ទិវាសហគមន៍​ខ្មែរ​ត្រូវ​បង្កើត​​ឡើង​ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្មែរ​ក្នុង​ន័យ​វិជ្ជមាន

Your browser doesn’t support HTML5

ទិវាសហគមន៍​ខ្មែរ​ត្រូវ​បង្កើត​​ឡើង​ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្មែរ​ក្នុង​ន័យ​វិជ្ជមាន​អំពី​វប្បធម៌ខ្មែរ​ អារ្យធម៌ខ្មែរ​

ក្នុង​អំឡុង​ពិធី​អបអរសារ​ខួប​១៥ឆ្នាំ​នៃ​ទិវា​សហគមន៍​ខ្មែរ​ ​(Cambodian Community Day) ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ស.រ.អា.​ អ្នក​ចូលរួម​រំឭក​ថា ​សមាគម​នេះត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ ​ដោយ​សារ​កាល​ណោះ​មាន​ជនជាតិ​អាមេរិកាំង​តិចតួច​ប៉ុណ្ណោះ​ដែល​ស្គាល់​ប្រទេស​កម្ពុជា​ ហើយ​ជា​ពិសេសនោះ ​ពួកគេ​ស្គាល់​តាម​រយៈ​រឿង​កាប់​សម្លាប់​គ្នា។

ក្នុង​ពិធី​អបអរ​ខួប​១៥ឆ្នាំ​នៃ​ទិវា​សហគមន៍​ខ្មែរ(Cambodian Community Day) នៅ​ភោជនីយដ្ឋាន​ Harvest Moon ​នៅ​សង្កាត់​ Falls Church រដ្ឋ​ Virginia ​កាលពី​ថ្ងៃសៅរ៍មាន​ការ​បង្ហាញ​ប្រពៃណី​វប្បធម៌​ខ្មែរ​ទាក់ទង​នឹង​ការ​រៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​និងសម្អាងការ​កូន​ក្រមុំ។ ​ក្នុងពិធី​ជប់​លៀង​ប្រមូល​ថវិកា​ដើម្បី​លើក​ស្ទួយ​និង​ផ្សព្វផ្សាយវប្បធម៌​ខ្មែរ​នេះ​ ​ប្រធាន​សមាគម​ទិវា​សហគមន៍​ខ្មែរ​ ហើយនឹង​អ្នកចូល​រួម​បាន​រំឭក​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ជនជាតិ​ខ្មែរ​អាមេរិកាំង​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​រៀបចំ​បង្កើត​ទិវា​សហគមន៍​ខ្មែរ​នេះ​ឡើង​កាលពី​១៥​ឆ្នាំ​មុន។​

លោក​បេន បាវ ​ប្រធាន​សមាគម​នេះ​បាន​រំឭក​ថា ពេល​លោក​មកដល់​សហ​រដ្ឋ​អាមេរិក​ដំបូង​ ជនជាតិ​អាមេរិកាំង​ជាច្រើនដែល​លោក​ជួប​គឺ​គេស្គាល់​ប្រទេស​វៀតណាម​ តែ​មិន​ស្គាល់​ប្រទេស​កម្ពុជា​ទេ​ ​ទោះជា​ខ្មែរ​យើង​មាន​ប្រវត្តិ​យូរ​លង់​ជាង​ប្រទេស​វៀតណាម ​និង​មាន​ប្រាសាទ​អង្គរវត្ត​ក៏​ដោយ។​ ពួក​គេភាគ​ច្រើន​ដឹង​អំពី​ខ្មែរក្រហម ​វាលពិឃាត ​តែ​មិនដឹង​អំពី​អារ្យធម៌​ខ្មែរ​ទេ។ ​ លោក​ឲ្យដឹងថា ​ដោយ​សារ​ហេតុនេះហើយ​បាន​ជា​សមាគម​ទិវា​សហគមន៍​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង។​ ​

