រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​ធ្វើ​វិសោធនកម្ម​ញឹកញាប់ ខណៈ​នីតិរដ្ឋ​នៅ​មាន​បញ្ហា

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ (រូបភាពថត​ពី​គេហទំព័រ​រដ្ឋសភា​ជាតិ​នៃ​ប្រទេស​កម្ពុជា)

ប្រទេស​កម្ពុជា​ទើបតែ​បាន​ដាក់​ឲ្យ​ប្រើប្រាស់វិសោធនកម្ម​លើកទី៩​នៃ​រដ្ឋធម្មនុញ្ញកាលពី​ថ្ងៃទី​៣​ ខែ​វិច្ឆិកា​ ដោយ​រឹតបន្តឹង​បន្ថែម​លើ​តំណែង​ដឹកនាំ​កំពូលៗ​ចំនួន​បួន​នៅ​រដ្ឋាភិបាល​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

វិសោធនកម្ម​ថ្មី​នេះ​ កំណត់​ថា ​ប្រធាន​ព្រឹទ្ធសភា ​ប្រធាន​រដ្ឋសភា ​នាយក​រដ្ឋមន្ត្រី ​និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ។ ចំណាត់ការ​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​នៅ​ពេលនេះ​ ​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​ការចង់​យក​ប្រៀប​លើ​គ្នា​រវាង​អ្នកនយោបាយ​ជាន់​ខ្ពស់​ជាជាង​ការពង្រឹង​នីតិរដ្ឋ​ ឬ​ការបង្រួប​បង្រួម​ជាតិ​ក្នុង​ខណៈ​អ្នកនយោបាយ​ខ្លះ ​នៅ​មាន​សញ្ជាតិ​ពីរ​នៅឡើយ។ ​

តាំងពី​ការប្រកាស​ឲ្យ​ប្រើប្រាស់​ក្នុង​ខែកញ្ញា​ ឆ្នាំ​១៩៩៣​ មក រដ្ឋធម្មនុញ្ញ​កម្ពុជា ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​៩ដង។ អ្នកសង្កេតការណ៍​វាយតម្លៃថា​ ការធ្វើ​វិសោធនកម្ម ​ភាគច្រើន​ធ្វើឡើង​ដើម្បីបម្រើ​គោល​បំណងសម្រប​សម្រួល​នយោបាយ​ក្នុង​ពេល​ប្រទេស​ជាតិ​ជួប​វិបត្តិ​ និង​ជួនកាល​សងសឹក​នយោបាយ​ជាជាង​ការបម្រើ​ផលប្រយោជន៍​ពិតប្រាកដ​ដល់​ពលរដ្ឋ ​និង​ពង្រឹង​នីតិរដ្ឋ​ ឬ​លទ្ធិ​ប្រជាធិបតេយ្យ។

ការជាប់គាំង​មិន​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន ​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៨ដែល​នាំ​ឲ្យ​មាន​វិបត្តិ​នយោបាយ​ និង​មិន​អាច​ចែក​អំណាច​គ្នា​បាន​រវាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ បានឈាន​ទៅដល់​ការធ្វើ​វិសោធនកម្ម​ដើម្បី​បើកច្រក​ឲ្យ​បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា។ ការជាប់គាំង​នយោបាយ​ជិត​មួយ​ឆ្នាំក្រោយ​ការបោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០០៣​ បាន​នាំ​ឲ្យ​មាន​ការប្តូរ​ពី​ការអនុម័ត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​សំឡេង​២ ភាគ​៣​ មក​៥០%​បូក​១​ ក្នុង​ឆ្នាំ​២០០៦។ ការផ្តល់​ធម្មនុញ្ញភាព​ដល់​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការឆ្នោត​ គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣។

