១.៣៣៩​នាក់​និង​ឆ្លង​ចំនួន​៧៥.១៥២​នាក់។​រដ្ឋាភិបាល​បាន​ដាក់​វិធានការ​តឹងរ៉ឹង​ដោយ​បាន​បិទខ្ទប់​តំបន់​ជាច្រើន​ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ​បាន​ប៉ះពាល់​ខ្លាំង​ជាងគេ។

ចំណូល​ពី​សមាជិក​ក្រុមគ្រួសារ​ដែលធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ជិតខាង​និង​ក្នុង​តំបន់​ក៏​ធ្លាក់ចុះ​ដោយសារតែប្រទេស​ទាំងនោះ​ក៏​រងការ​ប៉ះពាល់​និង​ត្រូវ​ផ្អាក​ដំណើរការ​ជាពិសេស​ប្រទេស​ថៃ​ដែល​មាន​ពលករ​កម្ពុជា​យ៉ាងហោច​ណាស់​១,៥​លាន​ធ្វើការ​នៅ​ទីនោះ។ ប្រទេស​ថៃ​បាន​រងការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​រដ្ឋាភិបាល​បាន​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​នោះ​មាន​ទីក្រុង​បាងកក​ផងដែរ។​

លោក ថេង សាវឿន​ បាន​បន្ថែម​ថា៖ «តំបន់​ខ្លះ​គាត់​ពឹង​ផ្អែក​ទៅលើ​កូន​ឬ​លើ​សមាជិក​គ្រួសារ​ដែល​ទៅ​រកស៊ី​ឬ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ជិតខាង​រួម​ប្រទេស​ថៃ​ជាដើម។ អីចឹង​គាត់​បាត់បង់​មែនទែន»។

ទន្ទឹម​នឹង​នេះ​ផលិតផល​ដែល​កសិករ​ផលិត​បាន​ដែល​មាន​ដូច​ជា​បន្លែ​ត្រី​ សាច់​ និង​ស្រូវជាដើម​បាន​ធ្លាក់​ថ្លៃ​ដោយសារ​តម្រូវ​ការ​ទីផ្សារ​តិច​ជាង​មុន​ព្រោះ​ពលរដ្ឋ​រក​ចំណូល​បាន​តិច​និង​ចំណាយ​ក៏​ថយ​ជាង​មុន​ចំនួន​ពាក់​កណ្តាល។ រីឯ​វិស័យ​ទេសចរណ៍​ក៏​បាន​ជាប់គាំង។ នេះ​បើតាម​ការ​រៀបរាប់​របស់​សមាជិក​សមាគម​និង​អ្នកជំនាញ។

តាម​ស្ថិតិ​របស់​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា​តម្លៃ​ស្រូវ​អ៊ីអ៊ែរ​បាន​ធ្លាក់ចុះ​ពី​១.០៨០​រៀល​ក្នុង​១​គីឡូក្រាម​នៅ​ខែ​កុម្ភៈ​មក​ត្រឹម​៨០០​រៀល​នៅ​ចុងខែ​កក្កដា​នេះ។ រីឯ​តម្លៃ​សាច់ជ្រូក​ធ្លាក់​ពី​១៦.០០០​រៀល​ក្នុង​១​គីឡូក្រាម​មក​១៣.៨០០​រៀល។

រូប​ឯកសារ៖ កសិករ​ចិញ្ចឹម​មេអំបៅ​ម្នាក់កំពុង​ប្រមូល​ពង​មេអំបៅ​នៅ​តាម​ស្លឹកឈើ​ក្នុង​ចម្ការ​របស់​អ្នកស្រី​នៅ​ក្នុង​ឃុំ​តាតៃ​លើ ខេត្ត​កោះកុង។ (រូប​ពី​គម្រោង Joe Patchett – Rainforest Project)

ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ដោយ​សារ​ការ​បិទច្រក​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ពិបាក​មក​ទិញ។ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ប្រាប់​សារព័ត៌មាន​នានា​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​ថា​រដ្ឋាភិបាល​នឹង​ពិនិត្យ​មើល​លទ្ធភាព​ទម្លាក់​ថវិកា​ទៅ​ដល់​សមាគម​ម៉ាស៊ីន​កិនស្រូវ​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ក៏​ដូចជា​ចាត់​វិធានការ​ពង្រីក​ឃ្លាំងស្តុក​ឬ​ទីតាំង​ហាល​ស្រូវ។

