អាជីវករ​​បន្ត​រក​ស៊ី​​ក្នុង​​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវី​ដ១៩​​ប្រឹង​បង្កើន​ការការពារ

លោក​​ដន​ ឌី​ វ័យ​៤០​ឆ្នាំ​ ជា​អ្នក​រត់​រ៉ឺម៉ក​កង់បី​ ដើម្បី​ចិញ្ចឹម​គ្រួសារ​។​ លោក​ឌី​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ ស្រុក​ កំពង់​ត្របែក, នៅរាជធានី​ភ្នំពេញ, នៅ​ថ្ងៃសៅរ៍​ ទី២៨​ ខែ​មីនា ឆ្នាំ២០២០​។ (ផន បុប្ផា​/ VOA)

លោក​ ដន ឌី​ ដែល​មាន​វ័យ​៤០​ឆ្នាំ ជា​អ្នក​រត់​រុឺម៉ក​កង់បីដើម្បី​ចិញ្ចឹម​គ្រួសារមួយរូប។​ លោក​ ឌី​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ស្រុកកំពង់​ត្របែក បាន​មក​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ​តាំង​ពី​ឆ្នាំ​២០១០​មក​ម៉្លេះ។​

កាល​ពី​ថ្ងៃ​សុក្រ​ចុងខែ​មីនា​នេះ​ លោក ឌី​ ដែលមានពាក់ម៉ាស កំពុង​អង្គុយ​រង់​ចាំដឹក​ភ្ញៀវ​នៅ​តាម​ដង​ផ្លូវ​មួយ​នៅ​ក្រោយ​ព្រះ​បរមរាជវាំង។​

ដូច​ប្រជាពលរដ្ឋ​នានា​ដែរ​ លោក ​ឌី​ ដឹង​ខ្លួន​ថា លោក​និង​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់​របស់​លោកកំពុង​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន៣ម៉ឺន២ពាន់​នាក់​នៅ​ទូទាំង​ពិភព​លោក​គិតត្រឹម​ចុង​ខែ​មីនា​នេះ។​ប្រសិន​បើ​លោក​មិន​យក​ចិត្ត​ទុកដាក់​ខ្លាំង​ដើម្បី​ការពារ​ខ្លួន​លោក​នោះទេ ​គ្រួសារ​លោក​អាច​ប្រឈម​នឹង​ការ​ឆ្លងមេរោគនេះផងដែរ។​

លោក​ ដន ឌី ​ប្រាប់​វីអូអេ​ថា៖​

«ឲ្យ​តែ​ភ្ញៀវ​ចុះ​ហុច​លុយ​ឲ្យ​យើង​យើង​បាញ់​ហើយ​អាកុល​ហ្នឹង។​ បាញ់​លុយ​ហើយនិង​ដៃ​ដែល​យើង​ទទួល​លុយ​ពី​គាត់​ហើយ​និងពូក។​ ពូក​ក្រោយ​គាត់​អង្គុយ​ហ្នឹង»។​

ម្ចាស់រ៉ឺម៉កកង់បី​ បាញ់​ទឹក​អាល់កុល​ ដែល​គេរំពឹងថា​ សម្លាប់មេរោគ​កូរ៉ូណា​ដែលបង្កជាជំងឺ​ COVID-19 ហើយការ​ពារ​ខ្លួន​ពួកគេ​ពី​ការ​ឆ្លង​ជំងឺ, នៅរាជធានី​ភ្នំពេញ, នៅ​ថ្ងៃសៅរ៍​ ទី២៨​ ខែ​មីនា ឆ្នាំ២០២០​។ (ខាន់ សុគុំមនោ/ VOA)

នៅ​ពេល​ភ្ញៀវ​ហៅ​តុកតុក​របស់​លោក​ដើម្បី​ជិះ លោកបាន​លូក​ដៃ​របស់​លោក​ចូល​ទៅ​ក្នុង​ថង់​ប្លាស្ទិកមួយ​ដែល​មាន​ដាក់​ទឹក​អាកុល។ ​ចំពោះ​ភ្ញៀវ​ដែល​មិន​មាន​ទឹក​អាកុល​ដាក់​តាម​ខ្លួន​នោះលោក​ផ្តល់​ទឹក​អាកុល​របស់​លោក​ទៅ​ពួក​គេ​ដើម្បី​លាង​ដៃផងដែរ។