លោក គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែង​ថា៖

«យើង​ត្រូវ​ទទួលស្គាល់​ថា ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុជា​តាំង​ពី​ឆ្នាំ១៩៩៣​រហូត​មកដល់​បច្ចុប្បន្ន​នេះ ​គឺ​ឆ្លុះបញ្ចាំង​ពី​ភាព​ចាំបាច់​ខាងផ្នែក​នយោបាយ​ ជាជាង​ភាពចាំបាច់​ផ្លូវ​ច្បាប់​ ពីព្រោះ​យើង​ឃើញ​ថា ​វិសោធនកម្ម​នីមួយ​ៗ គឺ​តែងតែ​ធ្វើ​ដោយ​ផ្អែក​តាម​ស្ថានការណ៍​នយោបាយ​តម្រូវ»។

លោក គល់ បញ្ញា​ ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល​បាន​ប្រាប់​វីអូអេ​ដែរ​ថា៖

«ការកែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ឡើង​ដោយ​ឥទ្ធិពល​ខាង​នយោបាយ​ ឬ​កំហឹង​នយោបាយ​ ឬ​ប្រតិកម្ម​នយោបាយ​ភាគច្រើន​មិន​មែន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ»។ ​

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និយាយ​ទៅកាន់​សារព័ត៌មាន ដោយ​មាន​លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​រដ្ឋសភា​ជាតិ​ បន្ទាប់ពី​ការបោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​វិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។ (វីអូអេ)

ការធ្វើ​វិសោធនកម្ម​លើកទី៩​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​វោហាសាស្ត្រ​វាយប្រហារ​ដាក់​គ្នា​រវាង​លោក ​សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ ការណ៍​នេះ​ ចាប់ផ្តើម​ដោយ​មាន​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន ​The Guardian​ កាលពីថ្ងៃ​ទី​៣​ ខែតុលា​ថា ​លោក​ ហ៊ុន សែន​ បាន​ទិញ​សញ្ជាតិ​ស៊ីប។ ប៉ុន្តែ​សារព័ត៌មាន​របស់​អង់គ្លេស​នេះ​ បាន​កែតម្រូវ​វិញ​ក្នុង​រយៈពេល​បី​ថ្ងៃ​ក្រោយ​មក​ថា​ គឺ​អ្នកដែល​នៅ​ក្បែរ​លោក ហ៊ុន សែន ​ទេ។ លោក សម រង្ស៊ី​ បាន​ដកស្រង់​ការផ្សាយ​តាម​សេចក្តី​រាយការណ៍​ដំបូង​របស់​សារព័ត៌មាន​នោះ​ និង​បាន​វាយ​ប្រហារ​លោក ហ៊ុន សែន។

លោក​ ហ៊ុន សែន​ បាន​សរសេរ​សារ​តាម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី៥​ ខែតុលា​ ដោយ​ចាត់​ទុក​ថា ​ច្បាប់​នេះ ​ជា​ការបិទ​ទ្វារ​«ជារៀងរហូត​ហើយ»​សម្រាប់​អ្នកមាន​សញ្ជាតិ​ពីរ​ដែល​ចង់​កាន់តំណែង​កំពូល​ «ជាពិសេស​តំណែង​នាយក​រដ្ឋមន្ត្រី»។ ​

អ្នកនយោបាយ​កម្ពុជា​មួយ​ចំនួន ​មាន​សញ្ជាតិ​ពីរ។ ការណ៍​នេះ ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​សែន​នាក់​ បាន​ភៀសខ្លួន​ចាកចេញ​ពីមាតុភូមិ​ទៅរស់នៅ​សហរដ្ឋ​អាមេរិក​ បារាំង​ អូស្ត្រាលី ​និង​កាណាដា​ជាដើម​ ក្រោយ​ការដួលរលំ​របប​វាល​ពិឃាត​ខ្មែរ​ក្រហម​ក្នុង​ខែមករា​ ឆ្នាំ​១៩៧៩​ និង​ដើម្បី​គេចចេញ​ពី​ការគាបសង្កត់ ​និង​ការឈ្លានពាន​របស់​ប្រទេស​វៀតណាម។ ​ពួកគេ​ខ្លះ​ បាន​វិល​ត្រឡប់​មក​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​កំណើត​វិញ ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ​ ជាពិសេស​ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ចុង​ឆ្នាំ​១៩៩១។

