ខ្មែរ​អាមេរិកាំង មិន​ភ្ញាក់ផ្អើល​នឹង​ការប្តឹង​របស់​លោក​ត្រាំ ក្រោយ​ការបោះឆ្នោត

លោក ​រី គា ​និងភរិយា​​គឺ​លោកស្រី​ នូ ផល្លីន ​ពលរដ្ឋ​អាមេរិកាំង​ បានបោះ​ឆ្នោត​សហរដ្ឋអាមេរិកឆ្នាំ ២០២០ នៅក្នុង​ទីក្រុង ​ម័រដេស្តូ (Modesto) ​រដ្ឋកាលីហ្វ័រញ៉ា​ កាលពី​ថ្ងៃទី៣​ ខែវិច្ចិកា ឆ្នាំ២០២០។​ (រូបថត៖ រី គា)

ក្រុម​អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង​នៅ​តាម​បណ្តា​រដ្ឋ​នានា​អះអាង​ថា​ ការ​ប្តឹង​តវ៉ា​របស់​លោកប្រធានាធិបតី ​ដូណាល់ ត្រាំ ​ក្រោយ​ការ​បោះឆ្នោត ​គឺ​ជា​រឿង​ផ្លូវ​ច្បាប់​ និងការ​ប្រើប្រាស់​សិទ្ធិ​ដែល​ជា​រឿង​មិន​ចម្លែក​ទេ ក្នុង​ពេល​លោក​ ចូ បៃឌិន ​កំពុង​នាំ​មុខ​សំឡេង​ឆ្នោតនៅ​រដ្ឋ​ងាករេ​ ឬ swing State ​ចុងក្រោយ​ ដូចជា​រដ្ឋ Georgia ​ដែល​មាន​១៦ ប្រតិភូ ​និងរដ្ឋ​ Pennsylvania ​ដែល​មាន​សំឡេង​២០​ ប្រតិភូ​នោះ។ ​

នៅ​ក្រោយ​ពេល​ដែល​មាន​ភ្លើង​ខៀវ​ពី​លោកត្រាំ ​ដើម្បី​ដាក់​ពាក្យ​ប្តឹង​កាល​ពី​ថ្ងៃ​ពុធ​ អ្នក​ធ្វើ​យុទ្ធនាការ​របស់​លោក ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទាក់ទិន​នឹង​របៀប​ចាត់ចែង​លើ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍។

​ក្រុម​របស់​លោក​ Trump បាន​ស្នើ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ជា​ពិសេស​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ចំនួន ​៣ គឺ​រដ្ឋ Georgia ​រដ្ឋ Michigan និង​រដ្ឋ Pennsylvania​ ដែល​ជា​រដ្ឋ​សំខាន់​នៅ​ក្នុង​ការ​កំណត់​អ្នក​ឈ្នះ​នៃ​ការ​បោះឆ្នោត​នេះ។​ ការ​ស្នើសុំ​ឲ្យមាន​ការបញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត​របស់​លោកត្រាំ​ មិន​ទាន់​មាន​ប្រសិទ្ធិភាព​ទេ ​ដោយ​សារ​គេ​អះអាង​ថា​ គ្មាន​ហេតុផល​សមរម្យ ​ក្នុង​ពេល​សំឡេង​លោក​បៃឌិន កើនឡើង​នឹង​នាំមុខ​នៅ​នាទី​ចុងក្រោយ​ ដែល​គេ​គណនា​ក្រៅផ្លូវការ​ថា​ អាច​លើស​ចំនួន​ប្រតិភូ​២៧០ ឬ​ឈ្នះ​ការ​បោះឆ្នោត ​នៅមុន​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នោះ ក្នុង​លក្ខខណ្ឌ​ដែល​លោក​ បៃឌិន ឈ្នះ​រដ្ឋ​ Pennsylvania នេះ។ ​

លោក ​រី គា ​ពលរដ្ឋ​អាមេរិកាំង​ម្នាក់មាន​ដើមកំណើត​មក​ពី​ខេត្ត​បាត់ដំបង ​និង​បច្ចុប្បន្ន​រស់នៅ​ក្នុងទីក្រុង Modesto រដ្ឋ California មាន​មុខ​របរ​ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​មួយផង​នោះ​ បានថ្លែងថា​ ពាក្យបណ្តឹង​លោក ត្រាំ​ មិនមែន​ជាការ​ចម្លែក​ទេ។

