មន្ត្រី​បក្ស​ប្រជាជន៖ មន្ត្រី​បក្ស​កាន់​អំណាច​មាន​សញ្ជាតិ​ពីរ​ជា​រឿង​ធម្មតា

លិខិតឆ្លងដែនរបស់ពលរដ្ឋដែលកាន់សញ្ជាតិស៊ីប (Cyprus) នៃសាធារណរដ្ឋស៊ីប ដែលជាប្រទេសដែនកោះនៅតំបន់មេឌីទែរ៉ានេខាងកើត។

កាល​ពី​សប្តាហ៍​មុន ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចេញ​ផ្សាយ​ការ​ស៊ើប​អង្កេត​មួយ​ដែល​រក​ឃើញ​ថា ក្មួយ​ស្រី​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋ​មន្ត្រី​និង​ឧកញ៉ា​របស់​លោក បាន​ទទួល​និង​បាន​ស្នើ​សុំ​សញ្ជាតិ​ស៊ីប (Cyprus)។ មន្រ្តី​រដ្ឋាភិបាល​បាន​អះអាង​ថា ការណ៍​មាន​សញ្ជាតិ​ពីរ​នេះ​ជា​រឿង​ធម្មតា។

ភ្នំពេញ – មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​សមាជិក​ព្រឹទ្ធ​សភា​របស់គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែងការពារក្មួយ​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​ទៀត​ដែលបាន​ទទួល​សញ្ជាតិ​ស៊ីប (Cyprus) និង​ដែល​កំពុង​ដំណើរ​ការ​សុំ​សញ្ជាតិ​ស៊ីប ដោយ​បាន​ហៅការ​ទទួល​សញ្ជាតិ​ពី​បរទេស​នេះ​គឺ​ជា​រឿង​ធម្មតា។

សាធារណរដ្ឋ​ស៊ីប ​គឺជា​ប្រទេស​ដែន​កោះ​មួយ​ដែល​ប្រជា​ពលរដ្ឋក្នុង​ប្រទេស​នេះ​មាន​ស្តង់ដារ​រស់​នៅ​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង។ ដែនដី​កោះ​ដែល​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ច្រើន​លំដាប់​ទី​៣​ក្នុង​ពិភព​លោក​នេះ​ ស្ថិត​នៅ​តំបន់​មេឌីទែរ៉ានេ​ខាង​កើត ​ជាប់​នឹង​ប្រទេស​ក្រិច តួកគី និង​អេហ្ស៊ីប។ ស្ថិត​ក្នុង​តំបន់​អឺរ៉ុប ​សាធារណរដ្ឋ​ស៊ីប ជា​ប្រទេស​ដែល​ចាយ​លុយ​អឺរ៉ូ ដូច​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុបទាំង​២៨​ប្រទេស​ដែរ។

កាល​ពី​សប្តាហ៍​មុន ទីភ្នាក់ងារ​ព័ត៌មាន​បរទេស ​Reuters បាន​ចេញផ្សាយ​ការ​ស៊ើបអង្កេត​មួយ ដោយ​រក​ឃើញ​ថា ក្មួយ​ស្រី​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន គីមឡេង ដែល​ជា​អ្នក​ជំនួញ​សំខាន់មួយ​រូប​នៅ​កម្ពុជា បាន​ទទួល​សញ្ជាតិ​ស៊ីប។ ហើយ​កូន​ស្រី និងស្វាមី​របស់​លោក​ស្រី គឺ​លោក ​នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ កំពុង​ស្នើ​សុំ​សញ្ជាតិ​នេះ​ដូច​គ្នា។

Reuters ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន ​បាន​ស្នើ​សុំ​សញ្ជាតិ ខណៈ​ដែល​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ​ព្រឹទ្ធ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប និង​ភរិយា​របស់​លោក ក៏​បានទទួល​សញ្ជាតិ​ពី​សាធារណរដ្ឋ​ស៊ីប​នេះ​ផង​ដែរ។

រូបឯកសារ៖ លោក នេត សាវឿន (កណ្តាល) អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​។ របាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា កូន​ស្រី និង​ភរិយារបស់លោក ​នេត សាវឿន គឺលោកស្រី ហ៊ុន គីមឡេង កំពុង​ស្នើ​សុំ​សញ្ជាតិ​ស៊ីប។

លោក ​នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ថតរូបជាមួយកូនស្រីរបស់លោក នេះបើតាមរូបថតដែលបង្ហោះតាមគណនីយ Instagram របស់កូនស្រីលោក។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល បាន​ថ្លែង​ប្រាប់​ VOA ថា នេះ​ជា​រឿង​ធម្មតា ហើយ​កម្ពុជា​ក៏​មិន​បាន​ហាមឃាត់​បុគ្គល​ណា​មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​នោះ​ទេ។

