ដូចពលរដ្ឋខ្មែរនៅជុំវិញពិភពលោកមួយចំនួនដែរតំណាងពលរដ្ឋខ្មែរ-អាមេរិកាំងនៅតាមបណ្តារដ្ឋនានា កំពុងពិភាក្សាអំពីការរៀបចំប្រារព្ធខួបលើកទី៣០នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលានៅឆ្នាំ២០២១នេះដើម្បីរំឭកខួបរួមគ្នាពិភាក្សារួមគ្នាវាយតម្លៃរួមគ្នាពីការអនុវត្តកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនិងដាក់ញតិ្តរួមគ្នាទៅកាន់បណ្តាប្រទេសនានាដែលបានសន្យាកាលពីបីទសវត្សរ៍កន្លងមកថានឹងជួយស្តារប្រទេសកម្ពុជាឲ្យមានលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សអធិបតេយ្យភាព និងការអភិវឌ្ឍន៍ពេញលេញ។
ក្រុមប្រជាពលរដ្ឋដែលបានគេចចេញពីសង្គ្រាមស៊ីវិលរ៉ាំរ៉ៃហើយនៅបន្តគិតពីបញ្ហាជាតិសំខាន់ៗទាំងនោះរួមមានពលរដ្ឋខ្មែរនៅក្នុងប្រទេសជាច្រើននិងតាមបណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិករួមទាំងតំបន់រដ្ឋធានីវ៉ាស៊ីនតោនរដ្ឋ Californiaរដ្ឋ Minnesotaនិងអូស្ត្រាលីប្រទេសបារាំងហើយនិងអឺរ៉ុបផងដែរ។ ពួកគេកំពុងរៀបចំពិធីប្រារព្ធខួបឆ្នាំនេះតាមប្រព័ន្ធអនឡាញផង និងរៀបចំការចូលរួមដោយផ្ទាល់ផងដែរដោយគ្រោងនឹងធ្វើតាមវិធានការសុខាភិបាលក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។
លោក ទូច វិបុល សកម្មជននិងខ្មែរ-អាមេរិកាំងមកពីរដ្ឋ North Carolina បានថ្លែងថាលោកនឹងចូលរួមជាមួយពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងរដ្ឋ California នៅថ្ងៃទៅ២៣ខែតុលា ខាងមុខ នេះដោយផ្ទាល់។ លោកថាដោយសារត្រូវអនុវត្តវិធានការសុខាភិបាលក្នុងពេលកូវីដ១៩នោះ តំណាងសហគមន៍ខ្មែរនៅទីនោះគឺនឹងមានជាវេទិកាជាមួយតំណាងៗសហគមន៍ដើម្បីប្រារព្ធខួបទី៣០នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសដោយផ្ទាល់នៅទីសាធារណ:មួយដើម្បីជំរុញដល់ពលរដ្ឋខ្មែរចូលរួមឲ្យបានសកម្ម ក្នុងការពិភាក្សានិងសរសេរញតិ្តរួមគ្នាដាក់ជូនបណ្តាប្រទេសហត្ថលេខីទាំង១៨និងអង្គការសហប្រជាជាតិផងដែរ។
លោកថ្លែងថា៖ «ដូច្នេះយើងព្យាយាមឲ្យជំរុញទៅដល់ប្រទេសទាំងអស់ហ្នឹងដែលជាហត្ថលេខីឲ្យយកចិត្តទុកដាក់ចំពោះស្ថានភាពនៅកម្ពុជាមែនទែនពីព្រោះស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្ងន់ធ្ងរហើយការរំលោភគោលការណ៍ប្រជាធិបតេយ្យក៏កាន់តែធ្ងន់ធ្ងរ។ យើងមិនចង់និយាយជាមួយរដ្ឋាភិបាលកម្ពុជាទេព្រោះរដ្ឋាភិបាលកម្ពុជារំលោភទៅលើគោលការណ៍សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសទាំងស្រុងតែម្តង»។
