ពលរដ្ឋ​ខ្មែរ​អាមេរិកាំងរំលឹកប្រវត្តិភៀសខ្លួននិងការតស៊ូលើទឹកដីអាមេរិក ៤៥ឆ្នាំក្រោយរត់ភៀសខ្លួន

រូបឯកសារ៖ ពលរដ្ឋខ្មែរកំពុងចាកចេញពីទីក្រុងភ្នំពេញ ក្រោយពេលខ្មែរក្រហមបានកាន់កាប់ប្រទេស ថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៧៤។

រដ្ឋធានីវ៉ាស៊ីនតោន — ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ប្រមាណ​ជាង​៣រយនាក់មក​ពី​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​និង​រដ្ឋ​ផ្សេង​ៗ​ទៀត ​បានជួប​ប្រជុំ​គ្នាកាល​ពី​ថ្ងៃ​សៅរ៍ ​ទី០៨ ​ខែ​កុម្ភៈកន្លងទៅ​ ដើម្បីរៀបចំ​កម្មវិធី Thank You America ​«អរគុណ​អាមេរិក» ដើម្បី​អបអរ​សាទរ​ខួប​លើ​ក​ទី​៤៥ ​នៃ​ការ​តាំង​ទី​លំនៅ​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ នៅ​សហរដ្ឋ​អាមេរិក ​តាំង​ពី​ឆ្នាំ​១៩៧៥ ​គ្រា​ដែល​ខ្មែរ​ក្រហម​ចូលកាន់​កាប់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​អស់រយៈពេល​៤៥ឆ្នាំ​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​ក្រុម​ដំបូង​ បាន​ភៀសខ្លួន​ចាកចេញ​ពីប្រទេស​កម្ពុជា​ ហើយ​បាន​មកតាំង​ទីលំនៅ​នៅសហរដ្ឋ​អាមេរិក នា​ដើមឆ្នាំ​១៩៧៥ នៅ​ពេលដែល​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម​ឡើងកាន់​អំណាច។​រលក​នៃ​ការចាក​ចេញ​ពីប្រទេស​បាន​បន្ត​ក្រោយ​ការដួលរលំ​នៃ​របប​វាលពិឃាត​នេះ​នា​រយៈពេល​បួន​ឆ្នាំ​ក្រោយ​មក​ផង​ដែរ។

កាលពី​ដើមខែ​កុម្ភៈ ក្រុម​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ទាំងនេះ​បាន​រៀបពិធី​ជួបជុំ​ដ៏កម្រ​មួយ​ដើម្បី​ថ្លែងអំណរគុណ​សហរដ្ឋ​អាមេរិក ​ដែល​បាន​ទទួល​យក​ពួកគេ និង​ផ្តល់​ជីវភាពរស់នៅ​ថ្មី។

Your browser doesn’t support HTML5

អតីតជនភៀសខ្លួនខ្មែរប្រារព្ធខួប៤៥ឆ្នាំនៃការតាំងលំនៅនិងអរគុណសហរដ្ឋអាមេរិកក្នុងនៅទិវាក្តីស្រឡាញ់

កម្មវិធីដែល​មាន​ឈ្មោះ​ថា «Thank You America ឬ​អរគុណ​អាមេរិក» ត្រូវបាន​រៀប​ចំ​ឡើង​ ស្របពេលនឹងការ​ប្រារព្ធទិវា​នៃ​ក្តីស្រឡាញ់​ (Valentine’s Day) ហើយ​បាន​ទាក់ទាញ​អ្នកដែលរស់នៅ​តំបន់​ជុំ​វិញ​រដ្ឋ​ធានីវ៉ាស៊ីនតោន និង​មកពី​បណ្តា​រដ្ឋ​ផ្សេង​ៗទៀត​ ក្នុង​សហរដ្ឋ​អាមេរិក​មក​ចូលរួម។

