ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងព្យាយាមការពារគោលនយោបាយការបរទេសរបស់លោកដើម្បីសុខសន្តិភាព និងផលប្រយោជន៍របស់ប្រទេសអាមេរិក និង ពិភពលោក ទៅកាន់អ្នកបោះឆ្នោតរាប់លាននាក់ នៅមុនពេលបោះឆ្នោតឈានមកដល់នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។
លោក ត្រាំ ចង់បង្ហាញថាលោកបានទទួលជោគជ័យនៅក្នុងរយ:បួនឆ្នាំនៃការដឹកនាំប្រទេសក្នុងអាណត្តិទី១ គឺការចងមិត្តភាពជាជាងបង្កសត្រូវ ហើយរំពឹងថា ប្រទេសកុម្មុយនិស្ត និងជនផ្តាច់ការនឹងមិនមែនជាការគំរាមកំហែងដល់សន្តិសុខអាមេរិកទៀតទេ។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងខ្លះមានការយល់ស្របនឹងទស្សន:បែបនោះ ដោយចាត់ទុកថាជាភាពឆ្លាតវៃរបស់លោកត្រាំដែលតទល់ជាមួយក្រុមមេដឹកនាំផ្តាច់ការដោយផ្ទាល់។ ចំណែកអ្នកខ្លះទៀតយល់ថាមេដឹកនាំរបៀបផ្តាច់ការ និងជិះជាន់ពលរដ្ឋដូចជាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងមេដឹកនាំរុស្ស៉ី វ្លាឌឺម៊ៀ ពូទីន មិនគួរមហាអំណាចដូចសហរដ្ឋអាមេរិកឱនក្បាល ហើយចាប់ដៃជាមួយ ដែលនាំឲ្យបាត់បង់ជំនឿពីពិភពលោក លើសហរដ្ឋអាមេរិកនោះទេ។
លោក គឹម សុផល ពលរដ្ឋនៅក្នុងទីក្រុងមីនីអាប៉ូលិស រដ្ឋមិនីសូតា បានថ្លែងថាអ្វីដែលលោក ត្រាំ បានចងមិត្តភាពជាមួយប្រទេសផ្តាច់ការមួយចំនួនគឺដើម្បីមិត្តភាព និងជារឿងត្រឹមត្រូវដើម្បីផលប្រយោជន៍សហរដ្ឋអាមេរិក។
«ខ្ញុំឃើញថាគណបក្សប្រឆាំងគេចេះតែមានការអស់សង្ឃឹម រិះគន់គាត់ហើយ ក៏ប៉ុន្តែខ្ញុំឃើញថាការចាប់ដៃហ្នឹងដើម្បីការនិយាយចរចាគ្នា ដូចជាការធ្វើសំណើឲ្យគីម ជុងអ៊ុនហ្នឹង កុំអួតអាងតទៅទៀតហ្នឹង អាហ្នឹងខ្ញុំឃើញថាត្រឹមត្រូវព្រោះគាត់ (គីម ជុងអ៊ុន) ចុះញ៉ម ហើយគាត់ធ្វើឲ្យគីម ជុង អ៊ុនហ្នឹងឃើញថាមានការស្ញប់ស្ញែងដែរ ហើយលោកពូទីន (ប្រធានាធិបតីរុស្ស៉ី) ក៏មានការស្ងប់ស្ញែងដែរ»។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ឆ្វេង) និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាប់ដៃគ្នានៅក្នុងកិច្ចប្រជុំ G20 នៅក្រុងអូសាកា ប្រទេសជប៉ុន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
លោក អ៊ុន សុខុម ពលរដ្ឋខ្មែរអាមរិកាំងក្នុងទីក្រុងឡូវែល រដ្ឋម៉ាស្សាជូសេដ្ឋន៍ បានថ្លែងថា អ្វីដែលលោកត្រាំធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្តាច់ការមួយចំនួន គឺជាក្តីសុបិនរបស់លោកដែលចង់ធ្វើឲ្យសហរដ្ឋអាមេរិកទៅជាប្រទេសដ៏អស្ចារ្យឡើងវិញ ដូចលោកត្រាំតែងតែនិយាយជាភាសាអង់គ្លេសថា Make America Great Again តែលោកថារឿងនេះចៀសមិនផុតពីការរិះគន់ និងប៉ះពាល់ដល់ប្រទេសមួយចំនួនដែលត្រូវវាយប្រហារអាមេរិក ដោយសារតែអន្ទាក់បំណុល និង ឥទ្ធិពលចិន និង រុស្ស៉ី។
