សហគមន៍​ខ្មែរ​រិះរក​វិធី​ផ្សះផ្សា​គ្នា​ក្រោយ​ការ​បោះឆ្នោត​​ប្រធានាធិបតី​ដ៏​ជូរចត់​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ ​ចូល​រួម​នៅ​ក្នុង​កិច្ចពិភាក្សា​តាម​បណ្តាញ Zoom ប្រចាំ​សប្តាហ៍​​​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ អារ្យធម៌ ខ្មែរ (Cambodia Civilization Center - CCC) ​និង​ក្រុមប្រឹក្សា​ខ្មែរ​ពិភពលោក (Cambodia World Council -CWC) ​កាលពី​ថ្ងៃអាទិត្យ​កាល​ពី

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​នេះ​បាន​ប៉ះពាល់​ដល់​សហគមន៍អាមេរិកាំង​នានា​ជាង​ពេល​ណា​ទាំងអស់ដោយ​ខណ្ឌ​ចែក​ពួកគេ​ទៅ​តាម​បេក្ខជន​និង​គណបក្ស​ដែល​ពួកគេ​ស្រឡាញ់​គាំទ្រ​និង​បាន​បង្ក​ឲ្យ​មាន​ការព្រួយ​បារម្ភ​ពី​អនាគត​នៃប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។

លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ​ត្រូវ​បាន​គេ​ព្យាករ​ថា​លោក ​Joe Biden​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ​នឹង​គ្រប់គ្រង​សេតវិមាន។ លទ្ធផល​ឆ្នោត​បឋម​បង្ហាញ​ថា​លោក​បៃដិន​ទទួល​បាន​អង្គបោះឆ្នោត​ចំនួន​៣០៦​ទល់​នឹង​២៣២​ដែល​លោក​ប្រធានាធិបតី​Donald Trump​នៃ​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន។ បេក្ខជន​នីមួយៗ​ត្រូវការ​អង្គបោះឆ្នោត​ចំនួន២៧០​រូប​ដើម្បី​ឈ្នះ​តំណែង​ប្រធានាធិបតី។

ប៉ុន្តែ​លោក​ប្រធានាធិបតី​Donald Trump​មិនព្រម​សារភាព​ចុះចាញ់​ដោយ​ប្រើប្រាស់​វិធី​សាស្ត្រ​ជាច្រើន​ដែល​មាន​ដូចជា​ប្តឹងផ្តល់​ទៅ​តុលាការ​ចោទប្រកាន់​ថា​ការបោះឆ្នោត​មាន​ការគៃបន្លំ​ទាមទារ​ឲ្យ​ផ្អាក​ការប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​និង​កោះ​ហៅ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៅ​តាម​រដ្ឋ​ដែល​លោក​ចាញ់​មក​ជួប​ដើម្បី​ឲ្យ​ពួកគេ​ជ្រើសរើ​ស​អង្គបោះឆ្នោត​ណា​ដែល​គាំទ្រ​លោក​វិញ​ជាដើម។​ ​

សហគមន៍​ខ្មែរ-អាមេរិកាំង​មាន​ទំហំតូច​បើ​ប្រៀប​ធៀប​នឹង​សហគមន៍​អាស៊ី​ដទៃ​ទៀត​ប៉ុន្តែ​និន្នាការ​គាំទ្រ​បេក្ខជន​ដែល​ពួកគេ​ស្រឡាញ់​តាម​បន្ទាត់​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ក៏​បាន​ទាញ​ពួកគេ​ឲ្យ​ឃ្លាត​គ្នា​ផង​ដែរ។ នេះ​បើតាម​ការលើកឡើង​របស់​ថ្នាក់​ដឹកនាំ​សហគមន៍​ខ្មែរ។