លោកថ្លែងយ៉ាងដូច្នេះដោយចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាកំពុងធ្វើផ្ទុយពីសិទ្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសដូចជាការបំបិទសំឡេងក្រុមជំទាស់មេដឹកនាំក្រុមជំទាស់ជាប់ក្តីក្តាំតុលាការការរំលោភសិទ្ធិមនុស្សការបិទសិទ្ធិសេរីភាពបញ្ចេញមតិការចាប់ខ្លួនក្រុមយុវជនដោយសារសម្តែងមតិការធ្វើច្បាប់នានាដែលរឹតត្បិតសេរីភាពនានាការដឹកនាំប្រទេសគឺដោយរដ្ឋាភិបាលឯកបក្សជាដើម។
លោកយ័ប គឹមទឹងប្រធានសមាគមខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោននិងជាអនុប្រធានសមាគមបណ្តាញពលរដ្ឋខ្មែរ(KPNC)បានថ្លែងថា កម្មវិធីរៀបចំនៅឆ្នាំនេះមានការរៀបចំតាម ហ្ស៊ូម (Zoom)ដោយពិភាក្សាតាមរយ:វាគ្មិនសំខាន់ៗដែលមានពលរដ្ឋចូលរួមពីតាមបណ្តារដ្ឋនិងប្រទេសនានាមានកម្មវិធីសវនាការដើម្បីសួរដេញដោលពីបញ្ហាកម្ពុជាតើមានការអនុវត្តន៍បានកម្រិតណាត្រង់ណា និង មិនបានអនុវត្តកម្រិតណានិងចំណុចណាខ្លះ។
លោកថ្លែងថា៖ «ដូចជាមុនៗអញ្ចឹងដែរយើងចង់ឃើញប្រទេសកម្ពុជាយើងមានលទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវហើយមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវពីព្រោះយើងជឿជាក់ថាកត្តាទាំងប៉ុន្មានហ្នឹងធ្វើឲ្យប្រទេសផ្សេងៗទៀតអាចស្រួលរកស៊ីជាមួយប្រទេសខ្មែរ។ នៅពេលគេចូលចិត្តរកស៊ីជាមួយប្រទេសខ្មែរទៅប្រទេសយើងក៏អាចមានជីវភាពរស់នៅបានល្អទៅមុខ»។
លោកបានបញ្ជាក់បន្ថែមថា ក្រុមវាគ្មិនកម្ពុជាសំខាន់ៗអ្នកជំនាញអាមេរិកាំងសំខាន់លើបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងបញ្ហានយោបាយនឹងបង្ហាញឲ្យដឹងពីរឿងរ៉ាវដែលកើតឡើងក្នុងប្រទេសកម្ពុជាដែលលោកបានរិះគន់ទៅលើការរិតត្បិតសេរីភាពនយោបាយការរំលោភសិទ្ធិមនុស្សសេរីភាពបញ្ចេញមតិការចាប់ឃុំខ្លួនសកម្មជនជាច្រើនដែលប្រទេសជាច្រើនកំពុងដាក់ក្តីបារម្ភហើយទាមទារឲ្យអាជ្ញាធររដ្ឋាភិបាលធ្វើការកែទំរង់និងបើកទូលាយនៅលម្ហសេរីភាពនិងប្រជាធិបតេយ្យឡើងវិញជាពិសេសមុនការបោះឆ្នោតឈានមកដល់។
លោកថាការធ្វើសវនាការសួរដេញដោលជាមួយវាគ្មិនសំខាន់ៗដែលក្រុមសង្គមស៊ីវិលកំពុងរៀបចំនេះគឺដើម្បីឲ្យសាធារណជនដឹងថាតើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសត្រូវបានរំលោភបំពានយ៉ាងម៉េចបញ្ហាអ្វីខ្លះក្នុងរយ:ពេល៣០ឆ្នាំកន្លងមកដែលដ្ឋាភិបាលកម្ពុជាសព្វថ្ងៃគោរពតាមនិង មិនគោរពតាមហើយតើប្រទេសកម្ពុជាត្រូវកែទម្រង់អ្វីខ្លះ? ប្រទេសហត្ថលេខីត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងណា? អ្នកជំនាញនឹងមានអនុសាសន៍យ៉ាងណាលើបញ្ហាកម្ពុជា។
កាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១ ភាគីចម្បាំងទាំង៤នៃប្រទេសកម្ពុជា និងតំណាងរដ្ឋាភិបាលចំនួនយ៉ាងតិច១៨ ទៀតក្រៅពីកម្ពុជាដែលមានរួម សហរដ្ឋអាមេរិក ចិន និងអតីតសហភាពសូវៀតផង បានចុះហត្ថលេខាលើសនិ្ធសញ្ញាសន្តិភាពនៅទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃក្នុងប្រទេសកម្ពុជា។
នៅក្នុងគោលការណ៍សំខាន់ៗនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសកាលពី៣០ឆ្នាំ មុនគឺភាគីហត្ថលេខីនានារួមទាំងកម្ពុជាខ្លួនឯងបានព្រមព្រៀងគ្នាថានាំកម្ពុជាឲ្យមានសន្តិភាព ការរីកចម្រើនផ្នែកប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សការអភិវឌ្ឍពេញលេញ។ ភាគីនយោបាយខ្មែរនៅបន្តចោទប្រកាន់គ្នានិងវាយប្រហារគ្នាឥតឈប់ឈរដោយមានអំណះអំណាងរៀងៗខ្លួនទៅលើគោលការណ៍សំខាន់នៃកិច្ចព្រមព្រៀងនេះបន្ថែមពីលើការទាមទាររបស់ក្រុមជំទាស់ដែលបន្តស្នើសុំឲ្យមានការជួយពីអន្តរជាតិលើបញ្ហាកម្ពុជាដែលបានរងគ្រោះដោយការដកខ្លះឬមិនទាន់បន្តប្រព័ន្ធអនុគ្រោះពន្ធនាំចូលទីផ្សារអឺរ៉ុបនិងសហរដ្ឋអាមេរិកដោយសារបញ្ហាលទ្ធិប្រជាធិបតេយ្យនិងការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្ស។
លោកខេវិន សួគ៌ពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅជាយក្រុងឡុងប៉ិចរដ្ឋ California ដែលជាអ្នករៀបចំសន្និសីទម្នាក់ជាមួយខ្មែរ-អាមេរិកាំងផ្សេងទៀតបានថ្លែងថាកម្មវិធីប្រារព្ធខួបសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនេះជារឿងសំខាន់ដែលពលរដ្ឋខ្មែរត្រូវចូលរួមគ្នាដើម្បីបង្ហាញរដ្ឋាភិបាលសហរដ្ឋអាមេរិកសភានិងព្រឹទ្ធសភាដឹងពីក្តីកង្វល់របស់ខ្មែរយើងចំពោះរឿងសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាតាមរយ:ការសម្តែងមតិរួមគ្នាចុះហត្ថលេខារួមគ្នាដាក់ជូនអ្នកតំណាងនិង រដ្ឋាភិបាលអាមេរិកដែលជាប្រទេសហត្ថលេខីមួយអាចនាំមុខក្នុងរឿងជួយដល់កម្ពុជា។
លោកថ្លែងថា៖ «ដែលយើងធ្វើកម្មវិធីហើយយើងនឹងបញ្ជូនញតិ្តហ្នឹងទៅតាមលទ្ធភាពដែលយើងត្រូវតែបញ្ជូនបេសកជនយើងទៅជួបឬក៏យើងត្រូវធ្វើកម្មវិធីអ្វីមួយទៀតដើម្បីបញ្ជូនញតិ្តហ្នឹងទៅក្រសួងរដ្ឋាភិបាលអាមេរិក»។
លោកថ្លែងថាជារឿងសំខាន់ដែលរដ្ឋាភិបាលអាមេរិកាំងនិងប្រទេសដទៃជាប្រទេសហត្ថលេខី ដែលចេញមុខធានាដល់ដំណើរការគោរពលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សការអភិវឌ្ឍន៍នៅកម្ពុជាជានិរន្តរ៍។
