វ៉ាស៊ីនតោន៖ ប្រទេសកម្ពុជានឹងបើកស្ថានកុងស៊ុលកិត្តិយសមួយក្នុងទីក្រុង Philadelphia នៅចុងខែកញ្ញានេះ ទីដែលមានសហគមន៍ខ្មែររស់នៅច្រើន ក្នុងគោលបំណងនាំយកសេវាកម្មឱ្យបានប្រសើរដល់ពលរដ្ឋខ្មែរនៅទីនោះ និងក៏ដើម្បីទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគទុនឱ្យចូលទៅប្រទេសកម្ពុជា។
តាមគម្រោង ស្ថានកុងស៊ុលថ្មីនេះនឹងត្រូវសម្ភោធបើកដោយលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ។
លោក ហែម ហេង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្នុងបទសម្ភាសមួយថា នេះជាស្ថានកុងស៊ុលកិត្តិយសទីបីហើយដែលកម្ពុជាបើកនៅសហរដ្ឋអាមេរិក។
«គោលបំណងដែលកម្ពុជាយើងបើកស្ថានកុងស៊ុលកិត្តិយសនេះគឺសម្រាប់ទីមួយ គឺជួយសម្រួលដល់បងប្អូនខ្មែរយើងដែលគាត់មានសញ្ជាតិជាអាមេរិកាំងក្តីដែលនៅមានសញ្ជាតិជាខ្មែរក្តី ដើម្បីជួយសម្រួលនូវបែបបទឯកសារច្បាប់ផ្សេងៗសម្រាប់ពួកគាត់។ ទីពីរដើម្បី ការពារនូវផលប្រយោជន៍របស់ពួកគាត់នៅសហរដ្ឋអាមេរិក។ ហើយទីបី យើងចង់ពង្រីកនូវទំនាក់ទំនងនិងសហប្រតិបត្តិការខាងពាណិជ្ជកម្ម ខាងទេសចរណ៍ និងខាងវប្បធម៌។ យើងចង់ផ្សព្វផ្សាយអំពីការធ្វើវិនិយោគនៅស្រុកខ្មែរយើងចង់ទាក់ទាញប្រជាជនអាមេរិកាំងឱ្យទៅទស្សនានៅ ស្រុកខ្មែរជាដើម»។
ស្ថានកុងស៊ុលកិត្តិយសពីរ ដែលបានបើកឱ្យដំណើរការរួចមកហើយ មាននៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សរអ ភាគខាងលិចនិងទីក្រុងឡូវ៉ែលរដ្ឋ Massachusetts សរអភាគខាងកើត។
លោកសុក សាវឿន អាយុ ៤៨ឆ្នាំ ជាខ្មែរអាមេរិកាំងដែលបានមកនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨៤ នឹងត្រូវទទួលតំណែងជាកុងស៊ុលកិត្តិយសប្រចាំទីក្រុង Philadelphia នេះ។
នៅក្នុងបទសម្ភាសមួយជាមួយវីអូអេសម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ លោក សុក សាវឿន បានបញ្ជាក់ថាដោយមានស្ថានកុងស៊ុលនៅក្នុងសហគមន៍ ពលរដ្ឋខ្មែរអាមេរិកាំងនិងជនជាតិដទៃទៀតអាចនឹងមកសុំទិដ្ឋាការទៅប្រទេសកម្ពុជា ពន្យាលិខិតឆ្លងដែន និងលិខិតស្នាមដែលមានដូចជាលិខិតអាពាហ៍ពិពាហ៍និងសំបុត្រកំណើតជាដើម។
លោកក៏បានបញ្ជាក់ដែរថា ទីក្រុងនេះក៏មានសក្តានុពលល្អសម្រាប់ទាក់ទាញឱ្យមានទេសចរនិងអ្នកវិនិយោគបរទេសទៅប្រទេសកម្ពុជាផងដែរ។
«នៅកន្លែងនេះទៀតសោត គឺចំមណ្ឌលដែលមានជនជាតិដូចជា កូរ៉េ ចិន វៀតណាម និងជនជាតិមួយចំនួនទៀត ដែលអ្នកទាំងនេះចូលចិត្តជាភ្ញៀវទេសចរនៅ ប្រទេសកម្ពុជាយើងដែរ។ បញ្ហាវិនិយោគដែលខ្ញុំបានស្រាវជ្រាវនិងតាមដានមួយចំនួននៅក្នុងសហគមន៍អាស៊ីទូទៅ ក្នុងទីក្រុង Philadelphiaនេះ គឺអ្នកដែលទៅធ្វើវិនិយោគច្រើនជាជនជាតិកូរ៉េដែលគេច្រើនតែអញ្ជើញចុះឡើងដើម្បីរកជំនួញនៅកម្ពុជា»។