នៅក្នុង​កិច្ចពិភាក្សា​តាម​បណ្តាញ​សង្គម​ប្រចាំ​សប្តាហ៍ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អារ្យធម៌ ខ្មែរ (Cambodia Civilization Center - CCC) ​និង​ក្រុមប្រឹក្សា​ខ្មែរ​ពិភពលោក (Cambodia World Council -CWC)​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ​សមាជិក​សហគមន៍​ខ្មែរ​អាមេរិកាំង​ខ្លះ​បង្ហាញ​ការ​អាក់អន់​ស្រពន់ចិត្ត​នឹង​លទ្ធផលឆ្នោត​អ្នកខ្លះ​សម្តែង​ការ​ព្រួយ​បារម្ភ​នឹង​អនាគត​ប្រជាធិបតេយ្យ​អាមេរិកាំង​និង​អ្នកខ្លះ​បាន​ទាញ​រក​ចំណុចរួម​ដើម្បី​ផ្សះផ្សា​ការ​ខ្វែងគំនិត​គ្នា។ ​

លោក ហុង ស៊ីវ ​ប្រធាន​សមាគម​អង្គរ​ដែល​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោនងឿង​ឆ្ងល់​និង​ចម្លែក​ក្នុងចិត្ត​ដែល​មិន​ធ្លាប់​ឃើញ​ព្រឹត្តិការណ៍​ដូច​ការ​បោះឆ្នោត​លើកនេះ។​

លោក​ហុង ស៊ីវ បាន​ថ្លែងថា៖ «ចម្លែកដោយ​សារប្រឆាំង​នឹង​គ្នា​ដោយសារ​បញ្ហា​គណបក្ស​ដល់​អីចឹង​ទៅ​ខ្ញុំឃើញ​វាប៉ះពាល់​ដល់​បញ្ហា​នយោបាយ​ដោយសារ​ម្នាក់ៗ​ចង់ឈ្នះ​គណបក្ស​រៀងៗ​ខ្លួន​ខ្លាំងពេក​។ ខ្ញុំយល់​ឃើញ​ថា​អីចឹង។ កាលពី​ដើម​ស្រុក​អាមេរិក​គេ​ឈ្លោះ​គ្នា​យ៉ាងណា​ក៏ដោយ​ពេល​បោះឆ្នោត​តែ​ទីបំផុត​គេរាប់អានគ្នា​គេ​ដោះស្រាយ​បញ្ហា​ជាតិ​គឺ​នយោបាយ​គេដើរ​ផ្លូវ​ជាមួយ​គ្នា។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ខ្ញុំ​មើល​ឃើញ​ដូច​ជា​ខុស​ប្លែក​ពី​៤០​ឆ្នាំមុន​ខ្លាំងណាស់។ អីចឹងខ្ញុំ​គ្រាន់តែ​សង្កេត​ឃើញ​ក្នុងពិភពលោក​ក៏ដោយ​ក្នុង​សង្គម​យើង​នេះ​ក៏​ដោយ​ហាក់ដូច​ជា​មាន​ការព្រួយបារម្ភ​ជ្រួល​ច្របល់​នឹង​បញ្ហា​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ»។

លោក​ នាថបណ្ឌិត តាកែវ ឫទ្ធិពល​ (រូបដកស្រង់ពីហ្វេសប៊ុក)

លោក នាថបណ្ឌិត​តាកែវ ឫទ្ធិពល​ ប្រធាន​មហាសន្និបាត​កំពូល​ខ្មែរ​ឯ​នាយ​សមុទ្រ​ យល់​ឃើញ​ថា​ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ​ដោយសារ​តែសូម្បី​នៅរដ្ឋ​ចរចា​ដែល​លេខាធិការ​រដ្ឋ​ទទួល​បន្ទុក​រៀបចំ​ការបោះឆ្នោត​មកពី​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លទ្ធផល​បាន​ទៅ​លោកJoe Biden។

វិធី​ដឹកនាំ​តាម​លក្ខណៈ​អត្តនោម័ត​របស់​លោក​ប្រធានាធិបតី​ត្រាំ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ងាក​មកគាំទ្រ​លោកបៃដិន​វិញ​រីឯខ្មែរ​មួយ​ចំនួន​បន្តគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ដោយសារ​គុណ​បំណាច់​ក្នុងពេល​អតីតកាល​ដោយ​មិន​សំឡឹង​លើ​បុគ្គល​ថ្នាក់​ដឹកនាំ​ទេ។ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោក​ឫទ្ធិពល។

