វ៉ាស៊ីនតោន៖ អ្នកសេដ្ឋកិច្ចទស្សន៍ទាយថា សេដ្ឋកិច្ចកម្ពុជាអាចកើនឡើងខ្លាំងលើសពី១០ភាគរយក្នុងឆ្នាំទៅមុខទៀត ប្រសិនបើកម្ពុជាមានអភិបាលកិច្ចល្អ។
ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៅមុខអាច កើនឡើងដល់ទៅ១០ភាគរយ ឬលើសពី១០ភាគរយ អ្នកសេដ្ឋកិច្ចកម្ពុជាម្នាក់ និយាយថា កំណើនសេដ្ឋកិច្ចនេះអាចសម្រេចបាន ឬមិនបានគឺអាស្រ័យទៅលើ កត្តាជាច្រើន រាប់ទាំងអភិបាលកិច្ចល្អផង នេះបើយោងតាមការអះអាងរបស់ លោកចាន់ សុផល ប្រធានសហគមន៍សេដ្ឋកិច្ចកម្ពុជា។
«អញ្ចឹងគឺកំណើនសេដ្ឋកិច្ចវាប្រាកដជានឹងកើនជាលំដាប់។ ប្រសិនបើមានការកែទម្រង់អភិបាលកិច្ចបានល្អ យើងអាចបានកំណើនមួយខ្ពស់ អាចលើសពី១០%។ ប្រសិនមានការកែទម្រង់បន្តិចម្តងៗ យឺតៗ យើងអាចបានកំណើន៦ ទៅ៧%ក្នុងមួយឆ្នាំ ហើយការបែងចែកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនេះ ក៏អាស្រ័យទៅតាមអ្វីដែលគេហៅថា អភិបាលកិច្ចនេះដែរ។ ប្រសិនបើសេវាសាធារណៈមានការបម្រើបាន(ដល់)ពលរដ្ឋគ្រប់រូបនោះគឺយើងឃើញថា វាមានកំណើន ទោះជាមធ្យម ទោះជាបង្គួរ ទោះជាច្រើន គឺមានការបែងចែកដល់ប្រជាពលរដ្ឋច្រើនគ្នាប្រកបដោយសមធម៌»។
លោកចាន់ សុផលបានពន្យល់ថា ការបែងចែកកំណើនសេដ្ឋកិច្ច ដោយសមធម៌ នេះគឺមានន័យថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានផលរៀងៗខ្លួនទៅតាមធនធាន ចំណេះដឹង សមត្ថភាពនិងអភិបាលកិច្ចល្អរបស់រដ្ឋាភិបាល។
កំណែទម្រង់អភិបាលកិច្ចល្អដែលអ្នកសេដ្ឋកិច្ចបានលើកយកមកអះអាងនោះគឺ រាប់ទាំងការទាក់ទាញទុនវិនិយោគឲ្យបានច្រើនពីក្រៅប្រទេសដើម្បីបង្កើតការងារធ្វើសម្រាប់ពលរដ្ឋ ការបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ លុបបំបាត់ចំណាយក្រោមតុ ឬអំពើពុករលួយ សម្រួលឲ្យមានសេវាកម្ម ប្រេង អគ្គិសនី ពន្ធដាថោកដូចប្រទេសជិតខាង បង្កើនជំនាញ បច្ចេកវិជ្ជាសម្រាប់ពលករ ធានាការមិនមានបញ្ហាពេលចុះបញ្ជីអនុវត្តគម្រោងវិនិយោគ ដូចជាបញ្ហាវិវាទដីធ្លីជាមួយប្រជាពលរដ្ឋជាដើម។
លោកចាន់ សុផលបានសង្កត់ធ្ងន់ថា ភាពញាំញីដោយសង្រ្គាមជាច្រើនទសវត្ស បានធ្វើឲ្យកម្ពុជាមានសេដ្ឋកិច្ចទាបជាងប្រទេសក្នុងតំបន់ជាច្រើន ដែលតម្រូវ ឲ្យកម្ពុជាចាំបាច់ត្រូវធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនលឿន ដូចកាលពីចន្លោះឆ្នាំ ២០០៥ដល់ឆ្នាំ២០០៨ ដែលកម្ពុជាកើនឡើងដល់ទៅជាង១០ភាគរយ។