«វាជា​ដំណើរការ​ប្រជាធិបតេយ្យ ​ដែល​គេ​កំពុង​អនុវត្តន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ព្រោះ​មិន​ថា​តែ​ជា​ប្រធានាធិបតី​ទេ​ ទោះ​តំណែង​ហ្នឹង​ជា​អភិបាល​រដ្ឋ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហ្នឹង​ក្តី ​កន្លែង​ណាមួយ​ក្តី​ដែល​គាត់​មិន​សប្បាយ​ចិត្ត ​គេ​មិន​អាច​ទៅ​ប្តឹង​ផ្តល់​ឯណា​បាន​ក្រៅពី​តុលាការ​ទេ។ នេះ​ជា​ប្រព័ន្ធធម្មតា»។

លោក​ថា ​រឿង​នេះ​ធ្លាប់កើត​ឡើង​ក្នុងពេល​បោះ​ឆ្នោត​ជាង​១ទសវត្សរ៍​មុន​រវាង​លោក​អតីត​ប្រធានាធិបតី​ គឺ​លោក​ George W. Bush ខាង​គណបក្ស​សាធារណរដ្ឋ​ និង ​លោក​អតីត​អនុ​ប្រធានាធិបតី​ Al Gore ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០០០​ ក៏មាន​ការប្តឹង​ផ្តល់​តវ៉ាគ្នា​ ដូចគ្នា​ដែរ​នៅរដ្ឋ Florida តែចុង​ក្រោយ​លោក​ Bush ​ជា​អ្នក​ឈ្នះ​ក្តី។ ​

ក្រៅពី​រំពឹង​ថា ​ភាព​ចម្រូងចម្រាស​តាម​ផ្លូវ​ច្បាប់​និង​ការ​តវ៉ា​ខ្លះ​ នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ នឹង​គ្មាន​អំពើ​ហិង្សា​នោះ លោក​ចង់​ឃើញ​តំណាង ​និង ​ប្រធានាធិបតីថ្មី ​ត្រូវ​ជួយ​ម្ចាស់​ឆ្នោត​វិញ ​ហើយ​បែងចែក​ឲ្យ​ស្មើ​ភាព​ផ្នែក​សុខភាព​ ការងារ​ធ្វើ ​ផ្តល់​ថវិកា​ដល់​សាលារៀន ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​សម្រួល​សេចក្តី​ត្រូវការ​សង្គម​នានា ​ដូចជា​គាំទ្រ ​ថវិកា ​សម្ភារ: ​ពី​រដ្ឋាភិបាល​សហព័ន្ធ​ជាដើម។

លោក ​ធីម៉ូធី ឈឹម ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​រដ្ឋ ​ញូវយ៉ក ​និងជា​អ្នកជំនួញ​ខ្នាតតូច​ បាន​ថ្លែង​ថា​ ការប្តឹង​ផ្តល់​នេះ ​ជាដំណើរ​ការ​ច្បាប់​នៅ​ប្រទេស​អាមេរិក ​បើ​កាលណា​ភាគីមួយ​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី ​និង​នីតិវិធី​ក្នុង​ដំណើរការ​បោះឆ្នោត ​មិន​ធម្មតា ​គូភាគី​ប្រជែង​មាន​សិទ្ធិ​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ។

«ជា​រឿង​ធម្មតា​បើសិន​ជា​សន្លឹក​ឆ្នោត​ហ្នឹង​វា​កៀក​គ្នា​ពេក​ ហើយ​អ្នក​ដែល​ចាញ់​មិន​សុខ​ចិត្ត​គេ​ត្រូវ​ទៅ​រក​ច្បាប់​ទម្លាប់​ប្តឹង​ផ្តល់​អីចឹង​ហើយ​ នេះ​ជា​រឿង​ធម្មតា»។

លោក ​ធីម៉ូធី ឈឹម​ បាន​បន្តថា ​សម្រាប់​លោក​ មាន​តួនាទី​គ្រាន់តែ​ជា​អ្នក​បោះឆ្នោត ​និង​រង់ចាំ​ទេ បើមាន​រឿងរ៉ាវ​ត្រូវតតាំង​គ្នាតាម​ផ្លូវ​ច្បាប់​រវាង​ភាគី​ប្រជែងនោះ។