លោក តូនី ឌិត ​បាន​ចាក​ចេញ​ពីទីក្រុងភ្នំពេញ​រយៈ​៣​ថ្ងៃ​មុន​ ពេល​ពួកទ័ព​ខ្មែរ​ក្រហម​ចូល​ក្រុងភ្នំពេញនៅថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​១៩៧៥។ ឧទ្ធម្ភាគចក្រ​បាន​ដឹក​លោកនិង​ក្រុម​គ្រួសារ​ទៅ​កាន់​នាវា​ផ្ទុក​យន្ត​ហោះ​មួយ​ ដែល​ស្ថិតនៅ​ក្នុង​សមុទ្រ​ឈូង​សមុទ្រ​ថៃ ហើយ​៣ថ្ងៃ​ក្រោយ​មក​ទើប​ត្រូវ​បាន​ដឹកបន្ត​ទៅកាន់​មូលដ្ឋាន​ទ័ព​អាកាស​ នៅ​អូតាប៉ាវប្រទេស​ថៃ។

លោក តូនី ឌិត ​បាន​បន្ថែម​ថា៖​ «លោកបាន​ស្នាក់​នៅ​ទី​នោះ ​ប្រហែល​មួយ​ខែ​ ទើប​ចាក​ចេញទៅ​កាន់មូលដ្ឋាន​ម៉ារីន​កងទ័ព​សហរដ្ឋ​អាមេរិក ​នៅរដ្ឋ​កាលីហ្វ័រញ៉ា»។

លោក ឌិត ទីតូនី កូនប្រុសរបស់លោក ឌិត ប្រន អតីតជនភៀសខ្លួន ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរដ្ឋ Virginia កាលពីខែកុម្ភៈ ឆ្នាំ២០២០។

លោក​ឪពុក​របស់​លោក តូនី គឺ​លោក ឌិត ប្រន ​ជា​អតីត​អ្នក​ថតរូបឲ្យ​កាសែតThe New York Times។ លោក ឌិត ប្រន ​មិន​បាន​ចាកចេញ​ជាមួយ​នឹង​ក្រុមគ្រួសារ​ទាន់​ពេលទេ ​ហើយ​សាច់​រឿង​របស់​លោក​ស្តីពី​ការ​រស់នៅ​ឆ្លងកាត់របប​ខ្មែរក្រហម​ត្រូវ​បាន​គេ​ថត​ជាខ្សែភាព​យន្ត​មាន​ចំណងជើង​ថា ​«វាល​ពិឃាត» ឬthe Killing Field។

លោក ​តូនី ឌិត​ បន្ថែម​ថា៖ «ទាល់​តែ​ទាហាន​វៀត​ណាមចូល​មកនៅ​ឆ្នាំ​១៩៧៩ នៅ​ពេល​ឪពុក​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ចំការ​វិញ ​នៅ​ថ្ងៃ​មួយ​មាន​អ្នកកាសែត​អាល្លឺម៉ង់​ខាង​កើត​ម្នាក់ មក​ស្រុក​ខ្មែរ​ហើយ​ឪពុក​ខ្ញុំ ​បាន​ទាក់​ទង​អ្នក​កាសែត​អាល្លឺម៉ង់​ខាង​កើត​នោះ គាត់​សរសេរលើ​ក្រដាសតែ​បន្តិច​ថា «Dith Bran Survives» ឲ្យ​ទៅ​កាសែត The New York Times»។

អតីត​ជនភៀស​ដទៃ​ទៀត​ក៏បាន​ឆ្លងកាត់​ការ​លំបាក ការ​រងទុក្ខវេទនា​ ការ​លះបង់​ជីវិត ការ​ព្រាត់ប្រាស​និង​បទ​ពិ​សោធន៍ល្វីងជូរ​ចត់ មុន​ពេល​ពួកគេ​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ដែរ។ អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​តាម​ទូក​ចេញ​ពី​ប្រទេស​វៀតណាម​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​ ​ហើយខ្លះ​ទៀត​បានធ្វើ​ដំណើរតាម​ព្រំ​ដែន​កម្ពុជា​ថៃ​ដោយ​បានឲ្យ​មាស​ប្រាក់​ទៅ​ពួក​មេខ្យល់ ​ដើម្បី​ជួយ​ខ្លួន​ឆ្លងកាត់​ព្រំ​ដែន​ខ្មែរ​ថៃ​ដើម្បី​ចូល​ជំរំនៅ​តាម​ព្រំដែន។

