ខ្មែរ​អាមេរិកាំង​ថា​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​នឹង​ត្រូវ​បន្តឹង​បើ​លោក​ត្រាំ​ជាប់​ឆ្នោត

រូប​ឯកសារ៖ ប្រធានាធិបតី Donald Trump ចូល​រួម​ពិធី​សម្ពោធ​ជញ្ជាំង​ខណ្ឌ​តាម​បណ្តោយ​ព្រំដែន​​ជាមួយ​ប្រទេស​ម៉ិកស៊ិក នៅ​ក្នុង​រដ្ឋ Arizona កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២០។

រដ្ឋ North Carolina -- ក្រោយ​ពី​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៧​មក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ចាត់​វិធានការ​តឹងរឹង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ជន​អន្តោប្រវេសន៍​ខុសច្បាប់។

វិធានការ​ទាំង​នោះ​រួម​ការ​ព្យាយាម​សង់​ជញ្ជាំង​នៅតាម​បណ្តោយ​ព្រំដែន​នៅ​ភាគ​ខាងត្បូង​ជាមួយ​ប្រទេស​ម៉ិកស៊ិក និង​ការ​បង្កើន​ការសាងសង់​កន្លែង​ឃុំ​ខ្លួន​ជនអន្តោប្រវេសន៍​ដែល​ស្វែង​រកវិធី​ចូល​មក​ប្រទេស​អាមេរិក ដើម្បីជៀស​ផុតពីការ​ធ្វើទុក​បុកម្នេញ​ក្នុង​ប្រទេស​របស់​ខ្លួន នៅតាម​បណ្តោយ​ព្រំដែន​ភាគ​ខាងត្បូង​ជាដើម។

គោល​នយោបាយ​របស់​លោក ដូណាល់ ត្រាំ​ទាំងនេះ ​រងការ​រិះគន់​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ខ្លះ។ តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅតាម​បណ្តា​រដ្ឋមួយ​ចំនួន​បាន​គាំទ្រ​ទៅវិញ​ជា​ពិសេស​ទៅលើ​ការ​អនុវត្ត​ច្បាប់​និងការ​ប្តេជ្ញាចិត្ត​របស់​លោក​ត្រាំ។​ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​ទទូច​ថា​លោក​ត្រាំ​គួរ​ត្រូវ​បន្ត​ប្រសិទ្ធភាព​នៃ​គោល​នយោបាយ​របស់​លោក​នេះ​ទៀត​ដើម្បី​សេដ្ឋកិច្ច​សង្គម​និង​ផល​ប្រយោជន៍​ប្រទេស​បើ​លោក​ជាប់​ឆ្នោត​មួយ​អាណត្តិ​បន្ត​ទៀត។

លោក ​អ៊ុន សុខុម ​អាយុ​៥៧ឆ្នាំ​ជា​ពលរដ្ឋ​ខ្មែរម្នាក់​រស់នៅ​ក្នុង​ទីក្រុង​ឡូវែល (Lowell)​រដ្ឋ​ម៉ាស្សាឈូសេតស៍​(Massachusetts)​បានថ្លែង​ថា លោក​ចង់​ឃើញ​លោក​ត្រាំ​រៀបចំ​ក្រុម​ជន​អន្តោប្រវេសន៍​ឲ្យ​បាន​ត្រឹមត្រូវ​នាពេល​ខាងមុខ។

លោក​ថ្លែង​ថា៖ «ជា​គោលការណ៍​របស់​គាត់​ទិសដៅ​របស់គាត់​នៅពេល​ក្លាយជា​ប្រធានាធិបតី​អាណត្តិ​ទី២​នា​ពេល​អនាគត​លោក​ត្រូវ​មាន​ផែនការ​ហ្នឹង​ហើយ​លោកត្រាំ​ក៏​អាច​និយាយ​បាន​ថា​នៅ​ក្នុង​អាណត្តិ​របស់​គាត់​ហ្នឹង​អាច​និយាយ​បាន​ថា​គាត់​នឹង​ត្រូវ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​បញ្ហា​ជន​អន្តោប្រវេសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

