ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​យល់​ថា​លោក Trump ទំនងជា​ធូរស្រាល​ពី​ជំងឺ​កូវីដ១៩​ឆាប់ៗ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើការនៅក្នុងបន្ទប់ការិយាល័យនៅមន្ទីរពេទ្យយោធា Walter Reed នៅទីក្រុង Bethesda រដ្ឋ Maryland ជាយរដ្ឋធានីវ៉ាស៊ីនតោន ទីដែលលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

រដ្ឋ North Carolina — ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងនៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ សង្ឃឹម​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump អាចនឹង​បាន​ធូរស្រាល​ពី​ជំងឺ​កូវីដ១៩ ដែល​នោះ​គឺ​ការ​ទុកចិត្ត​ទៅ​លើ​ពេទ្យ លើ​ប្រព័ន្ធ​សុខាភិបាល​អាមេរិក រួមទាំង​ការ​រក​ឃើញ​ជំងឺ​ក្នុង​ខ្លួន​លោក​ប្រធានាធិបតី​ភ្លាមៗ​ នៅ​ពេល​ដែល​លោក​និង​ភរិយា ​កំពុង​មាន​សុខភាព​ធម្មតា។

លោក ឡារី សេង ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​រស់នៅ​ក្នុង​ទីក្រុង​សៀអាថុល (Seattle) រដ្ឋ​វ៉ាស៊ីនតោន (Washington) បាន​ថ្លែង​ថា អ្នក​ជំងឺ​កូវីដ១៩ អាច​ជា​សះ​ស្បើយ បើ​ដឹង​ទាន់​ពេល បើ​បុគ្គល​នោះ​មិន​មាន​ជំងឺ​ផ្សេង គឺ​ដូចជា​សាច់ញាតិ​របស់​លោក ​ម្នាក់​វ័យ​ជាង ៥០ ឆ្នាំ ដែល​បាន​កើត​ជំងឺ​នេះ តែ​បាន​ជា​សះស្បើយ និង​មាន​សុខភាព​ល្អ​ឡើង​វិញ​ដូច្នេះ​ដែរ។

«ចំណែក​ប្រធានាធិបតី​និង​លោក​ជំទាវ​ហ្នឹង ខ្ញុំ​ក៏​មាន​ជំនឿ​អីចឹង​ដែរ ព្រោះ​ខ្ញុំ​ឃើញ​ពួក​គាត់​មាន​សុខភាព​ល្អ​បរិបូរ ហើយ​អាច​ព្យាបាល​ទាន់​ពេលវេលា»។

លោក ឡារី មិន​បាន​បញ្ជាក់​លម្អិត​អំពី​ស្ថានភាព​សាច់ញាតិ​របស់​លោក ​ដែល​ធ្លាប់​កើត​ជំងឺ​នេះ​ទេ ដោយសារ​នេះ​ជា​រឿង​ឯកជន​របស់​សាច់ញាតិ​លោក ដែល​លោក​មិន​អាច​ផ្តល់​ព័ត៌មាន​ជូន​បាន។

លោក​ សេក កុសល ​ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ទីក្រុង​មីនីអាប៉ូលិស (Minneapolis) រដ្ឋ​មីនីសូតា (Minnesota) បាន​ថ្លែង​ថា លោក​ជឿ​ថា វេជ្ជបណ្ឌិត​និង​ប្រព័ន្ធ​សុខាភិបាល​នៅ​សហរដ្ឋ​អាមេរិក​ដែល​លោក​មាន​ការ​ជឿ​ជាក់ នឹង​ដោះស្រាយ​បាន​ចំពោះ​ជំងឺ​កូវីដ១៩ របស់​លោក Trump និង​ភរិយា​របស់​លោក។