លោក អៀ ​ប៊ុន​ផេង អាយុ៨៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង ​ដែល​បានចាក​ចេញ​ពីកម្ពុជា កាត់​តាម​ព្រំ​ដែន​វៀត​ណាម​ ហើយ​បាន​ធ្វើ​ដំណើរ​តាម​ទូក​មក​កាន់​ប្រទេស​ទី៣ បាន​រៀបរាប់​ថា លោក​បាន​គេច​ចេញ​ពីកម្ពុជា​ទៅ​កាន់វៀតណាម នៅពេល​ដែល​ពួក​ខ្មែរ​ក្រ​ហមជម្លៀស​លោក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ នៅ​ឆ្នាំ​១៩៧៥ ហើយ​បានវិល​ត្រឡប់ទៅ​រស់​នៅ​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​វិញ។ លោក​ថា ​នៅពេលទៅ​ដល់ ​លោក​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ស្រែ​យ៉ាង​ត្រដាប​ត្រដួស ហើយ​ក្រោយ​មក​បាន​ឮថា ពួក​ខ្មែរ​ក្រហម​អនុ​ញ្ញាត​ឲ្យជនជាតិ​វៀត​ណាម​វិល​ត្រឡប់​ទៅកាន់​ប្រទេស​ ​លោក​បានកុហក​ខ្មែរ​ក្រហម​ថា ​លោក​ជា​ជន​ជាតិ​វៀតណាម។

ប៉ុន្តែ​ពេល​លោក ​ប៊ុន ផេង ​ទៅ​ដល់​វៀត​ណាម អាជ្ញាធរមិន​អនុញ្ញាត​ឱ្យ​លោករស់​នៅ​ទី​នោះទេ ​ព្រោះ​លោក​ប្រាប់​គេ​ថា ​លោក​ជា​ជន​ជាតិ​ចិន ហើយ​វៀត​ណាម​និង​ចិន ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា។​

លោក​បាន​ប្រ​មូលលុយ​កាក់​ជនជាតិ​ខ្មែរ​ចិន ​ធ្វើ​ទូក​ដើម្បី​ចាក​ចេញ​ពីវៀត​ណាម។ លោក​ថា ​គម្រោង​មុនដំបូង ទូក​នោះ​សម្រាប់​ដាក់​មនុស្ស​តែ​ជាង​២រយ​នាក់​ប៉ុណ្ណោះ ​ក៏ប៉ុន្តែ ​ពួក​អាជ្ញាធរ​វៀត​ណាម ​បង្ខំ​ឲ្យ​ផ្ទុក​ជនជាតិ​ផ្សេង​ទៀត​រហូត​ទាល់​មាន​មនុស្ស​ជាង​៤រយនាក់ ជិះនៅ​ក្នុង​ទូក​នោះ។

លោក អៀ ប៊ុនផេង អតីតជនភៀសខ្លួនខ្មែរពីប្រទេសកម្ពុជា និងវៀតណាម ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរដ្ឋ Virginia កាលពីខែកុម្ភៈ ឆ្នាំ២០២០។

លោក​ អៀ ​ប៊ុនផេង ​និយាយ​ទៀត​ថា៖ «បើ​ថា ​ជី​វិត​រស់​នោះ ​ភាគ​តិច​ណាស់។មួយ​ភាគរយ​ទេ ​ដែល​នៅ​រស់ ៩៩​ភាគរយ​ គឺ​ស្លាប់​ហើយ។ នៅ​ក្នុង​សមុទ្រ ​ទីមួយ ​យើង​ឥតដឹង​ទិស​ដៅ​ យើង​ជា​ជន​ភៀស​ខ្លួន យើង​មិន​ដឹង​ថា​តើ​ការ​ធ្វើ​ដំណើរ​នោះ​ត្រូវ​វេទនា​យ៉ាងណា ​ជួប​រលក​និង​ខ្យល់​ព្យុះ​យ៉ាង​ណា។​ យើង​អត់ ​មាន​បទ​ពិសោធន៍​ទេ គឺ​យើង​ផ្សង​ព្រេង​ទាំង​អស់»។