លោក​ថា​គោល​នយោបាយ​របស់​លោក​ត្រាំ​ប្រឆាំង​នឹង​ជនអន្តោ​ប្រវេសន៍​ខុសច្បាប់​និង​ការ​បញ្ជូន​ពលរដ្ឋ​ទាំងនោះ​ត្រឡប់​ទៅ​វិញ​ត្រូវ​បាន​ទទួល​ការគាំទ្រ​ពី​ពលរដ្ឋ​អាមេរិកាំង​ដើម្បី​ធានា​បាន​ស្ថិរភាព​សេដ្ឋកិច្ច​និង​ការងារ​ធ្វើ​ហើយ​នឹង​បញ្ហា​ជា​ច្រើន​ទៀត​ដែល​បង្ក​ក្នុង​ប្រទេស​អាមេរិក។​

រូបឯកសារ៖ មន្ត្រី​ទី​ភ្នាក់ងារ​អន្តោ​ប្រវេសន៍ និង​អនុវត្ត​ច្បាប់​គយ​របស់​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា ICE ចាប់​ជន​អន្តោប្រវេសន៍ (រូប​ផ្តល់​ឲ្យ​ដោយ ICE)

ពលរដ្ឋ​មកពី​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ដែល​កំពុង​រស់នៅ​ខុសច្បាប់​លើ​ទឹកដី​អាមេរិក ដើម្បី​ប្រកប​របរ​ចញ្ចឹម​ជីវិត​ដោយ​ធ្វើការ​យក​លុយ​សុទ្ធទោះ​ជាមិន​ចូលតាម​ប្រព័ន្ធ​ការងារ​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ការ​ធានា​សុខភាព​ អាយុជីវិត​ និង​ការ​ចូល​និវត្តន៍​ដូច​បុគ្គលិក​ធ្វើការ​ស្របច្បាប់​ធម្មតា​ក្តី។​ពួកគេ​រងការ​បង្ក្រាប​ចាប់ខ្លួន ​និង​បណ្តេញចេញ​ពេល​អាជ្ញាធរ​ដឹង​ពីការ​រស់នៅ​មិនស្រប​ច្បាប់​និង​ធ្វើការ​ខុសច្បាប់។

​ក្រៅ​ពី​នេះ​ពួកគេ​ក៏​ត្រូវ​ចោទ​ប្រកាន់​និង​រើស​អើង​ធ្ងន់ធ្ងរ​ក្នុងសង្គម​អាមេរិកាំង​ផងដែរ​ដូចជា​ការចោទ​ប្រកាន់​ថា​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ខុសច្បាប់​ជាច្រើន​ដែល​លោកត្រាំ​ធ្លាប់​លើក​ឡើង​ពី​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋនានា​រួមទាំង​ប្លន់​សម្លាប់​គ្រឿងញៀន​ រំលោភ​ស្រី្ត​ភេទ​ជាដើម។​តែតាម​ការ​វិភាគ​និង​ការ​ស្រាវជ្រាវ​ខ្លះ​បាន​បង្ហាញ​ថា អំពើ​ឧក្រិដ្ឋ​ដែល​ជន​អន្តោប្រវេសន៍​បាន​ប្រព្រឹត្ត​គឺមាន​ចំនួន​តិចជាង​ឆ្ងាយ​បើធៀប​ទៅនឹង​ជនជាតិ​អាមេរិកាំង​ខ្លួនឯង​បាន​ប្រព្រឹត្ត។

ជន​អន្តោ​ប្រវេសន៍​ខ្លះ​មាន​ការ​ទាក់ទង​នឹង​ការ​គេច​ខ្លួន​រស់នៅ​ពេល​ផុត​ទិដ្ឋាការ​លួចឆ្លង​ដែន​ចូល​មក​សហរដ្ឋ​អាមរិក​ដោយ​គ្មាន​ឯកសារ​ការរៀបការ​ក្លែងក្លាយ​ការ​រត់​ពន្ធ​មនុស្ស​តាមរយ:​វីធី​ផ្សេងៗជាដើម។​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក ដល់​ទៅ​ជិត​១១​លាននាក់។​