«អីចឹងពួកប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៉ី ចិន ដែលមានជាប់ជាមួយហ្នឹងគឺបញ្ហាជំនួយ ប្រាក់កម្ចី ជំពាក់ច្រើនពេកស្តារមិនរួច សុខចិត្តនៅក្រោមអាណានិគមចិន និយាយឲ្យខ្លីអីចឹងទៅ ឬក៏នៅក្រោមរុស្ស៉ី ដោយសារការជំពាក់បំណុល ម្ល៉ោះហើយប្រទេសទាំងនោះអាចប្រឆាំងនឹងសហរដ្ឋអាមេរិក»។
លោកថាប្រទេសមួយចំនួននៅអាហ្វ្រិក និងអាស៊ីដូចជាកូរ៉េខាងជើងក្តីមិនអាចដកខ្លួនចេញពីចិន និងរុស្ស៉ីនោះទេ។
«ឧទាហរណ៍ដូចកូរ៉េខាងជើងដកខ្លួនចេញមក បង្វិលខ្លួនចេញមក ក៏ចេញមិនរួច អីចឹងមានតែខាំស្មៅនៅនឹងកន្លែង»។
លោកថាសហរដ្ឋអាមេរិកដែលធ្វើនយោបាយការបរទេសយ៉ាងដិតដល់ គឺជាទីពឹងពាក់និងធ្វើឲ្យមានតុល្យាភាពអំណាច លើពិភពលោក ទល់នឹងឥទ្ធិពល រុស្ស៉ី និង ចិនផងដែរ។ លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និង អេមីរ៉ាត អារ៉ាប់រួម (United Arab Emirates) បារ៉ែន (Bahrain)ផងដែរកាលពីខែកញ្ញា យោងទៅលើការសម្របសម្រួលនយោបាយក្នុងតំបន់ជាច្រើនទៀតរបស់លោក ត្រាំ ដូចជារវាងប្រទេស អាស៊ែបៃហ្សង់ ជាមួយនឹងអាមេនី នៅអឺរ៉ុប ដូចជាការពង្រឹងសម្ព័ន្ធមិត្តជាមួយនឹងតៃវ៉ាន់ ដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង និងពង្រឹងចំណងមិត្តភាពកាន់តែខ្លាំងឡើងជាមួយប្រទេសនៅអាស៊ីមួយចំនួនទៀតដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌាដើម្បីទប់ទល់នឹងចិន បន្ថែមពីលើការធ្វើទំនាក់ទំនងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរបស់កូរ៉េខាងជើងដែលគំរាមកំហែងដល់ពិភពលោកផងនោះ។
តែសម្រាប់លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋ ម៉ារីលែន សហរដ្ឋអាមេរិក បានថ្លែងថា លោក ដូណាល់ ត្រាំ បានបង្កសត្រូវជាមួយប្រទេស និងសម្ព័ន្ធមិត្តជាច្រើនក្នុងពេលលោកដឹកនាំប្រទេស ហើយទៅចាប់ដៃនិងផ្តល់តម្លៃជនផ្តាច់ការលើពិភពលោកមួយចំនួនទៅវិញ។
«ហើយលោកប្រធានាធិបតី ត្រាំ ហ្នឹងគាត់ទៅធ្វើមិត្តភក្តិជាមួយជនផ្តាច់ការនិយមដូចជាកូរ៉េខាងជើង ដូចជារុស្ស៉ីអីចឹងទៅវិញទៅ វាខុសពីប្រពៃណីនៃគណបក្សសាធារណរដ្ឋ»។
លោកបានពន្យល់ថាប្រទេសអាមេរិកជាប្រទេសមហាអំណាច ហើយទៅឱនក្បាល ទៅចរចា ជាមួយមេដឹកនាំផ្តាច់ការ បានធ្វើឲ្យអាប់មុខមាត់ និងចុះឱនភាពរបស់ខ្លួន មិនសមជាប្រទេសមហាអំណាច ហើយដែលលែងហ៊ានតតាំងជាមួយជនផ្តាច់ការនិយម។
«ព្រោះសហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលគេមើលមកឃើញថាជាប្រទេសមួយដែលគេអាចពឹងពាក់ជួយកសាងលទ្ធិប្រជាធិបតេយ្យបាន តែឥឡូវហ្នឹងសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសមួយដែលចងបក្សសម្ព័ន្ធជាមួយប្រទេសផ្តាច់ការនិយម អាហ្នឹងគឺថាធ្វើឲ្យប្រទេសតូចតាចដទៃទៀត ដែលធ្លាប់ចាត់ទុកអាមេរិកាំងជាអ្នកដឹកនាំហ្នឹងគេអស់ជំនឿ គេលែងគោរព គេលែងកោតខ្លាចប្រទេសអាមេរិកហើយ»។
ទោះជាមានការលើកឡើងដូច្នេះក្តីលោក អ៊ុន សុខុម នៅតែកោតសរសើរលោក ត្រាំដែលមានមហិច្ឆតាចង់កែប្រែពិភពលោកឲ្យដើរតាមគន្លងប្រជាធិបតេយ្យ ដែលរឿងនេះគ្មានប្រធានាធិបតីអាមេរិកណាអាចធ្វើបានក្នុងការធ្វើទំនាក់ទំនងនិងនយោបាយការបរទេសដូចលោកប្រធានាធិតី ត្រាំ បាន។