ចំណែក​អ្នក​ស្រី ជា អ៊ី អាយុ​៧៩​ឆ្នាំ មាន​កូន៥​នាក់ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ធំ ​បាន​ធ្វើ​ដំ​ណើរ​មក​កាន់ព្រំ​ដែន​កម្ពុជា​ថៃ​ ក្រោយ​ពេល​ដែល​របប​ខ្មែរ​ក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ ​ហើយ​របបថ្មី​មួយ​ត្រូវបាន​លើក​បន្តុប​ដោយ​វៀតណាម ដើម្បី​កាន់​អំណាច​បន្ត។ ​អ្នក​ស្រី​បាន​និយាយ​ថា បន្ទាប់​ពី​បាន​ធ្វើ​ជា​គ្រូបង្រៀន​ឲ្យ​របប​ថ្មី​អស់​មួយ​រយៈ ​អ្នកស្រី​បានឮ​ដំណឹង​តាម​រយៈ​អ្នក​រត់​ពន្ធ​ថា ​មានអង្គការ​មនុស្ស​ធម៌​នៅ​ជំរំ​ព្រំ​ដែនកម្ពុជា​ថៃ។ ​នៅ​ខែ​តុលា ​ឆ្នាំ​១៩៨៣ អ្នកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជំរំ។

ពេល​ធ្វើ​ដំណើរ​ទៅកាន់ជំរំ​ជន​ភៀស​ខ្លួន ​អ្នក​ស្រី​បាន​ជួប​ប្រទះ​បញ្ហាលំបាក​ៗ​ជាច្រើន​ ដូចជា​មាស​ដែល​មាន​បន្តិច​បន្តួច​ត្រូវលាក់​នៅ​ក្នុង​ខ្លួន ​ហើយ​ជួលកាល​ត្រូវជន​ខិល​ខូច​ឆែកឆេរ​រក​មាស​ប្រាក់​នៅ​តាម​ផ្លូវ។ពេលទៅដល់​ជំរំ​ថ្មី​ត្រូវ​ឈប់សម្រាកនៅ​ទី​នោះ​មួយ​រយៈ​ ហើយត្រូវ​ជួល​មនុស្ស​ឲ្យ​នាំ​ទៅកាន់​ជំរំ​ខៅ​អ៊ី​ដាង​ ដែល​ជាជំរំដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​អង្គការ​សហប្រជាជាតិ។

អ្នកស្រី​ ជា អ៊ី ​បាន​ថ្លែង​ថា៖ «ទៅ​ដល់​ជំរំ​ខៅ​អ៊ីដាង ​អត់​មាន​អីទេ។ ​នៅ​ទី​នោះ​ពី​២​ទៅ​៣​ខែ ​ទើប​គេ​ចែក​របប​ឲ្យ។​ យើង​បាន​ទទួល​របបពី​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៨៤។ គេចែក​អង្ករនិង​ត្រីប្លាធូ ក៏ប៉ុន្តែ ​របប​នោះ​មិន​គ្រប់​គ្រាន់​ទេ​ យើង​ត្រូវ​ទិញ​បន្ថែម​ពី​អ្នក​ដែល​មាន​របប​ច្រើន»។

អ្នកស្រី ជា ម៉ារី អតីតជនភៀសខ្លួនពីប្រទេសកម្ពុជា ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរដ្ឋ Virginia កាលពីខែកុម្ភៈ ឆ្នាំ២០២០។

