ចៅក្រម​កម្ពុជា​និង ​អ.ស.ប.​ ខ្វែង​គំនិត​គ្នា​អំពី​ការ​តម្កល់​ ឬ​បញ្ជូន​សំណុំ​រឿង​លោក ​មាស មុត​​​​ ទៅកាត់​ទោស

រូបឯកសារ៖ លោក​ មាស មុត​ អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​របប​ខ្មែរក្រហម​ អង្គុយនៅក្នុង​​​គេហដ្ឋាន​របស់​​លោក​នៅស្រុក​សំឡូត ខេត្តបាត់​ដំបង ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៩​។ (សុខ ខេមរា/វីអូអេ)

សំណុំ​រឿង ​០០៣​ របស់​ជន​ជាប់ចោទ ​គឺ​លោក ​មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរក្រហម ​ត្រូវ​គេ​ជឿថា​ ទំនង​ជាត្រូវ​តម្កល់​ទុក​មិន​ចាត់​ការ ​ឬ ទម្លាក់​ចោល​បទចោទ ឬ​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង ​តែ​ជួប​ឧបសគ្គ​ផ្លូវ​ច្បាប់​វែងឆ្ងាយ​ដូច​សំណុំ​រឿង​បន្ថែម​មុនៗ ​ដែល​ចៅក្រម​ជាតិ ​បន្ត​នីតិវិធី​ច្បាប់​ដែល​ស្របនឹង​អ្វីដែល​រដ្ឋាភិបាល​ធ្លាប់​បញ្ជាក់​ជំហរ​ដែល​ថា​ មិនចង់​ឲ្យ​ដំណើរការ​សំណុំរឿង​ទាំង​នោះ ​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិភាព​ និង​ការ​បង្រួប​បង្រួម​ជាតិ។​

ការណ៍​នេះ​លេច​ឡើង​ក្រោយ​ពេល​ដែល​ចៅក្រម​ជាតិ​៣​រូប​និង​ចៅក្រម​អន្តរជាតិ ​២ រូប​នៃ​អង្គបុរេ​ជំនុំជម្រះ ​ដែល​មាន​តួនាទី​សម្រេច​លើការ​ខ្វែង​គំនិត​គ្នា​នេះ​ មិន​អាច​មាន​សំឡេង​យ៉ាងតិច​ ៤ ​សំឡេង​ក្នុង​ចំណោម ​៥ ​រូប ​ដើម្បី​សម្រេច​នាំ​ខ្លួន​លោក ​មាស មុត ​ទៅកាត់​ទោស​ ឬ​មិន​ត្រូវ​បញ្ជូន​ទៅ​កាត់​ទោស​ពីបទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នានា ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា ​មាន​ការ​ពាក់ព័ន្ធ​ក្នុង​របប​ខ្មែរក្រហម​ដែល​រង​ការ​ស្តីបន្ទោស​ថា​ បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជាង ​១ ​លាន ​៧ សែន​នាក់​ កាលពី​ទសវត្សរ៍​ ១៩៧០ ​នោះ​ទេ ទោះជា អង្គ​បុរេ​កាលពី​សប្តាហ៍​មុន​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា​ ដីកា​ដំណោះស្រាយ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​ខុសច្បាប់ ​ហើយ​បិទ​ផ្លូវ​ត​វ៉ាក្តី។​