លោក ដន ឌី​ ដែល​មាន​កូន​ប្រុស​អាយុ​១០​ឆ្នាំ​ និង​កូន​ស្រី​តូច​ អាយុ​២​ឆ្នាំ​ មាន​ប្រសាសន៍​ថា​ លោក​ចាប់​ផ្តើម​ប្រើ​ទឹក​អាកុល​លាង​ដៃ​និង​បាញ់​កៅអី​ដែល​អតិថិជនជិះ ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​កូវីដ​១៩​ដល់​លោក​និង​អាច​ចម្លង​ទៅ​ដល់​កូន​តូច​ទាំង​ពីរនិង​ភរិយា​របស់​លោក​នៅ​ផ្ទះ។​

មក​ទល់​ពេល​នេះ ​ការ​ឆ្លង​នៅ​ប្រទេស​កម្ពុជា​កើន​ឡើង​ជាង​១០០​ករណី។​ ប្រជា​ពលរដ្ឋនិង​អាជីវករ​មួយ​ចំនួន​បាន​ និង​កំពុង​ចាត់​វិធាន​ការ​ការពារ​ខ្លួន​ពួក​គេ​ អតិថិជននិង​បុគ្គលិក​របស់​ពួកគេ​ដោយពាក់ម៉ាស​ប្រើ​អាកុល​លាងដៃ​ជា​ញឹកញាប់​ និង​ពិនិត្យ​កម្តៅ​អតិថិជន​ជា​ដើម។​

ទី​ក្រុង​ភ្នំពេញ​នៅ​ចុង​ខែ​មីនា​នេះ ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​ឆ្នាំ​មុនៗ​ដោយសារ​តែ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ដែល​នាំ​ឲ្យ​មាន​ការកើតជំងឺ​កូវីដ​១៩នៅ​តែ​បន្ត​កើន​ឡើង​យ៉ាង​គំហុក​នៅ​លើ​ពិភព​លោក។​

វីរុសកូរ៉ូណា​គឺ​ជា ​មេរោគ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ​១៩។​ ជំងឺ​ផ្លូវ​ដង្ហើម​នេះ​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​ផ្តាសាយ​ដូច​ជា​ ក្អក​និង​ក្តៅ​ខ្លួន។ ក្នុង​ករណី​ធ្ងន់ធ្ងរអ្នក​ជំងឺ​នេះ​អាចពិបាក​ដក​ដង្ហើម​ឬ​នាំ​ឲ្យ​កើត​ជា​ជំងឺ​រលាក​សួត។

ប៉ុន្តែ​ខុស​ពី​ជំងឺ​ផ្តាសាយ​ដែល​អ្នក​ជំងឺ​មាន​អត្រា​ស្លាប់ ​០,១​ភាគ​រយ​ ជំងឺ​កូវីដ​១៩ត្រូវ​បាន​គេ​ជឿ​ថា​ អ្នក​ជំងឺ​នេះ​មាន​អត្រា​ស្លាប់​ពី​៣​ទៅ​៤​ភាគ​រយ។​ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​WHO។​ អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​៨០​ភាគ​រយ​នៃ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​មាន​រោគ​សញ្ញា​ស្រាល​ឬ​មិន​បង្ហាញ​រោគ​សញ្ញា​សោះ។​

១៥​ភាគ​រយ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​ ហើយ​៥​ភាគ​រយ​ទៀតមាន​អាការៈ​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ប្រើ​ម៉ាស៊ីន​ជំនួយ​អុកស៊ីហ្សែន។​

ភាព​ខុស​ប្លែក​មួយ​ទៀត​ពីជំងឺ​ផ្តាសាយ​ដែល​រោគ​សញ្ញា​ចេញ​ត្រឹមតែ​បី​ថ្ងៃ​នោះ​ ជំងឺ​កូវីដ​មាន​រោគ​សញ្ញាពី​៥​ទៅ​៦​ថ្ងៃ ​ដែល​មាន​ន័យ​ថា ជំងឺ​នេះ​រីករាលដាល​លឿន​ជាង​ជំងឺ​ផ្តាសាយ។​

អ្នក​ឆ្លង​ជំងឺ​នេះ​ដែល​មាន​វ័យ​៦៥​ឆ្នាំ​ឡើង​ទៅ​ និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​អាចបាត់​បង់​ជីវិត។ ទោះ​បីជា​យ៉ាង​ណាក៏​ដោយ ប៉ុន្មាន​ខែ​ក្រោយ​នេះអ្នក​ដែល​មាន​វ័យ​ក្មេង​នៅ​បស្ចឹម​ប្រទេស​ដូច​ជា ​សហរដ្ឋអាមេរិក​ក៏បាន​បាត់បង់​ជីវិត​ផង​ដែរ​ដោយ​សារ​ជំងឺ​នេះ។​

