កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​ខ្វះ​ត្រី

ទូកនេសាទ​របស់​ប្រជាជន​ខ្មែរឥស្លាម​ឈប់សំចត​នៅ​ច្រាំង​ទន្លេមេគង្គនៅល្ងាចមួយ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

«តាំង​ពី​៧៩​មក​ដល់​ឥឡូវ​ ៧៩​ខ្ញុំ​ចង់​ចាប់​ត្រី​ហ្នឹង​ដៃ​បាន​ដែរ​ហ្នឹង ប៉ុន្តែ​ឥឡូវ​ហ្នឹង​ទៅ​ អូស​ហ្អែង​ម៉ា​អាដាប​អ៊ីចឹង​ទៅ​ ប្រហែល​អត់​ត្រី​ហូប វា​អត់​មាន​ត្រី​ហ្មង។ មាន​តែ​ទឹក វា​អត់​ត្រី»។

អស់​ជា​ច្រើន​សតវត្ស​មក​ហើយ​ ​ទន្លេ​សាបបាន​ក្លាយ​ជា​ប្រភព​មច្ឆជាតិ​ដ៏​ធំ និង​ជា​ប្រភព​អាហារ​ប្រូតេអ៊ីន​ចម្បង​សម្រាប់​ប្រជាជនកម្ពុជា។ ប៉ុន្តែ​មុខ​ម្ហូប​ត្រី​អាំង​ដ៏​ពេញ​និយមមកពី​ទន្លេ​ធម្មជាតិ​មួយ​នេះ អាច​នឹង​ក្លាយ​ជាមុខ​ម្ហូប​ដ៏​ពិសេស​បំផុត​នៅ​ពេល​ណា​មួ​យ​ក្នុង​ថ្ងៃ​អនាគត។​

Your browser doesn’t support HTML5

កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​ខ្វះ​ត្រី


លោក ណាន សុខ ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​អាយុ​៦០​ឆ្នាំ កំពុង​ចុះ​ពី​ទូក​ម្នាក់​ឯង​ដោយ​មិន​បាន​ធ្វើការ​នេសាទ​ទេ​ថ្មីៗ​នេះ។

«តាំង​ពី​៧៩​មក​ដល់​ឥឡូវ​ ៧៩​ខ្ញុំ​ចង់​ចាប់​ត្រី​ហ្នឹង​ដៃ​បាន​ដែរ​ហ្នឹង ប៉ុន្តែ​ឥឡូវ​ហ្នឹង​ទៅ​ អូស​ហ្អែង​ម៉ា​អាដាប​អ៊ីចឹង​ទៅ​ ប្រហែល​អត់​ត្រី​ហូប វា​អត់​មាន​ត្រី​ហ្មង។ មាន​តែ​ទឹក វា​អត់​ត្រី»។

លោក ណាន សុខ អាយុ៦០ឆ្នាំ ជាប្រជាជន​ខ្មែរ​ឥស្លាម​ ឈរ​នៅ​ខាង​មុខ​ទន្លេសាប​ខាងក្រោយ​ផ្ទះ​ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០១៩ នៅ​ខណ្ឌឬស្សី​កែវ​ ជាយ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

ការ​សិក្សា​របស់​លោក​ង៉ោ ប៉េងប៊ុន មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ត្រី​ទឹកសាប​នៃ​រដ្ឋបាល​ជលផល​និង​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​ដែល​បាន​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៨ ទៅ​លើ​ត្រី​ចំនួន​១១៦​ពូជ​ពី​ការ​នេសាទ​នៅ​តាម​បឹង​ទន្លេសាប បង្ហាញ​ថា​ក្នុង​រយៈពេល​១៥​ឆ្នាំ​នេះ ពូជ​ត្រី​ធំៗ​ស្ទើរ​តែ​ផុត​ពូជ​អស់​ទៅ​ហើយ។ ត្រីទាំង​នោះ​មាន​ដូចជា​ត្រី​រាជ និង​ត្រី​គល់​រាំង។ ពូជ​ត្រី​ទាំង​ពីរ​ប្រភេទ ​មាន​ទម្ងន់​យ៉ាង​តិច​៣៥០​គីឡូ​ និង​ប្រវែង​ជាង​៣​ម៉ែត្រ​។ ហើយ​ជា​ពូជ​ត្រី​ដែល​សម្បូរ​នៅ​ក្នុង​ទន្លេ​មេគង្គ​និង​បឹង​ទន្លេ​សាប​ប៉ុណ្ណោះ។​ ប៉ុន្តែពូជ​ត្រី​ទាំង​នេះ ​បាន​ធ្លាក់​ចុះ​ជាង​៩០ភាគរយយោងតាម​របាយការណ៍​របស់​មូលនិធិ​សត្វព្រៃ​ពិភព​លោក។ ​