លោក ​Daniel McLaughlin​ បុគ្គលិក​មេធាវី​ជាន់ខ្ពស់​នៃ​អង្គការ​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការ​ទទួល​ខុស​ត្រូវ ​(CJA)​ ក្នុង​រដ្ឋ​កាលីហ្វ័ញ៉ា​ ដែល​ជួយ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ជា​ច្រើន​នាក់​ដាក់​ពាក្យ​បណ្តឹង​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​បាន​ថ្លែង​ថា ​ សំណុំ​រឿង​ ០០៣​ នេះ​ នឹង​បញ្ចប់​ស្រដៀង​គ្នា​នឹង​សំណុំ​រឿង​លោក​ អោ អាន ​ឬ ​សំណុំ​រឿង​ ០០៤ ​ដែរ​ ព្រោះ​សហ​ចៅក្រម​ស៊ើប​អង្កេត​មាន​ការ​ខ្វែង​យោបល់​គ្នា ​គ្មាន​ដំណោះស្រាយ​ហើយ​ដម្កល់​សំណុំរឿង​នេះ​ទុក។ ជាលទ្ធផល​ សវនាការ​កាត់ទោស​ជន​ត្រូវ​ចោទ​ ក្នុង​សាលា​ដំបូង​មិន​អាច​ដំណើរ​ការ​តាម​នីតិវិធី​ពេញ​លេញ​បាន​ទេ​ ដោយ​គេ​ដឹង​ថា ​ សាលា​ដំបូង​មិន​ទទួល​ស្គាល់​ភាគី​ម្ខាង​ណា​មួយ​ក្នុង​ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទេ។​

លោក​ Daniel​ និយាយ​ថា៖ «បច្ចុប្បន្ន​នេះ ​គ្មាន​ការ​ចង្អុល​បង្ហាញ​ថា ​សំណុំ​រឿង ​០០៣ ​និង​សំណុំ​រឿង​សេស​សល់ ​០០៤ ​នឹង​បញ្ចប់​ទៅ​តាម​របៀប​ណា​ផ្សេង​ពី​របៀប​ដូច​ដែល​បាន​ធ្វើ​ក្នុង​សំណុំ​រឿង​០០៤ ​វគ្គ ២​ (គឺ​សំណុំ​រឿង​ជន​ត្រូវ​ចោទ​ អោ អាន) ​ហើយ​ដែល​ស្រប​តាម​សេចក្តី​ថ្លែង​ការណ៍​ជាសាធារណៈ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ទាំង​នេះ»។​

លោក​បាន​បង្ហាញ​ពីការ​សោក​ស្តាយ​ចំពោះ​ការ​រក្សាភាព​ស្ងាត់ស្ងៀម​របស់​អ.ស.ប.​ ប្រទេស​ផ្តល់​ជំនួយ​ និង សាលាក្តី​ខ្មែរក្រហម​ ទាក់​ទង​នឹង​អត្ថាធិប្បាយ​របស់​មេដឹកនាំ​រដ្ឋាភិបាល​ ដែល​លោក​ថា​ ​ផ្តល់​ផល​អាក្រក់​ពិត​ប្រាកដ​ចំពោះ​ជនរងគ្រោះ​ដែល​មាន​ជំនឿ​និង​ផ្តល់​ក្តី​សង្ឃឹម​លើ​តុលាការ​ខ្មែរ​ក្រហម​ដែល​ពួកគេ​ទុក​ចិត្ត​ថា​ នឹង​បន្ត​ការងារ​ក្នុង​ឋាន:​ជាស្ថាប័ន​ឯករាជ្យ ​និង​អព្យាក្រិត្យ។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​សំណុំ​រឿង​០០៤​ វគ្គ២ ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​នេះ​ បាន​ទម្លាក់​បទ​ចោទ ហើយ​សាលា​ដំបូង​បាន​សម្រេច​បិទ​បញ្ចប់​សំណុំ​រឿង​ជន​ត្រូវ​ចោទ អោ អាន ​កាលពី​ខែធ្នូ​នាំ​២០១៩ ​ដោយ​សារ​ចៅក្រម​អន្តរជាតិ​បាន​យល់​ស្រប​ទៅ​នឹង​ចៅក្រម​ជាតិ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន។ការណ៍​យល់ស្របរបស់​ចៅក្រមអន្តរជាតិនេះ ត្រូវគេគិតថាទំនងជា​មិន​ទទួល​ការ​សហការ​ពី​ភាគី​កម្ពុជា​ក្នុងការបន្តនីតិវិធី បន្ថែម​ពីលើ​ការ​ខ្វែងគំនិត​គ្នាលើ​ដីកាដំណោះ​ស្រាយ។ ​ក្រៅពីនេះ ​ លោក​ McLaughlin ​ ក៏​ថ្លែង​បន្ថែម​ដែរ​ថា​ ដោយ​សារ​បញ្ហា​កូវីដ១៩​ លោក​មិនទាន់​បាន​ជូន​ដំណឹង​អំពី​ការ​សម្រេច​របស់​អង្គបុរេ​ជំនុំ​ជម្រះ​នេះ ​ប្រាប់​ក្រុម​ជនរង​គ្រោះ​នៅ​សហ​រដ្ឋ​អាមេរិក​ដែល​អង្គការ​លោក​បាន​ជួយ​ផ្នែក​ច្បាប់​នោះ​ទេ។​