​បន្ថែម​លើ​នេះ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់ចុះ​និង​ការរាតត្បាត​ជំងឺ​កូវីដ១៩​ត្រូវ​បាន​ក្រុមគណបក្ស​ប្រជាធិបតេយ្យ​ស្តី​បន្ទោស​លើ​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ត្រាំ។ អត្រា​អ្នកគ្មាន​ការងារ​ធ្វើ​បាន​ឡើង​ដល់​១៤,៧​ភាគរយ​ក្នុង​ខែមេសា​ដែល​ជា​ចំណុច​ខ្ពស់​បំផុត​ក្នុង​អំឡុង​ពេល​រាតត្បាត​ជំងឺកូវីដ​១៩។​រីឯ​ពលរដ្ឋ​អាមេរិកាំង​ដែល​ស្លាប់​ដោយ​ជំងឺ​នេះ​មាន​រហូត​ដល់​ជាង​២៣​ម៉ឺន​នាក់​នៅមុន​ថ្ងៃ​ពលរដ្ឋ​ទៅ​បោះឆ្នោត។ នេះ​បើ​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ Johns Hopkins។

លោក​ឫទ្ធិពល​បានបញ្ជាក់​បន្ថែម​ប្រាប់​វីអូអេថា៖ «អស់​លោក​ខ្មែរ​ដទៃ​ទៀត​ដែល​លោក​ជួយ​ខាង​ប្រជាធិបតេយ្យ​ស្រាប់​ក៏​លោក​បោះឆ្នោត​ជូន​ខាង​ប្រជាធិបតេយ្យ​ហើយ​អស់លោកខ្លះ​ដែល​លោក​ចុះឈ្មោះ​ជាគណបក្ស​សាធារណរដ្ឋ​ក៏ងាក​មក​ជួយ​លោកJoe Biden​និង​លោកស្រី​ខាម៉ាឡា ហារីស។ មាន​តែ​ខ្មែរ​យើង​ជឿជាក់​លើ​គណបក្ស​សាធារណរដ្ឋ​ទេ​ដែល​បន្ត​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតីត្រាំ​ដោយសារ​យល់​ថា​គណបក្ស​សាធារណរដ្ឋ​ធ្លាប់​ជួយ​អស់​លោក​ចេញពី​ជំរំ​ខៅអ៊ីដាង​ក្នុង​ឆ្នាំ​១៩៨០​ជាដើម»។

សហគមន៍​ខ្មែរ-អាមេរិកាំង​មាន​សមាជិក​ប្រហែល​ជាង​៣៣​ម៉ឺននាក់។ នេះ​បើ​តាម​ស្ថិតិ​ចងក្រង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Pew ​ក្នុង​ឆ្នាំ​២០១៥។ ពួកគេ​ភាគច្រើន​គឺជា​ជនភៀសខ្លួន​ដែល​បាន​មក​តាំង​ទីលំនៅ​ក្រោយ​ការដួល​រលំ​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម​ក្នុងឆ្នាំ​១៩៧៩។​

លោក ត្រឹង ម៉ាននរិន​ នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមបាន​ទទួលស្គាល់​ថា​សហគមន៍​ខ្មែរ​អាមេរិកាំង​បាន​បែកបាក់​គ្នា​ដោយ​សារតែ​ការគាំទ្រ​បេក្ខជនរៀងៗ​ខ្លួន​ហើយ​លោក​ស្នើ​ថា​ពេល​វេលា​បោះឆ្នោត​បាន​កន្លង​ផុត​ទៅហើយ​ដូច្នេះ​ជាពេល​ដែល​សហគមន៍​ត្រូវ​ត្រឡប់​មក​រួបរួម​គ្នាវិញ។