នៅមុខហាងលក់គ្រឿងសំអាងមួយនៅក្នុងក្រុងភ្នំពេញ លោកណឹប បឿន អាយុ ៤០ឆ្នាំ កំពុងឈរចាំអតិថិជន កាលពីថ្ងៃ ២៧ មីនា ឆ្នាំ ២០២០។ (ផន​ បុប្ឆា/VOA)

នៅ​មុខ​ហាង​លក់​គ្រឿង​សំអាង​មួយ​ លោក​ណឹប បឿន ​អាយុ ​៤០​ឆ្នាំ​ កំពុង​ឈរ​ចាំ​អតិថិជន។ លោក​មាន​ម៉ាស៊ីន​វាស់​កម្តៅ​មួយ​ និង​មាន​ទឹក​អាកុល​លាង​ដៃ​មួយ​ដប។​ នៅ​ពេល​ដែល​អតិថិជន​ដើរ​ចូល​ហាង លោក​ណឹប ​បឿន ​ដែល​មានពាក់ម៉ាស ប្រាប់​ឲ្យ​អតិថិជន​ឈររង់​ចាំ​ឲ្យ​លោកវាស់​កម្តៅ​ដោយ​ម៉ាស៊ីន​កម្តៅ​ ដែល​មាន​ទម្រង់​ដូច​កាំភ្លើង​ខ្លីសិន​ មុន​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ដើរ​ចូល​ហាង។​ លោក​បានប្រើ​ម៉ាស៊ីន​នេះ​ស្ទង់​កម្តៅ​របស់​អតិថិជន​តាំងពី​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ​មក​ម៉្លេះ។ ​មាន​តែ​អតិថិជន​ ដែល​មានកម្តៅ​ទាប​ជាង​ ៣៧,៩​ អង្សារ ​ទើប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ហាង។​

«ពេល​កម្តៅ​គាត់​ឡើង​ ដូច​ថា​ ៣៧,៩​ ឬ​ ៣៨ [​អង្សារ] ​ខ្ញុំ​ឲ្យ​គាត់​អង្គុយ​សិន។ ​ចាំ​បាញ់​ម្តង​ទៀត។​ បើ​កម្តៅ​គាត់​នៅតែ​នៅ​ដដែល​ ឲ្យ​គាត់​ទៅ​ពេទ្យ»។​

អាជីវករ​នៅ​តាម​ហាង​ផ្សេងៗ​ទៀត​ដូច​ជា​ហាង​ថត​រូបហាង​កាហ្វេ​ និង​ផ្សារ​ទំនើប​នានា​នៅ​រាជធានី​ភ្នំពេញ​បាន​បង្កើន​ការពារ​ដោយ​តម្រូវ​ឲ្យ​បុគ្គលិក​ពាក់ម៉ាស​ជា​ប្រចាំ​ ហើយហាង​ទាំង​នោះ​ផ្តល់អាកុល​លាង​ដៃ​ទៅ​ដល់​អតិថិជន​ មុន​នឹង​ពួក​គេ​ដើរ​ចូល​ក្នុង​ហាង។​

ម៉ាស៊ីន​វាស់​កម្តៅ​មួយ ​និង​ទឹក​អាល់​កុល​លាង​ដៃ​មួយ​ដប​ នៅ​មុខ​ហាង​លក់​គ្រឿង​សម្អាង​។ នៅពេល​ដែល​អតិថិជន​ដើរ​ចូលហាង​សន្តិសុខ​នៅ​ចាំវាស់​កម្តៅ​ភ្ញៀវមុន​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ដើរ​ចូលហាង។ មាន​តែ​អតិថិជន​ដែល​មាន​ កម្តៅ​ទាប​ជាង​ ៣៧.៩ អង់សារសេ ទើប​អនុញ្ញាត​ឲ