«ហើយ​កម្ពុជា​ក៏​មិន​បាន​រឹត​ត្បិត​អ្នក​ណា​មួយ​ដែល​ទៅ​សុំ​សញ្ជាតិ​របស់​អ្នក​ណា​មួយ​ទេ​បាទ។ គាត់​អាច​មាន​សិទ្ធិ។ គ្មាន​ច្បាប់​ណា​ដែល​អាច​រារាំង​គាត់​ក្នុង​ការ​បណ្តាក់​ទុន​នៅ​ខាង​ក្រៅ។ គឺ​អត់​មាន​ទេ»។

លោក ផៃ​ ស៊ីផាន ​លើក​ឡើង​ថា​ សូម្បី​តែ​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្តល់​សញ្ជាតិ​ឲ្យ​ជន​ជាតិ​ចិន ឬ​ក៏​បាន​ផ្តល់​សញ្ជាតិ​ឲ្យ​ពល​រដ្ឋ​កម្ពុជា​ដូច​គ្នា​ដែរ។ ហើយ​ការ​ផ្តល់​សញ្ជាតិ​នេះ​គឺ​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជា​ពិសេស។

យោងតាម​សារព័ត៌មាន​ Reuters ដើម្បី​ចូល​សញ្ជាតិ​ស៊ីប​បាន ​អ្នក​ស្នើ​សុំ​សញ្ជាតិ​ពី​សាធារណរដ្ឋ​ស៊ីប តម្រូវ​ឲ្យ​មាន​ទឹក​ប្រាក់​វិនិយោគ​ក្នុង​ប្រទេស​នេះ​យ៉ាង​តិច​ ២,២ ​លាន​ដុល្លារ​អាមេរិក។​

លោកស្រី​ ហ៊ុន គីមឡេង គឺ​ជា​កូនស្រី​របស់​បង​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ណេង ដែល​ជា​តំណាង​រាស្រ្ត និង​ជា​អតីត​អភិបាល​ខេត្ត​កំពង់ចាម។ លោកស្រី​ទទួល​បាន​សញ្ជាតិ​ស៊ីប នៅ​ឆ្នាំ​២០១៦។​

តាម​ឯកសារ​នានា​ដែល​ VOA បាន​រក​ឃើញ​ លោកស្រី​ ហ៊ុន គីមឡេង គឺ​ជា​ប្រធាន និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់ ​ឈ្មោះ HML Law Group ដែល​កន្លង​ទៅ​មាន​អតិថិជន​នៃ​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា រួម​មាន NagaCorp ដែល​គ្រប់គ្រង​កាស៊ីណូ ណាហ្គាវើល​នៅ​ភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ធនាគារ​ស្ថាបនា ធនាគារ RHB Indochina ក្រុមហ៊ុន​អាកាសចរណ៍​ Bassaka Air Limited និង​សាលា ​International School of Phnom Penh។

ទីភ្នាក់​ងារ​សារព័ត៌មាន​ Reuters ​បាន​រក​ឃើញទៀត​ថា លោកស្រី ហ៊ុន គីមឡេង បាន​ទិញ​ផ្ទះ​ល្វែង​មួយ​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍ កាល​ពី​ឆ្នាំ​២០១០ ក្នុង​តម្លៃ​ប្រហែល​ ២,៥លាន​ដុល្លារ​អាមេរិក ដែល​រហូត​មក​ដល់​ឥឡូវ​អាច​មាន​តម្លៃ​ប្រហែល​ ៤,៥​លាន​ដុល្លារ​អាមេរិក។ លោកស្រី​ក៏​មាន​ផ្ទះ​ល្វែង​តម្លៃ​រាប់​លាន​ដុល្លារ​ផ្សេង​ទៀត​នៅ​ប្រទេស​សិង្ហបុរី​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ Reuters។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោកស្រី ហ៊ុន គីមឡេង និង​ស្វាមី​របស់​លោកស្រី គឺ​លោក នេត សាវឿន បាន​នៅ​ឡើយ​ទេ។

របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​ Global Witness កាល​ពី​ឆ្នាំ​២០១៦ បង្ហាញ​ថា​ ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ​គ្រប់គ្រង​យ៉ាង​តិច​១១៤​ក្រុមហ៊ុន​ក្នុង​ស្រុក​នៅ​ក្នុង​ផ្នែក​សំខាន់ៗ​រួម​មាន​ថាមពល ទូរគមនាគមន៍ ការ​រុក​រក​រ៉ែ និង​ក្រុមហ៊ុន​ជំនួញ​ជាដើម។ ក្នុង​នោះ​លោកស្រី ហ៊ុន គីមឡេង ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Worldwide Investment Group ដែល​បាន​រក​ស៊ី​លើ​ផ្នែក​រ៉ែ​នៅ​ប្រទេស​កម្ពុជា។

