ខ្មែរ-អាមេរិកាំង​មើល​ឃើញ​កូវីដ​១៩​ជាគ្រោះភ័យ និង​ឱកាស​ក្នុងការបោះឆ្នោត​ប្រធានាធិបតី

រូបឯកសារ៖ បុរសម្នាក់បោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតមុន កាលពីថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២០ នៅទីក្រុង Cleveland។

ក្នុង​ពេល​ដែល​ពលរដ្ឋ​អាមេរិកាំង​ជាង៧​លាន​នាក់​ បាន​ឆ្លងវីរុស​កូរ៉ូណា​ និង​មាន​អ្នកស្លាប់​ជាង​២សែន​នាក់​ ដោយសារតែ​ជំងឺ​រាតត្បាត​ដ៏កាច​សាហាវនេះ​ មានអ្នកបោះឆ្នោតខ្មែរ-អាមេរិកាំងខ្លះ​យល់​ថា ​នេះ​ គឺជា​កត្តា​សំខាន់​មួយ​សម្រាប់​ពួកគេ​សម្រេចចិត្ត​បោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃទី៣ ​ខែវិច្ឆិកា​ ខាងមុខ។ ប៉ុន្តែ​អ្នកដែល​គាំទ្រ​លោកប្រធានាធិបតី ​ដូណាល់ ត្រាំ ​ចាត់ទុក​ថា ​អ្នកដែល​ប្រឆាំង ​ហាក់​ផ្តោត​លើ​បញ្ហា​នេះ​ជ្រុលហួស​ដោយ​មិនមើល​គ្រប់ជ្រុង​ជ្រោយ ​ហើយ​វា​ នឹង​មិនផ្លាស់ប្តូរ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​លោក ត្រាំ ​ទេ។​

លោក គុជ ច័ន្ទលី ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែលរស់នៅរដ្ឋ​ម៉ារីឡែនបាន​បញ្ជាក់ថាលោក នឹងបោះឆ្នោត​គាំទ្រ​លោក ចូ បៃដឹន ​បេក្ខជន​ប្រធានាធិបតី​ដែលមក​ពី​គណបក្ស​ប្រជាធិបតេយ្យ៖

​«គោលការណ៍​នយោបាយ​របស់​លោក ​ចូ បៃដឹន ​ទាក់​ទឹននឹងជំងឺកូវីដ​១៩នេះ​ គឺថា​ជា​គោលការណ៍​ប្រសើរ​ជាង​លោក ​ដូណាល់ ត្រាំ ​ពីព្រោះ​ លោក ​ចូ បៃដឹន ​បាន​បង្ហាញ​ជំហរ​ថា​ លោក​ជឿ​លើ​វិទ្យាសាស្ត្រ​ គាត់ជឿលើ​វេជ្ជបណ្ឌិត​ គាត់​ជឿ​លើ​ការស្រាវជ្រាវ​ហើយគាត់​ជឿ​លើ​ដំបូន្មាន​សម្រាប់​ដំណោះស្រាយ​ទាំងឡាយ​របស់​អ្នកឯកទេស​ក្នុងការការពារជំងឺឆ្លងកូវីដ​១៩ នេះ។ ហើយ​គាត់​ នឹង​បង្កើត​ទៅជា​ច្បាប់​ចាំបាច់​ត្រូវតែ​ការពារ​ ត្រូវតែ​ពាក់ម៉ាស់​ទាំងអស់​គ្នា​ ត្រូវតែឈរ អង្គុយ​ឲ្យ​មាន​ចម្ងាយ​ពីគ្នា​នៅក្នុង​សង្គម​អាមេរិកាំង»។

លោក ច័ន្ទលី​ បានរិះគន់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ​ដែលបាន​រៀបចំ​ពិធី​ឃោសនា​នយោបាយ​នា​ពេល​កន្លងមក​ដោយ​មិនតម្រូវ​ឲ្យ​អ្នក​ចូលរួម​ត្រូវតែពាក់ម៉ាស់ ​និង​ការណ៍​ដែល​លោក​បាន​រិះគន់ ​និង​ចំអក​អ្នកដែល​ពាក់ម៉ាស់​ជាដើម។

លោកបាន​បន្ថែម​ថា៖

រូបឯកសារ៖ លោក គុជ ច័ន្ទលី ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ បាន​ទៅ​ចូលរួម​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ទីក្រុង Montgomery ​រដ្ឋ Maryland ​ថ្ងៃទី៦ ខែវិច្ឆិកា ​ឆ្នាំ២០១៨។ (រូបថត​ផ្តល់​ឲ្យ)