លោក សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាងប្រាប់​វីអូអេ​ខេមរភាសា​ថា​ វិសោធនកម្ម​នេះ​ គឺ​នឹង​ជួយ​ពង្រឹង​នីតិរដ្ឋ​ និង​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​កម្ពុជា៖

«បញ្ហា​សំខាន់​ គឺ​យើង​ពង្រឹង​នូវ​ឧត្តម​គតិ​ស្នេហាជាតិ​ស្រឡាញ់​ប្រជាជន​នូវ​គោល​ជំហរ​របស់​មន្ត្រី​ថ្នាក់​កំពូល​នៃ​ស្ថាប័នកំពូល​របស់​ជាតិ​ដើម្បី​ឲ្យ​កាន់តែ​មាន​ការកក់ក្តៅ​ មាន​ការទុកចិត្ត​ពី​ប្រជាពលរដ្ឋស្រប​ទៅតាម​ខ្លឹមសារ​នៃ​ឧបសម្ព័ន្ធ​ដែល​ស្តីអំពី​ការសច្ចាប្រណិធាន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»។

ប៉ុន្តែ​អ្នកការពារសិទ្ធិមនុស្ស ​មើលឃើញ​ផ្សេង​ពី​នេះ។ លោក អំ សំអាត​នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែង​ថា៖

«វា​បង្ហាញ​ហើយ​អំពីបញ្ហា​ជាតិ​និយម​ ពីបញ្ហា​ផ្ទៃក្នុង​រឿង​ជាតិ​និយម​របស់​អ្នកនយោបាយ​ខ្មែរ​ ប៉ុន្តែ​ការធ្វើ​នេះ​ ខ្ញុំ​មើល​ទៅ​វា​នៅ​ក្នុង​បរិបទ​នយោបាយ​ដែល​ជាប់គាំង ​និង​តានតឹង​ដដែល»។ ​

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់​ថ្ងៃ​ចុងក្រោយ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ គ្រប់គ្រង​តំណែង​កំពូល​ទាំង​បួន​នេះ។ នាយករដ្ឋមន្ត្រី​កម្ពុជា​ គឺ​លោក​ ហ៊ុន សែន​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​កាន់​អំណាច​ជាង​៣៦​ឆ្នាំ។ ​ប្រធាន​ព្រឹទ្ធសភា​ គឺ​ លោក សាយ ឈុំ​ដែល​បាន​កាន់​តំណែង​នេះ​តាំងពី​ឆ្នាំ​២០១៥។ លោក ក៏​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច​ផងដែរ។ ប្រធាន​រដ្ឋសភា​កម្ពុជា​ គឺ​លោក ​ហេង សំរិន ​ដែល​ជា​ប្រធាន​កិត្តិយសគណបក្ស។ លោក​ បាន​កាន់តំណែងនេះ​តាំងពី​ឆ្នាំ​២០០៦​មក។ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ គឺ​លោក អ៊ឹម ឈុនលឹម​ ជាមន្ត្រី​ជាន់ខ្ពស់​គណបក្ស​។​ លោកបាន​កាន់តំណែង​នេះ​តាំងពីឆ្នាំ​២០១៦​មក។

វិសោធនកម្ម​លើក​នេះ​ គឺជា​ការដាក់​សម្ពាធ​មួយទៀត​ដល់​អ្នកនយោបាយ​ដែល​ប្រឆាំង​នឹង​លោក ហ៊ុន សែន​ បន្ទាប់​ពី​យុទ្ធនាការ​ក្តៅ​ទ្រង់ទ្រាយ​ធំ​របស់​អាជ្ញាធរ​កម្ពុជា​កាលពី​ជាង​៤​ឆ្នាំ​មុន​ដែល​បណ្តាល​ឲ្យ​អ្នក​នយោបាយ​មួយ​ចំនួន​នៃ​គណបក្ស​ប្រឆាំង​ និង​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​រត់ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស។ ​

