ទស្សន:​ខ្មែរ​-អាមេរិកាំង​ចំពោះ​ការ​មិនដាក់​ទោស​លោក​ ដូណាល់ ត្រាំ

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ទៅ​ចូលរួម​ការ​ជួបជុំ​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ក្រុង Swanton រដ្ឋ Ohio ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ខ្លះ​នៅតាម​បណ្តា​រដ្ឋ​មួយចំនួន​បាន​បង្ហាញ​ការ​រីករាយ​ និង ​ខកចិត្តលាយ​ឡំគ្នា​នៅ​ក្រោយ​ពេល​ដែល​ព្រឹទ្ធសភា​ខកខាន​មិនបាន​ដាក់ទោស​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump ​ពីបទ​ញុះញង់​ឲ្យមាន​អំពើហិង្សា ​នៅវិមាន​រដ្ឋសភា។

លោក ​ពៅ គង់ ​មកពី​ក្រុង ​មីនីអាប៉ូលិស​ រដ្ឋមីនីសូតា ​បានថ្លែង​ថា ​សវនាការ​ជំនុំជម្រះ​ក្តី​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump ​នៅព្រឹទ្ធសភា​ ជារឿង​គ្មានន័យ​ មិនស្របច្បាប់ ​និងគ្មាន​យុត្តាធិការ។

«ត្រូវហើយ​លោក​ ត្រាំ ​គាត់ជា​ពលរដ្ឋ​ឯកជន​ធម្មតា ​ហើយ ​impeachment​ ឬការ​បើក​សវនាការ​ជំនុំជម្រះ​ក្តី​នេះ​ បើតាម​ការ​យល់ដឹង​របស់ខ្ញុំ​ គឺអនុវត្ត​បាន​តែ​ប្រធានាធិបតី ​ក្នុង​មុខ​តំណែងប៉ុណ្ណោះ»។

លោក​បាន​បញ្ជាក់​ថា ​គេមិន​គួរធ្វើ​កិច្ចការ​រំលោភ​លើច្បាប់​ដោយសារ​តែខឹង​លោកត្រាំ​នោះទេ។

ខ្មែរ-អាមេរិកាំង​ម្នាក់​ទៀត​គឺលោក​ វាសនា ខឹម​ មកពីរដ្ឋ ​តិចសាស់ ​បានបង្ហាញ​ការ​យល់​ឃើញរបស់​លោក​ដែរ​ចំពោះ​សវនាការ​ជំនុំជម្រះ​ក្តី​លោក ត្រាំ ​ក្រោយពេល​លោកបាន​អស់​អាណត្តិ​ជាប្រធានាធិបតី ​ទៅហើយ​នោះ។ លោក​បាន​ថ្លែងថា៖

«សវនាការ​ជំនុំជម្រះក្តី​ Impeachment ​គឺជារឿង​មិនស្រប​ច្បាប់​រដ្ឋធម្មនុញ្ញ។ វា​គ្មាន​សាក្សី​ភ័ស្តុតាង​ ច្បាប់​គត្តិយុត្តិ​ចំពោះ​ការ​ញុះញង់​របស់​គាត់ ​ឲ្យមាន​អំពើ​ហិង្សា​នៅវិមាន​រដ្ឋសភា​នោះទេ»។

លោកស្រី​ ទិត​ គឹមហ៊ុន​ មក​ពីតំបន់​ High Point ​រដ្ឋ North Carolina ​បានថ្លែង​ថា ​នៅ​សហរដ្ឋអាមរិក​ច្បាប់​មិនមែន​សម្រាប់​គណបក្ស​ណាមួយ​ទេ ​គឺប្រទេស​ទាំងមូល​តែម្តង ​ហើយ​មានភាពច្បាស់លាស់​ទោះជា​ប្រធានាធិបតី​គឺត្រូវតែ​ស្ថិតនៅ​ក្រោម​ច្បាប់។