«គោលបំណងរបស់លោកត្រាំ មិនមែនធ្វើតាមរបបផ្តាច់ការ ធ្វើឲ្យប្រទេសធ្លាក់ទៅក្នុងអន្ទាក់របស់ពួកផ្តាច់ការទេ លោកចង់ទាញប្រទេសផ្តាច់ការឲ្យមកលើឆាកលទ្ធិប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិក»។
លោកបន្ថែមថាប្រទេសជាច្រើនមានការប៉ះទង្គិចជាមួយសហរដ្ឋអាមេរិក ដែលចង់ជួយឲ្យមានដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការរស់នៅរបស់ពលរដ្ឋដោយថ្លែថ្នូរ។
តែបើតាមការអះអាងរបស់លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃអង្គការ ចក្ខុវិស័យអាស៊ី និងជាអ្នកវិភាគនយោបាយក្នុងតំបន់អាស៊ីម្នាក់បានថ្លែងថា សហរដ្ឋអាមេរិក ត្រូវបាត់បង់ជំនឿទុកចិត្តមួយចំនួនក្នុងពេលលោក ត្រាំ កាន់មុខតំណែង ហើយមានការបែកបាក់ផ្ទៃក្នុងនៃនយោបាយអាមេរិក។
«ពីព្រោះថាកត្តាក្នុងវាកំណត់គោលនយោបាយការបរទេសខាងក្រៅរបស់សហរដ្ឋអាមេរិក។ ប្រសិនបើផ្ទៃក្នុងនៅតែប្រេះឆា សេដ្ឋកិច្ចនៅតែមានបញ្ហា បែកបាក់ អីចឹងតួនាទីរបស់សហរដ្ឋអាមេរិកពិបាកនឹងស្តារនៅលើឆាកអន្តរជាតិ»។
លោក ឈាង វណ្ណារិទ្ធ ថាតួនាទីសហរដ្ឋអាមេរិកក្នុងពិភពលោក អាចស្តារឡើងវិញបើគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោត។
នៅក្នុងការដេញដោលគ្នាជាសាធារណ:លើកទី ២ កាលពីថ្ងៃទី២២ តុលា បេក្ខជនប្រធានាធិបតី ទាំងពីរគឺលោកត្រាំ មកពីគណបក្សសាធារណរដ្ឋ និង លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ បានតទល់គ្នា វាយប្រហារគ្នា ការពារខ្លួន រឿងនយោបាយការបរទេសអាមេរិកជាច្រើនរួមទាំងជាមួយចិន។
លោក បៃឌិន បានអះអាងថា លោក ត្រាំ មានក្រុមហ៊ុនច្រើន ដែលរកស៊ីជាមួយចិន ហើយបានទទួលលុយជាច្រើនលានដុល្លារពីចិន ហើយគេចពន្ធយ៉ាងច្រើន ដោយមិនបង់ពន្ធជូនរដ្ឋតាមច្បាប់តម្រូវ តែលោកត្រាំវិញបានការពារថា លោកបង់ពន្ធត្រឹមត្រូវ ក្រៅពីធ្លាប់បញ្ជាក់ជំហរថាបានចាប់ឲ្យចិនទទួលខុសត្រូវរឿងពាណិជ្ជកម្មមិនយុត្តិធម៌ និងច្បាប់កម្មសិទ្ធិបញ្ញាដែលចិនលួចពីសហរដ្ឋអាមេរិក។
លោក ត្រាំ បានវាយប្រហារចោទទៅលើលោក បៃឌិន ពីអំពើពុករលួយដែលកូនប្រុសលោកបៃឌិន និងបងប្អូនលោកបានប្រព្រឹត្ត និងទទួលលុយជាង៣លានដុល្លារពីក្រៅប្រទេស ដែលលោកត្រាំថាលោក បៃឌិន ក៏មានចំណែកខ្លះដែរ។ តែលោក បៃឌិន បដិសេធថាលោកមិនដែលបានទទួលលុយមួយសេនពីក្រៅប្រទេសទេ ដោយសុំឲ្យបង្ហាញភស្តុតាង ជាជាងការចោទប្រកាន់មិនត្រឹមត្រូវ។
លោក ត្រាំនៅក្នុងពេលលោកកាន់កាប់ជាប្រធានាធិបតី បានលុបចោលកិច្ចព្រមព្រៀងជាមួយរុស្ស៉ីរឿងនុយក្លេអ៊ែរ ដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរី TPP ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក និងសើរីទំនាក់ទំនងពាណិជ្ជកម្មចិន អាមេរិកដោយឈរលើបញ្ហាដែលលោកអះអាងថា ដើម្បីផលប្រយោជន៍សហរដ្ឋអាមេរិក តែក្រុមជំទាស់ថាបានបង្កបញ្ហាជាច្រើនជាមួយប្រទេសនានាក្នុងពិភពលោកទៅវិញ៕