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី​ កំពុងរស់នៅ​នីរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង។ លោក ​ក៏​មាន​សញ្ជាតិ​បារាំង​ផងដែរ។ លោក សម រង្ស៊ី​ បាន​ចាត់ទុក​ថា​ វិសោធនកម្ម​ថ្មី​នេះ គឺ​សំដៅ​លើ​លោក​តែម្នាក់គត់ ​ប៉ុន្តែ​លោក​មិន​បង្ហាញ​ការថមថយ​ក្នុង​ការរិះគន់​លោក​ ហ៊ុន សែន​ ទេ​ ដោយ​ចាត់ទុក​ថា ​ច្បាប់​នោះ​«អត់ប្រយោជន៍»​ទេ។

លោក សម រង្ស៊ី​ បាន​បន្ថែម​ក្នុង​សារ​តាម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃទី​៩ ​ខែ​តុលា​ថា៖

«បើត្រូវ​សាច់រឿង​ខ្ញុំ​នឹង​លា​សញ្ជាតិ​ទី២​របស់​ខ្ញុំ (គឺ​សញ្ជាតិ​បារាំង​) មុន​ចូលកាន់​តំណែង»។

លោក អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក ​បាន​រិះគន់​វិសោធនកម្ម​នេះ​នៅ​ក្នុង​បទសម្ភាស​ជាមួយ​នឹងវីអូអេ​ខេមរភាសា​កាលពី​សប្តាហ៍​មុន៖

«យើង​កត់​សម្គាល់​ឃើញ​ថា​ សភា​របស់​របប​លោក ហ៊ុន សែន​ មិនបាន​ធ្វើ​អ្វី​ដែល​ជា​ផលប្រយោជន៍​ប្រទេស​ជាតិ ​ប្រជាពលរដ្ឋ​ទេ ​គឺ​ចូលចិត្ត​ធ្វើ​តែអ្វី​ដែល​អត់​បាន​ការណ៍​។ ច្បាប់​នេះ​ គឺ​ជា​ការគំនុំ ​ការខឹង​មួយ​ភ្លែត​ហើយ​វា​ចេញ​ទៅ​ជា​ច្បាប់​មួយ​ដែល​គ្មាន​ន័យ​សម្រាប់​ជាតិ​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ»។

រូបឯកសារ៖ លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨។ (លឹម សុធី/វីអូអេ)

ប៉ុន្តែ​លោក ម៉ម សូណង់ដូ​ ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដែល​មាន​សញ្ជាតិ​បារាំង​ មិន​ព្រួយ​បារម្ភ​នឹង​ច្បាប់​នេះ​ទេ៖

«ចំពោះ​ខ្ញុំ​ដែល​មាន​សញ្ជាតិ​ពីរ​ខ្មែរ​មួយ​បារាំង​មួយ​ដូច​ជា​អត់ប៉ះពាល់​ទេ ​ពីព្រោះ​មុខរបរ​ទាំង​បួន ​គឺ​ខ្ញុំ​អត់ត្រូវការ​ទេ»។

លោក ម៉ម សូណង់ ថ្លែងថា​ អាទិភាព​ចម្បង​សម្រាប់​លោក គឺ​ចង់ផ្តោត​លើ​ការកែទម្រង់​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​លោកយល់​ថា​ នៅ​មាន​បញ្ហា​ជាច្រើន​ទាំងលើ​ផ្នែក​អភិវឌ្ឍន៍ ​និង​អភិបាលកិច្ច។

ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើ​ចំណុច​ដ៏​សំខាន់​នេះ​ ក៏​ជា​សញ្ញា​បង្ហាញ​ដល់​មតិ​ជាតិ​និង​អន្តរជាតិ​ថា ​អ្វី​ដែល​លោក ហ៊ុន សែន ​ចង់​បាន ​គឺ​អាច​ទទួល​បាន​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ​បើទោះបីជា​តម្លៃ​របស់​វា​ត្រូវ​បាន​ចោទសួរ​ក៏ដោយ។ ក្នុង​ខណៈ​អ្នកតាមដាន​នានា​យល់​ថា ​ការកែប្រែ​ណា​មួយ​ត្រូវ​តែឆ្លុះបញ្ចាំង​ពី​ឆន្ទះ​ពលរដ្ឋ​ និង​សាក​សួរ​ពលរដ្ឋ​ជាមុន​សិន។ ពួកគេ​ចាត់ទុក​ថា​ ការធ្វើ​វិសោធនកម្ម​លើក​នេះ​ បាន«ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​តម្លៃ​នៃ​រដ្ឋធម្មនុញ្ញ»​នៅ​ក្នុង​គ្រា​មួយ​ដែល​ការអនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​នៅ​ទន់ខ្សោយ​នៅឡើយ។