«យើង​មាន​តួនាទី​តែ​បោះឆ្នោត​ទេ​ បើ​យើង​បោះទៅ​ហើយ​មាន​បញ្ហា​យ៉ាងណា​ យ៉ាងណី ​យើង​ទុក​ឲ្យ​តុលាការ ​បើសិន​ជា​រឿង​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់ ​យើង​ទុក​ឲ្យ​តុលាការ​គេ​ធ្វើការ​ទៅ»។

ការ​ផ្លាស់ប្តូរ​ដែល​គេ​ចង់​បាន​ជួនកាល​ជា​រឿង​មិន​ល្អ​ដែរ ​វា​មាន​ហានិភ័យ ​ហើយ​មួយ​ទៀត​បញ្ហា​គោល​នយោបាយ​ប្រធានាធិបតី​រយៈពេល​បួន​ឆ្នាំ​ មិនអាច​ទាន់​ធ្វើ​អ្វី​បាន​ច្រើន​ទេ ​ដោយ​ពេលវា​ខ្លី​ពេក»។

មន្ត្រី​ធ្វើការ​នៅ​ការិយាល័យ​បោះឆ្នោត កំពុង​ពិនិត្យ​មើល​សន្លឹកឆ្នោត​នៅ​ការិយាល័យ និង​កន្លែង​ចុះឈ្មោះ​បោះឆ្នោត​ក្នុងសង្កាត់ Gwinnett នៅ​ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ក្រុង Lawrenceville ក្បែរ​ទីក្រុង Atlanta រដ្ឋ Georgia។

ទោះ​ជា​លទ្ធផល​នៃការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ​នៅ​មិន​ទាន់​ចេញ​ជា​ផ្លូវការ​ក្តី តែ​បណ្តាញ​ផ្សព្វផ្សាយ​នានា​ទាំង​គាំទ្រ ​និងប្រឆាំង ​បាន​បង្ហោះ​លទ្ធផល​ក្រៅ​ផ្លូវការ​មួយ​ចំនួន​ដែលបង្ហាញ​ថា ​លោក​ ដូណាល់ ត្រាំ​ ទទួល​បាន​សំឡេង​ ២១៤​ ហើយ​លោក​ ចូ បៃឌិន ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​សំឡេង​ ២៦៤​ ឬ​ក៏​ខ្លះ​ថា​ ២១៤ ​ទល់​នឹង ​២៥៣ គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​៦ ​ខែ​វិច្ឆិកា​នេះ។ ​បេក្ខជន​ទាំង​ពីរ​ត្រូវការ​សំឡេង​ឆ្នោត​ប្រតិភូ​ចំនួន​យ៉ាងតិច​២៧០​ ដែល​ជា​សំឡេង​កំណត់​ថា​ឈ្នះ​ការ​បោះឆ្នោត​ ដើម្បីនឹង​ក្លាយ​ជា​ប្រធានាធិបតី។

ការ​ប្តឹង​ផ្តល់​នេះ ​ទំនង​ជា​អូស​បន្លាយ​ពេល​យូរ​ក្នុងការ​ប្រកាស​លទ្ធផល​នៃការ​បោះឆ្នោត​ជាផ្លូវការ​ចុង​ក្រោយ​ បើសិន​ជា​តុលាការ​ទទួល​បាន​អំណះអំណាង​សមរម្យ​ក្នុងការ​សម្រេច​តាមការ​ទាមទារ​របស់​គូភាគី​ណាមួយ។

លោក ​អួង រិទ្ធី ​ខ្មែរ​អាមេរិកាំង​មកពី​ទីក្រុង​ Lowell រដ្ឋ Massachusetts ​និង​ជា​អតីត​ក្រុមប្រឹក្សា​ក្រុង​ Lowell​ ដំបូង​ផង​នោះ ​បាន​ថ្លែង​ថា​ ការប្តឹង​ផ្តល់​ជា​ដំណើរការ​ផ្លូវ​ច្បាប់​ដែល​ទំនង​ជា​ត្រូវការ​ពេល​វេលា​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ​ដែល​គេត្រូវ​រង់ចាំ​លទ្ធផល​បោះឆ្នោត​ដែរ។

«ទោះ​ចាំ​ក៏​យើង​ត្រូវតែ​ចាំ​ដែរ​ ព្រោះ​ជា​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើទៅ​តាម​ភាពស្រប​ច្បាប់​ ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​ការ​បាត់សន្លឹក​ឆ្នោត​ប្រជាពលរដ្ឋ​ណាមួយ»។