ទោះបីជាយ៉ាងណាក៏ដោយ មានការសង្ស័យខ្លះចំពោះការបើកស្ថានកុងស៊ុលនៅទីក្រុងនេះ ដោយសារតែក្រុងនេះមានចំរុះដោយអ្នកគាំទ្រគណបក្សផ្សេងៗនៅ ប្រទេសកម្ពុជា ដែលមានដូចជាគណបក្សសម រង្ស៊ីនិងគណបក្សសិទ្ធិមនុស្សជាដើម។
លោកអ៊ូ គឹមហួត សកម្មជនម្នាក់របស់គណបក្សសិទ្ធិមនុស្សបានបញ្ជាក់ថា មានបញ្ហាជាច្រើនដែលពលរដ្ឋខ្មែរអាមេរិកាំងជួបប្រទះរាប់តាំងពីបញ្ហាក្នុងគ្រួសាររហូតដល់បញ្ហាស្វែងរកសេវាកម្មសុខាភិបាលដោយសារតែមានការលំបាកក្នុងការនិយាយភាសា ដែលជាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយជាជាងបញ្ហាដែលស្ថានកុលស៊ុលនេះគ្រោងត្រូវធ្វើ។ លោកក៏បានយល់ដែរថា អាចនឹងមានបំណងផ្សេងក្នុងការបង្កើតស្ថានកុងស៊ុលនេះ។
«ខ្ញុំមិនជាសង្ឃឹមទេ តាមសមត្ថភាពរបស់អ្នកដែលគេតែងតាំងហ្នឹង បើក្រែងគេថែមជំនួយមកយ៉ាងម៉េចមិនដឹងទេ ប៉ុន្តែខ្ញុំមើលទៅឃើញថាប្រហែលទាក់ទងនឹងរឿងនយោបាយច្រើនជាងជួយសម្រួលសុភមង្គលរបស់ប្រជាជនខ្មែរនៅទីនេះ។ គេអាចនឹងដាក់មកជាភ្នែកជាច្រមុះរបស់គេ ដើម្បីតាមដានមើលអស់លោកគណបក្សប្រឆាំងឬក៏ក្រុមអ្នកប្រឆាំងក្រុមអី វាមានអ្នកណាខ្លះ កម្លាំងប៉ុណ្ណាអីប៉ុណ្ណាហ្នឹង គេសម្រាប់ធ្វើវិធីទប់ទល់យ៉ាងម៉េចអីយ៉ាងម៉េច។ ខ្ញុំនេះមិនដឹងដល់ជ្រៅទេរឿងល្បិចរបស់គេ។ ក៏ប៉ុន្តែក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំជឿថាបើយើងនៅបន្តល្បិចហ្នឹងគឺយើងកុំនិយាយពីការទុកចិត្ត ហើយបើយើងគ្មានការទុកចិត្តទេនោះ កុំនិយាយពីសាមគ្គី បើយើងនិយាយសាមគ្គីមិនបានទេ នោះកុំនិយាយពីកម្លាំងសម្រាប់ទប់ទល់ ទុកឱ្យខ្មែរសូម្បីតែខ្មែរកំពុងសោយសុខរាល់ថ្ងៃនេះក៏មិនអាចសោយសុខហ្នឹងយូរបានទេ»។
ប៉ុន្តែលោកហែម ហេង បានច្រានចោលការសង្ស័យនេះដោយបញ្ជាក់ថា ស្ថានកុងស៊ុលធ្វើតែការងារដោយមិនប្រកាន់និន្នាការនយោបាយទេ។
«ធម្មតាគឺកុងស៊ុលកិត្តិយស ដែលគាត់ជួយការងារហ្នឹងគឺមិនមែនជួយអ្នកដែលគាំទ្រតែរាជរដ្ឋាភិបាលទេ។ អ្នកប្រឆាំងក៏យើងជួយសម្របសម្រួលការងារដែរឱ្យតែជាប្រជាជនខ្មែរ យើងជួយទាំងអស់។ មិនមែនជួយតែអ្នកនេះឬជួយអ្នកនោះ យើងមានការរើសអើងគឺអត់មានការរើសអើងទេ ដូច្នេះកុងស៊ុលដល់ពេលគាត់ធ្វើការគាត់ជាមនុស្សអព្យាក្រិត គាត់គាំទ្ររាជរដ្ឋាភិបាលក៏ប៉ុន្តែគាត់អព្យាក្រិតក្នុងការជួយបងប្អូនខ្មែរយើង ទោះបីបងប្អូនយើងមាននិន្នាការកាន់គណបក្សណាក៏ដោយក៏គាត់ជួយដែរ គាត់ជួយសម្រួលដែរ អត់មានរើសអើងប្រកាន់បក្សប្រកាន់ពួកទេ ហើយគម្រោងដែលយើងបង្កើតនូវកុងស៊ុលកិត្តិយសគឺមិនមែនដើម្បី ទប់ទប់ជាមួយគណបក្សដទៃទេ គឺអត់មានទេ»។
គេបានប៉ាន់ប្រមាណថាមានពលរដ្ឋខ្មែរអាមេរិកាំងប្រមាណជាង ១៨.០០០នាក់រស់នៅក្នុងទីក្រុងPhiladelphia ដោយរស់នៅផ្តុំគ្នានៅភាគខាងជើងនិងភាគខាងត្បូងទីក្រុង។ ទីក្រុង Philadelphia គឺជាទីក្រុងធំជាងគេបំផុតក្នុងរដ្ឋ Pennsylvania ហើយក៏ជាទីក្រុងធំទី៦របស់សហរដ្ឋអាមេរិក ដោយមានពលរដ្ឋសរុបជាង មួយលាន ប្រាំសែននាក់៕