នៅ​តាម​ដង​ផ្លូវត្រសក់ផ្អែម​ ហាង​លក់​ទំនិញ​ទំនើប​មួយ​កំពុង​តែ​មមារញឹក​ខ្លាំង។​ នៅមុខ​ហាង​នេះ​មាន​បុគ្គលិក​ផ្នែក​សន្តិសុខ​ម្នាក់​ដែល​នៅ​តាមដាន​ការ​ចេញ​ចូល​របស់​អតិថិជន។​ នៅ​ក្លោង​ទ្វារ​នៃ​ហាង​នេះ​គេ​ឃើញ​មាន​ផ្លាក​បិទ​នៅ​លើ​ទ្វារ​កញ្ចក់​ដែល​សរសេរ​ថា​៖ «អតិថិជន​ត្រូវ​តែ​ពាក់ម៉ាស​មុន​ចូល​ទៅ​ខាង​ក្នុង​ហាង»។​

លោក ផន ភ័ណ្ឌ​ វ័យ២១​ឆ្នាំ​ ដែល​ជា​បុគ្គលិក​ម្នាក់​នៃ​ហាង​នោះ​ បាន​និយាយ​ថា ​ហាង​របស់​លោក​តម្រូវ​ឲ្យ​អតិថិជន​ទាំង​អស់​ពាក់ម៉ាស​មុន​នឹង​ចូល​ហាង​ទិញ​ឥវ៉ាន់​ ហើយ​លោក​ថា ​ប្រសិន​បើ​ពួកគេ​មិន​ពាក់ម៉ាស់​នោះ​ទេ អតិថិជន​នោះ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ហាង​នោះ​ទេ។​

«ប្រសិន​ជា​អតិថិជន​ ឬ ​customers​ ដែល​ចូល​មក​ក្នុង​ហាង​របស់​យើង​ខ្ញុំ​ដោយ​ឥត​ពាក់​ម៉ាស​អ៊ីចឹង​យើង​គួរ​ប្រាប់​គាត់​ឲ្យ​គាត់​យល់​ពី​យើង​ដែរ​ព្រោះ​ពេល​ខ្លះ​យើង​ត្រូវ save​ [ការពារ​] សុត្ថិភាព​ភ្ញៀវ​ដទៃ​ទៀត​ ឬ​ក៏​បុគ្គលិក​របស់​យើង។​ អ៊ីចឹង​យើង​ត្រូវ​តែ​ប្រាប់​គាត់ ​ពី​បញ្ហា​នឹង​ហើយ​ពន្យល់​ឲ្យ​គាត់​យល់​ ហើយឲ្យ​គាត់​ទិញ​ម៉ាស»។​

លោក​ ផន ភ័ណ្ឌ​ មានវ័យ ​២១​ឆ្នាំ​ដែល​ជា​បុគ្គលិក​ម្នាក់​នៃ​ផ្សារ​ទំនើប Super Duper និយាយថា​អតិថិជន​ទាំង​អស់​តម្រូវ​ឲ្យ​ពាក់ម៉ាស់​មុន​នឹង​ចូលហាង​ទិញ​ឥវ៉ាន់​ ដើម្បី​ការពារ​សុវត្ថិភាព​អតិថិជន​ផ្សេង​ទៀត​ បុគ្គលិកហាង​ និងខ្លួន​គេ​ផ្ទាល់, នៅរាជធានី​ភ្នំពេញ,

លោក​បន្ថែម​ថា៖​

«ប្រសិន​បើ​ហាង​យើងកន្លែង​យើង​ដាច់​ស្តុក​អ៊ីចឹង​យើង​សូម​អធ្យាស្រ័យពី​គាត់។ ​គាត់​អាច​ដើរ​ទិញ​ [ម៉ាស]​ កន្លែង​ផ្សេង​ ហើយ​បាន​ឲ្យ​ចូល​ [ហាង]​ បាន​ព្រោះ​ធ្វើ​អ៊ីចឹង​ដើម្បី​ការពារ​ឥវ៉ាន់​បុគ្គលិក​ផ្សេងៗ និង​ការពារ​ដូច​ជា​ខ្លួន​គាត់​ផ្ទាល់ផង​ដែរ»។​

ស្លាក​សញ្ញា​ក្នុងហាង​ដែល​តម្រូវ​ឲ្យអតិថិជនពាក់ម៉ាស់​មុន​នឹង​ចូលហាង​ទិញ​ឥវ៉ាន់​ ដើម្បី​ការពារ​សុវត្ថិភាព​អតិថិជន​ផ្សេង​ទៀត​ បុគ្គលិកហាង​ និងខ្លួន​គេ​ផ្ទាល់, នៅរាជធានី​ភ្នំពេញ, នៅ​ថ្ងៃសៅរ៍​ ទី២៨​ ខែ​មីនា ឆ្នាំ២០២០​។ (ខាន់ សុគុំមនោ/ VOA)