លោក​បន្ត​ថា៖ «ជា​ចុង​បញ្ចប់ ​នៅ​ក្នុង​សេចក្តី​សម្រេច​ចុង​ក្រោយ​ថ្មីៗ​បំផុត​សម្រាប់​សំណុំ​រឿង​០០៣​នេះ​ ​ ទាំង​ចៅក្រមជាតិ​និង ចៅ​ក្រម​អន្តរជាតិ​បាន​ទុក​លទ្ធភាព​ចំហ​ថា​ ​ការ​កាត់ទោស​ឧក្រិដ្ឋជន​នានា​ សម្រាប់​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ក្នុង​សម័យ​ខ្មែរក្រហម​ អាច​ធ្វើ​ឡើង​ដោយ​ប្រព័ន្ធ​តុលាការ​ជាតិ។ ​នៅ​ពេល​ដែល​មនុស្ស​ជាច្រើន​យល់ព្រម​ថា​ ស្ថានភាព​កម្ពុជា​បច្ចុបន្បន្ន​នេះ​មិន​សម​នឹង​ធ្វើ​ការ​កាត់​ទោស​ឧក្រិដ្ឋ​បែប​នេះ​នោះខ្ញុំគិត​ថា​ វា​ជា​រឿង​សំខាន់​ត្រូវ​កត់​សម្គាល់​ពី​លទ្ធភាព​នេះ​ ​ដែល​អាច​ជា​គោល​បំណង​ដ៏មាន​សក្តានុពល​ក្នុង​ពេល​អនាគត ​ប្រសិន​បើវា​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ជន​រងគ្រោះ»។​

រូបឯកសារ៖ ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC)

ទោះជា​ចៅក្រម​នៃ​អង្គបុរេ​ទាំង​៥រូប​បាន​សម្រេច​ជាឯកច្ឆ័ន្ទ​ថា​ ដីកា​ដំណោះ​ស្រាយ​របស់​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​ និង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ផ្ទុយគ្នា​ជា​ការ​ខុស​ច្បាប់​ និង​បិទ​ផ្លូវតវ៉ា​ ព្រោះ​ច្បាប់​តម្រូវ​ថា ​ដីកា​ដំណោះ​ស្រាយ​ ឬ​ដីកា​នាំខ្លួន​ទៅកាត់​ទោស​ត្រូវ​តែ​ចេញ​រួមគ្នា​ ​ តែ​ទោះជា​យ៉ាង​ណា​ ​អង្គបុរេ ​ដែល​មាន​ចៅក្រម​កម្ពុជា​៣រូប​ និង​ ចៅក្រម​អន្តរជាតិ​២រូប​ មានការ​ខ្វែង​គំនិត​គ្នា​ ហើយ​តាម​ច្បាប់​ការ​ខ្វែង​គំនិត​គ្នា​មិន​អាច​រារាំង​ដល់​ការ​បញ្ជូន​ដីកា​ដំណោះ​ស្រាយ​ទៅ​កាន់​សាលា​ដំបូង​ដើម្បី​ជំនុំ​ជម្រះ​ទោស​ទេ​ក្នុង​ពេល​ដែល​គ្មាន​សំឡេង​ភាគច្រើន​លើស​លុប​ ឬ​យ៉ាង​តិច​៤​សំឡេង​ក្នុង​ចំណោម​៥​សំឡេង​នោះ។​