ប្រាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គឺ​ជា​កត្តា​សំខាន់​ដែល​ហ៊ុំ​ព័ទ្ធ​កសិករ​ទាំងនេះ។

លោក អាន សាអ៊ុន​ កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​រៀបរាប់​ពី​ការ​លំបាកនិង​ថា​លោក​ត្រូវ​តែ​លក់​ចេញ​ផលិតផល​ឲ្យ​បាន​ឆាប់​ទោះ​ក្នុង​តម្លៃ​ទាប​ដើម្បី​បង្វិល​យក​ប្រាក់​មក​សង​បំណុល​ដែល​លោក​ខ្ចី​មក​ធ្វើ​របរ​កសិកម្ម​នេះ។

លោក អាន​ សាអ៊ុន​ បាន​ប្រាប់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជានៅ​ក្នុង​វីដេអូ​ស្រាវជ្រាវ​ថា៖ «ចំពោះ​ខ្ញុំ​មិន​ដឹង​ដោះស្រាយ​យ៉ាងម៉េច​ដែរ​បើ​យើង​មិន​បង្ខំ​ចិត្ត​លក់​មិន​ដឹង​ទៅ​លក់​ទៅ​ណា។ ហើយ​ដល់​ពេល​ដំឡូង​វាធំ​វាលើស​អាយុ​គេ​អត់​យកទៀត។ ដល់​អីចឹង​ត្រូវ​បង្ខំ​ចិត្ត​លក់។ បើ​មិន​បង្ខំ​ចិត្ត​លក់​វា​ត្រូវ​ជំពាក់​ខាង​អង្គការ​ត្រូវ​គេ​តម្រូវ​ការ​ទាមទារដល់​អីចឹង​យើង​ចេះតែ​លក់​បាន​ប៉ុន្មាន​ខាតប៉ុន្មាន​ចេះតែ​លក់​អីចឹងទៅ»។​

អ្នកស្រី​ សូ សារ៉ាន់​ សមាជិក​សហគមន៍​មាន​ជ័យ​និង​ជាអ្នក​លក់​បាញ់ឆែវ​និង​នំ​បញ្ចុក​នៅក្នុង​ឃុំ​ម៉ឺនជ័យ​ស្រុករំដួល​ ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ថា អ្នកស្រី​បាន​លក់​ផ្ទះ​កាលពី​ខែមុន​ដើម្បីសង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដោះបំណុល​ចំនួន៣០.០០០​ដុល្លារ​ហើយ​បច្ចុប្បន្ន​នៅជំពាក់​ចំនួន៥.០០០​ដុល្លារ​ទៀត។ ជំងឺ​កូវីដ១៩​បាន​ប៉ះពាល់​ដល់​ការលក់ដូរ​តិចតួច​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី។ រីឯកូន​ស្រី​និង​កូនប្រសារ​ប្រុស​ដែល​លក់ដូរ​នៅ​ប្រទេស​ថៃត្រូវ​វិល​ត្រឡប់​មកវិញ​ដោយសារ​តែ​ស្ថានភាព​ឆ្លង​កើន​ឡើង​នៅ​ទីនោះ​និង​ការ​បិទខ្ទប់។

រូបឯកសារ៖ កសិករ​ម្នាក់​រែក​សន្ទូង​នៅ​ស្រែ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។

អ្នកស្រី ​សូ សារ៉ាន់​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសា​ថា៖​ «ខ្ញុំ​សង្ឃឹម​លើ​កូន​ហើយ​ដល់​ពេល​កូវីដ​មក​កូន​ក៏​អត់​ម៉ែ​ក៏​អត់​នៅ​ហ្នឹង។ ឥឡូវ​ខ្ញុំ​ចាប់​លក់​បន្តិច​បន្តួច។ ឥឡូវ​ខ្ញុំ​លក់​ដី​ផ្ទះ​លក់​ភូមិ​អស់​ហើយគ្មាន​អី​ទេ។ វា​ពិបាក​ពេក​កូន​ក៏​រកបង់​មិន​បាន​ម៉ែ​ក៏​រក​បង់​មិនបាន​ដល់​ហើយ​ខ្ញុំ​ក៏​លក់​ផ្ទះ​សង​គេទៅ»។