មក​ដល់​ពេល​នេះ​ ជំងឺ​កូវីដ​១៩​បាន​រីករាល​ដាល​ដល់​ជាង ​១០០ប្រទេស។​

​ជំងឺ​ដែល​មាន​ប្រភព​ចេញ​មក​ពីទី​ក្រុង​វូហាននៃ​ខេត្ត​ហ៊ុយបេ ប្រទេស​ចិន​នោះ ​បាន​ឆ្លង​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់​មក​ទល់ពេល​នេះ។​

បើ​ទោះបី​ជា​មាន​អាជីវករ​មួយ​ចំនួន​បាន​បិទ​ហាង​ និង​ផ្អាក​របរ​រកស៊ី​របស់​ពួក​គេ​មួយ​រយៈ​ដើម្បី​ចៀស​វាង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ក៏ដោយ​ ក៏​សម្រាប់អាជីវករ​មួយ​ចំនួន ​ការ​សម្រេច​ចិត្ត​បិទ​ហាង​ជា​បណ្តោះ​អាសន្នជា​ការ​លំបាក ដោយសារ​អ្នក​ទាំង​នោះ​មាន​ការ​បារម្ភ​ចំពោះ​បុគ្គលិក​របស់​ពួកគេ​ដែល​អាច​នឹង​ប្រឈម​នឹង​ការ​អត់​ការងារ​ធ្វើ។ ​លើស​ពី​នោះ​ទៅទៀត​ពួកគេ​ត្រូវ​ចំណាយ​លើតម្រូវ​ការ​ចាំ​បាច់​ផ្សេង​ទៀត​មួយ​ចំនួន​ផង​ដែរ។​

​លោក ​ហួន ចាន់ដុល្លា វ័យ​២៧​ឆ្នាំ ​ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​នៅ​ជិតសាលា​ភាសាបារាំងក្នុង​ក្រុង​ភ្នំពេញ។​

លោក​ ចាន់​ដុល្លា​ ដែល​ពាក់​ម៉ាស បាន​ប្រាប់​វីអូអេ​ថា​ លោក​ត្រូវ​បន្ត​មុខ​របរ​របស់​លោកដោយមានវិធាន​ការ​តឹងរ៉ឹង​ក្នុង​ការ​ការពារ​ការ​ឆ្លង​ជំងឺ​នេះ ៖​

«ខ្ញុំ​ចាប់​ផ្តើម​ដាក់​វិធាន​ការ​ខ្លះៗ​នៅ​ក្នុង​ហាង​ដូចជា​ការ​ដាក់​អាកុល​សម្រាប់​បាញ់​លាង​កន្លែង​ពេល​ភ្ញៀវ​ចេញ​ចូល ព្រោះ​ការ​ចេញ​ចូល​របស់​ភ្ញៀវ ​គាត់​ត្រូវបើក​ទ្វារ​បើក​អី។​ អ៊ីចឹងគឺ​យើង​ត្រូវលាង​ អាហ្នឹ​ង​ទី​មួយ»។

លោក​បន្ថែម​ថា៖​

«ទីពីរ​គឺ​សម្អាត​នៅ​ក្នុង​ហាង​។ រាល់​ដែល​ពេល​ដែល​ភ្ញៀវ​ចេញចូល​ពី​ក្នុង​ហាង ​ឬ​ពី​តុ​ គឺ​យើង​ត្រូវ​មាន ​spray​ [ដបបាញ់] អាល់កុល​ ដើម្បី​លាង​តុ​ និង​កន្លែង​អង្គុយ។​ ហើយ​ផែន​ការ​ទីបី​របស់​ពួក​យើង​ គឺ​យើង​ណែនាំ​ឲ្យ​បុគ្គលិក​នៅ​ក្នុង​ហាង​ទាំងអស់​ប្រើ​ប្រាស់​ម៉ាស​ ដើម្បី​ពាក់​គ្រប​ច្រមុះ​និង​មាត់។​ វា​អាច​ការពារ​សេវា​កម្ម​របស់​យើង​ទៅ​ភ្ញៀវ​ក៏ដូច​ជា​ភ្ញៀវ​មក​លើ​បុគ្គលិក​របស់​យើង»។​

