បាត់ដំបង – ជារៀងរាល់ថ្ងៃអ្នកនាង នូវ ស្រីលក្ខណ៍ ហក់លោតពត់ខ្លួននៅលើឆាកសម្តែងសៀករបស់នាង ដោយមានមនុស្សម្នាជាច្រើនទស្សនា។
ក្រោយពីរៀនភាសាអង់គ្លេសនៅពេលព្រឹក ស្រីលក្ខណ៍ អាយុ ២៩ ឆ្នាំ មានការងារក្រៅម៉ោង នៅរោងល្ខោនសៀកកម្ពុជាហ្វារ នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍។ ពេលរសៀលនាងហាត់សមការសម្តែងរួចរៀបចំខ្លួន ដោយស្លៀកពាក់និងផាត់មុខឲ្យស្របតាមឈុតឆាកសម្តែងសៀក ដើម្បីទទួលស្វាគមន៍ទស្សនិកជនប្រមាណ ៤០០នាក់ នៅពេលល្ងាច។
បន្ទាប់ពីសម្តែងចប់ ស្រីលក្ខណ៍ តែងជួបជជែកកម្សាន្ត និងថតរូបជាមួយអ្នកគាំទ្រខ្លួន រហូតដល់ម៉ោងប្រហែល ១០យប់។ ក៏ប៉ុន្តែ អ្វីៗទាំងនេះបានផ្លាស់ប្តូរ ក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍កម្ពុជា។
ចាប់តាំងពីពាក់កណ្តាលខែមីនាមក រដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាកព្រឹត្តិការណ៍ជួបជុំ ដែលមានមនុស្សច្រើន រឹតត្បិតការធ្វើដំណើរ និងអនុវត្តគោលការណ៍រក្សាគម្លាតពីគ្នា ដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណា។ ទស្សនីយភាពសិល្បៈការសម្តែងជាសាធារណៈ និងការមកដល់នៃភ្ញៀវ ទេសចរអន្តរជាតិក្នុងខេត្តសៀមរាប លែងមានដូចមុនទៀតហើយ។
នេះមានន័យថាក្រុមសិល្បៈ ដូចជាសៀកហ្វារដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស ទទួលរងប៉ះពាល់យ៉ាងខ្លាំង។
ស្រីលក្ខណ៍ គឺជាសិល្បការិនីម្នាក់ក្នុងចំណោមសិល្បករសិល្បការិនីរាប់ពាន់នាក់ផ្សេងទៀត ដែលបាត់បង់ការងារ ក្រោយមានការបិទឆាកសម្តែង ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា។ ចំណូលពីការសម្តែងសៀកនេះ គឺជាប្រភពចំណូលសំខាន់របស់នាង និងស្វាមី ដែលជាសិល្បករសៀកដូចគ្នា។
ពួកគេចាកចេញពីទឹកដីសៀមរាបមួយរយៈវិលត្រឡប់មកទឹកដីកំណើតខ្លួនវិញ នៅខេត្តបាត់ដំបង។
អ្នកសម្តែងសៀករូបនេះថ្លែងប្រាប់ VOA នៅសាលាហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបងថា៖ « [ខ្ញុំ] នឹកការគាំទ្រ។ នឹកការនិយាយជាមួយភ្ញៀវ នៅពេលដែលសម្តែងចប់»។
ទោះជាមិនបានសម្តែងជាប្រចាំដូចមុន នាងនៅតែបន្តការហាត់សមពត់ខ្លួន តាមចលនាសិល្បៈសៀកនៅក្នុងសាលាសៀកហ្វារ ក្នុងខេត្តបាត់ដំបង។ ដោយទទួលបានចំណូលតិចជាងមុនផង ពេលនេះនាងចាប់ផ្តើមរបរថ្មី។ នាងលក់សម្លៀកបំពាក់អនឡាញ ដោយប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក។
ដូចជាពលរដ្ឋកម្ពុជាជាង ២លាននាក់ផ្សេងទៀតដែរ ស្រីលក្ខណ៍ មានបន្ទុកបង់ប្រាក់សងធនាគារស្ថាបនា។ ថ្មីៗនេះ ស្រីលក្ខណ៍ បានលក់ដីឡូត៍របស់ខ្លួនមួយកន្លែង ដើម្បីយកលុយបង់ធនាគារខ្លះ និងសម្រាប់ចំណាយប្រចាំថ្ងៃរបស់គ្រួសារនាង។
ស្រីលក្ខណ៍ ថ្លែងថា៖ «បើសិនជាខ្ញុំមិនជំពាក់គេ ខ្ញុំរស់បាន។ ប៉ុន្តែដោយសារខ្ញុំមានជំពាក់ [ធនាគារ] អ៊ីចឹងទៅ វារឿងពិបាកបន្តិច។ មុនកូវីដខ្ញុំសម្តែងបានច្រើន ខ្ញុំឆ្លៀតទិញដី។ ដល់ពេលមានបញ្ហា ខ្ញុំលក់ដីខ្ញុំមួយកន្លែងបានលុយហ្នឹង ដើម្បីដោះស្រាយទប់»។