ចៅក្រម​ជាតិ​៣រូប​នៃ​អង្គ​បុរេ​សម្រេច​ថា ​ដីកា​ដំណោះ​ស្រាយ​នៃ​សំណុំ​រឿង​០០៣​នេះ​នឹង​ត្រូវ​ដម្កល់​ជា​បណ្ណសារ​ នៅ​សាលា​ក្តី​ខ្មែរក្រហម ​ តែ​ចៅក្រម​អន្តរជាតិ​២រូប​នៃ​អង្គ​បុរេ​មាន​សិទ្ធិ​បញ្ជូន​ដីកា​ដំណោះ​ស្រាយ​រឿង​លោក ​មាស មុត​ទៅ​សាលា​ដំបូង​ ក្នុងពេល​ដែល​តុលាការ​នៅ​មាន​សំណុំ​រឿង​ខៀវ សំផន ​ឬ ​សំណុំ​រឿង​០០២ ​វគ្គ​២​ជា​បណ្តឹង​សារទុក្ខ​របស់​លោក ​ខៀវ​ សំផន ​អតីត​ប្រមុខរដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​ដែល​ត្រូវ​តុលាការ​គ្រោង​នឹង​បើក​សវនាការ​នៅ​ក្នុង​ខែ​ឧសភា​ខាងមុខ ​ហើយ​គ្រោង​នឹង​ប្រកាស​សាលក្រម​ស្ថាពរ​នៅ​ចុង​ឆ្នាំ​ ២០២២​ផង ​និង ​សំណុំ​រឿង​០០៤​ របស់​លោក​ យឹម ទិត្យ​ ដែល​អង្គបុរេ​ជំនុំ​ជម្រះ​អាច​នឹង​សម្រេច​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២១​ នេះ​ ថា​តើ​ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ ​ឬ​ក៏​ទម្លាក់​ចោល។​

លោក ​Peter Maguire ​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៅ​សកល​វិទ្យាល័យ​អាមេរិក​ និងជាអ្នក​និពន្ធ​សៀវភៅ​អំពី​រឿង​ខ្មែរ​ក្រហម ​«Facing Death in Cambodia»​ ឬ ​ហៅ​ថា​«ប្រឈមមុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា» ​បាន​អះអាង​ថា​ ការ​ទម្លាក់​បទចោទ​និង​ដំណើរការ​សំណុំ​រឿង​សេស​សល់​ជានិច្ចកាល​គឺ​ជាការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ ​មិន​មែន​តាម​ផ្លូវ​ច្បាប់​ទេ។​

លោក​ថ្លែង​ថា៖​

«អ.ស.ប.​អាច​សល់លុយ​ច្រើន​ប្រសិន​បើ​អ.ស.ប ​ស្តាប់​ខ្ញុំ។ ​កាលពី​ឆ្នាំ​២០១២ ​ខ្ញុំបាន​ថ្លែង​ប្រាប់ ​VOA ​ថា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា​សំណុំ​រឿង​០០២​របស់​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​គឺ​ជា​សំណុំ​រឿង​ចុង​ក្រោយ​សម្រាប់​តុលាការ​កាត់​ទោស»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា ​ អ.ស.ប. ​គួរត្រូវ​ចាកចេញ​ពី​កម្ពុជា​តាំងពី​ពេល​ដែល​ចៅក្រម​កម្ពុជា​មិន​ចូលរួម​ស៊ើប​អង្កេត​សំណុំ​រឿង​បន្ថែម​ម៉្លេះ។ ​សំណុំ​រឿង​បន្ថែម​ដែល​រដ្ឋាភិបាល​កម្ពុជា​ជំទាស់​ទាំងនោះ​ រួមទាំង​សំណុំ​រឿង​របស់​លោក​ មាស មុត​ផង​ដែរ ។ ​អ.ស.ប ​និង​ក្រុម​សិទ្ធិ​មនុស្ស​មិន​គួរ​ប្រឹងប្រែង​តតាំង​នោះ​ទេ។​