«និយាយ​រួមទោះ​យើងជា ​President ​ប្រធានាធិបតី​ក៏ដោយ ​ក៏យើង​គ្មាន​សិទ្ធិ​ទៅបញ្ជា​អ្នកខាងច្បាប់ ​អ្នក​ខាងសភា ​ព្រឹទ្ធសភា​អី​ទាំងអស់​ហ្នឹង​ឲ្យធ្វើអ្វី ​ដែលយើង​ចង់ធ្វើ​ដែរ។ អីចឹង​សរុប​សេចក្តីទៅ​នៅក្នុង​ការ​ដែល​គេ​រក​ភស្តុតាង​មិនឃើញ​ថាគាត់​បានធ្វើ​កំហុស​ខុសឆ្គង​អ្វីហ្នឹង​គឺវា​មាន​ការជាក់លាក់​ដោយ​យើង​ឃើញថា​ច្បាប់​នៅក្នុង​សហរដ្ឋ​អាមរិក​នេះ​គឺយើង​ឃើញថា​មានការ​ត្រួត​ពិនិត្យ​សងខាង​ទាំងអស់​មានទាំង​គណបក្ស​ប្រជាធិបតេយ្យ ​Democrat Party​និង ​គណបក្សសាធារណរដ្ឋ ​Republican party»។

សវនាការ​ជំនុំជម្រះ​ក្តី​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump ​ពីបទ​ញុះញង់ឲ្យមាន​អំពើហិង្សា​ដែល​ធ្វើឲ្យ​មនុស្ស​ស្លាប់​៥នាក់​ដែល​ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​ម្នាក់ និងធ្វើឲ្យ​មន្ត្រីប៉ូលិស​យ៉ាង​តិច​១៣៨​នាក់​រងរបួស​នោះ ​បាន​បញ្ចប់នៅ​រសៀល​ថ្ងៃ​សៅរ៍ទី១៣​ខែកុម្ភះ​ បន្ទាប់​ពីសមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចំនួន ​១០០ នាក់ ​បាន​បោះឆ្នោត​ក្នុង​សំឡេង​ ៥៧ ទល់​នឹង ៤៣។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​ឲ្យ​អតីត​ប្រធានាធិបតី លោក Donald Trump រួចទោស។

រូបឯកសារ៖ ក្រុមបាតុករបង្កហិង្សាដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានសម្រុកចូលក្នុងវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១។

សមាជិក​ព្រឹទ្ធសភា​មកពី​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន​ ៧ នាក់ ​បាន​ចូលរួម​ជាមួយ​សមាជិក​ព្រឹទ្ធសភា​មកពី​ខាង​គណបក្សប្រជាធិបតេយ្យ​ចំនួន ​៥០​ នាក់​ ក្នុង​ការរកឃើញថា​លោក Trump មាន​ទោស។ ដើម្បីរកឃើញថា​លោក Trump មាន​ទោស​ដូច​ការ​ចោទប្រកាន់ ​ព្រឹទ្ធសភា​ត្រូវការ​សំឡេង​ឆ្នោត​យ៉ាងតិច​ ៦៧ សំឡេង​ ឬ ​២ ភាគ ៣។

លោក ​បួរវ៉ាត់ សិទ្ធិ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ​វ៉ាស៊ីនតោន ​បានថ្លែង​ថា​សវនាការ​លោក ត្រាំនៅ​ព្រឹទ្ធសភា​ជារឿង​ខ្សោយ​ខាងផ្លូវ​ច្បាប់។

«វាមិន​ដែលមាន​អ្នកណាគេ​ impeach ​បើក​សវនាការ​ជំនុំជម្រះក្តី ​Civilian​ (ជនស៊ីវិល) ​ជាមនុស្ស​សាមញ្ញជនទេ ​គាត់អស់​តំណែង​ពីប្រធានាធិបតី​ រួចទៅ​ហើយ ​ទៅ ​impeach ​គាត់​ទៀត វាមិនដែល​ឃើញ​ក្នុង​ប្រវត្តិសាស្ត្រ»។