លោក គល់ បញ្ញា​ ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល​បាន​ថ្លែង​ថា៖

«អ៊ីចឹង​ការកែប្រែ​ទាំងអស់​វា​ត្រូវតែ​មាន​ពហុបក្ស​នៅ​ក្នុង​រដ្ឋសភា​ ប៉ុន្តែ​ការកែប្រែ​ដោយ​ឯកបក្ស​ បើទោះបី​ជា​ខ្លឹមសារ​ល្អ​មិន​ល្អ​យ៉ាងណា​ក៏ដោយ ​ប៉ុន្តែ​នីតិវិធី​មិនត្រឹមត្រូវ​ វាធ្វើ​ឲ្យ​បាត់តម្លៃ​។ អ៊ីចឹង​ហើយ​បាន​ជា​ការកែប្រែ​កន្លង​មក​ដែល​មាន​ពហុបក្ស​ចូលរួម​ដែល​មាន​ដូចជា​ការកែប្រែ​ជំពូក​ទី១៥​នៃ​រដ្ឋធម្មនុញ្ញ​ ឬ​ក៏​ពី​២ភាគ៣ ​មក​៥០%​បូក​១​ យ៉ាងហោចណាស់​ក៏​មាន​ការស្រុះស្រួល​គ្នា​រវាង​គណបក្ស​កាន់អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ដែរ។ វា​ជួយ​ឲ្យ​មាន​តម្លៃ​ខាង​នយោបាយ ​ប៉ុន្តែ​វា​មិន​ទាន់​ឆ្លុះបញ្ចាំង​ពីឆន្ទះ​របស់​ពលរដ្ឋ​បាន​ពេញលេញ​នៅឡើយទេ»។

អតីត​គណបក្ស​ប្រឆាំង​ក៏​រងការរិះគន់​ផងដែរ​ក្នុង​បណ្តា​ការធ្វើ​វិសោធនកម្ម​ក្នុងពេល​កន្លងមក​ ​គឺការធ្វើ​វិសោធនកម្ម​លើក​ទី​៥​ដើម្បី​ប្តូរ​មក​សំឡេង​បង្កើត​ថ្នាក់​ដឹកនាំ​សភា​ និង​រដ្ឋាភិបាល​ដោយ​សំឡេង​៥០%​បូក​១​ នៅ​ខែមីនា​ឆ្នាំ​២០០៦។ ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្សសម រង្ស៊ី ​និង​អ្នកតំណាងរាស្ត្រ​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ចំនួន​២​នាក់ ​បាន​គាំទ្រ​វិសោធនកម្ម​នោះ។ អ្នករិះគន់​មួយ​ចំនួន​បាន​លើកឡើងថា ការណ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន​អំណាច​ទាំងស្រុង គឺ​ចាប់ផ្តើម​តាំងពី​ពេលនោះ​មក​ដែរ​ដែល​អាច​ឲ្យ​លោក​ ហ៊ុន សែន ​អាច​ធ្វើ​អ្វីៗ​បាន​តាមចិត្ត។

លោក ម៉ម សូណង់​ដូ បាន​ថ្លែង​ថា៖ «លោក សម រង្ស៊ី​ ទេ​ជាដើម​ចម​ដែល​បាន​ស្នើសុំលិខិត​ទៅ​សភា​ដើម្បី​ប្តូរ​ពី​២ភាគ៣​ មក​៥០​បូក១។ នេះ​ គឺជា​ឆន្ទៈ​របស់​លោក សម រង្ស៊ី​ តែប៉ុណ្ណឹង។ ដូចអត់ទាក់ទង​អ្វី​ទៅ​អ្នកផ្សេងៗ​ទៀត​ទេ»។