«ប្រព័ន្ធ​ការពារ ប្រព័ន្ធ​សុខភាព​នៅ​ស្រុក​នេះ គេ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ច្រើន ហើយ​ពិសេស​លោក ដូណាល់ ត្រាំ មិនមែន​ចង់​ថា​គាត់​មាន​សិទ្ធិ​លើស​យើង​ជា​ប្រជាពលរដ្ឋ​ទូទៅ​ទេ តែ​ខ្ញុំ​ជឿ​ថា ប្រព័ន្ធ​សុខភាព ពេទ្យ​ជុំវិញ​ដែល​ថា​កំពុង​ការពារ​គាត់​ជុំវិញ​ហ្នឹង គេ​កំពុង​យក​ចិត្ត​ទុកដាក់​គាត់ ២៤ ម៉ោង»។

លោក​ប្រធានាធិបតី​ Donald Trump ​បាន​ទៅ​ដល់​មន្ទីរពេទ្យ​យោធា​ជាតិ Walter Reed ដោយ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ Marine One ចាកចេញ​ពី​សេតវិមាន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ដើម្បី​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩ រយៈពេល «ពីរ​បី​ថ្ងៃ» ដែលជា​វិធានការ​ការពារ និង​ស្រប​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​និង​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើកដៃដាក់អ្នកសារព័ត៌មាន ខណៈលោកត្រៀមធ្វើដំណើរចាកចេញពីសេតវិមាន ទៅកាន់មន្ទីរពេទ្យយោធាជាតិ Walter Reed បន្ទាប់ពីលោកបានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺកូវីដ១៩ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ Trump បាន​ដើរ​ចេញ​ពី​សេតវិមាន ហើយ​បាន​លើក​មេដៃ​ឡើង​លើ (ដែល​បង្ហាញ​ស្មារតី​ល្អ) ប៉ុន្តែ​លោក​មិន​បាន​និយាយ​អ្វី​នោះ​ទេ។ ក្រុម​អាកាសយានិក​ ក្រុម​អង្គរក្ស​ការពារ​ប្រធានាធិបតី និង​បុគ្គលិក​សេតវិមាន បាន​ពាក់​ម៉ាស់​ដើម្បី​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅពេល​លោក​ប្រធានាធិបតី ​Trump ឡើង​ឧទ្ធម្ភាគចក្រ។

នៅ​ពេល​បង្ហាញ​មុខ​ដំបូង​កាលពី​ថ្ងៃសៅរ៍​ តាមរយ​:វីដេអូ​ឃ្លីប​ចំនួន​ជាង ៤ នាទី ក្រោយ​ពេល​មួយ​ថ្ងៃ​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ លោក Trump បាន​អះអាង​ប្រាប់​ពលរដ្ឋ​ថា លោក​បាន​ធូរ​ស្បើយ តែ​នៅ​រង់ចាំ​មើល​ពីរ​ឬ​បី​ថ្ងៃ​ទៀត​ ដែលជា​ដំណាក់​កាល​សំខាន់​នៃ​ជំងឺ​នេះ។

«ខ្ញុំ​កំពុង​ចាប់ផ្តើម​មាន​អារម្មណ៍​ស្រួល។ យើង​មិន​ដឹង​ទេ​ក្នុង​រយ:​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត។ ខ្ញុំ​គិត​ថា​ នោះ​គឺជា​ដំណាក់កាល​សំខាន់​ពិត​ប្រាកដ ដូច្នេះ​យើង​នឹង​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​រយ:ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ»។

ក្រៅពី​បញ្ជាក់​ថា​នឹង​មាន​ភាព​អស្ចារ្យ​ដែលជា​ព្រះពរ​ពី​ព្រះ​ជាម្ចាស់​នោះ លោក ​Trump ថា​ លោក​នឹង​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ពេល​ឆាប់ៗ​ ដើម្បី​បន្ត​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​របស់​លោក ដូច​ដែល​បាន​គ្រោងទុក និង​បន្ត​កិច្ចការ​របស់​លោក។

លោក ធីម៉ូធី ឈឹម មកពី​ក្រុង​នូអិត (Nanuet) រដ្ឋ​ញូវយ៉ក បាន​ថ្លែង​ថា លោក​បន់ស្រន់​ជូន​លោក Trump ឲ្យ​បាន​ឆាប់​ជា​សះ​ស្បើយ។