បញ្ហា​របស់​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​នៅ​ពាសពេញ​សហរដ្ឋ​អាមេរិក​ទាំងនោះ​ត្រូវ​គេ​គិត​ថា​ជា​បន្ទុក​របស់​រដ្ឋាភិបាល​អាមេរិក​សហព័ន្ធ​និង​រដ្ឋាភិបាល​តំបន់​ឬ​រដ្ឋាភិបាល​ប្រចាំរដ្ឋ​នានា​ដែល​លោក​ត្រាំ​បាន​ប្តេជ្ញា​ថា នឹង​រឹតបន្តឹង​ដោយ​វិធានការ​ច្បាប់​ហើយ​បញ្ចប់​ការ​ទទួលខុស​ត្រូវ​របស់​រដ្ឋ​លើ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់។​នេះ​ជា​ការរៀបរាប់​បន្ថែម​របស់​លោក​អ៊ុន សុខុម។

លោក​បាន​បន្ថែម​ថា៖ «អីចឹង​ហើយ​ដោយ​សារ​ឮ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​គាត់មាន​គោលការណ៍​ផ្លូវច្បាប់​ដើម្បីដោះស្រាយ​ផ្លូវច្បាប់​គឺពលរដ្ឋ​អាមេរិកាំង​គាត់​គាំទ្រ​មិនមែន​ជនអន្តោប្រវសន៍​ដែល​មក​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ទេ​តែមាន​ពលរដ្ឋ​ជាច្រើន»។

លោក​បាន​បន្តថា៖ «ហើយ​អ្នកគាំទ្រ​លោក​ដូណាល់ ត្រាំ​អំពី​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​ហ្នឹង​គឺជា​គោលការណ៍​មួយ​ដែល​ត្រឹមត្រូវ​របស់អ្នក​ដែលគិត​ឃើញ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ដែលត្រូវ​គោរព​និង​អនុវត្តន៍»។

លោក​បាន​បន្ត​ថា​ក្រុមអ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​គេមាន​គោល​នយោបាយ​របស់គេ។​ហើយ​សម្រាប់​ពលរដ្ឋ​ខ្មែរខ្លះ​ក៏ប្រឆាំង​ដោយសារ​តែគេ​មាន​ផល​ប្រយោជន៍​របស់គេ​រៀងខ្លួន ដូចជា​ការ​គេច​នៅ​ការ​រៀបការ​ក្លែងក្លាយ​និង ​ទង្វើ​មិន​ល្អមួយ​ចំនួន​ទៀត​ដែល​ផ្ទុយ​ពីច្បាប់​សហរដ្ឋ​អាមេរិក​ជាពិសេស​ច្បាប់​ចូល​សញ្ជាតិ។

គណបក្ស​សាធារណរដ្ឋ​បាន​រឹតបន្តឹង​ជន​អន្តោប្រវេសន៍​ខុសច្បាប់​រាប់ចាប់​តាំងពី​ការមិន​ផ្តល់​ថវិកាជួយ​សង្គ្រោះ​ដោយ​វិបត្តិកូវីដ​ការសង់​ជញ្ជាំង​ទប់ស្កាត់​របស់​លោក​ត្រាំ​នៅភាគ​ខាងត្បូង​អាមេរិកជាប់​ប្រទេស​ម៉ិកស៊ិក​និង​ការចាប់​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ​ចំពោះ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ក្រោម​បទ​បញ្ជា​ប្រធានាធិបតី​ត្រាំ​ដែល​បញ្ជាក់​ថា​គ្មានការ​អត់ឱន​ដល់​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ដែលឆ្លង​ចូលមក​កាន់​ទឹកដី​អាមេរិក​ទេ។