ជា​មធ្យម​កសិករ​កម្ពុជា​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឬ​អ្នកផ្តល់​ប្រាក់​កម្ចី​ឯកជន​ពី​៥០០​ដុល្លារ​ឡើង​ទៅ​ដល់​១៥.០០០​ដុល្លារ។ ពួកគេ​យក​ប្រាក់​ទាំងនេះ​ប្រើប្រាស់​សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​ជាមូលដ្ឋាន​ក្នុង​ជីវភាព​ប្រចាំថ្ងៃទិញ​ថ្នាំពេទ្យ​និង​ទិញ​គ្រឿងចក្រ​កសិកម្ម​និង​ម៉ូតូ​ជាដើម។ នេះ​បើ​តាម​ការ​រកឃើញ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។​

អ្នកស្រី ​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ការសោកស្តាយ​ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្លាយជា​បញ្ហា​កាន់តែ​ធ្ងន់​ដល់​ពលរដ្ឋ​ក្នុង​ពេល​ដែល​មាន​វិបត្តិ​សុខភាព​នេះ។ អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​រដ្ឋាភិបាល​គួរ​ដាក់​វិធានការ​ដោយ​ព្យួរ​ការបង់​ប្រាក់​រំលោះ​និង​ការប្រាក់​រហូត​ដល់​១ឆ្នាំ​កំណត់​យក​ការប្រាក់​ទាប​ដោយ​មិន​ឲ្យ​លើស​២%​ក្នុង​មួយ​ឆ្នាំ​និង​ចេញ​បណ្ណ​ក្រីក្រ​ជួយ​ពលរដ្ឋដែល​ប៉ះពាល់​ឲ្យ​បាន​ច្រើន។

អ្នកស្រី ​មូរ សុខហួរ​ បន្ថែម​ថា៖ «ប៉ុន្តែ​អត់​មាន​ការ​អនុគ្រោះ​ហើយ​អត់​មាន​ឆន្ទៈ​គ្រប់គ្រាន់​ពី​រដ្ឋាភិបាល​ក្នុង​ការចាត់​វិធានការ»។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​កក្កដា​នេះ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្តល់​អនុសាសន៍ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​អង្កេត​មើល​និង​តាមដាន​មើល​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ដែល​ក្នុង​នោះ​មាន​អង្គការ​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជនដោយសារ​មាន​ពាក់ព័ន្ធ​នឹង​ការ​បង្ខិត​បង្ខំ​សហគមន៍​ដែល​ទន់ខ្សោយ​ខាងផ្នែក​សេដ្ឋកិច្ច។

រូប​ឯកសារ៖ ​កសិករ​ម្នាក់​កំពុង​ដើរ​ពិនិត្យ​មើល​ស្រូវ​ក្នុងស្រែ​របស់​លោក​ ក្នុង​ស្រុកពាមរក៍ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី២២​ ខែកក្កដា​ ឆ្នាំ២០២០។​ (អូន ឆេងប៉រ/វីអូអេ)

រដ្ឋាភិបាលកម្ពុជា​បាន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​រៀបចំ​ឥណទាន​ជាថ្មី​ដល់​ពលរដ្ឋ​ណា​ដែល​រងផលប៉ះពាល់​ដោយ​ការ​បិទខ្ទប់​ក្នុង​អំឡុង​កូវីដ១៩​តែ​ប៉ុណ្ណោះ​និង​គ្រាន់តែ​បាន​លើក​ទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​និង​ធនាគារ​ទាំងនោះ​«ពិនិត្យ​លទ្ធភាព​អនុគ្រោះ​បន្ធូរបន្ថយ​ឬ​លើកលែង​ការ​យក​សោហ៊ុយ​ឬ​ការពិន័យ​ផ្សេងៗ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន»​ដោយ​មិន​បាន​ចាត់​វិធានការ​អ្វី​ផ្សេង​ទៀត​ឡើយ។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ធនាគារជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​២១​ខែ​ឧសភា។