«គ្រាន់តែ​ថា​ក្នុង​នាម​ជា​ខ្មែរ ខ្ញុំ​ឃើញ​គាត់​បាន​ធ្វើការ​មួយ​ចំនួន​ធំ​បាន​ច្រើន មើលទៅ​គាត់​បាន​ធ្វើការ​បាន​ច្រើន​មែន តែ​យើង​ចូលចិត្ត​ឬ​មិន​ចូលចិត្ត​ជា​រឿង​យើង​ទេ​ណា។ អីចឹង​ខ្ញុំ​សូម (បួងសួង) ឲ្យ​គ្រួសារ​លោក​ប្រធានាធិបតី​ហ្នឹង​ឆាប់​ជា​សះស្បើយ​ទៅ»។

លោក ធីម៉ូធី មិន​បាន​បញ្ជាក់​ថា​កិច្ចការ​អ្វី​ដែល​លោក Trump បាន​ធ្វើ​ទេ តែ​លោក​លើកឡើង​អំពី​លំនឹង​សេដ្ឋកិច្ច សន្តិសុខ និង​នយោបាយ​ក្នុង​សង្គម​ជាដើម ដែល​លោក Trump ត្រូវ​ដោះស្រាយ​ទាំង​ក្នុង​ប្រទេស និង​នៅ​លើ​ពិភពលោក។

«បើ​ឆាប់​ជា ខ្ញុំ​ថា​សប្បាយ​ជាង ដោយសារ​ប្រទេស​ហ្នឹង​វា​អត់​មាន​ការ​រកាំរកូស​អីចឹង»។

បដាដ៏ធំមួយបង្ហាញសារបន់ស្រន់ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងភរិយាគឺលោក Melania Trump ឆាប់ជាសះស្បើយពីជំងឺ នៅទិក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ខណៈមានការបាតុកម្មប្រឆាំងលោកប្រធានាធិបតីអ៊ីស្រាអែល Benjamin Netanyahu ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

ការ​ថ្លែង​ដូច្នេះ​ទំនង​ជា​និយាយ​យោង​ទៅ​ដល់​បាតុកម្ម​ពាសពេញសហរដ្ឋ​អាមេរិក​ពាក់ព័ន្ធនឹងការ​រើសអើង​ជាតិ​សាសន៍ ទាមទារ​យុត្តិធម៌ ផ្លាស់ប្តូរ​ការ​ដឹកនាំ និង​ច្បាប់ ដែល​កើត​ឡើង​ជា​ច្រើន​ខែ​មក​ហើយ ក៏​ដូចជា​បញ្ហា​អត់​ការងារ​ធ្វើ​ដោយសារ​វិបត្តិ​កូវីដ១៩ បញ្ហា​នយោបាយ​ដែល​អ្នក​នយោបាយ​អាមេរិក​មាន​ភាព​រកាំរកូស​ជាមួយ​គ្នា​នៅ​មុន​ពេល​បោះឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាងមុខ ទាក់ទិន​នឹង​ការ​ប្រជែង​យក​ប្រជាប្រិយភាព ជាពិសេស​រវាង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ទាំង​ពីរ គឺ​លោក​ប្រធានាធិបតី Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ និង​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ។

ប៉ុន្តែ​លោក ​ម៊ុយ ចំរើន ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ​ម៉ារីឡែន (Maryland) បាន​ថ្លែង​ថា លោក Trump នឹង​ត្រូវគេ​អាណិត ហើយ​ការ​រិះគន់​និង​វាយ​ប្រហារ​គ្នា​ ក៏​នឹង​កាត់​បន្ថយ​ផង​ដែរ ដោយ​បែរ​មក​គិតគូរ​រឿង​ផ្សះផ្សា​វិញ។