លោក​បាន​ថ្លែង​ប្រាប់​អ្នកចូលរួម​តាម​ប្រព័ន្ធ​Zoom​ក្នុង​កិច្ចពិភាក្សា​ថា៖​«បងប្អូនខ្មែរ​យើង​មាន​និន្នាការខុសគ្នា​រឿង​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​ហ្នឹង​។ ខ្លះក៏គាំទ្រ​ខាង​ប្រជាធិបតេយ្យ​ខ្លះ​ក៏គាំទ្រ​ខាង​សាធារណរដ្ឋ​ទៅ។ នេះ​ជា​សិទ្ធិ​របស់​បងប្អូន​យើង​ម្នាក់ៗ​ហេតុ​ដូច្នោះ​ហើយ​យើង​មិន​ចាំបាច់​ដោយសារតែ​រឿង​បោះឆ្នោត​នៅស្រុក​អាមេរិក​ហើយ​ខ្មែរ​គ្នាយើង​ទាស់​គ្នា​នេះ​គឺ​មិន​គួរសោះ។ យើង​ខុសគ្នា​តែ​ទស្សនៈ​នយោបាយ​ទេ​ប៉ុន្តែ​មិន​បណ្តោយ​ឲ្យ​ទស្សនៈ​នយោបាយ​ខុស​គ្នា​ហើយ​យើង​បែរ​ជាមក​ខុស​គ្នា​មែនទែន​នោះ​មិន​មែន​ជា​ការ​គួរសម»។

លោក ​មារិទ្ធិ ឆង ​ដែល​ជាចាស់ទុំ​មួយ​រូប​នៅក្នុង​ក្រុម​និង​ជា​ប្រធាន​កិត្តិយ​នៃ​មហាសន្និបាត​កំពូល​ខ្មែរ​ឯនាយ​សមុទ្រ​បានស្នើ​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់​ដោយ​មិន​ត្រូវ​ជ្រួលច្របល់​ហួសហេតុ​ពេកពី​ស្ថានភាព​ក្នុង​ប្រទេស​និង​យន្ត​ការ​ដែល​មាន​សម្រាប់​ដោះស្រាយ​ការខ្វែងទស្សនៈគ្នា​របស់​អ្នកនយោបាយ។

លោក​បាន​បញ្ជាក់​ថា៖​«យើងឃើញ​ហើយ​ថា​អន្តរជាតិ​ជាច្រើន​បាន​ទទួលស្គាល់​លោក​បៃដិន​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ហើយ​ប៉ុន្តែ​លោ​កត្រាំ​មិន​ទទួលស្គាល់​ដោយសារ​ការយឺតយ៉ាវ​ក្នុង​ការរាប់​សន្លឹកឆ្នោត​ហ្នឹង​ឥឡូវនេះ​កំពុងតែ​ពិនិត្យ​មើល។ តើ​រឿងហេតុអី​បាន​ជាពិនិត្យ​? ហើយ​មាន​កំហុស​អ្វី​ខ្លះ? គឺ​យើង​នឹង​បាន​ដឹង​ឮ​នៅថ្ងៃ​ក្រោយ​ទៀត​។ ដូច្នេះ​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ទេ​សូម​បងប្អូនរក្សា​ចិត្ត​ឲ្យ​នឹងន​កុំ​ឲ្យ​លឿន​ស្លេវពេក​ចាំ​មើល​ស្ថានការណ៍»។

ពលរដ្ឋ​ខ្មែរ-អាមរិកាំង​នៅ​តាម​បណ្តា​រដ្ឋនានា​បាន​បោះឆ្នោត​ទៅ​តាម​ការចង់​បាន​របស់​គេ​ទៅ​តាម​ផល​ប្រយោជន៍​ដែល​គេ​បាន​ទទួល​ផ្ទាល់​ខ្លួន​និង​សម្រាប់​សហគមន៍​ឬ​សម្រាប់​ប្រទេស​កំណើត​ពី​បេក្ខជន​ប្រធានាធិបតី​ឬ​គណបក្ស​ដែល​គេ​ស្រឡាញ់​ចូលចិត្ត។ ពលរដ្ឋ​ទាំងនោះ​បាន​អះអាង​ពី​បេក្ខជន​ដែល​គេ​ស្រឡាញ់​ចូលចិត្ត​ថា​ល្អ​ជាង​បេក្ខជន​មួយ​ទៀត។ អ្នកខ្លះទៀត​បាន​ចូលរួម​ឃោសនា​ឲ្យ​បេក្ខជន​របស់​គេ​ដោយផ្ទាល់។​