មកពីទីក្រុងអូកឡែនរដ្ឋ California គឺលោកអ៊ិន សួន បានអះអាងថាលោកបានជួបប្រជុំគ្នាពីការប្រារព្ធខួបនេះឡើងដោយសារថាបញ្ហាលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សជាពិសេសជំនួយពីសហរដ្ឋអាមេរិកដូចជាការអនុគ្រោះពន្ធសម្រាប់មុខទំនិញនានាមិនត្រូវប៉ះពាល់ហើយចង់ឲ្យសហរដ្ឋអាមរិកដែលជាមហាអំណាចនិងជាប្រទេសហត្ថលេខីនាំមុខគេមួយបានជួយកម្ពុជាស្តារឡើងវិញនូវជីវភាពពលរដ្ឋខ្មែរជាពិសេសក្នុងពេលមានកូវីដ១៩បញ្ហាសិទ្ធមនុស្សនិងលទ្ធិប្រជាធិបតេយ្យដូចជាមានចែងក្នុងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
លោកអ៊ិន សួន ថ្លែងថា៖ «យើងទាំងអស់គ្នាសង្កត់ចង់ឲ្យប្រទេសហត្ថលេខីជាពិសេសប្រទេសអាមេរិកដែលមានទម្ងន់ជាងគេក្នុងកិច្ចព្រមព្រៀងទាំងឡាយនោះឲ្យយកចិត្តទុកដាក់ដល់កិច្ចព្រមព្រៀងនេះ បន្តសកម្មភាពតទៅទៀតកុំឲ្យស្ងាត់ជ្រងំ»។
លោកថាបញ្ហាកម្ពុជាជាច្រើននេះហើយដែលខ្មែរ-អាមេរិកាំងនៅបន្តប្រារព្ធខួបនេះឡើងដើម្បីឲ្យពលរដ្ឋខ្មែរនៅក្នុងស្រុកនិងអ្នកជំនាន់ក្រោយដឹងថាកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសនៅតែមានសុពលភាពហើយប្រទេសហត្ថលេខីហ្នឹងគេមិនបោះបង់កម្ពុជាចោលដែរ។ លោកបានស្នើថាជាការល្អដែលពលរដ្ឋខ្មែរ-អាមេរិកាំងនាំគ្នាចូលរួមក្នុងសកម្មភាពនានាដើម្បីទាមទារនិងស្នើដល់រដ្ឋាភិបាលកម្ពុជាឲ្យយកថ្ងៃទី២៣តុលានេះជាថ្ងៃដែលមានការបន្ធូរបន្ថយទោសពៃរ៍ដល់អ្នកជាប់ឃុំឃាំងនិងស្តារប្រទេសជាតិឡើងវិញឲ្យស្របតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
អ្នកនាំពាក្យរដ្ឋាភិបាលលោកផៃ ស៊ីផានបានថ្លែងថាលោកមិនយល់ថាតើខ្មែរ-មេរិកាំងធ្វើពិធីប្រារព្ធខួប២៣ តុលា ដើម្បីជានិមិត្តរូបឬធ្វើដើម្បីអ្វីនោះទេ។ លោកថា រាជរដ្ឋាភិបាលកម្ពុជាមិនមានកាលវិភាគអ្វីនោះដែរដោយសារខ្លឹមសារនិងធាតុផ្សំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានដាក់ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសអស់ហើយ។
លោកថ្លែងថា៖ «ពីព្រោះកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៣តុលាគឺជាកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីប្រដាប់អាវុធខ្មែរនិងខ្មែរចំណុចទី១។ ហើយចំណុចទី២បរទេសគ្រាន់តែជាសាក្សីនិងជួយជម្រុញព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយហើយបានចែងក្នុងចំណុចមួយនោះគឺថានៅពេលដែលយើងមានរដ្ឋាភិបាលមានរដ្ឋធម្មនុញ្ញគឺថាចប់ហើយអំណាចនៃសេចក្តីព្រមព្រៀងនោះ»។
