មហាសេដ្ឋីអចលនទ្រព្យជនជាតិរុស្សី លោក សេហ្គេ ប៉ូឡូនស្គី ត្រូវបានអាជ្ញាធរប្រទេសកម្ពុជា បញ្ជូនចេញទៅកាន់ប្រទេសរុស្សីវិញហើយ កាលពីព្រឹកថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់របស់មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា។
ការបញ្ជូនចេញមហាសេដ្ឋីរុស្សី អាយុ៤៣ ឆ្នាំដែលមានប្រាក់រាប់លាននេះ ធើ្វឡើងក្រោយពីសមត្ថកិច្ចកម្ពុជាបានចាប់រូបលោក និងបក្សពួក៥នាក់ផ្សេងទៀត កាលពីថ្ងៃសុក្រកន្លងទៅនេះដោយសារតែទិដ្ឋាការស្នាក់នៅរបស់លោកហួសកំណត់រយះពេលជាងពីរឆ្នាំគឺគិតចាប់តាំងពីឆ្នាំ២០១៣មក។
លោក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋាន ផ្នែកស៊ើបអង្កេត អនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ប្រាប់ វីអូអេថា លោក សេហ្គ ប៉ូឡូនស្គី បានចេញដំណើរពីប្រទេសកម្ពុជាតាមជើងហោះអង្គរអ៊ែ ឆ្ពោះទៅកាន់ ទីក្រុងហូជីមិញប្រទេសវៀតណាមដើម្បីបន្តដំណើរទៅទីក្រុងម៊ូស្គូ។
លោកនិយាយថា៖ «បាទបញ្ជូនព្រឹកមិញម៉ោង៧ ២០នាទី។ [ចេញ]តាមជើងយន្តហោះ K6821អង្គរអ៊ែពីកម្ពុជាទៅ ហូជីមិញ ចេញពីហូជីមិញទៅម៊ូស្គូ»។
ការចាប់ខ្លួន និងការបញ្ជូនចេញមហាសេដ្ឋីដែលមានកោះផ្ទាល់ខ្លួននៅក្នុងខេត្តព្រះសីហនុនេះ ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសកម្ពុជាស្នើរឲ្យក្រសួងយុត្តិធម៌ធ្វើការពិនិត្យមើលសំណុំរឿងសេដ្ឋីរូបនេះតាមការស្នើសុំធ្វើបត្យាប័នរបស់រដ្ឋាភិបាលរុស្សីផងដែរ។
លោក សេហ្គេ ប៉ូឡូនស្គី ដែលជាមហាសេដ្ឋីអចលនទ្រព្យនៅប្រទេសរុស្សីត្រូវបានរដ្ឋាភិបាលប្រទេសនេះប្រកាសតាមចាប់ខ្លួនពីបទឆរបោកលុយរាប់លានដុល្លារ។រដ្ឋាភិបាលប្រទេសរុស្សីធ្លាប់បានស្នើរឲ្យរដ្ឋាភិបាលប្រទេសកម្ពុជា ចាប់បញ្ជូនជននេះត្រឡប់ទៅរុស្សីវិញ ប៉ុន្តែមិនមានការចាប់បញ្ជូននោះទេក្នុងពេលកន្លងមក។
អាជ្ញាធរកម្ពុជាកំពុងធ្វើការលើការបញ្ជូនចេញជនប្រាំនាក់ផ្សេងទៀត ដែលជាបក្សពួកលោក សេហ្គេ ប៉ូឡូនស្គី យ៉ាងយូរក្នុងមួយសប្តាហ៍ខាងមុខនេះ នេះបើតាមការបញ្ជាក់ពីលោក អ៊ុក ហៃសីលា។
លោកនិយាយថា៖ «ប្រាំនាក់ទៀតយើងក៏បណ្តេញដូចរូបគាត់ [សេហ្គេ ប៉ូឡូនស្គី] អញ្ជឹងដែរប៉ុន្តែយើងរង់ចាំលិខិតបើកផ្លូវដើម្បីបញ្ជូនគាត់ចេញដែរ។ អាចក្នុងសប្តាហ៍ក្រោយព្រោះថ្ងៃនេះ ថ្ងៃអាទិត្យហើយ។ យើងបានទាក់ទងទៅស្ថានទូតរួចហើយ បើគេបញ្ចេញលិខិតបើកផ្លូវនៅពេលណាយើងនឹងបញ្ជូនចេញនៅពេលហ្នឹង»។
លោក អ៊ុក ហៃសីលា ពន្យល់ថា ការបញ្ជូនចេញលោក សេហ្គេ ប៉ូឡូនស្គី ហើយនិងការត្រៀមបញ្ជូនចេញ ពលរដ្ឋជាតិរុស្សីទាំងអស់នេះ គឺដោយសារ តែសកម្មភាពរបស់ពួកគេអាចធ្វើឲ្យប៉ះពាល់ដល់សន្តិជាតិ ពីព្រោះពួកគេបានបង្កើតក្រុមអង្គរក្សប្រដាប់អាវុធដោយខ្លូនឯង។
លោកបន្ថែមថា៖ «ក្នុងប្រកាសបណ្តេញចេញយើងដាក់ថា មានសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ អញ្ជឹងយើងត្រូវតែអត់ឲ្យគាត់នៅកម្ពុជា យើងបញ្ជូនគាត់ចេញពីប្រទេសកម្ពុជា។ សកម្មភាពគាត់ដូចជាបង្កើតក្រុមអង្គរក្សខ្លួនឯងមានប្រដាប់អាវុធ»។
កាលពីដើមសប្តាហ៍នេះក្រសួងការបរទេសបានផ្ញើរលិខិតផ្លូវការទៅក្រសួងយុត្តិធម៌ស្នើឲ្យមានការពិចារណានិងចាត់វិធានការទៅលោក សេហ្គេ ប៉ូឡូនស្គី។
មហាសេដ្ឋីរូបនេះ ដែលធ្លាប់មានប្រវត្តិរឿងអាស្រូវជាច្រើនលើកច្រើនសារនៅក្នុងប្រទេសកម្ពុជា មកហើយនោះ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនជាញឹកញាប់តាំងពីឆ្នាំ២០១៣មក៕