ការរាប់​សន្លឹក​ឆ្នោត​នៅឆ្នាំ​នេះ​មាន​ភាព​យឺតយ៉ាវ​ដោយសារតែ​ចំនួន​អ្នកបោះឆ្នោត​មុនថ្ងៃ​កំណត់​មាន​រហូត​ដល់​ជាង​១០០​លាន​នាក់​ដោយ​អ្នកខ្លះ​បានបោះ​តាម​ប្រៃសណីយ៍​ដើម្បី​ជៀសវាង​ការ​ឆ្លង​វីរុស​កូរ៉ូណា​និង​អ្នកខ្លះទៀត​មក​បោះផ្ទាល់​ប៉ុន្តែ​សន្លឹកឆ្នោត​របស់​ពួកគេ​ត្រូវរាប់​ក្រោយ​អ្នក​ដែល​មក​បោះ​ផ្ទាល់​នៅថ្ងៃ​បោះឆ្នោត។

ចំនួន​ភាគរយ​អ្នកចេញ​មក​បោះឆ្នោតគឺខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ​មក​នេះ។ លោក​Joe Biden​ប្រធានាធិបតី​ជាប់ឆ្នោត​និង​លោកស្រី​ខាម៉ាឡា ហារីស​អនុប្រធានាធិបតី​ជាប់ឆ្នោត​ទទួល​បាន​សំឡេង​ជាង​៨០​លាន​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

ការបន្ត​បដិសេធ​របស់​លោកត្រាំ​បាន​បណ្តាល​ឲ្យ​មន្ត្រី​គណបក្ស​សាធារណរដ្ឋ​ជាបន្តបន្ទាប់​ទទូច​ឲ្យ​លោក​ចាប់ផ្តើម​ផ្ទេរអំណាច​ជាបន្ទាន់​ដោយ​រលូន។ បន្ថែមលើ​នោះ​មាន​អតីត​មន្ត្រី​សន្តិសុខ​ជាង​១០០​នាក់​ដែល​ធ្លាប់​ធ្វើការ​ឲ្យ​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋចំនួន៤រូប​ដែល​ក្នុងនោះ​មាន​រដ្ឋបាល​លោក​ត្រាំ​ផងដែរ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ដោយ​ចាត់​ទុក​ថា​ការបដិសេធ​របស់​លោក​ត្រាំ​មិន​ព្រម​ចុះចាញ់​និង​ផ្ទេរ​អំណាច​ដោយ​ត្រឹមត្រូវ​ទេ​នឹង«នាំឲ្យ​មាន​ការគំរាមកំហែង​ធ្ងន់ធ្ងរ»​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។

រូប​ឯកសារ៖ លោក យ័ប គឹមទឹង។ (សាយ មុន្នី/VOA)

លោក យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ក៏​បាន​ព្រួយ​បារម្ភ​ដែរ​ពី​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​អនាគត។

លោកបានបញ្ជាក់​ប្រាប់​វីអូអេ​ថា៖​«ទៅ​ថ្ងៃ​ក្រោយ​ជាពិសេស​ពួក​អាមេរិកាំង​ទៅ​ប្រាប់​ជនផ្តាច់ការ​ដែល​បន្លំ​សន្លឹកឆ្នោត​ថា​អ្នកឯង​បន្លំ​សន្លឹក​ឆ្នោត​បោះឆ្នោត​មិនត្រឹមត្រូវ​ពេលនោះ​គេ​យក​សកម្មភាព​អាមេរិក​ពេលបោះឆ្នោត​លើក​នេះ​ថា​ទោះបី​ជាប្រទេស​អាមេរិក​ដែលមាន​ប្រជាធិបតេយ្យ​ជាង​២០០ឆ្នាំ​ហ្នឹង​នៅតែ​មាន​បញ្ហា​បោះឆ្នោត។ ប្រទេស​គេ​មាន​បញ្ហា​ខ្លះ​ដោយសារ​មាន​ប្រជាធិបតេយ្យ​ខ្លី​ជាង​សហរដ្ឋ​អាមេរិក​ផង​ម្ល៉ោះ​ហើយ​នេះ​ជា​ការ​ធម្មតា»។