បើ​តាម​របាយការណ៍​របស់​អង្គការ ​Global Witness លោកស្រី ហ៊ុន គីមឡេង ក៏​ជាម្ចាស់​ហាង​កាហ្វេ​ Gloria Jean’s នៅ​កម្ពុជា ដែល​មាន​ប្រភព​ដើម​នៅ​អូស្រ្តាលី និង​មាន​ហ៊ុន​៧៥​ភាគរយ​នៃ​កាហ្វេ​ Hard Rock ដែល​មាន​ប្រភព​ដើម​នៅ​សហរដ្ឋអាមេរិក។

របាយការណ៍​របស់​ Reuters ក៏​បាន​រក​ឃើញ​ថា​ លោក ឡៅ ម៉េងឃីន និង​ភរិយា​របស់​លោក គឺ​លោកស្រី ជឹង សុភាព ហៅ​យាយ​ភូ ដែល​ស្និទ្ធិ​នឹង​ភរិយា​របស់​លោក ហ៊ុន សែន និង​ជា​អ្នក​ជំនួញ​គ្រប់គ្រង​កា​រ​រកស៊ី​ដ៏​សម្បើម​នៅ​កម្ពុជា ​បាន​ទទួល​សញ្ជាតិ​ស៊ីប ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ និង​ដឹង​អំពី​ការ​សាកសួរ​ទាក់ទង​នឹងរបាយការណ៍​របស់​ Reuters លោក ឡៅ ម៉េងឃីន មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នៅ​ក្រៅ ខ្ញុំ​នៅ​ក្រៅ​[ក្រៅ​ប្រទេស]។ ប៉ុណ្ណឹង​បាន​ហើយ»។

លោក ឡៅ ម៉េងឃីន ជា​ឧកញ៉ា​ម្នាក់​ដែល​អង្គការ Global Witness បាន​រក​ឃើញ​ថា​ លោក​មាន​ការ​រក​ស៊ី​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​បំផ្លាញ​បរិស្ថាន និង​អំពើ​ពុករលួយ។

ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ភរិយា​របស់​លោក ដែល​បាន​ស្នើសុំ​សញ្ជាតិ​ពី​ប្រទេស​ស៊ីប​នេះ​ផង​ដែរ ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​សេចក្តី​អត្ថា​ធិប្បាយ​បាន​ទេ។

អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោកស្រី មូរ សុខហួរ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ចាត់​ទុក​ថា «នេះ​ជា​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ» ហើយ​នេះ​«ជា​ការ​ប្រើប្រាស់​លុយ​ដើម្បី​ទិញ​សញ្ជាតិ»។

«ការ​ទិញ​សញ្ជាតិ​នេះ មិន​មែន​ចេញ​ពី​អំពើ​ពុក​រលួយ​តូច​តាច​ទេ។ គឺ​ជា​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ណាស់ ទើប​អាច​ទិញ​សញ្ជាតិ​ពី​ប្រទេស​ផ្សេង​ទៀត ពី​ព្រោះ​យើង​ឃើញ​ថា មួយ​នាក់​គឺ​អស់​រាប់​លាន​ដុល្លារ។ ហើយ​ទម្រាំ​មួយ​គ្រួសារ​ទៀត រាប់​សិប​លាន​ដុល្លារ»។

លោកស្រី មូរ សុខហួរ ​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​មន្រ្តី​ផ្សេងៗ​ទៀត ដោយ​លោក​ស្រី​ជឿ​ថា សមាជិក​គ្រួសារ​ដទៃ​ទៀត​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​របស់​កម្ពុជា​«ក៏​បាន​ទិញ​ឬ​ស្វែង​រក​ទិញ​សញ្ជាតិ​ដូច​គ្នា​នេះ​ដែរ»។

រូបឯកសារ៖ លោក​អូន ព័ន្ធមុនី​រ័ត្ន​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​ទីផ្សារ​មូលប័ត្រ​កម្ពុជា​ ​ថ្ងៃ​អង្គារ ទី​០៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៦​ ​រាជធានី​ភ្នំពេញ​។​ (​ឡេង ឡែន/VOA)

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប អះអាង​ថា មាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​តិច​តួច​ប៉ុណ្ណោះ ដែល​មាន​សញ្ជាតិ​ពីរ ក្នុង​នោះ​មាន​រដ្ឋមន្រ្តី សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា។