ទោះជា​លោក រិទ្ធី ​បានបង្ហាញ​ពី​សេរីភាព​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​ប្តឹង​ផ្តល់​របស់​លោក ​ត្រាំ មែន តែ​ថា​នេះ ​គឺជា​ការ​មិនចង់​ទទួល​ខុសត្រូវ​ចំពោះ​លទ្ធផល​ឆ្នោត​ផងដែរ ​នៅ​ពេល​លោក ​បៃឌិន ​នាំមុខ​ខ្លាំង ក្នុងពេល​រាប់សន្លឹក​ឆ្នោត។

លោក​ សេក កុសល ​ពលរដ្ឋ​ខ្មែរអាមេរិកាំងរស់នៅក្នុង​រដ្ឋមីនីសូតា​ ថ្លែងនៅក្នុងកម្មវិធីមួយនៅឯបណ្ណាល័យ Freedom ​ក្នុង​ទីក្រុង ​St Paul​ រដ្ឋមិនីសូតា ​កាលពីខែតុលា ឆ្នាំ២០១៩។ ​(រូបផ្តល់ឲ្យ)

លោក​ សេក កុសល ​ពលរដ្ឋ​ខ្មែរអាមេរិកាំង​មកពី​រដ្ឋមីនីសូតា ​បាន​ថ្លែង​ថា ​គូប្រកួត​ប្រជែង​ទាំងពីរ​នៅ​មាន​ពេល​វេលា​មួយ​ខែ ​ដើម្បី​តតាំង​គ្នា​តាម​ផ្លូវច្បាប់។

«សម្រាប់​ខ្ញុំ​វិញ​ខ្ញុំ​គិត​ថា​វា​រឿង​ធម្មតា​ វា​ជា​ឱកាស​ល្អ ​ជា​គំរូ​ល្អ​ដើម្បី​ឲ្យ​ប្រព័ន្ធ​បោះឆ្នោត​ក្រៅ​ប្រទេស​អាច​សម្លឹង​ឃើញ​ថា​ យើង​មាន​ភាព​អព្យាក្រឹត ​ដូច្នេះ​ទោះ​ជា​ភាគី​លោក ​ដូណាល់ ត្រាំ ​គាត់​ចង់​ប្តឹង​ផ្តល់​រឿង​ហ្នឹង​ជា​សេរីភាព​របស់​គាត់​ ហើយ​បើ​សិន​ជា​លោក​ ចូ បៃឌិន​ គាត់​មិន​យល់​ព្រម​ដែរ​ ក្នុង​រយ:ពេល​១​ខែ​ជាង​ខាង​មុខ​ហ្នឹង​ គាត់​មាន​សិទ្ធិ​ធ្វើ​អី​ចឹងដែរ»។

លោក​ថា ​លោក​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​អ្នក​ឯករាជ្យ ​គឺ​ចង់​ឃើញ​អ្នកដឹកនាំ​មិន​ប្រើ​ពាក្យ​សម្តី វាយប្រហារ​គ្នា​ខ្លាំង ​ដែល​នាំ​ឲ្យ​ពិភពលោក​មើល​ឃើញ​ថា ​សហរដ្ឋ​អាមេរិក​ទាំងមូល​មាន​តែ​ការ​ឈ្លោះ​គ្នា ​ដែល​ផ្ទុយ​ពី​ការ​ផ្តល់តម្លៃ​ជាច្រើន​សតវត្សរ៍​ថា​ ជា​ប្រទេស​សន្តិភាព​ ថ្លែថ្នូរ ​ផង​នោះ។

គេឃើញ​មាន​បាតុកម្ម​ និង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កើតឡើង​នៅ​រដ្ឋ​មួយចំនួន​ក្នុង​ប្រទេស​អាមេរិក តែ​មិន​ទាន់មាន​អំពើ​ហិង្សា​ធំដុំ​កើត​ឡើងទេ​ ទន្ទឹមគ្នា​ដែល​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​ គឺលោក ត្រាំ និង​លោក បៃឌិន ​ប្រកាស​ពី​ជ័យជម្នះ​ដូចគ្នា​មុនពេល​ការប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវការថា ​បេក្ខជន​ណាមួយ​ត្រូវ​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ខែ​មករា ​ឆ្នាំ២០២១ ​ខាងមុខ​នេះ៕