ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកនឹងរក្សាទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ហើយជួយស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សក្នុងប្រទេស។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ ដើម្បីជ្រើសរើសប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ហៅកាត់ថា DC-Cam ដែលមានសញ្ជាតិអាមេរិកាំងជាង ៣០ ឆ្នាំមកហើយ ប្រាប់វីអូអេថា ការបោះឆ្នោតអាមេរិកនេះមាន «ភាពស្មុគស្មាញជាងគេបង្អស់» នៅក្នុងពិភពលោក។ លោកបន្ថែមថា ពលរដ្ឋអាមេរិកាំងដែលរស់នៅក្នុងប្រទេសកម្ពុជាអាចចុះឈ្មោះតាមអនឡាញ និងតាមស្ថានទូត ដើម្បីអាចបោះឆ្នោតបាន។ លោកបញ្ជាក់ថា ការបោះឆ្នោតតាមអនឡាញបានបង្កភាពងាយស្រួល ភាពរហ័ស និងអាចសន្សំពេលវេលាបានច្រើន។
លោក ឆាំង យុ បន្ថែមថា ការចូលរួមបោះឆ្នោតជាកាតព្វកិច្ចមួយរបស់លោកក្នុងនាមជាពលរដ្ឋអាមេរិកដែលបានបង់ពន្ធ ហើយលោកចង់ចូលរួមក្នុងការបង្ហាញអំពីការចង់បានរបស់លោក។
ក្នុងនាមជាពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកាំង លោក ឆាំង យុ ថ្លែងថា លោកចង់ឃើញកម្ពុជានិងអាមេរិកមានទំនាក់ទំនងល្អនឹងគ្នា។
លោកប្រាប់វីអូអេថា៖ «អ្វីដែលខ្ញុំចង់បានចំពោះរដ្ឋាភិបាលថ្មី គឺធ្វើយ៉ាងណាឱ្យមានទំនាក់ទំនងកាន់តែប្រសើរ មកដល់ប្រទេសកំណើតរបស់ខ្ញុំ ប្រទេសកម្ពុជារបស់យើង ឱ្យបានប្រសើរជាងមុន ឱ្យមានការបើកទូលាយជាងមុន ឱ្យមានការយោគយល់គ្នា ឱ្យមានការមើលឃើញពីភាពវិជ្ជមាន ជាជាងចង្អុលពីភាពអវិជ្ជមានដែលបានកើតឡើងជាយូរមកហើយ។ ហើយធ្វើយ៉ាងម៉េចដើម្បីឱ្យសហរដ្ឋអាមេរិកជួយដល់សេដ្ឋកិច្ចកម្ពុជាកាន់តែល្អជាងមុន»។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែរ ថ្លែងថា លោកចង់ឃើញរដ្ឋាភិបាលថ្មីរបស់អាមេរិកបន្តការគាំទ្រអភិវឌ្ឍកម្ពុជា ជួយជំរុញផ្នែកប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឱ្យបានប្រសើរ និងសហរដ្ឋអាមេរិកជួយកម្ពុជាធ្វើយ៉ាងម៉េចឱ្យកម្ពុជាមានអព្យាក្រឹត្យភាព។
ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកមានភាពរកាំរកូសជាបន្តបន្ទាប់ ហើយចុងក្រោយនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្មដោយខុសច្បាប់និងការបោកប្រាស់តាមអនឡាញ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ដែលជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត «មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក»រវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Wesley Holzer ប្រាប់វីអូអេតាមសារអ៊ីម៉ែលថា ពលរដ្ឋអាមេរិកាំងនៅក្នុងប្រទេសកម្ពុជាអាចផ្ញើសន្លឹកឆ្នោតរបស់ពួកគេតាមរបៀបផ្សេងៗ រួមមានការបោះឆ្នោតតាមអ៊ីម៉ែលផងដែរ។ លោកបញ្ជាក់ថា ពលរដ្ឋជាច្រើនបានបញ្ជូនសន្លឹកឆ្នោតរបស់ពួកគេរួចហើយ។
បើតាមអ្នកនាំពាក្យរូបនោះ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញផ្តល់សេវា ដើម្បីអាចផ្ញើសន្លឹកឆ្នោតរបស់ពលរដ្ឋអាមេរិកាំងទៅកាន់មន្រ្តីនៅក្នុងរដ្ឋដែលពួកគេបោះឆ្នោត។ លោកបញ្ជាក់ថា ពលរដ្ឋអាមេរិកាំងនៅក្នុងប្រទេស និងក្រៅប្រទេសត្រូវបានលើកទឹកចិត្ត ដើម្បីចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត៕