បុគ្គលិក​ទាំង​បួន​នាក់​របស់​លោក​ តម្រូវ​ឲ្យ​ពាក់​ម៉ាស​ និង​លាង​ដៃ​ជាញឹកញាប់។​

ដើម្បី​ទប់ទល់​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះរដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​មួយ​ចំនួន​ដូច​ជា ​ការ​បិទ​សាលា​រៀន​មួយ​រយៈ​ និ​ង​បិទ​ហាង​ខារ៉ាអូខេ​ រោងភាព​យន្ត​ និង​បិទ​បៀរហ្គាឌិន​ជាដើម។​ ​រដ្ឋាភិបាលក៏បាន​ហាម​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​ ៦​ប្រទេស​ចូល​កម្ពុជា​រយៈ​ពេល​៣០​ថ្ងៃ។​

បើ​ទោះ​បី​ជា​មក​ទល់​ពេល​នេះ​មិន​មាន​ការ​រាយ​ការណ៍​ថា មាន​ករណី​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នេះ​នៅ​ប្រទេស​កម្ពុជា​ក៏​ដោយ ក្រសួង​សុខាភិបាល​បាន​ចាត់​វិធាន​ការ​ និង​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ការពារ​ខ្លួន​ទប់ទល់ការ​ឆ្លង​ជំងឺ​នេះ​ដោយ​ការ​លាង​ដៃ​ជា​ប្រចាំ​ និង​ការ​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា​ជាដើម។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ​ឱ វណ្ណឌីនប្រាប់​វីអូអេ​ថា៖

«ដោយ​ឡែក​រឿង​បញ្ជ្រៀត​គ្នា​គ្នា​ច្រើន​អី​សុំ​អំពាវនាវដ៏​ទទូច​ហើយ​ទទូច​ទៀត​សុំ​បង​ប្អូន​យើងអនុវត្ត​ដែល​ភាសា​អង់គ្លេស​ថា​ Social Distance​ គឺ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា។​ ឥឡូវ​មិន​ត្រឹមតែ​ Social Distance ​គឺ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា​ទេ​ អង្គការ​សុខភាព​ពិភព​លោក​គេ​ប្រើ​ពាក្យ​មួយ​ម៉ាត់​ទៀត​ហើយ​គេ​ហៅ​ថា​ Physical Distance​ មានន័យ​ថា​ បុគ្គលិក​គ្រប់រូប​ព្យាយាម​ធ្វើ​ម៉េច​ឲ្យ​មាន​គម្លាត​ពី​គ្នា​១​ម៉ែត្រ​កន្លះ​ ទៅ​២​ម៉ែត្រ​ឡើង​ទៅ។​ ហ្នឹង​ជា​ចំណុច​សំខាន់​ណាស់​ដើម្បី​ចូលរួម​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរិមា​នូវ​ការ​ចម្លង​ COVID19​ នេះ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់»។​

លោក ​ដន ឌី ​ដែល​អង្គុយ​ចាំ​ភ្ញៀវ​ជា​ប្រចាំ​នៅ​ក្បែរ​ព្រះ​បរមរាជវាំង​ដែល​ជា​កន្លែង​ពេញ​និយម​មួយ​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដើរ​ទិញ​ឥវ៉ាន់ ​និង​ដើរ​កម្សាន្ត​តាម​ដង​ផ្លូវ ​បាន​និយាយ​ថា ចាប់​តាំង​ពី​មាន​ការ​រីករាលដាល​នៃ​ជំងឺ​នេះ​មក​លោក​បារម្ភ​ពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​របស់​លោក និង​ក្រុម​គ្រួសារ​លោក។

«បើ​ខ្ញុំ​មិន​រក​ដឹង​តែ​ប្រពន្ធ​និង​កូន​ខ្ញុំ​ដឹង​តែ​គាត់​អត់បាយ​ហើយ។​ អ៊ីចឹង​ខ្ញុំ​ត្រូវតែ​ចេញ​មក​ប្រថុយនឹង​ជំងឺ​ហ្នឹង»។

លោកដន ឌីថាបើ​មាន​ជម្រើស​លោក​សុខចិត្ត​ស្នាក់នៅ​ផ្ទះ​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​មួយ​រយៈ។​ ក៏ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​ជីវភាព លោក​ត្រូវ​ប្រថុយ​ប្រថាន​ដោយ​ការបន្ត​ផ្តល់​សេវា​រ៉ឺ​ម៉ក​កង់​បី​នេះ៕​