«នៅ​ពេល​ក្រុម​ចៅក្រម​កម្ពុជា​បដិសេធ​មិន​ស៊ើប​អង្កេត​សំណុំ​រឿង​ថ្មី​បន្ថែម​ទាំង​នេះ ​ ហើយ​ដីកា​ចាប់​ខ្លួន​មាន​ការ​អនុវត្ត​កាន់​តែតិច​ទៅ​នោះអ.ស.ប​ គួរ​បញ្ចប់​សំណុំ​រឿង​ដែល​កំពុង​មាន ​ហើយ​ប្រកាស​កាល​បរិច្ឆេទ​ចាក​ចេញ»។​

មេដឹកនាំ​និង​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ថា មិន​ចង់​ឃើញ​ដំណើរការ​ស៊ើប​អង្កេត​បន្ថែម​លើ​សំណុំ​រឿង​ណាក្រៅ​ពី​មេដឹក​នាំជាន់​ខ្ពស់​ក្នុង​សំណុំ​រឿង​ ០០១ ​សំណុំរឿង​ ​០០២ ​ដែល​មាន​កាំង ហ្កេចអ៊ាវ​ ហៅ ​ឌុច​ ​ប្រធាន​គុកទួល​ស្លែង ​ស ២១​ និង​ មេដឹក​នាំជាន់​ខ្ពស់​នួន ជា ​និង ខៀវ សំផន​តែ​ប៉ុណ្ណោះ ។ ​

​ក្រុមមេដឹកនាំកម្ពុជា​ថា សុខចិត្ត​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​រលាយ ​តែមិន​ចង់​ឃើញ​ដំណើរការ​ស៊ើប​អង្កេត​និង​កាត់​ទោស​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​ ០០៣ ​និង​ ០០៤​ ដែល​ជា​អតីត​កម្មាភិបាល​ថ្នាក់​កណ្តាល​ចំនួន ​៥ ​នាក់​ទៀត​នោះ​ទេ ​ដោយលោក​លើក​ហេតុផល​ថា​ កម្ពុជា​ត្រូវការ​សុខសន្តិភាព ​និង​ការ​បង្រួប​បង្រួមជាតិ​ និង​ការ​រក្សា​ការ​សន្យា​ពីការ​មិន​យក​ទោស​ពៃរ៍​ ក្រោយ​ពេល​កងទ័ព​ខ្មែរក្រហម​បាន​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ជាបន្ត​បន្ទាប់ ​តាំងពី​ខែ​សីហា​ឆ្នាំ​ ១៩៩៦ ​ដល់​ឆ្នាំ ​១៩៩៩ ដើម្បីបញ្ចប់​សង្គ្រាម។

រូបឯកសារ៖ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២ កាល​ពី​ថ្ងៃ​អង្គារ ទី០​៨ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (រូបថត​ដោយ ECCC/Nhet Sok Heng)

រូបឯកសារ៖ នួន ជា ដៃស្ដាំរបស់ប៉ុល​ ពត មេដឹកនាំរបបខ្មែរក្រហម បង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅសាលាក្តីខ្មែរក្រហម នៅជាយក្រុងភ្នំពេញ ថ្ងៃទី៤ កុម្ភៈ ២០០៨។​ (REUTERS/Chor Sokunthea)

សាលាក្តី​ខ្មែរ​ក្រហម​បាន​បង្ហាញ​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​និង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ​ ចៅក្រមជាតិ​ និង​ចៅក្រម​អន្តរជាតិ​នៅ​ក្នុង​អង្គបុរេ​ជំនុំជម្រះ ​ហើយនឹង​សហ​ព្រះរាជ​អាជ្ញាជាតិ​និង​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​ ចៅក្រម​សាលា​ដំបូង​ជាតិ​ និង​អន្តរជាតិ​សឹងតែ​គ្រប់​ករណី​ទៅ​តាម​ច្បាប់​និង​កិច្ច​ព្រមព្រៀង​ដែល​បាន​ចែង​ដែល​ក្នុង​នោះ​មាន​សំណុំ​រឿង​លោក ​មាស មុត ​ផង​ដែរ។ ​

ភាគី​ជាតិ​យល់​ថា​ ​លោក​មាស មុត ​មិនមែន​ជាជន​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ និង ​ជា​មេដឹកនាំ​ខ្ពស់​បំផុត​ដែល​ស្ថិត​នៅ​ក្នុង​ដែន​យុត្តាធិការ​សាលាក្តី​ទេ​ ដូច្នេះ ​ភាគី​ជាតិ​សម្រេច​ជំទាស់​នឹង​ដីកា​ដំណោះស្រាយ ​ដែល​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បញ្ជូន​ទៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។ ​