លោក អំ សំអាត​ នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ក៏​បាន​បន្ថែម​ដែរ​ថា ​រូបមន្ត​២ភាគ​៣​មានលក្ខណៈ​ប្រជាធិបតេយ្យ​ដែល​អាច​តំណាង​ឆន្ទៈ​ពលរដ្ឋ​បាន​ច្រើន។

លោកបានបន្ថែម​ថា៖ «ខ្ញុំ​ឃើញ​ថា ​មាន​គុណសម្បត្តិ​ច្រើន​ពីព្រោះ​ទី១​ ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ ប្រឹងប្រែង​នៅ​ក្នុង​ការប្រកួត​ប្រជែង​ទាក់ទាញ​រក​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ដែល​មាន​គោលនយោបាយ​ល្អ​សម្រាប់​ការទាក់ទាញ​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត​ ហើយ​ពេល​ជាប់​ឆ្នោត​ហើយ​ត្រូវ​ស្វែងរក​សំឡេង​២ភាគ៣។ អ៊ីចឹង​មាន​ការចរចា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​បង្កើត​រាជរដ្ឋាភិបាល»។

គណបក្ស​សម រង្ស៊ីរបស់​លោក សម រង្ស៊ី​ គឺ​ជា​គណបក្ស​ដែល​មាន​អាសនៈ​លំដាប់​ទី​៣​នៅ​ក្នុង​រដ្ឋសភា​ មុនពេល​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​គណបក្ស​សិទ្ធិមនុស្ស​ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក អេង ឆៃអ៊ាង​ ដែល​ជា​អតីត​អគ្គលេខាធិការ​នៃគណបក្ស​សម រង្ស៊ី​ បាន​ថ្លែង​ការពារ​ការចូលរួម​ធ្វើ​វិសោធនកម្ម​លើក​ទី​៥​នោះ​ដោយ​បញ្ជាក់​ថា​ ការផ្លាស់ប្តូរ​នោះ​បាន​បង្កើន​សំទុះ​គាំទ្រ​ដល់​គណបក្ស​ប្រឆាំង៖

«បើសិនជាយើង​ឈរ​លើ​ច្បាប់​២ភាគ៣​ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ហ្នឹង ​គឺ​កម្លាំង​គណបក្ស​ប្រឆាំង​ក៏​មិន​អាច​ខ្លាំង​ទៅ​បាន​ដែរ​ពីព្រោះ​យើង​ដឹង​ថា​ដើម្បី​រក​សំឡេង​២​ភាគ​៣​មក​ផ្លាស់​ប្តូរ​នៅ​ក្នុង​រដ្ឋសភា​ គឺ​រក​មិន​បាន​ទេ។ នៅ​ក្នុង​បណ្តា​ប្រទេស​សេរី​ដូច​នៅ​សហរដ្ឋ​អាមេរិក​ បើ​គណបក្ស​នីមួយៗ​បាន​៥០​បូក​១​ គឺ​ប្រឹង​ណាស់​ទៅ​ហើយ»។​

រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (ស្ដាំ) ឈរ​ចាប់​ដៃ​គ្នា​នៅ​មុខ​សមាជិក​សភា មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ខាង​ក្នុង​ព្រះ​បរម​រាជវាំង រាជធានី​ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤។

នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​ គណបក្ស​សម រង្ស៊ី​ បាន​កើនអាសនៈ​ពី២៤​ដល់​២៦។ ប៉ុន្តែ​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឡើង​អាសនៈ​ពី​៧៣ ​ដល់​៩០។ អ្នកខាតបង់ ​គឺគណបក្ស​ហ៊្វុនស៊ីនប៉ិច​ដែល​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​បាន​បាត់បង់​អាសនៈ​ពី​២៦​ មក​ត្រឹម​តែ​២​ប៉ុណ្ណោះ។ ប៉ុន្តែ​ ការបោះឆ្នោត​ឆ្នាំ​២០១៣ ​បាន​ដើរ​មកដល់​ចំណុច​របត់​មួយ​ដែល​គណបក្ស​កាន់​អំណាច ​បាន​ធ្លាក់​អាសនៈ​មកដល់​៦៨​វិញ​ ខណៈ​ក្រុមប្រឆាំង​ បាន​កើន​សំឡេង​ដល់​៥៥​អាសនៈ ​នៅ​ក្នុង​រដ្ឋសភា។