ជាមួយនិងការពន្យល់ថា មិនដូចជាតំបន់អាហ្រ្វិក លោកចាន់ សុផលបានអះអាងថា កម្ពុជាជាប្រទេសស្ថិតនៅក្នុងតំបន់ពិសេសដែលកំពុងមានការរីកចម្រើនខ្លាំង មានការយកចិត្តទុកដាក់ពីប្រទេសចិន មានវិនិយោគច្រើនពីប្រទេសវៀត ណាម និងមានទីផ្សារស.រ.អ. និងអឺរ៉ុបផង។ ហើយប្រទេសក្នុងតំបន់មួយចំនួនបានបោះបង់ចោលការវិនិយោគលើវិស័យវាយណភណ្ឌ ឬ វិស័យកាត់ដេរគឺដោយសារប្រទេសគេមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ចនោះហើយដែលជាកត្តាជួយឲ្យកម្ពុជានៅបន្តវិស័យនេះទៅមុខទៀត ដើម្បីទ្រទ្រង់ សេដ្ឋកិច្ចជាតិរបស់ខ្លួន។
«ដោយសារតែមានការប្រកួតប្រជែងនៅលើពិភពលោកទាំងមូលខ្លាំង គឺអត្រា ប្រាក់បៀវត្ស កម្រិតប្រាក់បៀវត្សពីប្រទេសមួយទៅប្រទេសមួយ ដែលផលិត សម្លៀកបំពាក់នេះ គឺមានកម្រិតទាប។ អញ្ចឹងប្រជាពលរដ្ឋគេដែលមានជីវភាព ធូរធាហើយ គេមិនចង់ធ្វើទេ ការងារដូចជាកម្មកររោងចក្រយើងបច្ចុប្បន្នដែលប្រាក់បៀវត្សគាត់នៅមានកម្រិតទាប»។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា លោកសង្កេតឃើញវិស័យកាត់ដេរមានការមមាញឹកច្រើនជាងមុន ក្នុងការផលិតប៉ុន្មានខែមកនេះ ដោយសារតាមរោងចក្រខ្លះ កម្មករតម្រូវឲ្យធ្វើការ ទាំងយប់ ទាំងថ្ងៃ។ លោកមុន្នីថ្លែងថា វិស័យវាយណភ័ណ្ឌ ដែលជាវិស័យសំខាន់មួយសម្រាប់ទ្រង់សេដ្ឋកិច្ចកម្ពុជានោះ មានការបញ្ជាទិញច្រើននៅឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុនៗ។
មន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញពីក្តីសង្ឃឹមពីកំណើនសេដ្ឋកិច្ច ផលិតផលសរុបក្នុងស្រុកជាបន្តរបន្ទាប់ដែរសម្រាប់ឆ្នាំខាងមុខៗ ដោយសារតែមានសន្ទុះឡើងវិញនៃកំណើននាំចេញផ្នែកវាយណភ័ណ្ឌទៅកាន់ទីផ្សារស.រ.អ. និងទីផ្សារអឺរ៉ុប គឺកើនឡើង២១ភាគរយក្នុងរយៈពេល៩ឬ១០ខែដើមឆ្នាំ និងកំណើនភ្ញៀវទេសចរណ៍ចំនួន១៥ភាគរយ ភាគច្រើនមកពីតំបន់អាស៊ី ហើយនិងកំណើននាំចេញផ្នែកកសិកម្មកើនឡើង៥ភាគរយ នេះបើតាមការអះអាងរបស់លោក ហង្ស ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានថ្លែងប្រាប់ VOA ផ្នែកខេមរៈភាសា កាលពីសប្តាហ៍មុន។
«កត្តាទាំងអស់នេះបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាងើបចេញពីវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុដែលពិភពលោកបានឆ្លងកាត់ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០០៩»។
ទោះជាយ៉ាងណាក៏ដោយ លោកហង្ស ជួនណារ៉ុនបានយល់ស្របតាមការទស្សន៍ទាយរបស់អង្គការរូបិយវត្ថុអន្តរជាតិ IMF អំពីកំណើនសេដ្ឋកិច្ច ដែលបាន ចង្អុលបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងត្រឹមតែ៦ទៅ៧ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០១១ខាងមុខ បន្ទាប់ពីត្រូវប៉ះទង្គិចដោយ វិបត្តិសេដ្ឋកិច្ចក្នុងពិភពលោក៕