តែ​ភាគី​អន្តរជាតិ​វិញ​យល់​ថា ​លោក​មាស មុត​ជាជន​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ម្នាក់ ​ដែលត្រូវ​ចោទ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ហើយ​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​ចំនួន​ទៀត​ទោះជា​ចៅក្រម​ទាំងអស់​នៃ​អង្គ​បុរជំនុំ​ជម្រះ​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ថា​ ការ​ចេញ​ដីកា​ដំណោះ​ស្រាយ​ពីរ​ ដែល​ផ្ទុយ​គ្នា​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ គឺ​ជា​ការ​ខុសច្បាប់ ​ដោយ​រំលោភ​ទៅលើ​ក្រប​ខណ្ឌ​គតិយុត្ត​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ហើយ​បើ​អនុលោមតាម​វិធាន​៧៧​(១៣)​នៃវិធាន​ផ្ទៃក្នុង ​សេចក្តី​សម្រេច​នេះ​បិទ​ផ្លូវ​តវ៉ា។​

លោក ​នេត្រ​ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម ​បាន​អះអាង​ថា ​លោក​មិន​មាន​អត្ថាធិប្បាយ​បន្ថែម​នោះ​ទេ​ចំពោះ​រឿង​នេះ។​

«បាទ​ខ្ញុំសុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែមទៅ​លើ​អ្វី​ដែល​ជាសេចក្តី​សម្រេច​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​ទៅលើ​សំណុំ​រឿង​០០៣​របស់​លោក​ មាស មុត​ទេ ​ហើយ​ក៏​មិន​មាន​អ្វី​បន្ថែម​ទៅលើ​សេចក្តី​ថ្លែង​ការណ៍​របស់​សហ​ព្រះរាជ​អាជ្ញាជាតិ​និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​គោល​ជំហរ​របស់ពួក​គាត់​លើ​សំណុំ​រឿង​០០៣​ដែរ។ ​សូមពិនិត្យ​មើល​បន្ថែម​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គាត់»។​

លោក​ មាស មុត ​ធ្លាប់​អះអាង​នៅ​ពេល​ VOA ​ធ្វើ​បទ​សម្ភាសន៍​ជាច្រើន​លើក​កាលពី​ឆ្នាំ​ថ្មីៗ​នេះ​ថា លោក​គ្មាន​តួនាទី​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ដូចការ​ចោទ​ប្រកាន់​ដោយ​ចៅក្រម ​និង​ព្រះរាជ​អាជ្ញា​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​នោះ​ទេ ​ ព្រោះ​លោក​ជា​ទាហាន​ដែល​មាន​ភារកិច្ច​ត្រឹម​ការពារ​ទឹកដី​ និង​ប្រជាជន​ក្នុង​ពេល​សង្គ្រាម។ ​ លោក​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូស័ព្ទ​បន្ថែម​នៅចុង​សប្តាហ៍​មុន​ថា​ ​លោក​មិនទាន់​បាន​ទទួល​ដំណឹង​អំពីការ​សម្រេច​ចុង​ក្រោយ​របស់​អង្គ​បុរេ​ដែល​បិទ​ផ្លូវ​តវ៉ា​លើ​ដីកា​ដំណោះ​ស្រាយ​ ​មិន​ឲ្យ​បញ្ជូន​សំណុំរឿង​លោក​ទៅ​ជំនុំ​ជម្រះ​ទោស​នោះ​ទេ។ ​

