ខ្មែរ​អាមេរិកាំង​ចងចាំ​មេដឹកនាំ​សហគមន៍​ដ៏​ឆ្នើម​ម្នាក់​ដែល​លើក​កម្ពស់​មិត្តភាព​ខ្មែរ​និង​អាមេរិក

រូប​ឯកសារ៖ អ្នកស្រី អ៊ុង ថារី ទទួល​រង្វាន់​«ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ»​ពី​សមាជិក​សភា​នៃ​រដ្ឋ California ក្នុង​រូបថត​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ក្រុង​ខ្មែរ Cambodia Town កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧។ (Facebook/Cambodia Town)

ការធ្វើ​មរណកាល​របស់​អ្នកស្រី​ អ៊ុង ថារី ​កាលពី​សប្តាហ៍​កន្លង​ទៅ ​បាន​ធ្វើ​ឱ្យ​មាន​ការនឹក​ឃើញ​ទាំង​អាឡោះ​អាល័យ​ពីញាតិ​មិត្ត​និង​ក្រុម​គ្រួសារ​ទៅ​លើ​ចិត្ត​សប្បុរសធម៌​ និង ​ការជួយ​ជ្រោម​ជ្រែង​កិច្ចការ​សហគមន៍ ​និងការ​ពង្រឹង​ទំនាក់​ទំនង​រវាង​សហគមន៍​ខ្មែរ​និង​រដ្ឋការ​អាមេរិកាំង។

អ្នកស្រី ​ថារី អាយុ​៥៨​ឆ្នាំ ​រស់ នៅ​ក្រុង West Covina ​ជាប់នឹង​ទីក្រុង Long Beach (ឡុងប៊ិច) ​រដ្ឋ California (កាលីហ្វ័រញ៉ា) ​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី​ ១០ ​ខែ​ មីនា ​ឆ្នាំ​២០២២ ​ដោយ​រោគាពាធ ​ហើយបាន​បន្សល់​ទុក​នូវ​កូន​ពីរនាក់​និង​ប្តី​របស់​អ្នកស្រី​គឺលោក ​Raymond Phung ។ នេះ​បើតាម​កម្មវិធី​បុណ្យសព​ដែល​បាន​ប្រកាស​មុនពេល​បូជា​សព​នៅថ្ងៃ​ទី​២៥ ​ខែមីនា​ នៅ​អគារ​តម្កល់​សព​ លេខ​ ៣៨៨៨ ​ផ្លូវ ​Workman Mill Road ​សង្កាត់ ​Whittier ​រដ្ឋ California លេខ​ហ្ស៊ីបកូដ ​៩០៦០១ ។

​បណ្ណ​សរសើរ​ពីអាជ្ញាធរ​រដ្ឋ ​California ចំពោះ​តួនាទី​របស់​អ្នកស្រី​ ក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទង​រវាង​រដ្ឋ​ជា​បងប្អូន រវាង កម្ពុជា និង​រដ្ឋ ​California កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (Courtesy Photo)

មរណភាព​នេះ​ បាន​ធ្វើ​ឱ្យមិត្ត​ភក្តិ​ទាំង​នៅ​សហរដ្ឋ​អាមេរិក​ និង​ កម្ពុជា​ បង្ហោះសារ​ព្រោងព្រាត​លើបណ្តាញ​សង្គម​ហ្វេសប៊ុក​ នឹកចាំ​ពី​កេរដំណែល​របស់​អ្នកស្រី ​អ៊ុង ថារី ​ដែល​បាន​ធ្វើសម្រាប់​សហគមន៍​នៅក្នុង​ប្រទេស​ទាំងពីរ​ និង ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ​ជាពិសេស​រាជធានីភ្នំពេញ​និង​រដ្ឋកាលីហ្វ័ញ៉ា ជា​រដ្ឋ​ឬខេត្ត​បងប្អូន។ រដ្ឋ​កាលីហ្វ័ញ៉ា​នេះត្រូវគេ​ដឹងថា​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​យ៉ាង​ច្រើន​លំដាប់​ទី១​នៅ​សហរដ្ឋ​អាមេរិក។

ទំនាក់​ទំនងនេះ​ រាប់​ទាំង​ការរៀបចំ​ទស្សនកិច្ច​មន្ត្រី​សំខាន់​ទៅ​និង​មក ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កម្ពុជា ​ការផ្លាស់​ប្តូរ​ទស្សនកិច្ច ​វប្បធម៌ ​និង​ ពាណិជ្ជកម្ម​ផងដែរ។