លោកថា​លោក​ រីករាយ​នៅពេល​បាន​ទទួល​ដំណឹងថា​លោកត្រាំ ​ដែលលោក​ចាត់ទុក​ថាជា​អ្នកកែទម្រង់​គណបក្ស​សាធារណរដ្ឋ ​និង ​ប្រព័ន្ធ​ដឹកនាំ​សហរដ្ឋអាមេរិក​ដែលពុករលួយ​ជា​ប្រព័ន្ធ​និងគ្មានការ​កែប្រែ​ជាយូរ​មកហើយ​នោះ ​បានរួច​ខ្លួន​ពីការ​ចោទ​ប្រកាន់​ទោស។

តែសម្រាប់​អ្នកស្រី​ សុបិន ពិន ​មកពី​ក្រុង​ឡូវែល ​រដ្ឋ ម៉ាស្សាជូសិត​ និងជា​ស្ថាបនិក​បណ្តាញព័ត៌មាន ​Khmer Post U.S.A​បាន​ថ្លែងថា ​ជារឿង​គួរឲ្យ​សោកស្តាយ​ និង​ខកចិត្ត​ដែល​លោកត្រាំ បាន​រួចខ្លួន​ពីការ​ដាក់ទោស​ ដោយសារ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ​តែ​គណបក្ស​សាធារណរដ្ឋ​មិនមាន​ឯករាជ្យភាព​ពីលោក ត្រាំ​ ដើម្បី​ផល​ប្រយោជន៍ជាតិ​ជាធំ ​និង ​លទ្ធិប្រជាធិបតេយ្យ​នោះទេ​តែគិតតែ​គណបក្ស​ជាធំ​វិញ។

«ហើយការ​សោកស្តាយ​ខ្លាំងមួយ​ទៀតគឺ​ថាយើង​គួរឲ្យ​ស្តាយ​គឺថាជិតពាក់​កណ្តាល​សហរដ្ឋអាមរិក​នៅតែ​ជឿ​លោក​ ត្រាំ ​ហ្នឹងហើយ​ដែល​ថា​ជាគ្រោះ​ថ្នាក់មួយ​ដែរ យើង​មើល​ទៅថ្ងៃមុខ​ នៅពេល​បោះឆ្នោត​បួនឆ្នាំ​ទៀត»។

អ្នកស្រី​ថ្លែងដូច្នេះ ​ដោយ​យោងថា ​លោក​ ត្រាំ​ទំនង​ជាអាច​នឹងវិល​មកចូល​ក្នុង​នយោបាយ​វិញ។ ​អ្នកស្រី ​បាន​អះអាងថា ​ទោះជា​មិនបាន​ដាក់​ទោស​លោក ត្រាំ​ពេលនេះ​ក្តី ​តែលោក​ ត្រាំនៅមាន​រឿងច្រើន​ទៀត​ដែល​រងការ​ស៊ើបអង្កេត ​ហើយសភា​ឬ ​Congress ​បានបង្ហាញ​ពីភាពខ្លាំងឬ ​Strong ​និងបង្ហាញ ​ឬ Demonstrate ​ពីអំណាច​សភាដែរ​ហើយ​ចំពោះការ​ទទួល​ខុស​ត្រូវចំពោះមុខ​ច្បាប់ទោះ​ជា​ប្រធានាធិបតី​ក្តី។

«ខ្ញុំយល់ថា​ Congress​(សភា)​នៅតែ​ strong (ខ្លាំង)​ហើយ ​Congress ​ក៏បាន ​Demonstrate (បង្ហាញ)​រួចហើយ​ថា ​នេះជា​ប្រទេស​មួយ​ដែល​មិនមែន ​Congress​ ធ្វើការឲ្យ​ប្រធានាធិបតីទេ»។