តែ​បន្ថែម​ពីលើ​ចៅក្រម​អន្តរជាតិ​ ព្រះរាជ​អាជ្ញា​អន្តរជាតិ​បាន​ចាត់​ទុក​ថា ​ សេចក្តី​ពិចារណា​លើ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ដំណោះ​ស្រាយ​របស់​អង្គ​បុរេ​ជំនុំ​ជម្រះ​នេះ​មិន​បាន​ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹងលោក​មាស មុត​នោះ​ឡើយ​ ហើយ​អង្គបុរេ​ក៏មិន​បាន​សម្រេច​ឲ្យ​បញ្ឈប់​រឿង​ក្តី​នេះ ​មិន​ឲ្យ​បន្ត​ទៅ​ជំនុំ​ជម្រះ​ដែរ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​សប្តាហ៍​មុន​ ​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​បញ្ជាក់​ថា​ ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ត្រូវ​ទទួល​យក​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​មក​ពិនិត្យ​ ហើយ​សំណុំ​រឿង​០០៣​ ត្រូវតែ​បន្តទៅ​ជំនុំ​ជម្រះ។​

«ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​តាម​ព្រឹត្តន័យ​ជា​ឯកច្ឆ័ន្ទ​របស់​អង្គបុរេ​ជំនុំ​ជម្រះ​ ដែល​ថា ដីកា​បញ្ជូន​រឿងទៅ​ជំនុំ​ជម្រះ​មាន​សុពលភាព ​សហ​ព្រះរាជ​អាជ្ញា​នឹង​ស្នើសុំ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ ដែល​ទទួល​បាន​ការជូន​ដំណឹង​អំពី​សេចក្តី​ពិចារណា​នេះ ​បំពេញ​កិច្ច​អនុលោម​តាម​វិធាន​ផ្ទៃក្នុង​ និង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដើម្បី​ចាប់​ផ្តើម​ការ​ជំនុំ​ជម្រះ​មាស មុត​ ដោយ​កត់​សម្គាល់​ផងដែរ​ថា​ វិធាន​ផ្ទៃក្នុង​អនុញ្ញាត​ឲ្យ​ចៅក្រម​ម្នាក់​បំពេញ​កិច្ចការ​ស្របច្បាប់​តែម្នាក់​ឯង​ដើម្បី​បញ្ជូន​សំណុំ​រឿងនេះ​ និង​ប្តឹង​ទៅ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ឲ្យ​ទទួល​យក​រឿង​ក្តី​មក​ពិនិត្យ»។​

សេចក្តី​ថ្លែង​ការណ៍​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ផ្ទុយ​ពី​សហ​ព្រះរាជ​អាជ្ញាជាតិ ​ដែល​ចង់​ឃើញ​សំណុំ​រឿង​លោក ​មាស មុត​ត្រូវ​ដម្កល់​ជា​បណ្ណសារ​ ដូច​ក្រុម​ចៅក្រម​កម្ពុជា​ដទៃ​ទៀត​ផង​ដែរ ​ដែល​ថា​លោក​ មាស មុត​ មិន​មែន​ជន​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ​និង​មិនមែន​ជា​មេដឹកនាំ​កំពូល​ដែល​ត្រូវ​នាំខ្លួន​ទៅ​ជំនុំ​ជម្រះ​ទោស​ទេ។​

លោក​បណ្ឌិត​អៀ សុផល ​សាស្ត្រាចារ្យ​នៅ​មហា​វិទ្យាល័យ ​Occidental ​សហ​រដ្ឋ​អាមេរិក ​ផ្នែក​ការ​ទូត​និង​កិច្ចការ​សកល​ និង​ជា​ជន​រងគ្រោះ​ម្នាក់​នៃ​សម័យ​ខ្មែរក្រហម​ផង​នោះ ​បាន​បង្ហាញ​ពីឥទ្ធិពល​នយោបាយ​លើ​សាលាក្តី​ខ្មែរ​ក្រហម​ដែរ។​

«ចៅក្រម​កម្ពុជា​នៃ​សាលាក្តី​ខ្មែរក្រហមធ្វើទៅ​តាម​អ្វីដែល​គេប្រាប់ ​តែជន​រងគ្រោះ​មិន​ត្រូវ​ទទួល​យក​ មិន​ត្រូវ​អភ័យ​ទោស​ មិន​ត្រូវ​បំភ្លេច​ទេ។ ​សាលាក្តី​នេះ​នឹង​មិន​ផ្តល់​យុត្តិធម៌​នៅ​ក្នុង​ឆាកជីវិត​នេះ​ តែ​យុត្តិធម៌​សម្រាប់​កម្មពៀរ​នឹង​មាន​ជានិច្ច​នៅ​ទីនោះ»។​