ចំណែក​អ្នកស្រី​ ជា ម៉ារី​ អតីត​ជន​ភៀស​ខ្លួន​ដែរ ​បាន​និយាយ​ថា អ្នក​ស្រី​បាន​វិល​ត្រឡប់​មកក្រុង​ភ្នំពេញ​វិញ​ ក្រោយ​ឆ្នាំ​១៩៧៩ ដើម្បី​ស្វែងរក​ឪពុក​ម្តាយ​និង​បងប្អូន​របស់​អ្នក​ស្រី។ ក៏ប៉ុន្តែ អ្នកស្រី​បាន​ដឹងថា ពួកគាត់​ត្រូវបាន​ពួក​ខ្មែរ​ក្រហម​សម្លាប់​អស់។ ​ការណ៍​នេះ​បាន​ធើ្វ​ឲ្យ​អ្នកស្រី​និង​ស្វាមី​របស់​អ្នក​ស្រី​ គិត​គូ​ពីការ​ចាក​ចេញមក​កាន់ជំរំ​នៅ​ទល់​ដែន​កម្ពុជា​ថៃ។ អ្នកស្រី​បាន​និយាយ​ទៀត​ថា អ្នកស្រី​បានលួច​រត់២​ដង ​ទើប​មក​ដល់​ជំរំ​ជន​ភៀស​ខ្លួន លើក​ទី១ ​នៅ​ឆ្នាំ​១៩៨០ នៅ​ពេល​ជិត​ដល់​ជំរំណោង​ច័ន្ទ ​ត្រូវ​កងទ័ព​វាយ​ជំរំ​នោះ ក៏​វិលត្រឡប់​មក​កម្ពុជា​វិញ។ ហើយ​នៅ​ឆ្នាំ​១៩៨២ ​អ្នកស្រី​បាន​រត់​មក​ជំរំ​ម្តងទៀត ​ព្រោះ​គេ​ចង់​ចាប់​អ្នកស្រី​និង​គ្រួសារ​ដាក់​គុក។

អ្នកស្រី ម៉ារី ​ជា ​និយាយថា៖ «មេខ្យល់ថា ​មីង មិន​ពាក់​គ្រឿង​អលង្ការ​អ្វី​ទាំងអស់។ ​គេ​ទៅ​ទិញ​ប្រហុក​ឲ្យ​ខ្ញុំ​ទូល​ ហើយ​និង​ត្រីងៀត​ ត្រីឆ្អើ ឲ្យ​ប្តី​របស់​ខ្ញុំ​រែក។ មេខ្យល់​នោះ និយាយ​ថា ​មុខ​មាត់​មីង​និង​ពូ ​គេ​មិន​ជឿ​ថា ​ជា​មនុស្ស​ធម្មតា​ទេ។ គេ​ថា ​ពូ​និង​មីង​ច្បាស់​ជា​ទៅ​ប្រទេស​ទី៣​ហើយ។​ ខ្ញុំមិន​ដឹង​ដែរ ​ហើយ​បាន​សួរ​គេ​ថា ​តើ​ប្រទេស​ទី៣​ជា​អ្វី​ទៅ។​ ហើយ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដូច្នេះ​នៅ​លើក​នេះ ​ព្រោះ​ថា ​ខ្ញុំ​មិន​អាច​ត្រឡប់​ថយ​ក្រោយ​វិញ​បាន​ទេ​នៅ​លើក​នេះ ​បើ​ត្រឡប់​ទៅ​វិញ ​ខ្ញុំ​ប្រាកដ​ជា​ជាប់​គុក​ឬ​ក៏​ស្លាប់»។

នៅចន្លោះ​ឆ្នាំ​១៩៧៥ និង​១៩៩៤ ដែល​ជា​ពេល​បិទ​ជំរំ​នៅតាម​ព្រំដែន​កម្ពុជា-ថៃ ​គឺ​ សហរដ្ឋ​អាមេរិក ​បាន​ទទួលយក​ពលរដ្ឋ​ខ្មែរ​ជិត ​១៥៨.០០០នាក់។ ក្នុងនោះ​អ្នក​មាន​ឋានៈ​ជនភៀសខ្លួន​ គឺ​ចំនួន​ប្រហែល​១៤៩.០០០នាក់ ​ក្រៅពីនោះ​ក្នុងនាម​ជា​ជន​អន្តោប្រវេសន៍​ និង​អ្នក​ដែល​ទទួល​ផលប្រយោជន៍​មនុស្ស​ធម៌ផ្សេងៗ។