អ្នកស្រី​ សុបិន ពិន ​រស់នៅ​ក្នុង​ក្រុង​ឡូវែល ​រដ្ឋ​ម៉ាស្សាជូសិត​ និង​ជា​ស្ថាបនិក​បណ្តាញ​ព័ត៌មាន ​Khmer Post U.S.A។ (រូបថត​ផ្ដល់​ឲ្យ)

​ទោះជា​មានការ​រិះគន់​ជាច្រើន​ពីមរតក​លោកត្រាំ​និងការ​រិះគន់​សហរដ្ឋ​អាមេរិកថា​បាន​បង្ហាញ​សារមិនល្អ​លើ​សកលលោក​ក្នុងករណី​លោក ត្រាំ​ក្តី ​តែក្រុម​ពលរដ្ឋ​អាមេរិកាំង ​មួយចំនួន ​រូមទាំងលោក ​វាសនា ខឹម​ ក៏នៅតែ​បង្ហាញថា​មរតក​របស់ត្រាំ​ជាច្រើន​ដូចជា​លោក ​បានស្តារ​សេដ្ឋកិច្ច អាមេរិក ​ធ្វើឲ្យ​ពាណិជ្ជកម្ម​ជាចិន ​អាមេរិក​មានយុត្តិធម៌​ កាត់បន្ថយ​ឳនភាព​ថវិកា​សហរដ្ឋ​អាមេរិកច្រើន ​សើរើ​ឲ្យគណបក្ស​សាធារណរដ្ឋ​ងើបដំណើរការ​ទៅមុខ​ឡើងវិញ ​ហើយហ៊ាន​ចេញមុខ​សើរើគោល​នយោបាយ​សហរដ្ឋ​អាមេរិក​ដែលគ្មាន​ប្រធានាធិបតី​ណាហ៊ាន​ធ្វើដូច​លោកត្រាំ។

បន្ថែមពីលើ​នេះទៀត ​លោក ស្រី​ ទិត គឹមហ៊ុន ​ដែល​ទទូច​ដល់​ពលរដ្ឋខ្មែរ​ចូលរួម​ក្នុង​នយោបាយអាមេរិក ​ទាក់ទង​សភា​និងព្រឹទ្ធសភា​នៅតាមរដ្ឋ​ដើម្បីការ​ធ្វើច្បាប់​និងជួយ​ប្រទេសកម្ពុជា​ជាប្រទេស​កំណើតនោះ ​បាន​ទទួល​ស្គាល់​ពីស្នាដៃ​របស់​លោក​ ត្រាំ ​ជាច្រើន ​ដូចជា​ការដាក់​ទណ្ឌកម្ម​បុគ្គល​ដល់​បុគ្គល​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ​នៅ​ប្រទេស​អាស៊ី និង​នៅប្រទេស​ផ្សេងៗ​ក្នុងពិភពលោក។ អ្នកស្រី​អះអាង​ថា​លោកត្រាំ​នៅតែ​មានឥទ្ធិពល​នយោបាយ​ ដែលអាច​ចូលរួម​ប្រកួតការ​បោះឆ្នោត​ឡើងវិញ ​ហើយអាច​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ជាថ្មី។