«មាន​ការ​ឈឺ​ចិត្ត​នៅ​ក្នុង​សង្គម​អាមេរិកាំង​ ដោយសារ​គេ​មិន​សូវ​ស្គាល់​យើង។ ​និយាយ​ឲ្យ​មែនទែន​ទៅ គេ​មិន​ដឹង​ខ្មែរ​យើង​នៅ​ឯ​ណា។ ​គេសួរ​ថា ​ខ្មែរ​យើង​ចេះ​ពាក់អាវ​ ឬអត់?​ គេសួរ​ខ្មែរ​យើង​ចេះ​ពាក់​ស្បែក​ជើង​ឬ​អត់?​ ហើយ​ខ្ញុំ​ចេះ​តែ​នឹក​ឃើញ​ថា ​អូ!​ ខ្មែរ​យើង​ចេះ​សង់​ដល់ទៅ​ប្រាសាទ​អង្គរ​វត្ត​ផង​ម៉េច​គ្មាន​អ្នក​ណា​ដឹង? ​ដូច្នេះ​បាន​ជា​នាំគ្នា​ធ្វើ​អញ្ចេះ។ ​ដូច្នេះ​គោល​បំណង​ធំ​គឺ​អញ្ចឹង​គឺ​ថា ​ធ្វើម៉េច​ឲ្យ​ជន​ជាតិ​បរទេស​ផ្សេង​ទៀត​ ជាពិសេស​ជន​ជាតិ​អាមេរិកាំង​ ដែល​យើង​មក​នៅ​នេះ ឲ្យ​គេ​ស្គាល់​យើង​ក្នុង​ន័យ​ល្អ។ ​កុំ​ឲ្យ​គេ​ស្គាល់​យើង​ថា ​យើង​ដូច​ក្នុង​របប​ខ្មែរក្រហម​ កាប់​សម្លាប់​គ្នា​អី​អញ្ចឹង​នោះ​ណា៎»។​

ដូចគ្នា​នេះ​ដែរ ​លោក​សូ សុខុម ​អនុ​ប្រធាន​សម្ព័ន្ធភាព​កម្ពុជា​អាមេរិក​ (Cambodia America Alliance)​ និយាយ​ថា ​លោក​ជួប​បទ​ពិសោធន៍​ដូច​លោក​បេន បាវ​ដែរ។លោក​និយាយ​ថា ​ជនជាតិ​អាមេរិកាំង​ចាប់​ផ្តើម​ស្គាល់​ប្រទេស​ខ្មែរច្រើន​ដោយ​សារ​របប​ខ្មែរក្រហម ​និង​ខ្សែ​ភាពយន្ត​វាល​ពិឃាត។ តែ​សកម្មភាព​សមាគម​វប្បធម៌​ខ្មែរ​នៅ​ស.រ.អា. ដូចជា​ទិវា​សហគមន៍​ខ្មែរ​នេះ​មាន​តួនាទី​សំខាន់​ក្នុងការ​ប្តូរ​មុខមាត់​អវិជ្ជមាន​របស់​ប្រទេស​កម្ពុជា​ដោយ​ការ​ផ្សព្វផ្សាយអំពី​សិល្បៈ ​និង​វប្បធម៌​ដែល​ទាក់ទាញ​អ្នក​ទេសចរ។​

«លក្ខណៈ​ដែល​ល្អ​នោះ​គឺ​ថា ​យើង​ទាំងអស់​គ្នា​ប្រឹងប្រែង​ឡើង ​និយាយ​ឲ្យ​ ​សង្គម​ស.រ.អា.​ហ្នឹង​យល់​ដឹង​ពី​រឿង​ស្រុក​ខ្មែរ ​រឿង​វប្បធម៌​ខ្មែរ​ហ្នឹង​ ដើម្បី​ឲ្យគេ​យល់ ​គេ​ទៅ​ស្រុកខ្មែរ​ ដូចជា​អង្គរវត្ត។ ​អង្គរវត្ត​ល្អ!​ ល្អ​មែនទែន! ​ដើម្បី​ឲ្យ​សហគមន៍​អាមេរិកាំង​ហ្នឹង​គេ​ទៅ​ទស្សនា​នៅ​អង្គរវត្ត​យើង។ ​អា​ហ្នឹង​ជា​កម្លាំង​លើក​ទឹក​ចិត្ត​មួយ»។​

ទោះជាយ៉ាងណាក្តី ​លោក​សង្កេត​ឃើញ​ថា ​អ្នកចូលរួម​ដែល​មិនមាន​ដើម​កំណើត​ជា​ខ្មែរ​មាន​ចំនួន​តិចតួច​នៅឡើយ​ ក្នុង​ចំណោម​មនុស្ស​ជាង​២០០​នាក់​នោះ។​ ដូច្នេះ​ត្រូវ​មាន​ការ​ប្រឹងប្រែង​ និង​ការ​ផ្សព្វផ្សាយ​បន្ត​ទៀត។​ ​