លោក​គឹម សុផល ​ពលរដ្ឋខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​មីនីសូតា​ដែល​មក​រស់នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ដើម​ទសវត្សរ៍​១៩៨០​បានថ្លែង​ថា​បើមាន​ក្រុម​ជន​អន្តោប្រវេសន៍​ខុសច្បាប់​មកច្រើន​មានការ​ប៉ះទង្កិច​ដល់សេដ្ឋកិច្ច​និង ​ការងារ​ដោយសារ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​មកច្រើន​នឹងនាំ​ឲ្យ​តម្លៃ​ពលកម្ម​ចុះ​ថោក​ហើយ​ប៉ះពាល់​ឬកាត់​បន្ថយ​ការងារ​ដល់​ពលរដ្ឋ​រាប់លាន​នាក់​ដែល​ធ្វើការ​បាន​ថ្លៃ​ដើម្បី​បង់ផ្ទះ​សម្បែង​បង់​ប្រាក់​ធានា​រ៉ាប់រង​ជីវិត​និង​សុខភាព​ជាដើម។​

លោក​ចង់​ឃើញ​លោក​ត្រាំ​មាន​វិធានការ​បន្ថែម​លើ​បញ្ហា​អន្តោ​ប្រវេសន៍​ខុសច្បាប់​បើ​លោក​ដឹកនាំ​ប្រទេស​បន្ត។

លោក​បញ្ជាក់​ថា៖ «បើសិន​ឲ្យចូល​មក​ដោយ​សេរី​ហើយ​លួច​លាក់​គឺ​ខ្ញុំ​គាំទ្រ​ថា​មិន​ឲ្យ​ចូល​ទេ។​យើង​ត្រូវ​ឃាត់​ឃាំង យើង​មិន​ឲ្យ​ចូល​មក​អីចឹង​បាន​ទេ។

លោក​ថា​សហរដ្ឋ​អាមេរិក​គួរ​មាន​ប្រព័ន្ធ​ការងារ​មួយ​ដែល​អាច​ឲ្យ​ប្រទេស​មួយចំនួន​ដែល​ចង់​បញ្ជូន​កម្មករ​ឬ​ពលរដ្ឋ​មក​ធ្វើការ​នៅ​អាមេរិក​ត្រូវដាក់​ពាក្យ​សុំ​ហើយ​ត្រូវ​ត្រឡប់​ទៅវិញ​ពេល​ចប់អាណត្តិ​ជាក់​លាក់មួយ​រាល់​៣ឬ​៤ឆ្នាំ​ម្តង។

លោក​សុផល​បាន​ស្តីបន្ទោស​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី​អូបាម៉ា​ថា​បណ្តោយ​ឲ្យ​មាន​ជនអន្តោ​ប្រវេសន៍​ច្រើន​ដែល​ធ្លាក់មក​ដល់​រដ្ឋបាល​លោក​ត្រាំ​ដែល​ពិបាក​ឲ្យ​លោក​ត្រាំ​ចាត់​វិធានការ​ទប់​ស្កាត់។

លោក​ថ្លែង​ថា៖​«ទប់ស្កាត់​មិនបាន​ទេ​ព្រោះ​កន្លង​មក​៨ឆ្នាំ​កន្លង​មកហើយ​កាល​លោក​ប្រធានាធិបតី​អូបាម៉ា​ គាត់នៅកាន់​តំណែង​ជា​ប្រធានាធិបតី​គាត់មិន​បាន​ហាមឃាត់​ប៉ុន្មាន​ទេ​ក្នុងការ​ទប់​មិន​ឲ្យជនអន្តោប្រវេសន៍​ខុសច្បាប់​ចូលមក​ហ្នឹង។​ច្បាប់​មាន​ចាប់ដែរ​តែគាត់​មានភាព​ធូរលុង​ដែរ»។

ទោះជា​លោក​ប្រធានាធិបតី​ត្រាំ​នៅ​ប៉ុន្មានខែ​ដើម​អាណត្តិទី១​របស់​លោក​មាន​ការ​មមារញឹក​នឹង​បញ្ហាជា​ច្រើនក្តី​ក៏​បាន​បង្ហាញ​កំណើន​ខ្លាំង​ក្នុងការ​ចាប់​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​លើស​លោក​អតីត​ប្រធានាធិបតី​មុនៗ​មែនតែបើ​តាម​គេហទំព័រ​របស់​វិទ្យាស្ថាន​គោល​នយោបាយ​ជន​ចំណាកស្រុក Migration Policy Institute នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែលមិន​ប្រកាន់​គណបក្ស​នយោបាយ​នោះ បានបញ្ជាក់​ឲ្យដឹងថា​រដ្ឋបាល​លោកអតីត​ប្រធានាធិបតី អូបាម៉ា បាន​បញ្ជូន​មនុស្ស​ជាង​៥,២​លាននាក់​ចេញ​ពី​ប្រទេស​អាមេរិក​ក្នុង​អំឡុង​ពេល​៨​ឆ្នាំ​ដែល​លោក​កាន់តំណែង។​