«ប៉ុន្តែ​ខ្ញុំនៅតែ​ឃើញថា​គាត់​ក៏នៅតែ​មានឥទ្ធិពល​ដែរ ​គាត់មាន​អ្នកគាំទ្រ​គាត់ដូច​តំណាង​សភា ព្រឹទ្ធសភា ​បើយើង​ក្រឡេក​មើល​រដ្ឋ​ផ្សេងៗ​ទៀត ​ដូចជា​រដ្ឋ​ដែល​ខ្ញុំ​រស់​នៅតែ​ម្តង ​គឺរដ្ឋ ​North Carolina ​គឺពេញ​ការគាំទ្រ​គាត់​តែម្តង។ អីចឹង​ខ្ញុំគិត​ថាការ​ដែលគាត់​វិលត្រឡប់​មកវិញ​ ក៏នឹង​អាចបាន​ជាប់ទៅ​ជាប្រធានាធិបតី​ទៀត​នៅក្នុង​ដំណាក់​កាល​ណាមួយដែរ ​ដោយសារ​គាត់​អាចនាំមក​នូវ​កេរ្តិ៍ឈ្មោះ​គាត់វិញ​បាន​ដោយសារ​គាត់បាន​ធ្វើគុណ​សម្បត្តិ​ច្រើន​ដែរ​នៅក្នុង​សហរដ្ឋ​អាមេរិក​នោះ»។

អ្នកស្រី​ ផល្លីន នូ ​មកពីទីក្រុង​ ម៉ូដេស្តូ ​រដ្ឋ California​ បានបក​ស្រាយ​និងការ​យល់ឃើញ​របស់​អ្នកស្រី​តាំងពី​ការ​អះអាង​របស់​លោក ​ត្រាំ​ឈ្នះឆ្នោត ​ទោះជា​គេ​យល់​ថា​ចាញ់​ក្តី ​ហើយនិង​ការ​អះអាង របស់​អ្នកស្រី​រឿង​ប្រកាន់​រដ្ឋធម្មនុញ្ញ​ជាធំ​ ទោះជា​បញ្ហា​បច្ចេកទេស ​មិនអាច​ដាក់ទោស​លោកត្រាំ​បាន​ពេល​លោកក្លាយជា​ជនសាមញ្ញ។

«ម្ល៉ោះហើយ​ចំពោះខ្ញុំ​ជាជន​សាមញ្ញ​ធម្មតា​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ខ្ញុំក៏មើល​រដ្ឋធម្មនុញ្ញ​ហ្នឹង កាល​ដែល​លោក ​ត្រាំ​ថា​គាត់​ជា​អ្នកឈ្នះ​ មិនមែន​ជាលោក​ ចូ បៃដិន​ទេ ​ខ្ញុំក៏​មាន​ជំនឿ​ទៅលើ​រដ្ឋធម្មនុញ្ញ។ ​ខ្ញុំថា​រដ្ឋធម្មនុញ្ញ​ហ្នឹង​គឺរស់​រវើក​ទោះបី​មាន​ជីវិត​ហ្នឹង​ជាង​២០០ឆ្នាំ​ហើយ​ក៏ដោយ​ ខ្ញុំជឿថា​ទីបំផុត​គឺលោក​ ចូ បៃដិន​ត្រូវតែ​ធ្វើជា​ប្រធានាធិបតី ​ពីព្រោះ​ហេតុអី ​គឺមក​ពីរដ្ឋធម្មនុញ្ញ​គឺថារដ្ឋធម្មនុញ្ញ​ហ្នឹង​រស់រវើក ​មិនអាច​អនុញាត​ឲ្យលោក​ប្រធានាធិបតី ​ត្រាំ​ធ្វើតាម​ចិត្តបាន​ទេ។ ហើយជាមួយគ្នា​ហ្នឹង​រដ្ឋធម្មនុញ្ញ​រស់រវើក​ម្តងទៀត​ពេលណា?​ គឺនៅពេល​គេចង់​ដាក់ទោស​ឲ្យត្រាំហ្នឹង​ ខ្ញុំថាមុខ​តែមាន​បញ្ហា​បច្ចេកទេស​អីមួយ​នឹងឲ្យ​ត្រាំរួច​ខ្លួន​ ទីបំផុត​គឺមែន»។

អ្នកស្រី​ ផល្លីន នូ ​រស់នៅ​ក្នុង​ទីក្រុង​ ម៉ូដេស្តូ ​រដ្ឋ California​ សហរដ្ឋ​អាមេរិក។ (រូបថត​ផ្ដល់​ឲ្យ)