លោក ព្រាប ប៉ូច វ័យ៣៤ឆ្នាំ គឺជាអ្នកសម្តែងសៀកហ្វារម្នាក់ទៀត ដែលហាត់សមជុំគ្នាជាមួយ ស្រីលក្ខណ៍។ លោកក៏ជួបការលំបាកដូចគ្នា។
ក្រោយផ្អាកការសម្តែងលោក ព្រាប ប៉ូច មានពេលធ្វើកិច្ចការផ្ទះ និងមើលថែទាំកូនៗខ្លួនច្រើនជាងមុន។ លោក ប៉ូច ថាសិល្បករសិល្បការិនីនៅតែទទួលបានការគាំទ្រហិរញ្ញវត្ថុមួយចំនួនពីសមាគមប៉ុន្តែ ចំនួននោះមិនគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រួសារនោះទេ។
លោកថ្លែងថា៖ «តែបច្ចុប្បន្នចាយមិនគ្រប់ យើងដកអាលុយសល់ពីមុន យកមកចាយបង្គ្រប់វិញ។ ពិបាករកការងារធ្វើទៀត។ សូម្បីតែសំណង់ក៏គ្នាពិបាករកដែរ។ ខ្លះទៅក៏រកតាមអនឡាញបានតិចតួចអីទៅ»។
សម្រាប់លោក ប៉ូច អាជីពជាអ្នកសម្តែងសៀកនេះ និងការសម្តែងបានព្យាបាលភាពតានតឹងអារម្មណ៍ដល់ទាំងទស្សនិកជន និងរូបលោកជាអ្នកសម្តែងផងដែរ។
លោកថ្លែងថា៖ «ប៉ុន្តែពេលដល់លើឆាក យើងឃើញគេសើចសប្បាយ ទះដៃ ហ៊ោអ៊ីចឹងទៅ ធ្វើឲ្យយើងភ្លេចអស់រឿងស្ត្រេស។ ពេលខ្លះ សិល្បៈអាចជួយព្យាបាលផ្លូវចិត្តយើង អារម្មណ៍យើង វិបត្តិផ្លូវចិត្ត។ យើងបានសិល្បៈលេងអ៊ីចឹង វាបានជួយព្យាបាលផ្លូវចិត្តបានបញ្ចេញអារម្មណ៍របស់យើង»។
កាលពីពាក់កណ្តាលខែមិថុនា សាលាហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង ដែលធ្លាប់តែមានសភាពអ៊ូអរប្រែជាមានសភាពស្ងាត់ជ្រងំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ហើយព្រឹត្តិការណ៍សិល្បៈនានាត្រូវបានផ្អាក។
លោក តោ វុដ្ឋា សហស្ថាបនិកនៃអង្គការហ្វារពន្លឺសិល្បៈ លើកឡើងថា ការអូសបន្លាយនៃជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់សហគមន៍សិល្បៈ និងសិល្បករសិល្បការិនី ដោយសារចំណូលមួយភាគធំទទួលបានពីការលក់សំបុត្រសម្តែងដល់ភ្ញៀវបរទេស។
លោកបន្តថា បញ្ហាប្រឈមមួយទៀតសម្រាប់សហគមន៍សិល្បៈនាពេលនេះ គឺដោយសារម្ចាស់ជំនួយបានបង្វិលមូលនិធិគាំទ្រសិល្បៈទៅជួយអ្នករងគ្រោះ ដោយសារជំងឺកូវីដ១៩ នៅប្រទេសរបស់ពួកគេវិញ។
លោកថ្លែងថា៖ «បើសិនជាមានការពន្យារពេលយូរ ស្ថាប័នយើងនឹងប្រឈមមុខជួនកាលនិយាយដោយស្មោះត្រង់ វាអាចឈានដល់ការបិទទ្វារក៏ថាបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ហ្វារនៅតែខិតខំប្រឹងប្រែងកុំឲ្យហ្វារបិទទ្វារ។ អង្គការហ្វារនៅបន្តព្យាយាមបម្រើសិល្បៈកម្ពុជា។ យើងនឹងផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យស្របតាមស្ថានភាព»។
លោក តោ វុដ្ឋា ឲ្យដឹងថាស្ថាប័នលោកកំពុងត្រៀមការសម្តែងខ្នាតតូច ដោយអនុវត្តការរក្សាគម្លាតពីគ្នាសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងកំពុងរៀបចំឲ្យមានការសម្តែងតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
យ៉ាងណាក៏ដោយ សហគមន៍សិល្បករសិល្បការិនីបង្ហាញក្តីបារម្ភថា ការសម្តែងលើប្រព័ន្ធអ៊ីនធឺណិត មិនអាចឲ្យសិល្បករផ្តោតអារម្មណ៍ ឬទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនដូចការសម្តែងផ្ទាល់នោះទេ។