ចំណែក​ឯ​លោក​ជុំ ប៊ុនរ៉ុង ​ឯកអគ្គ​រាជទូត​ថ្មី​របស់​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​បានប្រាប់ ​VOA​ ថា ​កម្មវិធី​បែប​នេះ​ក៏​ជា​ឱកាស​សម្រាប់​លោក​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​ និង​ស្វែង​យល់​អំពី​បំណង​របស់​ជនជាតិ​ខ្មែរ​នៅ​ស.រ.អា.​ដែរ។​

«យើង​មាន​ចំណុច​យល់​ឃើញ​ដូច​គ្នា ​អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ត្រូវតែ​មក។​ ​ទោះ​រវល់​យ៉ាងណា​ក៏ដោយ ​ក៏​ខ្ញុំ​ត្រូវតែ​មក​អើត​ដើម្បី​ឲ្យ​គេ​ស្គាល់​ខ្ញុំ ​ហើយ​ខ្ញុំ​ស្គាល់​គេ ​ដើម្បី​ពង្រីក​នូវ​ការ​យល់ដឹង​ដូចគ្នា​ហ្នឹង​ចំពោះ​ជនជាតិ​អាមេរិកាំង​ ដើម្បី​ឲ្យគាត់​ឃើញ​ថា ​ខ្មែរ​យើង​មាន​វប្បធម៌ ​អារ្យធម៌​ខ្ពស់​ខ្ពស់ ​រាប់​រយ​ឆ្នាំ​ ​ប្រយោជន៍​ដើម្បី​ឲ្យ​គេ​ចង់​ទៅ​លេង​ស្រុក​យើង»។​

លោក​ឯកអគ្គ​រាជទូតបាន​ឲ្យ​ដឹង​ថា ​ មាន​អ្នក​ទេសចរ​ពី​ស.រ.អា.​ជាង​២សែន​នាក់​ក្នុង​ចំណោម​អ្នក​ទេសចរ​ទៅ​ប្រទេស​កម្ពុជា​ជាង​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ​ការ​ផ្សព្វផ្សាយ​វប្បធម៌​នេះ​ពិតជារួម​ចំណែក​យ៉ាងច្រើន។ ​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ​ស.រ.អា.​និង​កម្ពុជា​មាន​ទំហំ​ពាណិជ្ជ​កម្ម​ជាង​៣​ពាន់​លាន​ដុល្លារ​ និង​មាន​ក្រុមហ៊ុន​អាមេរិកាំង​ជាង​៤០​បាន​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា។​

លោក​បេន បាវ ​ប្រធាន​សមាគម​ទិវា​សហគមន៍​ខ្មែរ​ បាន​បន្តថា ​ក្រៅ​ពី​សមាគម​របស់​លោក​ នៅ​មាន​សមាគម​និង​គណៈកម្មការ​ផ្សេង​ទៀត​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយសិល្បៈ ​វប្បធម៌​ អារ្យធម៌​ប្រទេស​កម្ពុជា​ដែល​អាច​ទាក់ទាញ​អ្នក​ទេសចរ​ទៅ​ទស្សនា​ប្រទេស​កម្ពុជា។​

លោក​និយាយ​ថា ​តួនាទី​ជា​ប្រធាន​សមាគមនេះ​មិន​មាន​អ្នក​ចាប់​អារម្មណ៍​ចង់​ធ្វើ​ទេ ​ព្រោះ​ត្រូវ​ចំណាយ​ថវិកា ​និង​ពេល​វេលា ​ហើយ​ប្រឈម​មុខ​ការ​លំបាក​ជាច្រើន​ ដែល​មាន​ពីដំបូង​ នៅ​ពេល​បង្កើត​សមាគម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​ជាពិសេស​ការ​ប្រមូល​ថវិកា​ និង​ការ​កៀងគរ​សមាជិក។​

លោក​និយាយ​ថា ​ការ​លំបាក​តែ​មួយ​គត់​ដែល​ត្រូវកាត់​បន្ថយ​គឺ​ការ​រៀបចំ​កម្ម​វិធី​សម្តែង​សិល្បៈ​ក្នុង​ពេល​ចូលឆ្នាំ ​និង​ខួប​របស់​សមាគម​នេះ ​នៅ​ក្នុង​វត្ត​ពុទ្ធិការាម ​ដែល​ជាវត្តខ្មែរ ​នៅទីក្រុង Silver Spring រដ្ឋ Maryland ​ពីព្រោះ​មិន​ចាំបាច់​សុំច្បាប់​ ដូចការ​រៀបចំ​នៅ​ទី​សាធារណៈ​ ដូចជា​នៅ​សួន ​Arlington រដ្ឋ ​Virginia៕