លោកស្រី ​ស៊ូលី សារ៉ូ ​ជា​ចៅ​សង្កាត់​ក្រុង Long Beach ​បាន​ហៅ​លោកស្រី​អ៊ុង ថារី ​ថាជា​ស្ត្រី​ដ៏អស្ចារ្យ​ ហើយ​បានចូល​រួម​ការ​សោកស្តាយ​និង​សម្តែង​មរណទុក្ខ​ចំពោះ​គ្រួសារ​គឺលោក​ Raymond Phung។ នេះបើ​តាមការ​បង្ហោះសារ​តាម​ហ្វេសប៊ុក​ ក្រោយ​ពេល​មរណកាល។ លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា ​លោកស្រី ​អ៊ុង ថារី ​បានជួយ​ដល់​សហគមន៍​ខ្មែរ​ជាច្រើន​ទសវត្សរ៍​មកហើយ។

លោកស្រី​បញ្ជាក់​ថា៖ «គ្មានអ្វី​ដែលនាំ​មក​នូវ​សេចក្តី​ត្រេកអរ​ពន់ពេក​ និង ​តម្លៃជា​មោទនភាព​ដ៏ធំជាងការបម្រើ ​និង ​ការបរិច្ចាគ​ជូនដល់​សហគមន៍​ខ្មែរ​ ទាំងក្នុង​សហគមន៍​អាមេរិក ​និង ​នៅបរទេស​ (កម្ពុជា) ​ហើយនិងទីក្រុង Long Beach ​ទេ ​សម្រាប់​លោកស្រី​ អ៊ុង ថារី »។

លោក​ស្រី ​បាន​បង្ហោះសារ​ភ្ជាប់មក​ជាមួយ​នូវ​បណ្ណ​សរសើរ​ដល់​អ្នកស្រី​ អ៊ុង ថារី​ផងដែរ។

ញាតិមិត្ត​ជាច្រើន​ដែល​បង្ហោះសារ​នៅលើ​ហ្វេសប៊ុក​របស់ខ្លួន​ ហើយភ្ជាប់​មក​បណ្តាញ​ហ្វេសប៊ុក​សព​អ្នកស្រី​ អ៊ុង ថារី​ បាន​បង្ហាញ​សមាន​ចិត្ត​អាឡោះ​អាល័យ​ និង​ រំឭក​ពីការ​ជួយ​បរិច្ចាគ​ដល់​អង្គការ​ សមាគមន៍ ​ក្នុង​សហរដ្ឋ​អាមេរិក ​និង ​នៅ​កម្ពុជា​ជាដើម ​រួមទាំង​កិច្ចការងារ​ដែល​អ្នកស្រី ​បាន​បម្រើ​សហគមន៍​ខ្មែរ​ផងដែរ។

មិត្តភក្តិ​ម្នាក់ ​ឈ្មោះ​អ្នកស្រី​ Caylee So ​បាន​បង្ហោះ​រូបភាព​អ្នកស្រី ​ថារី​ដ៏ធំ ​បួងសួង​ឱ្យ​វិញ្ញាណក្ខន្ធ ​ទៅ​កាន់សុគតិភព ​ហើយចាត់​ទុក​អ្នកស្រី​ ថារី​ ថា​ជា​មនុស្ស​ចិត្តល្អ ​និង ​គាំទ្រ​គ្រប់​បញ្ហា​របស់​សហគមន៍​យ៉ាង​សកម្ម។

«លោកស្រី​នឹង​ត្រូវ​គេ​នឹក​រឭក»។

បើតាម​ហ្វេសប៊ុក​របស់ ​Cambodia Town ​និង ​អ្នកស្រី​ Caylee So ​បាន​បន្តថា ​លោកស្រី​ ថារី ​ធ្លាប់​បម្រើ​កិច្ចការ​ជាប្រធាន​គណ:កម្មាការ​ទទួល​ពាក្យ​បណ្តឹង ពលរដ្ឋ​និង​ ប៉ូលិស ​ជាប្រធាន​គណ:អភិបាល​ទីក្រុងខ្មែរ ​នៅឡុងប៊ិច​ ហៅថា​ Cambodian Town ​ក្រុមប្រឹក្សា​សម្រប​សម្រួល​កម្ពុជា​ វត្តខ្មែរ ​ពុទ្ធិការរ៉ាម​ក្រុងឡុងប៊ិច ​ជា​បេឡាធិការិនី​នៃមជ្ឈមណ្ឌល​ចងចាំ​អំពើ​ប្រល័យពូជ​សាសន៍ ​ប្រធាន​សមាគម​អ្នក​សិល្ប​ជនពិការ ​សមាជិក​សមាគម​បុគ្គលិក​អាស៊ី​នៃ​ទីក្រុង​ឡូសអានជែឡេះ (Los Angeles) ​ក្រៅពី​ការ​បរិច្ចាគ​ជំនួយ​ដល់ ​ការ​កសាង​សាលា​រៀន ​ថវិកា​អប់រំ ​បណ្ណាល័យ​ ជួយ​ក្មេង​កំព្រា​ និង​គ្រួសារដែល​ខ្សត់ខ្សោយ​ផងនោះ។