លោក ម៉ាន់ កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ មានប្រសាសន៍ថា វិបត្តិជំងឺកូវីដ១៩ កាន់តែធ្វើឲ្យការសម្តែងល្ខោនស្រមោលរបស់សមាគម ជួបបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង។
លោកថ្លែងថា៖ «ឆ្នាំ២០២០ បាត់ភ្ញៀវច្រើនណាស់។ បាត់ៗ ធ្លាក់ដល់កូវីដទៀត យើងមានបញ្ហាធំ។ កូវីដចូលមកទៀត [យើង] ចប់»។
កាលពីថ្ងៃទី១៨ ខែមិថុនា ក្រសួងវប្បធម៌បានរៀបចំឲ្យសមាគមសិល្បៈសុវណ្ណភូមិរបស់លោក សម្តែងល្ខោនស្រមោលស្បែកតូចរឿង «ចៅគីង្គក់» ដែលការសម្តែងនេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ជាលើកដំបូង។
នេះជាការផ្សាយមួយដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេច ព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ។ ការសម្តែងនេះទទួលបានចំនួនអ្នកចូលទស្សនាប្រមាណ ១០ម៉ឺននាក់។
លោក ម៉ាន់ កុសល ដែលជាអ្នកសម្តែងនៅលើឆាកមួយរូបដែរ អស់រយៈពេលជាង ២០ឆ្នាំ មកហើយ មានការលំបាកក្នុងការសម្របខ្លួន ទៅនឹងការសម្តែងដោយគ្មានទស្សនិកជនមើលផ្ទាល់។
«យើងសម្តែងអត់មានទស្សនិកជន ដូចនំបញ្ចុក អត់មានល្បោយ។ យើងសម្តែងទៅដូចខុយៗ។ តាមអនឡាញ ទោះបីជាមានការទស្សនាច្រើនយ៉ាងណា ក៏មិនស្មើនឹងយើងសម្តែងផ្ទាល់។ វាពិបាករកអារម្មណ៍យកទៅដាក់»។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរីករាលដាលនៃវីរុសកូរ៉ូណា បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យនានានៅកម្ពុជា ក្នុងនោះវិស័យវប្បធម៌ និងទេសចរណ៍ជាដើម ក៏រងគ្រោះផងដែរ។ លោកថា ការណ៍នេះធ្វើឲ្យជីវភាពសិល្បករសិល្បការិនី ដែលពឹងផ្អែកលើការសម្តែងនៅលើឆាក ឬនៅតាមកម្មវិធីប្រពៃណីទំនៀមទម្លាប់ផ្សេង ជួបការលំបាក។
លោកឲ្យដឹងទៀតថា កង្វះការចូលរួមពីពលរដ្ឋក្នុងស្រុកចំពោះការគាំទ្រការសម្តែងសិល្បៈ និងវប្បធម៌ ក៏ជាបញ្ហាប្រឈមសំខាន់មួយ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្នដែលស្ទើរតែគ្មានភ្ញៀវទេសចរបរទេសនៅកម្ពុជា។
«ដោយសារអត់មានបរទេសមកមើលចុះបើមានខ្មែរមើល? តាមពិតអារឿងអ៊ីចឹងៗ បើសម្តែងហើយខ្មែរយើងមើលរស់អីតើ!»
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មន្រ្តីក្រសួងវប្បធម៌បន្ថែមថាក្រសួងកំពុងស្វែងរកជម្រើសផ្សេងទៀតដើម្បីជួយដល់សិល្បករសិល្បការិនី ក្នុងការទទួលបានប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធឺណិត។
«បើស្ថានភាពនៅតែបែបហ្នឹង យើងចៀសមិនផុតពីឌីជីថលទេ។ ទីមួយយើងរក្សាវត្តមានវប្បធម៌យើង។ទីពីរពេលនេះបច្ចេកវិទ្យាទំនើបអ្នកណាក៏មានស្មាតហ្វូនដែរ។ គាត់អាចមើលតាមហ្នឹងដែរ។ ទីបីអ្នកសម្តែងតាមរយៈប្រព័ន្ធយូធូប ហ្វេសប៊ុក បើគាត់ទទួលបានការគាំទ្រច្រើន គាត់អាចរកប្រាក់ចំណូលពីហ្នឹងបាន»។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់បានកំណត់ថានឹងអនុញ្ញាតឲ្យមានការសម្តែងផ្ទាល់ឡើងវិញ នៅពេលណានោះទេ៕