​លោក នាថបណ្ឌិត ​តាកែវ ឫទ្ធិពល​ប្រធាន​មហាសន្និបាត​កំពូល​ខ្មែរ​ឯ​នាយ​សមុទ្រ​ក៏​សម្តែង​ការព្រួយ​បារម្ភ​ស្រដៀងគ្នា​នេះ​ដែរ៖ «ការ​ដែល​លោក​ប្រធានាធិបតី​ត្រាំ​បដិសេធ​មិន​ទទួល​លទ្ធផល​បោះឆ្នោតនេះ​។ ការដែល​លោក​ដាក់​ពាក្យ​ប្តឹង​គ្រប់ទី​កន្លែង​ហើយ​គំរាម​ថា​នឹង​ប្តឹង​ដល់​តុលាការ​កំពូល​អំពី​ការបោះឆ្នោត​នេះ​គឺជា​ការអាម៉ាស់​មុខ​ដល់​សហរដ្ឋ​អាមេរិក​ហើយ​ជាគំរូ​អាក្រក់​ដល់​ប្រទេស​ដទៃៗ​ទៀត​ជាពិសេស​នៅ​តំបន់​នៅ​ប្រទេស​ដែល​មាន​ជនផ្តាច់ការ​មិន​ទទួល​យក​ដំណើរការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិប​តេយ្យ​និង​មិន​ទទួល​លទ្ធផល​ឆ្នោត»។

​លោក​ត្រឹង​ម៉ាននរិន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​លើក​ឡើងថា​ការបោះឆ្នោត​នេះ​នាំ​ឲ្យ​អ្នក​តាម​ដាន​នៅប្រទេស​កម្ពុជា​និង​ប្រទេស​ដទៃ​ទៀត​រិះគន់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​លោក​ថ្លែង​ថា​នេះ​គឺជា​ដំណើរការ​តាម​ផ្លូវ​ច្បាប់​នៃ​របប​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​បាន​បន្ថែម​ថា៖ «វា​បង្ហាញ​ឲ្យ​ឃើញ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​វា​មាន​ការខ្វែង​គំនិត​គ្នា​ប៉ុន្តែ​ទី​បញ្ចប់​គេ​នឹង​មាន​តុលាការ​សម្រាប់​កាត់​ក្តី​រក​អ្នកណា​ចាញ់​អ្នកណា​ឈ្នះ។ ចំណុច​ល្អ​វានៅ​ត្រង់​កន្លែង​ហ្នឹង។ ប៉ុន្តែ​ប្រទេស​ផ្តាច់ការ​វិញ​វា​អត់​មាន​ការបោះឆ្នោត​ផង​កុំទៅ​និយាយ​រឿង​សេរី​នោះ។ ប្រទេស​ទាំងនោះ​អត់​មាន​សិទ្ធិ​អ្វី​មក​រិះគន់​នៅ​ប្រទេស​អាមេរិក​ទេ»។

យ៉ាងណាក៏ដោយ​កាលពី​ថ្ងៃ​ច័ន្ទ​ទី២៣​ខែវិច្ឆិកា​ទីភ្នាក់ងារ​សេវាកម្ម​ទូទៅ (GSA)​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ផ្ទេរតំណែង​របស់​លោក​Joe Biden​ធ្វើការជាមួយ​នឹង​រដ្ឋបាល​លោកប្រធានាធិបតី​Donald Trump​ដើម្បី​រៀបចំ​ឯកសារ​ផ្ទេរ​ការងារ។ បើទោះបីជា​លោក​ប្រធានាធិបតី​ត្រាំ​មិន​សារភាព​ចុះចាញ់​ក៏ដោយ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​តាមសារ​ធ្វីតថឺ​ថា​លោក​ណែនាំ​ពួកគេ​ឲ្យ​សហការគ្នា​និងនៅតែ​បន្ត​ការតវ៉ា​តាម​ផ្លូវ​តុលាការ។