យោង​តាម​ការ​ស្រាវជ្រាវ​ដដែល ត្រី​ពូជ​ធំៗ​មាន​ការ​លូត​លាស់​យឺត និង​ត្រូវ​ការ​រយៈពេល​យូរ​ដើម្បី​ធំធាត់ រួម​ទាំង​ត្រូវ​ការ​ធ្វើ​បម្លាស់ទី​ឆ្ងាយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពូជ​ត្រី​ទំហំ​ធំ ងាយ​នឹង​ត្រូវ​ចាប់​បាន​មុន​ពេល​វា​អាច​បន្ត​ពូជ​បាន ខណៈ​ដែល​ពូជ​ត្រី​ទំហំ​តូច​ លូតលាស់​លឿន​និង​ឆាប់​រហ័ស។

ប៉ុន្តែ​កំណើន​ប្រជាជន​កម្ពុជា និង​ការ​ផ្លាស់ប្ដូរ​កម្ពស់​ទឹក​តាម​រដូវ​កាល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ផលត្រីធ្លាក់​ចុះ​។ កត្តា​ផ្សេង​ទៀត​មាន​ដូចជា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​និង​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ក៏​ជា​ដើមហេតុ​នៃការ​ចុះ​ថយ​ផល​ត្រី​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​លោក​ ង៉ោ ប៉េងប៊ុន ។

បច្ចុប្បន្ន​នេះ ទំនប់​វារីអគ្គិសនី​ចំនួន​ប្រាំ​កំពុង​ដំណើរ​ការ​នៅ​ទន្លេ​មេគង្គ​លើ​ក្នុង​ប្រទេស​ចិន។ ទំនប់​ពីរ​ផ្សេងទៀត​នៅ​ទន្លេ​មេគង្គ​ក្រោម​ក្នុង​ប្រទេស​កម្ពុជា​គឺ​ទំនប់​វារីអគ្គិសនី​សំបូរ និង​ស្ទឹងត្រែង ​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា ប៉ុន្តែ​បើសិនជា​កម្ពុជា​សាងសង់​ទំនប់​ពីរ​នេះ​ «គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​មច្ឆជាតិ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​និង​សន្តិសុខ​ស្បៀង​អាហារ»។ នេះ​បើ​យោង​តាម​អង្គការ​ទន្លេ​អន្តរជាតិ

ជាមួយ​គ្នា​នេះ​បឹង​ទន្លេសាបប្រហែល​ជា​កំពុង​ឈាន​ទៅ​រកដែន​កំណត់​នៃ​សមត្ថភាព​ផលិត​ត្រី​ទឹកសាប​។ ​លោក ង៉ោ ប៉េងប៊ុន សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​កាលពី​ឆ្នាំ២០១៨​ក្នុង​ទស្សនាវដ្ដី Nature ថា៖ «អ្នក​ពាក់​ព័ន្ធ រដ្ឋាភិបាល​និង​អ្នក​អភិវឌ្ឍ​ចាំបាច់​ត្រូវ​តែ​ចាត់​វិធាន​ការ​អភិរក្ស​និង​កាត់បន្ថយ​ហានិភ័យ​នេះ​មុន​នឹង​វា​យឺត​ពេល»។

អ្នកស្រី សុស ណុប អ្នក​លក់​ត្រី​នៅ​ខាង​មុខ​កំពង់ចម្លង​ជ្រោយចង្វារ អង្គុយ​នៅក្បែរ​ក្មួយស្រី​នៅល្ងាចមួយ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