លោកបានបន្ថែមថារដ្ឋធម្មនុញ្ញកម្ពុជាបានចែងពីអធិបតេយ្យបូរណភាពកម្ពុជា ដែលលោកផៃ ស៊ីផានទទូចថាពលរដ្ឋខ្មែរត្រូវចងចាំប្រវត្តិសាស្ត្រដែលខ្មែរយើងត្រូវបរទេសបោះបង់ចោល។
លោកថ្លែងថា៖ «អ្នកធ្វើហ្នឹងគ្រាន់តែថាចង់ឲ្យបរទេសចូលមកបន្ថែមទៀតគេគួរនឹកឃើញក្នុងឆ្នាំ១៩៧៥គេគួរនឹកឃើញអាហ្វហ្គានីស្ថានគេគួរនឹកឃើញខ្មែរក្រហមដែលបរទេសដើរចោលខ្មែរបន្សល់ខ្លួនឯង។ហើយខ្មែរទាំងអស់គេយល់ឃើញថាការធ្វើកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីជម្លោះខ្មែរប្រដាប់អាវុធហ្នឹងគឺកើតមកពីភូមិសាស្ត្រនយោបាយហើយខ្មែរនៅក្នុងស្រុកខំថែទាំសន្តិភាពបានរហូតមកទាល់ថ្ងៃនេះនិងរៀបចំឲ្យមានការអភិវឌ្ឍន៍ហ្នឹងគឺយើងព្រមព្រៀងគ្នានិង ឯកភាពគ្នាមិនចង់ឲ្យមានការលូកដៃលូកជើងពីបរទេសនោះទេ»។
លោកអ៊ូ ប៉េងសានតំណាងម្នាក់នៃសហគមន៍ខ្មែរនៅរដ្ឋ Minnesota ដែលរៀបចំប្រារព្ធខួបសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសបានថ្លែងថាខ្មែរ-អាមេរិកាំងនៅរដ្ឋMinnesotaនិងរដ្ឋផ្សេងៗទៀតរួមទាំងរដ្ឋ Washington (state) គ្រោងនឹងរួមគ្នាធ្វើការពិភាក្សាតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៣ តុលា ដើម្បីវាយតម្លៃអំពីការអនុវត្តន៍កិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសតាំងពីឆ្នាំដំបូងមក ហើយនិងដាក់ញតិ្តដល់ប្រទេសហត្ថលេខីនានានិងភាគីពាក់ព័ន្ធនៅក្រោយពេលពិភាក្សាគ្នារួច។
លោកថ្លែងថា៖ «សមត្ថភាពលទ្ធភាពរបស់យើងដែលយើងធ្វើហ្នឹងមានជាអាទិដូចថាយើងសរសេរលិខិតអំពាវនាវសុំស្នើប្រទេសហត្ថលេខីទាំងអស់រួមជាមួយនិងប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ(អ.ស.ប.)អង្គការមនុស្សធម៌អ.ស.ប.ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ក៏យើងបានធ្វើញតិ្តធ្វើលិខិតទៅដាស់តឿនគេជាហូរហែអញ្ចឹងដែរ។ស្ថានទូតទាំងអស់ដែលជាប្រទេសហត្ថលេខីដែលមានទៅស្នាក់នៅសហរដ្ឋអាមេរិកឬក៏នៅក្បែរៗទីស្នាក់ការរបស់អ.ស.ប.ក៏យើងបានធ្វើញ្ញតិទៅជូនគេដែរ»។
ដូចពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកដែរពលរដ្ឋខ្មែរនៅក្នុងប្រទេសផ្សេងដូចជានៅក្នុងប្រទេសបារាំងសហភាពអឺរ៉ុបអូស្ត្រាលីក៏មានផែនការរៀបចំការប្រារព្ធពិធីរំឭកខួបសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសនៅឆ្នាំនេះ និងដូចជាឆ្នាំមុនៗផងដែរហើយនិងដាក់ញត្តិទៅកាន់រដ្ឋាភិបាលប្រទេសដែលពួកគេកំពុងរស់នៅឲ្យជួយអន្តរាគមន៍ដល់បញ្ហាជាតិធំៗរបស់កម្ពុជាដែលកំពុងប្រឈមបច្ចុប្បន្នដូចជាបញ្ហាលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស៕