ការ​បង្ខំ​ចិត្ត​របស់​អតីត​ជន​ភៀស​ខ្លួន​ទាំង​នេះ ចាកចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួនដោយ​សារ​តែ​ពួកគេស្វះស្វែងរក​សេរីភាព​ គេច​ចេញ​ពី​របប​កុម្មុយនីស្ត​ប្រល័យ​ពូជសាសន៍​និង​របប​ជិះ​ជាន់​សង្កត់​សង្កិន។ ប៉ុន្តែ​ពេលបានមក​ដល់​សហរដ្ឋ​អាមេរិក ​អតីត​ជន​ភៀស​ខ្លួន​ទាំង​នោះ ​ត្រូវ​ឆ្លងជួប​ប្រទះបញ្ហា​លំបាកៗ​ជាច្រើន​ដូចជា​ភាសាអង់គ្លេស និង​វប្បធម៌ថ្មី ​នៅពេល​ដែល​ពួកគេ​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​នេះ។ ប៉ុន្តែ ​ពួកគេ​ក៏​បាន​ទទួល​ការ​ជួយ​ទំនុក​បម្រុង​ពី​អង្គការ​សាសនា ​និង​ពលរដ្ឋ​អាមេរិកាំង​នានា ​ឬ​ជន​ភៀស​ខ្លួន​ដែល​បានមក​ដល់​សហរដ្ឋ​អាមេរិក​មុន​ពួកគេ។ អង្គ​ការ​ទាំង​នោះ​បាន​ជួយ​រក​ទីកន្លែង​រស់​នៅ ​ជួយរកសា​លា​រៀន​ឲ្យ​កូនៗ​របស់​ពួកគេ និង​ជួយ​រក​ការងារ​ធ្វើជាដើម។

អ្នកស្រី ជា អ៊ី អតីតជនភៀសខ្លួនពីប្រទេសកម្ពុជា និងកូនស្រី អម្រុង ជ័យ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរដ្ឋ Virginia កាលពីខែកុម្ភៈ ឆ្នាំ២០២០។

អ្នកស្រី ​អម្រុង ជ័យ ដែល​ជាកូនស្រី​របស់​អ្នកស្រី ជា ​អ៊ី ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​នៅពេល​ដែល​មាន​អាយុ​ជាង​១០​ឆ្នាំ ​ហើយ​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​និយាយ​ថា ​អ្នកស្រីបាន​ទទួល​ការ​សិក្សា​ខ្ពង់​ខ្ពស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តាម​រយៈ​ការ​ជួយ​ទំនុក​បម្រុង​ពី​អតីត​មន្រ្តី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ ក្នុង​សម័យ​លោក​ប្រធានា​ធិបតី George H. Bush។ អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រី​មាន​សំណាង​ណាស់​ដែល​បាន​ឪពុក​ម្តាយ​ធម៌ ជួយ​ទំនុក​បម្រុង​តាម​រយៈការៀន​សូត្រ​តាំង​ពី​នៅ​វិទ្យា​ល័យ​រហូត​ដល់​មហាវិទ្យាល័យ។