មួយ​ឆ្នាំក្រោយ​ពី​ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ ​បឹង​ទន្លេសាប​ ដែល​អ្នក​ជំនាញ​អះអាង​ថា​បាន​ផ្ដល់​ប្រូតេអ៊ីន​ជាង​៧៥​ភាគរយ​ដល់​ប្រជាជន​កម្ពុជា​ កំពុង​ប្រឈម​នឹងវិបត្តិ​មួយ។

លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ផល​នេសាទ​ទឹកសាប​ឆ្នាំ​នេះ​នឹង​មិន​អាច​ឈាន​ដល់​៥០០,០០០​តោន​បាន​ទេ។

លោក Brian Eyler អ្នក​និពន្ធ​សៀវភៅ«Last Days of the Mighty Mekong»​និង​នាយក​គម្រោង​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បង្ហាញ​ក្ដី​បារម្ភ​ដូចគ្នា។

លោក​បាន​សរសេរ​មកកាន់​វីអូអេ​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា៖

«ផល​នេសាទ​ឆ្នាំ​នេះ​អាច​នឹង​ធ្លាក់​ចុះ​ខ្លាំងដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ស្បៀង​អាហារ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​នេះ​មាន​ធនធាន​តិចតួច​ដើម្បី​ជំនួស​ធនធាន​ប្រូតេអ៊ីន​ដែល​បាត់បង់​តាម​រយៈ​ផល​នេសាទ​ធ្លាក់​ចុះ​នេះ។ ហើយ​វិបត្តិ​នេះ​នឹង​កើតមាន​អំឡុង​ខែ​ត្រជាក់។»

បើ​តាម​លោក Brian Eyler ដដែល ផល​នេសាទ​ដែល​ធ្លាក់​ចុះ​នេះ​គឺ​បណ្ដាល​មកពី​រដូវ​ទឹក​ឡើង​នៅ​បឹង​ទន្លេ​សាប​និង​ទន្លេ​មេគង្គ​មាន​រយៈពេល​ខ្លី។ ជាក់ស្ដែង​ជំនន់​បឹង​ទន្លេ​សាប​រាល់​ឆ្នាំ​គឺ​មាន​រយៈពេល​បួន​ខែ ក៏​ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ ជំនន់​បឹង​ទន្លេ​សាប​មាន​រយៈពេល​ត្រឹម​តែ​៦​សប្ដាហ៍​ប៉ុណ្ណោះ។

កំណើន​ប្រជាជន

យោង​តាម​លោក Eyler ទន្លេ​សាប​របស់​កម្ពុជា​គឺ​ជា​បឹង​ទឹក​សាប​ធំ​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ហើយ​វា​បាន​ផ្ដល់​ផល​នេសាទ​ប្រមាណ​៥០០,០០០​តោន​ជា​រៀងរាល់​ឆ្នាំ។

លោក ម៉ើ កើ ជា​អ្នកនេសាទ​ត្រី​ ​ខ្មែរ​ឥស្លាម​ម្នាក់​។ លោក​ប្រកប​របរ​នេះ​ជាង​៤០​ឆ្នាំ​មក​ហើយ។ អ្នក​នេសាទ​ត្រី​វ័យ​៦៧​ឆ្នាំ​ម្នាក់​នេះ ​បាន​បង្ហាញ​ពី​ការ​ខកចិត្ត​ចំពោះ​ផល​ត្រី​ដែល​លោក​នេសាទ​បាន​តាំង​ពី​ព្រលឹម​រហូត​មក​រសៀល​នេះ។ លោក​គិត​ថា​ផល​ត្រី​ដែល​ធ្លាក់​ចុះ​នេះ​គឺ​ដោយសារចំនួន​ប្រជា​នេសាទ​កើន​ឡើង។

«អ្នក​រក​គ្រប់​ច្រកល្ហក​អស់​ហើយ ដៃ​ទន្លេសាប​គេ​រក​ពាស​វាល​ពាស​កាល​ហើយ»។

អ្នក​លក់​ត្រី​នៅ​ខាង​មុខ​កំពង់ចម្លង​ជ្រោយចង្វារ អង្គុយ​នៅក្បែរ​ក្មួយស្រី​នៅល្ងាចមួយ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