លោក ​សុផល ​បាន​អះអាង​ថា ​សាលាក្តី​នេះ​នឹង​ប៉ះ​ទង្គិច​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ក្នុងការ​ធ្វើ​នីតិវិធី​លើ​សំណុំ​រឿង​ជនជាប់​ចោទ​នៅ​សេសសល់​ចុង​ក្រោយ។​

«ជាការណ៍​ពិត​ តុលាការ​មិន​ទាំង​បាន​ដំណើរការ​កាត់​ទោស​មេ​បញ្ជាការ​ទាហាន​ជើងទឹក​ខ្មែរក្រហម​ផង។​ ហើយ​នៅ​ពេល​ដែល​ក្រុម​ឃាតករ​ជាច្រើន​រួចពី​ការ​កាត់ទោស ​នោះ ​វា​ជារឿង​អាក្រក់​ចំពោះ​បទដ្ឋាន​យុត្តិធម៌​អន្តរជាតិ​និង​ការ​ទទួលខុស​ត្រូវ»។​

លោក ​ឆាំង យុ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​កត់​សម្គាល់​ឃើញ​ថា ​ក្រោយពី​ការ​ដាក់​ទោស​ទណ្ឌ​ដល់​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូលៗ​ខ្លះ​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ផង​នោះ ​ ​ប្រជា​ពលរដ្ឋ​បាន​រសាយ​ចិត្ត​ហើយ​កំណត់​យុត្តិធម៌​ដែល​តុលាការ​រក​បាន​នេះ​រួច​ទៅ​ហើយ ​ ​តែ​លោក​ថា​ អ្វី​ដែល​នៅ​សេស​សល់​តើ​តុលាការ​ត្រូវ​បញ្ចប់​ដំណើរ​ការ​តុលាការ​យ៉ាង​ដូច​ម្តេច។​

«ហើយ​ខ្ញុំ​គិត​ថា តុលាការ​បាន​ប្រឹងប្រែង​អស់​លទ្ធភាព ​ ​មាន​គុណ​សម្បត្តិ​ច្រើន​ក្នុង​ការ​ធ្វើការ​ដំណើរការ​ដ៏​លំបាក​នេះ ​ដែល​បាន​ប្រឹងប្រែង​អស់​ពី​លទ្ធភាព ​ ជួប​ប្រទះ​ព្យុះភ្លៀង ​ផ្គរ ​ការ​ទិតៀន ​ការសាទរ​ហ្នឹង​ក៏ច្រើន​ដែរ។ ​ខ្ញុំ​គិត​ថា​ យើង​បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព ។ ​ហើយអ្វី​ដែល​សំខាន់​ហ្នឹង​ ចេតនា​របស់​តុលាការ​ហ្នឹង​វា​ក៏​ជា​មេរៀន​សម្រាប់​យើង ​ជាពិសេស​អ្នក​ដែល​រស់រាន​មាន​ជីវិត​ដល់​ទៅ​ជាង​៥​លាន​នាក់ ​និង​កូនចៅ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​នេះ ​ថា​ តើ​យើង​បន្ត​ស្វែង​រក​យុត្តិធម៌​ដ៏​លំបាក​នេះ​តាម​វិធីណា​ទៀត»។​

លោក​ឆាំង យុ ​បាន​អះអាង​ថា​ ​ពលរដ្ឋ​កម្ពុជា ​បាន​ឃើញ​ការ​បង្រៀន​ប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​កម្មវិធី​សិក្សា​ ​ បាន​ធ្វើ​ចេតិយ​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នកស្លាប់ ​និង​កម្មវិធី​ផ្សេងៗ​ទៀត​ហើយ​ដែល​ផ្នែក​នេះ​លោក​ចាត់​ទុក​ថា ​តុលាការ​បាន​ធ្វើ​កិច្ចការ​សមហេតុ​ផល​ហើយ​ដែរ៕