អ្នកស្រី ​អម្រុង ជ័យ ​បាន​មាន​ប្រសាសន៍​ថា៖ «គាត់​យល់​ថា ​សាលា​រដ្ឋ​ធំហើយ​ខ្លាច​ថា ​ខ្ញុំ​រៀន​មិន​ទាន់​គេ ​ព្រោះ​ខ្ញុំ​មិន​ចេញ​ភាសា។ ហើយ​គាត់​យក​ខ្ញុំ​ទៅ​រៀន​នៅ​សាលា​មួយ​ នៅរដ្ឋ​មីឈីហ្គាន់ ហៅថា​មហាវិទ្យាល័យHillsdale College ជា​មហាវិទ្យាល័យ​តូច​មួយ​ ដើម្បី​ឲ្យ​ខ្ញុំ​រៀនភាសា​អង់គ្លេស​បាន​ល្អ ពីព្រោះ​មាន​តែ​ខ្មែរ​ម្នាក់ ហើយ​ខ្ញុំ​រៀន​មុខ​វិជ្ជាសេដ្ឋកិច្ច​នយោបាយ​ ពីព្រោះ​ថា ខ្ញុំ​ពូកែ​គណិតវិទ្យា​អញ្ចឹង​ហេតុ​ដូចម្តេច​មិន​ទៅ​រៀនមុខវិជ្ជា​គណនីយ​ ឬ​ហិរញ្ញវត្ថុ។ ខ្ញុំ​យល់​ថា ​ខ្ញុំ​មក​រៀន​នៅ​សហរដ្ឋ​អាមេរិក​ហើយ​ ចង់​និយាយ​ភាសា​អង់គ្លេស​ឲ្យ​បាន​ល្អ។ខ្ញុំ​ចង់​ដឹង​ប្រវត្តិសាស្រ្ត​អាមេរិកាំង​ ដូច្នេះ​ខ្ញុំ​ត្រូវ​យកថ្នាក់​ពិបាកៗ»។

ចំណែក​លោក​ អៀ ​ប៊ុនផេង ​បាន​ថ្លែងថា៖ «អង្គការ​គ្រឹស្តសាសនា​ជួយ​ទំនុក​បម្រុង​ឲ្យ​កូន​ទៅ​រៀន​ និង​ជួយ​រក​ការងារ​ធ្វើ។​ ពេល​នោះ គេ​សួរ​អំពី​ជំនាញ​មក​ពី​ស្រុក​ខ្មែរ។ តើខ្ញុំ​ចេះ​កាត់​សក់ ​ធ្វើ​ជាង​ទេ។ ​ខ្ញុំ​ថា ​ខ្ញុំ​ចេះធ្វើ​ជាង​មាស។ គេ​ក៏​ជួយ​រក​ហាង​មាស​ឲ្យ​ខ្ញុំ​ធ្វើ​ការ។ នៅទីបំផុត ​គាត់​បាន​សន្សំ​ប្រាក់ ហើយ​បាន​ទិញ​ហាង​មាស​នោះ»។

លោក កាសឹម ​ហាសាន ​ជា​អតីត​និស្សិត​ទាហាន​ទ័ព​អាកាស​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់ ​បានមក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តាម​រយៈ​ការ​ភៀស​ខ្លួនខាង​ផ្នែក​នយោបាយ ​នៅ​ឆ្នាំ​១៩៨០។ លោក​ថា ​នៅ​ពេល​មក​ដល់សហរដ្ឋ​អាមេរិក​មុន​ដំបូង លោក​ត្រូវ​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង​ទាំងអស់ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

លោក កាសឹម ហាសាន អតីតជនភៀសខ្លួនខ្មែរឥស្លាម ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរដ្ឋ Virginia កាលពីខែកុម្ភៈ ឆ្នាំ២០២០។

លោក កាសឹម​ ហាសាន បាន​និយាយ​ថា៖ «យើង​មក​ដល់​ទឹក​ដីនេះ យើង​មិន​ដឹង​អ្វី​ទាំងអស់។ យើង​មិន​ស្គាល់​ផ្លូវ​ ហើយ​យើង​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​អ្វី​ទាំងអស់។ យើង​មិនទាន់​មាន​សិទ្ធ​បើក​រថយន្ត​ទេ។ យើង​រំពឹង​ទាំង​ស្រុង​ទៅលើ​អ្នក​ធានា។​ អ្នក​ធានា​នោះ​គឺ​សមាគម​ Church។ ​សមាគម​នោះ ​ស្គាល់លោក​ស្រី​ ភាជ ជា​ អតីត​អ្នក​ការទូត​ខ្មែរប្រចាំ​នៅ​បរទេស​ ហើយ​នៅ​ពេល​ស្រុក​ខ្មែរ​ធ្លាក់ គាត់​មក​រស់​នៅ​សហរដ្ឋ​អាមេរិក។ ​គាត់​ជា​មនុស្ស​ល្អណាស់។ ជារៀង​រាល់​ចុង​សប្តាហ៍ ​គាត់​តែ​ងតែ​ដឹក​ខ្ញុំ ​ហើយ​និង​គ្រួសារ​ខ្ញុំ​ទៅ​ទិញ​ម្ហូប​អាហារ»។