ចំនួន​ប្រជាជន​កម្ពុជា​បាន​កើន​ពី​៦​លាន​នាក់​ក្នុង​ឆ្នាំ​១៩៨០ មួយ​ឆ្នាំ​ក្រោយពី​របប​ខ្មែរ​ក្រហម​បាន​បញ្ចប់។​ របប​ខ្មែរ​ក្រហម​បាន​សម្លាប់​ប្រជាជន​ខ្មែរ​ជិត​២លាន​នាក់​ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ។ តួលេខ​ចុង​ក្រោយ ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​កើន​ឡើងដល់​ជាង​១៥​លាន​នាក់ នៅ​ឆ្នាំ​២០១៩​នេះ។ នេះ​បើ​យោង​តាម​តួលេខ​បណ្ដោះ​អាសន្ន​នៃ​ចំនួន​ប្រជាជន​សរុប​របស់​វិទ្យាស្ថាន​ជាតិស្ថិតិ​នៃ​ក្រសួង​ផែនការ និងយោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​ ជាង​៨០​ភាគរយ​នៃ​ប្រជាជន​សរុប​រស់​នៅ​ទី​ជនបទ។

លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា លើក​ឡើង​ថា៖

«អ៊ីចឹង​សមាសភាព​អ្នក​នេសាទ​វា​ចូល​ហ្នឹង​ក៏​ឥឡូវ​វា​កើន​ឡើង​ដែរ។ អ៊ីចឹង​ឧទាហរណ៍ ខ្ញុំ​ថា​អ្នក​នេសាទ​១ម៉ឺន​នាក់ ឥឡូវ​ឧទាហរណ៍​តំបន់​មួយ​ហ្នឹង​ឡើង​១ម៉ឺន​ប្រាំ ដូច្នេះ​អា​ផល​ចាប់​ហ្នឹង​វា​ចែក​នឹង​ប្រាំ​ពាន់​ទៀត»។

បន្ថែម​ពី​កំណើន​ប្រជាជន​បរិភោគ​ត្រី​ច្រើន​ជាង​មុន ​ប្រជាជន​កម្ពុជា​ចាប់​មុខរបរ​ជា​អ្នក​នេសាទ​ក៏​កើន​ឡើង ហើយ​ពួកគេប្រើ​ឧបករណ៍​ដែល​មាន​តម្លៃ​សមរម្យ​ដូចជា​មង លួស​សំណាញ់​ជាដើម។

លោក Brian Eyler អ្នក​និពន្ធ​សៀវភៅ«Last Days of the Mighty Mekong»​និង​នាយក​គម្រោង​អាស៊ីអាគ្នេយ៍​នេះ​មជ្ឈមណ្ឌល Stimson បាន​បន្ទោស​កង្វះខាត​ច្បាប់​ជលផល ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​នេសាទ​ដោយ​មិន​ប្រកាន់​ពូជ​ត្រី​កម្រ ឬ​ត្រី​ដែល​អាច​ធ្វើ​ការ​នេសាទ​បាន ឬ​ពួកគេ​ធ្វើ​ការ​នេសាទ​ពេញ​មួយ​ឆ្នាំ​ទោះជា​ស្ថិត​ក្នុង​រដូវ​ត្រី​ពង​ក៏​ដោយ និង​ប្រើប្រាស់​វិធីសាស្ត្រ​នេសាទ​យ៉ាង​ណា​ក៏​បាន។​

ថ្វី​បើ​មាន​ការ​បង្ហាញ​ពី​ការ​ប្រកាស​អាសន្ន​ចំពោះ​ការ​បាត់​បង់​ពូជ​ត្រី​ធំៗ​ក្នុង​បឹង​ទន្លេសាប​និង​តាម​ដង​ទន្លេ​មេគង្គ ​របាយការណ៍​របស់​លោក​ ង៉ោ ប៉េងប៊ុន​ដដែល​បាន​បង្ហាញ​ក្ដី​សង្ឃឹម​មួយ​ដែរ គឺថា​ផល​ត្រី​នឹង​មិន​ថយ​ចុះ​នោះ​ទេ ដោយសារ​មាន​កំណើន​ផល​ត្រី​ពូជ​តូចៗ៕