លោក​សុខ ឥសាន លើកឡើង​ថា​ ការ​សុំ​សញ្ជាតិ ឬ​ទទួល​បាន​សញ្ជាតិពី​ប្រទេស​ស៊ីប គឺ​ដើម្បី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ច្រើន​ដង​ទៅ​កាន់​ប្រទេស​នេះ ដោយ​មិន​បាច់​សុំ​ទិដ្ឋាការ។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ក្នុង​រដ្ឋធម្មនុញ្ញ​យើង​មិន​បាន​ចែង​ទេ។ មិន​បាន​ហាម​ឃាត់​អ្នក​ណា ប្រជាជន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ​យក​សញ្ជាតិ​បរទេស គឺ​មិន​មាន​ហាម​ឃាត់​ទេ។ អញ្ចឹង​វា​ជា​សិទ្ធិ​របស់​គេ គេ​ចង់​បាន​ឬ​មិន​ចង់​បាន។ ខ្លះ​ដល់​សញ្ជាតិ​បី​ក៏​មាន»។

បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ស៊ីប បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពន្យល់​ពី​រដ្ឋាភិបាល​ទៅ​លើ​ការ​ផ្តល់​សញ្ជាតិ​នេះ។

លោកស្រី Irene Charalambides សមាជិក​សភា​គណបក្ស​ប្រឆាំង​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​សង្គម​ Twitter ​របស់​លោកស្រី​ថា៖ «សមាជិក​សភា​របស់​ប្រទេស​ស៊ីប​ទាមទារ​ឲ្យ​មាន​ការ​ឆ្លើយ​អំពី​ការ​ផ្តល់​លិខិត​ឆ្លង​ដែន​ទៅ​ឲ្យ​អភិជន​នៅ​កម្ពុជា»។

ជាមួយ​លិខិត​ឆ្លង​ដែន​ស៊ីប លោកស្រី ហ៊ុន គីមឡេង ក៏ដូចជា​អ្នក​ផ្សេង​ទៀត​ដែរ​ អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​មាន​វីហ្សា​ទៅ​កាន់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​រាប់​សិប​ទៀត ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​អឺរ៉ុប​អាច​ឆ្លង​កាត់​ប្រទេស​ខ្លួន​បាន​ ដោយ​មិន​មាន​វីហ្សា។

​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​កាន់​អំណាចជាង​៣៤​ឆ្នាំ​មក​ហើយ ធ្លាប់​បាន​ថ្កោល​ទោសអ្នក​នយោបាយ​ដែល​មាន​សញ្ជាតិ​ពីរ​នេះ។ លោក​បាន​និយាយថា លិខិត​ឆ្លង​ដែន​បរទេស​របស់​ពួកគេ ​បាន​ផ្តល់​ជា​ការ​គេច​ខ្លួន​មួយ​ពី​ការ​កាត់​ទោស​នៅ​កម្ពុជា។

កាល​ពី​ដើម​ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​បំណង​បង្កើត​ច្បាប់​មួយ ដែល​កំណត់​អ្នក​នយោបាយ​ដែល​ជា​ប្រធាន​គណបក្ស​នយោបាយ កុំ​ឲ្យ​មាន​សញ្ជាតិ​ពីរ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​បាន​ប្រកាស​កែ​ប្រែ​បំណង​របស់​លោក​វិញ។

លោក​បណ្ឌិត​ អ៊ា សុផល​ ​សាស្រា្ត​ចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental ​ទីក្រុង ​ Los Angeles ​រដ្ឋ ​California​ ​សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា៖ «ជា​ការ​ពិត​ណាស់ ​ពួកគេ​[រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន] ​រិះគន់​គណបក្ស​ប្រឆាំង​ថា​មាន​សញ្ជាតិ​បរទេស ក្រោយ​សុំ​សិទ្ធិ​ជ្រក​កោន។ ប៉ុន្តែ​ឥឡូវ​នេះ ពួកគេ​ខ្លួន​ឯង​ទិញ​សញ្ជាតិ​នៅ​ប្រទេស​ផ្សេង​ទៀត ដើម្បី​អាច​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ពេល​អ្វីៗ​អាក្រក់​កើត​ឡើង»។

លោក​បន្ត​ថា៖ «ក្នុង​នាម​ជា​អ្នក​មាន​អំណាច​ស្តុកស្តម្ភ​ដែល​ពុក​រលួយ​មក​ពី​គណបក្ស​ដែល​កាន់​អំណាច ពួកគេ​ត្រូវ​ការ​ច្រក​ចេញ​មួយ​ដែល​អាច​ឲ្យ​ពួកគេ​គេច​ទៅ​លឿន។ សញ្ជាតិ​ពីរ​គឺ​ជា​របស់​ដែល​មាន​តម្លៃ​មួយ​សម្រាប់​ពួកគេ»៕