«ម្ល៉ោះ​ហើយ​គ្រាន់តែ​ប៉ុណ្ណឹង​គេ​បំភ្លេច​ចោល ហើយ​ឥឡូវ​នេះ​គេ​និយាយ​ស្រួល​ជាមួយ​គ្នា គេ​សុំទោស​គ្នា គេ​ស្រណោះ​(គ្នា)»។

លោក សេក កុសល មកពី​រដ្ឋ​មីនីសូតា បាន​យល់ស្រប ហើយ​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​អាមេរិកាំង​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​ជាតិ ​ក្នុង​ឱកាស​ដែល​មាន​បញ្ហា​ជាតិ​ធំៗ ដែល​ត្រូវ​គិតគូរ​រួម​គ្នា ដូចជា​ជំងឺ​កូវីដ១៩ នេះ​ដូច្នេះ​ដែរ ទោះជា​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ផ្នែក​នយោបាយ​ក្តី។

«គេនឹង​មាន​ភាព​ស្រឡាញ់ មាន​ការ​យល់​ដឹង មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ជាង​ខែ​មុន ច្រើន​ជាង ២ ឬ ៣ ខែ​មុន​ទៀត»។

លោក​បន្ត​ថា ប្រសិនបើ​លោក Trump បាន​ជា​សះស្បើយ នោះ​លោក​និង​រដ្ឋបាល​លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់តែ​ខ្លាំង ហើយ​ប្រព័ន្ធ​សុខាភិបាល​នឹង​កាន់តែ​មាន​ការ​ជឿ​ជាក់​លើ​កាន់តែ​ខ្លាំង។

លោក ឡារី សេង មកពី​ទីក្រុង​សៀអាថុល បាន​បង្ហាញ​ពី​ការ​កោត​សរសើរ​ចំពោះ​លោក Trump ដែល​គិតគូរ​ដល់​ពលរដ្ឋ​ខ្លួន​យ៉ាង​ដិតដល់ ក្នុង​អំឡុងពេល​ដែល​ប្រទេស​កំពុង​មាន​វិបត្តិ​កូវីដ១៩។

«ខ្ញុំ​ត្រេកអរ​ណាស់​ដូចថា ​សហរដ្ឋ​អាមេរិក​ដូចថា​ទោះនៅក្នុង​ពេលវេលា​មួយដ៏​លំបាក​យ៉ាងនេះក្តី​ អ្នកដឹកនាំ​គេ​នៅតែ​គិតគូរ​រឿង​ពលរដ្ឋ​របស់​គេ​ហ្នឹង​ខ្លាំង​ណាស់ ដូចថា​គេ​ព្យាយាម​ផ្គត់ផ្គង់​ពលរដ្ឋ​គេ​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​បាន​រស់នៅ​ត្រឹម​ត្រូវ»។

ក្រៅពី​ទទួល​បាន​ការ​បួងសួង​ពីមេដឹកនាំ​នយោបាយ​ចម្រុះ​គណបក្ស​ លោក ត្រាំ​ ទទួល​បាន​ការ​បួងសួង​ជូនពរ​ពីក្រុមមេដឹកនាំ​ពិភពលោក ​រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃប្រទេស​កម្ពុជា​ផងដែរ​ ដើម្បី​ឲ្យ​លោក​បានឆាប់ជា​ពីជំងឺ​កូវីដ១៩​ ផងដែរ។

បើ​តាម​តួលេខ​ពី​សាកល​វិទ្យាល័យ ​John Hopkins ​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​នេះ ជំងឺ​កូវីដ១៩ ដែល​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្នុង​ទីក្រុង​វូហាន ប្រទេស​ចិន បាន​សម្លាប់​មនុស្ស​ប្រមាណ ២ សែន ១ ម៉ឺន​នាក់ និង​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៧ លាន ៣ សែន​នាក់ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ដោយ​ឡែក ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ជាង ១ លាន​នាក់ និង​បាន​ឆ្លង​ដល់​មនុស្ស​ជិត ៣៥ ​លាន​នាក់ ​នៅ​លើ​ពិភពលោក៕