អ្នកខ្លះ​ទៀត ​មាន​ការ​អាឡោះ​អាល័យ​ស្រុក ​នៅពេល​ចាកចេញ​ពី​ជំរំ​មក​កាន់​ប្រទេស​ទី​៣។ អ្នកស្រី​ ម៉ារី ជា ​បាន​និយាយ​ថា ពេល​ដែល​អ្នកស្រី​ចាក​ចេញ​ពី​ជំរំ​ខៅ​អ៊ីដាង​ មក​កាន់​ប្រទេស​ហ្វីលីពីន​ មុន​មក​កាន់​សហរដ្ឋ​អាមេរិក ​អ្នក​ស្រី​បានស្រក់​ទឹកភ្នែក ​ព្រោះ​អ្នកស្រី​គិតថា មិន​ដឹង​ជា​ពេល​ណា​ ទើប​អ្នកស្រី​បាន​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

ពេល​មក​ដល់​សហរដ្ឋ​អាមេរិក អ្នកស្រី​ត្រូវ​ខំ​ទៅ​សាលា​រៀន​ដើម្បី​រៀន​សូត្រ​ភាសា​អង់គ្លេស​ និង​ជំនាញ​ដើម្បី​រក​ការងារ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង។

អ្នកស្រី​ ម៉ារី ​ជា បាន​ថ្លែង​ថា៖ «ពេល​មក​ដល់​ដំបូង ​ខ្ញុំ​ថា ​ខ្ញុំ​មិន​ដឹង​ធ្វើ​អ្វី​ទេ។ ខ្ញុំ​អាច​និយាយ​ភាសា​អង់គ្លេស​បាន ក៏ប៉ុន្តែ ​ខ្ញុំ​មិនអាច​ស្តាប់​គេ​បាន​ទេ។ ខ្ញុំ​មិន​ដឹង​គេ​និយាយ​ពី​ស្អី។ គេ​ថា ​អ្នក​ឯង​និយាយ​បាន​ប៉ុណ្ណឹង​ ហើយ​អ្នក​ឯង​ថា ​រក​ការងារ​មិន​បាន​ធ្វើ។ ​ខ្ញុំ​ឆ្លើយ​ថា ​ខ្ញុំ​បាន​តែ​សរសេរ​ និង​និយាយ​តែ​ប៉ុណ្ណឹង ​ក៏ប៉ុន្តែ​គេ​និយាយ​ ខ្ញុំ​មិន​អាច​ស្តាប់​គេ​បាន។​ ​ហើយ​ខ្ញុំ​គិតថា ​ខ្ញុំ​ត្រូវ​ទៅ​រៀន។ ​ហើយ​ខ្ញុំ​រៀន​ផង​ ធ្វើ​ការ​ផង»។

ទោះ​ជា​ពួក​គេ​ទាំង​អស់​បាន​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំង​នេះ​នៅ​តែ​មាន​ការ​សប្បាយ​រីករាយ​អំពី​ជីវិត​ថ្មី​របស់​ពួកគេ​នៅ​លើ​ទឹក​ដី​ថ្មី។ ​កូន​ចៅរបស់​ពួកគេ​ក៏​បាន​ទទួល​ជោគជ័យ​ក្នុង​ជីវិត ​ដោយ​បាន​ទទួល​ការ​សិក្សា​អប់រំ​នៅ​មហាវិទ្យា​ល័យ​ និង​សាកល​វិទ្យាល័យ​របស់​សហរដ្ឋ​អាមេរិក ហើយ​មាន​ការងារ​ធ្វើ​ល្អៗ​ ដូចជា​ពលរដ្ឋ​អាមេរិកាំង​ដែរ៕