អង្គការ​ដែល​ផ្តល់​ការ​គាំទ្រ​យុវជន​និង​ក្មេង​គ្មាន​ទីពឹង​នៅតំបន់​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​ឈ្មោះ ​Advanced Center for Empowerment (ACE) ​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការធ្វើ​មរណកាល​របស់​អ្នកស្រី​ អ៊ុង ថារី​ដោយបាន​ចេញ​ជា​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ​កាល​ពីថ្ងៃ ​១២ ​ខែមីនា​ ឆ្នាំ​២០២២ ​ក្រោយពីរ​ថ្ងៃ​នៃការ​ស្លាប់​របស់អ្នកស្រី​ ថារី។

«យើងខ្ញុំ​នឹងចង​ចាំ​នូវ​គុណូបការ: ​និង សណ្តាន​ចិត្ត​សណ្តោស​ប្រណី​របស់​អ្នកមីង​ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​ដល់​យើង​ខ្ញុំ​និង​សហគមន៍​ ក៏ដូច​ជាផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ដែលមាន​ជីវភាព​ខ្សត់​ខ្សោយ​ជារឿយៗ ​ដើម្បី​ឱ្យ​ពួកគេបាន​បន្តការ​សិក្សា​របស់​ពួកគេ»។

លោកស្រី​ អ៊ុង​ ថារី​ ជូន​អំណោយ​ដល់​ក្មេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៨។ (រូបថត​ផ្តល់​ឱ្យ​ដោយ​អ្នកស្រី​ អ៊ុង​ ថារី)

អ្នកស្រី ​អ៊ុង ថារី ដែលមាន​ទំនាក់​ទំនង​ស៊ីជម្រៅ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ជាប្រទេស​កំណើត​និង​ជាមួយ​រដ្ឋការ​អាមេរិកាំង​ជាពិសេស​រដ្ឋ California ​ក៏បាន​ទទួល​បណ្ណ​សរសើរ​ជាច្រើន​ពី​សមាជិក​រដ្ឋសភា​សហព័ន្ធ ​និង ​សភា​ប្រចាំរដ្ឋ​ និង​អាជ្ញាធរ​រដ្ឋ ​California ​ផងដែរ​ពី​តួនាទី​របស់​អ្នកស្រី​ក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទង​ទីក្រុង​និង​រដ្ឋ​ជាបងប្អូន ​California​ និង​កម្ពុជា ​និង ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្នែក​ពាណិជ្ជកម្ម ​និង​ វប្បធម៌​ និង ការពង្រឹង​ចំណង​ទាក់ទង​រវាង​សហគមន៍​ខ្មែរ​ជាមួយ​ក្រុមមន្ត្រី​អាមេរិកាំង​ អ្នកនយោបាយ​សំខាន់​ក្នុងរដ្ឋ​និង​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ផងនោះ។

អ្នកស្រី​ អ៊ុង ថារី​ ធ្លាប់បាន​ទទួល​ងារ​ជា​ឧកញ៉ា​ដែល​ត្រូវ​ប្រទាន​ដោយ​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ​២០១៨។

អ្នកស្រី​ អ៊ុង ថារី​ ធ្លាប់បាន​ទទួល​ងារ​ជា​ឧកញ៉ា​ដែល​ត្រូវ​ប្រទាន​ដោយ​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​ដែល​គេដឹង​ថា​គោរមងារ​នេះ​ ត្រូវបាន​ផ្តល់​ជូន​ក្រោយ​ពេល​លោកស្រី​ បាន​បរិច្ចាគ​ថវិកា ​និង ជំនួយ​មនុស្សធម៌​យ៉ាងច្រើន​ដល់​ប្រទេស​កម្ពុជា៕