រូប​ឯកសារ៖ លោក​បណ្ឌិត ទន់ សុវណ្ណ រួម​ទាំង​ក្រុម​គ្រួសារ គោរព​ព្រះសង្ឃ​នៅ​ក្នុង​ពិធី​ប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

លោក ​ទន់​ សុវណ្ណ ប្រធាន​កិត្តិយស​នៃ​ពុទ្ធិក​សមាគម​ខ្មែរ​ប្រចាំ​វត្ត​ពុទ្ធិការាម​នៅ​រដ្ឋ​ម៉ារីឡែន​យល់​ថា​លោក​ប្រធានាធិបតី​Donald Trumpបាន​ប្រើ​អត្តចរិក«អញនិយម»​ដែល​យល់​ថា​គ្មាន​អ្នកណា​អាច​ស្មើ​លោក​បាន។ ដូច្នេះ​ហើយ​លោក​ពិបាក​ទទួល​យក​បរាជ័យណាស់​បើ​ទោះបីជា​ការពិត​បាន​បង្ហាញ​ក៏ដោយ។

​លោក​បញ្ជាក់​ថា៖ «ខ្ញុំ​នៅ​សហរដ្ឋ​អាមេរិក​តាំងពីឆ្នាំ​១៩៦២​មក​គឺមិន​ដែល​ឃើញ​ប្រធានាធិបតី​ណា​ចាញ់​ហើយ​មិន​សុខ​ចិត្ត​ចាញ់​ទេ។ គ្មាន​អ្នកណា​ឈ្នះ​តែ​ម្នាក់​ឯង​ទេ​។ ដូច​យើង​ដឹង​ហើយ​រឿង​តុលាការ​គេ​ឃើញ​ថា​អត់​មាន​មូលដ្ឋាន​ទាល់តែ​សោះ​ហើយ​នៅតែខំ​តវ៉ា​ដើម្បី​ឲ្យ​ខ្លួន​បាន​ឈ្នះ​កុំឲ្យ​ខ្លួន​អន់»។

លោក​ ទន់ សុវណ្ណ​ បាន​រិះគន់​ទង្វើ​របស់​លោក​ប្រធានាធិបតី​Donald Trump​ដែល​បាន​ហៅ​ថ្នាក់ដឹកនាំ​សភាប្រចាំ​រដ្ឋ​ដែល​មាន​ដូចជា​រដ្ឋ​មីឈីហ្កឹន​មកជួប​ក្នុង​គោល​បំណង​ដាក់សម្ពាធ​ពួកគេ​ឲ្យ​ជ្រើសរើស​អង្គ​បោះឆ្នោត​ដែល​គាំទ្រ​រូបលោក។ លោក​បន្ថែម​ថា​ប៉ុន្តែ​វា​ជា​រឿង​ល្អ​ដែល​ថ្នាក់ដឹកនាំ​ទាំងនោះ​មិន​ព្រម​ធ្វើ​តាម។

លោក​ប្រធានាធិបតី​Donald Trumpបាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា​លោក​នឹងព្រមចាក​ចេញ​ពី​សេតវិមានបើ​សិន​ជា​អង្គ​បោះឆ្នោត​បាន​សម្រេច​ជ្រើសរើស​លោក​ចូ​បៃដិន។ ប៉ុន្តែ​បន្ត​អះអាង​ថា​បើ​សិន​ជា​ពួកគេជ្រើសរើស​លោក​បៃដិន​គឺ​ជា​កំហុស​ឆ្គង​មួយ។ រដ្ឋ​នានា​មាន​ពេល​ដល់​ថ្ងៃទី៨​ខែធ្នូ​ដើម្បី​ដោះស្រាយ​បណ្តឹង​តវ៉ា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ហើយ​អង្គបោះឆ្នោត​មាន​គម្រោង​ជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃទី​១៤​ខែធ្នូ​ខាងមុខ​នេះ៕