លោកស្រីបានពន្យល់​បន្ថែមថា​លោក​ ត្រាំទោះ​ជាមិន​ជាប់​ទោស ដោយសារ​បញ្ហា​បច្ចេកទេស ជាជនសាមញ្ញ ​មិនមាន​សំឡេង​គ្រប់គ្រាន់​មែន​ តែបើ​មើលតាម​សំឡេង​គណបក្ស​ប្រជាធិបតេយ្យ ​គឺចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង៥០ ​រូប​បោះឆ្នោត​ដាក់ទោស​លោក ត្រាំ​ទាំងអស់​ រួមទាំង​៧រូបមក​ពីគណបក្ស​សាធារណរដ្ឋ​របស់​លោក​ត្រាំផងដែរ​ ទោះ​ក្នុងគ្រា​ដែលខ្វះ​សំឡេង​ឆ្នោត​២ភាគ៣​ ឬ ៦៧ ​សំឡេង​ក្នុងការ​ដាក់ទោស​ទណ្ឌ​លោក ​ត្រាំក្តី។

លោក​ ត្រាំ ​បាន​ជាប់ឆ្នោត​ជាប្រធានាធិបតី​ទី៤៥ ​កាលពី​ឆ្នាំ២០១៦ ​កាន់អំណាច​បាន​តែមួយអាណត្តិ​តែប៉ុណ្ណោះ ​ដោយសារ​លោក ​បានចាញ់​លោក​ ចូ បៃដិន ​(Joe Biden) ​មកពី​គណបក្សប្រជាធិបតេយ្យ​ក្រោយការ​បោះឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០២០​។

លោក ​Trump ​បាន​ប្រកាស​ថាឈ្នះឆ្នោត​ផង​និង​ចោទ​ប្រកាន់​ថាមាន​ការលួច​បន្លំ​សន្លឹក​ឆ្នោតផង ​ក្រោយពេល​សំឡេង​ឆ្នោត​ទូទៅ​របស់​លោក​ចាញ់ឬ​ទទួលបាន​ជាង៧៤​លាន​សំឡេង ​ទល់នឹង ​៨១ ​លាន​សំឡេង ​ដែលលោក​ បៃដិន​ទទួល​បាន ​ហើយ​និងចាញ់ចំនួន​ប្រតិភូ​នៅតាម​បណ្តារដ្ឋ​ប្រជែង​គ្នាខ្លាំង ​មួយ​ចំនួន​ ដោយ​ទទួល​បាន​សំឡេងតែ២៣២ ​ទល់នឹង​៣០៦ ​ដែល​លោក​បៃដិន​ទទួល​បាន​លើស​ចំនួន​២៧០​ដែល​ត្រូវ​កំណត់​ថាជាអ្នកឈ្នះ​នោះ។

លោក​ត្រាំបាន​ប្តឹង​តវ៉ាពី​ការលួច​បន្លំ​សន្លឹកឆ្នោត ​ក្រោយ​ចាញ់ឆ្នោត​ តែមិន​បាន​ជោគជ័យ​ ដោយសារ​តុលាការ​កំពូល​និង​តុលាការ​តាម​បណ្តា​រដ្ឋ​នានា ​រួមទាំង​ស្ថាប័ន​ជាច្រើនរបស់រដ្ឋ​ផ្សេងៗទៀត​ បាន​បដិសេធ​បណ្តឹង​តវ៉ា​របស់លោក​ដោយ​លើកឡើង​ថា​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់។

លោក​ Joe Bidenត្រូវបាន​សភា​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា​ជា​អ្នកឈ្នះ​ការ​បោះឆ្នោត ​ជាផ្លូវការកាលពីថ្ងៃ​ទី​៧​ខែមករា ហើយ​បានក្លាយ​ជា​ប្រធានាធិបតី​ទី៤៦ ​របស់​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​២០​ខែមករា​កន្លង​ទៅនេះ៕