លោក​គុជ ច័ន្ទលី​ពលរដ្ឋ​ខ្មែរអាមេរិកាំង​នៅ​រដ្ឋម៉ារីឡែន​បាន​ថ្លែងថា​លោក​គាំទ្រ​ការ​អនុវត្ត​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ចំពោះជន​អន្តោប្រវេសន៍​ខុសច្បាប់​ក្រៅពី​សង្កេត​ឃើញថា​លោកត្រាំ​មានការ​តឹងរឹង​ខ្លាំង​ជាងមុន។​ម្យ៉ាង​ទៀត​វិធានការ​បន្តឹង​លើ​ជនអន្តោប្រវេសន៍​នេះ​គឺ​ស្របនឹង​ការការពារ​សុខភាព​ពេល​មាន​វិបត្តិ​កូវីដ​ឲ្យមនុស្ស​មាន​ការងារ​ធ្វើ​ទុក​ការងារ​ឲ្យ​អាមេរិកាំង​ឲ្យ​បាន​ច្រើន។

រូប​ឯកសារ៖ លោកគុជ ច័ន្ទលី ខ្មែរអាមេរិកាំងមកពីរដ្ឋ ម៉ារីឡែន សម្តែងការយល់ឃើញជុំវិញសេចក្តីថ្លែងការប្រចាំឆ្នាំរបស់លោកប្រធានាធិបតី Trump ស្តីពីស្ថានភាពសហព័ន្ធ នៅទីស្នាក់ការវីអូអេ រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

លោក ច័ន្ទលី ថ្លែង​ថា៖ «ប្រទេស​នីមួយៗ​មាន​ច្បាប់​របស់​គេ​ហើយ​ច្បាប់​របស់​គេ​ហ្នឹង​គេ​តាក់តែង​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​គេ។​ដូច្នេះ​ហើយ​ខ្ញុំ​មិនគាំទ្រ​ទៅ​ដល់​អំពើ​ខុស​ច្បាប់ផ្សេងៗ​ដែល​បុគ្គល​ណាម្នាក់​ទោះបី​ជនភៀស​ខ្លួនក្តី​ជន​អន្តោប្រវេសន៍​ក្តី​មាន​សញ្ជាតិ​អាមេរិកាំង​ក៏ដោយ​អត់​ក៏ដោយ គឺថាឲ្យ​តែ​ធ្វើខុស​ច្បាប់​ត្រូវតែ​ទទួល​ទណ្ឌកម្ម ។​ បើ​ជន​ហ្នឹង​អត់មាន​សញ្ជាតិ​អាមេរិកាំង​ទេ​ត្រូវតែបញ្ជូន​ទៅកាន់​ប្រទេស​គេវិញ»។

តែ​លោក​គុជ ច័ន្ទលី ដែល​ថា ការឹត​បន្តឹងច្បាប់​ សេវាកម្ម​បច្ចេកវិជ្ជា​ដោយ​មិនចាំ​បាច់​សង់​ជញ្ជាំង​ឬធ្វើ​ទុក្ខបុក​ម្នេញ​ជនអន្តោ​ប្រវេសន៍​ដែល​ជា​សកម្មភាព​ឃោរឃៅ​រហូត​ដល់​ស្លាប់​មនុស្ស​ខ្លះ​និង​ព្រាត់ប្រាស់​ផងនោះ​បាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​តែងតែ​ជ្រើសរើស​មនុស្ស​ពូកែ​និង ​មាន​ចំណេះ​ដឹងខ្ពស់ៗ​ដើម្បី​កសាង​ប្រទេស​និង​ធ្វើឲ្យ​ប្រទេស​ជាតិ​ខ្លួន​រីក​ចម្រើន​ទៅមុខ​ជាច្រើន​ឆ្នាំ​ហើយ៖