គណបក្ស​ប្រជាជន​កម្ពុជា​បានសរសើរ​ដល់​ការ​បញ្ចៀស​ បាន​នូវ​វិបត្តិ​នយោបាយ​និង​ធម្មនុញ្ញភាព​នៃ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ក្រោយពី​ការបោះឆ្នោត​ជាតិដោយ​សារ​តែ​ការធ្វើ​រដ្ឋធម្មនុញ្ញ​មក​រូបមន្ត​៥០%​បូក​១​នេះ​។

លោក សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា៖ «ការធ្វើធម្មនុញ្ញ​បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​ជាតិ​ដំណើរការ​ដោយ​ប្រក្រតី​នេះ ​គឺ​ដើម្បី​ទប់​ស្កាត់​គណបក្ស​នយោបាយ​ដែល​ចាញ់​ឆ្នោត​មាន​លេសឡាំប៉ា ហើយ​ធ្វើ​ឲ្យ​រាំងស្ទះ​ឈាន​ទៅ​ដល់​វិបត្តិ​នយោបាយ»។

សកម្មជន​សិទ្ធិមនុស្ស​រិះគន់​ថា​ ខណៈ​អ្នកនយោបាយ​ងាក​មកផ្តោត​លើ​វិសោធនកម្ម​ច្បាប់​កំពូល​របស់​ជាតិ​ដើម្បី​ផលប្រយោជន៍​នយោបាយ​របស់​បក្សពួក​មួយក្រុម​ប៉ុន្តែ​ការពង្រឹង​ស្ថាប័ន​តុលាការ​ដែល​ផ្តល់​ផលប្រយោជន៍​ជាតិ​ជាធំ​នៅ​តែ​មិន​ចម្រើន​ទៅមុខ។

លោក​ អំ សំអាត​ នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែងថា៖​ «ការវិសោធនកម្ម​រដ្ឋធម្មនុញ្ញច្រើន​នេះ​ ក៏​យើង​មើល​ទៅលើ​នីតិរដ្ឋ​ទៅ​លើ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ យើង​មើល​ទៅលើ​ប្រព័ន្ធ​តុលាការ​នៅ​តែ​មាន​ការរិះគន់​ប្រព័ន្ធ​តុលាការ​ថា​ មិន​ទាន់​មាន​ភាព​ឯករាជ្យ​ពិតប្រាកដ»។

រយៈពេល​២៨​ឆ្នាំ​នៃ​ការប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ និង​ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​ចំនួន​៩​លើក​ អ្នកជំនាញ​នានា​នៅតែពិបាក​វាយតម្លៃ​បាន​ដល់​ការចូល​រួម​ចំណែក​នៃ​ការធ្វើ​វិសោធនកម្ម​ក្នុង​ពេល​កន្លង​មក​នេះ​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។ ទោះបី​ជា​មាន​ការអះអាង​ពី​គណបក្ស​កាន់​អំណាច​យ៉ាងណា​ក៏ដោយ​ អ្នកវិភាគ​មើលឃើញ​ថា​ការធ្វើ​វិសោធនកម្ម​ចុងក្រោយ​នេះ​ នៅតែ​ជា​ការប្រើប្រាស់​យន្តការ​ច្បាប់​កំពូល​នេះ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​យក​ឧត្តមភាព​លើ​គូ​ប្រជែង​របស់​ខ្លួន។

អ្នកជំនាញ​ទទូច​ឲ្យ​អ្នកនយោបាយ​និង​ពលរដ្ឋ​គោរពតាម​គោលការណ៍​នានា​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​ឲ្យ​ក្លាយជាច្បាប់​កំពូល​មួយ​ដែល​រឹងមាំ​ដោយ​មិនបម្រើ​ផលប្រយោជន៍​នយោបាយ៕