លោក​ យ៉ង សាំងកុមារ​ អ្នកជំនាញ​កសិកម្ម​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរថាបំណុល​គឺ​ជាក្តី​បារម្ភ​ដ៏ធំ​ក្នុង​ចំណោម​កសិករ​កម្ពុជា៖​«អ្វី​ដែល​ធ្ងន់ធ្ងរ​គឺ​បញ្ហា​ប្រឈម​បំណុល។ នេះ​ជា​រឿង​ធ្ងន់ធ្ងរ​បំផុត។ ពី​មួយ​ខែ​ទៅ​មួយ​ខែ​សមត្ថភាព​ក្នុង​ការរក​ចំណូល​ដើម្បី​សង​បំណុល​កាន់តែ​ធ្ងន់ទៅៗ។​នេះ​យើង​បារម្ភ​បំផុត។ អីចឹង​ត្រូវ​ធ្វើ​ម៉េច​ជួយ​ឲ្យ​កសិករ​ហ្នឹង​មាន​សមត្ថភាព​ទប់ទល់​ក្នុង​ការដោះស្រាយ​បំណុល​ហ្នឹង»។

យ៉ាងណាក៏ដោយ​លោក ​យ៉ង សាំងកុមារ​ បាន​មើលឃើញ​ថា​នៅ​ទូទាំង​ប្រទេស​តម្លៃ​ផលិតផលដំណាំ​ឧស្សាហកម្ម​ដូចជា​ដំឡូង​ម្រេច​ស្វាយ​ចន្ទី​និង​កៅស៊ូ​កើនឡើង។

លោក យ៉ង សាំង​កុមារ​ បាន​ប្រាប់​វីអូអេ​ខេមភាសាថា៖ «ជារួម​បូក​ដក​ទៅ​ទាក់​ទង​នឹង​ផល​ប៉ះពាល់​កសិកម្ម​និង​ឱកាស​សម្រាប់​កសិកម្ម​វាហាក់​ដូចជា​វា​មិន​ធ្ងន់​ធ្ងរ​ប៉ុន្មាន​ទេ​បើ​ប្រៀបធៀប​មុន​កូវីដ​១៩។ ប៉ុន្តែ​ក្រុម​ដែល​ធ្ងន់ធ្ងរ​គឺ​ដូច​ខ្ញុំ​បញ្ជាក់​គឺ​បន្លែ​ត្រី​សាច់​មាន​សភាព​ធ្ងន់ធ្ងរ»។

ធនាគារ​ពិភពលោក​បាន​បញ្ជាក់​នៅ​ដើមឆ្នាំ​នេះ​ថា​ភាពក្រីក្រ​បាន​កើនឡើង​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ១៩។ ការណ៍​នេះ​ដោយសារតែ​មាន​ពលរដ្ឋ​ជាង​៧១​ម៉ឺន​គ្រួសារ​ដែល​ត្រូវ​ជា​២,៨​លាន​នាក់​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ក្នុង​អំឡុង​ពេល​កូវីដ​១៩​ក្នុង​ខែ​មករា​ឆ្នាំ​២០២១។ ចំនួន​នេះ​កើន​ឡើង​ធៀប​នឹងក្នុង​អំឡុង​ខែមិថុនា​ឆ្នាំ​២០២០​ដែល​មាន​តែ​៥៦​ម៉ឺន​គ្រួសារ​ដែល​ត្រូវ​ជា​២,៣​លាន​នាក់។

ធនាគារ​ពិភពលោក​បាន​បន្ថែម​ថា៖​ «ការណ៍​នេះ​មាន​ន័យ​ថា​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​១៥០.០០០គ្រួសារ​ (កន្លះ​លាន​នាក់)​ ត្រូវ​បាន​កំណត់​ថា​ជាអ្នក​ទើប​តែ​ធ្លាក់​ខ្លួន​ក្រ​ថ្មីៗ​នៅ​ចន្លោះ​ពី​ខែមិថុនា​និង​ខែមករា​ឆ្នាំ​២០២១»។

ក្នុង​ចំណោម​គ្រួសារ​ថ្មី​ទាំងនេះ​គឺ​មាន​គ្រួសារ​អ្នកស្រី​ សូ សារ៉ាន់​ ផងដែរ​ដែល​ទើប​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «គ្រួសារ​ខ្ញុំ​កាល​នោះ​គេដាក់​ក្នុងក្រុម​កូវីដ​ដល់​ហើយ​គេ​ធ្វើ​បណ្ណ​ក្រីក្រ​១​សារ​ទៀត​គេ​ដាក់​ក្រ២។ គេ​ប្តូរ​យក​បណ្ណ​ក្រីក្រ​កូវីដ​ទៅ​គេ​ឲ្យ​បណ្ណ​ក្រីក្រ​ក្រោយ​នេះ​បាន​១៦​ម៉ឺន​រៀល»៕