«សូម្បី​តែ​ជន​អន្តោប្រវេសន៍​ដែល​ចូលមក​សហរដ្ឋ​អាមេរិក​ហ្នឹង​ក៏អីចឹង​ដែរ​សហរដ្ឋអាមេរិក​ មាន​ប្រពៃណី​មួយ​បើក​ទទួល​យក​មនុស្ស​បរទេស​ទាំងឡាយ​ដែលមាន​ទេពកោសល្យ​ខ្ពស់​ដែល​មាន​ចំណេះ​ដឹងខ្ពស់​ដែលមាន​លុយកាក់​ច្រើន​យកមក​ដាក់ទុន​ធ្វើ​វិភាគ​អ្វីផ្សេងៗ​ធ្វើជំនួញ​អ្វីផ្សេងៗនៅក្នុង​សហរដ្ឋ​អាមេរិក។​អាមេរិកាំង​មាន​នយោបាយ​ជ្រើសរើស​មនុស្ស​ខ្លាំងៗ​ពូកែ​យក​មក​ដាក់នៅក្នុង​ប្រទេស​គេ»។

លោក​ថ្លែង​ដូច្នេះ​យោង​ទៅលើ​ថា​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​ខិតខំ​បង្ហាញ​ពលរដ្ឋ​របស់គេ​ឲ្យដឹង​ថាគេ​ជាអ្នក​គិតគូរ​ពីផល​ប្រយោជន៍​ជាតិ​និង​ពលរដ្ឋ​ក្រៅ​ពី​និយាយ​យោង​ទៅ​ដល់​បទបញ្ជា​លោក​ប្រធានាធិបតី​ត្រាំ​បិទ​ទិដ្ឋការ​ H1B​ សម្រាប់​អ្នកធ្វើការក្នុង​ពេល​វិបត្តិ​កូវីដ១៩​និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​បិទការ​ចាប់​ឆ្នោត​ផ្សង​សំណាង​មករស់​នៅ​សហរដ្ឋ​អាមរិក​សម្រាប់​ប្រទេស​មួយចំនួន​និង​ប្រភេទ​ទិដ្ឋាការ​មួយចំនួន​ទៀត​ចាប់​បញ្ជូន​ពលរដ្ឋ​ឬជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​ដែល​គ្មាន​ឯកសារ​ចេញពី​សហរដ្ឋ​អាមេរិក​ក្រៅ​ពី​ចោទ​ប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​ចំណាយ​លុយ​រដ្ឋ​ជាច្រើន​សម្រាប់​ជូយ​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ជាដើម។

ទោះជា​យ៉ាងណា​បញ្ហា​ជនអន្តោ​ប្រវេសន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​របស់អ្នក​នយោបាយ​ចម្រុះ​បក្ស​ដើម្បី​ទាញយក​ផល​ចំណេញ​នយោបាយ​ហើយ​ក្លាយជា​ប្រធាន​បទ​ដែលត្រូវជជែក​វែកញែក​និង​ខ្វែង​គំនិតគ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ផងដែរ។

គណបក្ស​ប្រជាធិបតេយ្យ​មានគោល​នយោបាយ​ផ្សេង​ហើយចង់​លុបចោល​គោល​នយោបាយអន្តោប្រវេសន៍​ខ្លះរបស់​លោក​ត្រាំ​ដូចជា​ការកសាង​ជញ្ជាំង​ទប់ស្កាត់​អន្តោប្រវេសន៍​ដែលនាំ​ឲ្យខាតបង់​ថវិកាជាតិ​រាប់លាន​បានសន្យា​ថានឹង​កែទម្រង់​ច្បាប់​អន្តោ​ប្រវេសន៍​បើ​លោក​Joe Biden​បេក្ខជន​ប្រធានាធិបតី​ជាប់ឆ្នោត​នៅក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃទី៣​ខែវិច្ឆិកាឆ្នាំ​២០២០នេះ៕