«ខ្ញុំសង្កេត​ឃើញ​ថា​ ការបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ ឲ្យ​សាធារណជន​ប្រឈមមុខ​រាលដាល​នឹង​ជំងឺកូវីដ​នេះ​ គឺជា​ឧក្រិដ្ឋកម្ម​មួយ​នៃ​បេក្ខជន​ណាមួយ​ក៏ដោយ ​ដែល​បណ្តោយ​ឲ្យ​សាធារណជន​ ឲ្យ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ប្រឈមមុខ​ផ្ទាល់​នឹងការឆ្លងរោគ​កូវីដ១៩​នេះ»។​

កាលពីចុង​ខែមេសា ​ចំនួន​អ្នកស្លាប់​នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ជាង​២.០០០​នាក់​ក្នុង​មួយថ្ងៃ ​ប៉ុន្តែ​តួលេខ​នេះ ​បាន​ធ្លាក់​មកនៅ​ក្នុង​រង្វង់​៨០០ នាក់​ក្នុង​មួយ​ថ្ងៃ នាចុងខែ​កញ្ញានេះ។

កាលពីខែមេសា ​លោកវេជ្ជបណ្ឌិត ​អាន់តូនី ហ្វៅជី (Anthony Fauci) ​អ្នកជំនាញ​ជំងឺឆ្លងកំពូល​របស់​សហរដ្ឋ​អាមេរិក​បាន​ថ្លែងថា ​ចំនួន​ពលរដ្ឋ​អាមេរិកាំង​អាចស្លាប់ដល់​ប្រហែល​៦ម៉ឺននាក់ ក្នុងខណៈ​ពេលដែល​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ ដែល​កាលពីដើមទី​ចាត់ទុក​ថា ​វីរុស​នោះ ​គឺ​ដូច​ទៅនឹង​ជំងឺ​ផ្តាសាយធំ​តាមរដូវនោះ​ បាន​ថ្លែង​នៅ​ខែ​ឧសភាថា​ ពលរដ្ឋ​អាមេរិកាំង​អាចស្លាប់​តែ​ត្រឹម​ចន្លោះ​ពី​៧៥.០០០ នាក់​ ទៅ ១០០.០០០នាក់​ប៉ុណ្ណោះ។

លោក សែម មាស ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត ​និង​ជាអ្នកគាំទ្រ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បានបញ្ជាក់​ថា ​អ្នកបោះឆ្នោត​មិនត្រូវ​ផ្តោតតែលើ​ការដោះស្រាយ​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​លើ​បញ្ហា​កូវីដ​១៩ នេះទេ។

«ខ្ញុំជឿថា ​ប្រជាពលរដ្ឋ​ភាគច្រើន​គាត់នឹង​យល់​ថា ​ជំងឺ​កូវីដ ​ដោយសារ​ប៉ះពាល់​នយោបាយ​ផ្ទៃក្នុង​សហរដ្ឋ​អាមេរិក​ខ្លះ​ បានជា​វា​មាន​បញ្ហា​ច្រើន​អ៊ីចឹង។ ជាទូទៅ​អ្នកដែល​ខ្ញុំស្គាល់ អ្នកដែល​ខ្ញុំ​និយាយ​ជាមួយ​គេ​ជឿថា​ បញ្ហា​កូវីដ​បើទោះបី​ជាវាជាបញ្ហាមែន​ ប៉ុន្តែ​មិន​គួរ​ណា​ជាបញ្ហា​ធំដុំ​ដូច​ជា​ព័ត៌មាន​នៅក្នុង​សហរដ្ឋ​អាមេរិក ​ឬ​ ជាព័ត៌មាន​ខាងគណបក្ស​ប្រឆាំង​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​យក​មក​ធ្វើ​ជានយោបាយ»។​

លោក សែម មាស បាន​និយាយ​តាម​អ្វី​ដែល​លោក​ប្រធានាធិបតី ត្រាំ ធ្លាប់លើកឡើង​ដោយបន្ទោស​អភិបាលរដ្ឋ​ដែលមកពី​គណបក្ស​ប្រជាធិបតេយ្យ​ថា​ ជារដ្ឋ​ដែលមាន​ចំនួន​អ្នកឆ្លង និងស្លាប់​ច្រើន​ដូច​ជារដ្ឋ​ញូវយ៉ក ​កាលីហ្វញ៉ា ​ម៉ាស្សាឈូសិត​ និង​វ៉ាស៊ីនតោនជាដើម។ ទន្ទឹមនឹងនោះ លោកយល់​ថា ស្ថានភាព​ជំងឺ​ដែល​មាន​ស្រាប់​និងវ័យ​របស់​អ្នកដែលបានស្លាប់ ដែលធ្វើ​ឲ្យ​ចំនួន​កើនឡើង។

លោក​ ជា មាស ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ហ្វីឡាដែលហ្វៀ រដ្ឋ​ផិនស៊ីលវេនៀ បានសរសើរលោក​ប្រធានាធិបតីក្នុងការដោះស្រាយ​បញ្ហា​កូវីដ​១៩ ​ដោយសារ​លោក​មានទីប្រឹក្សាច្រើន​ដែល​សុទ្ធតែ​ជាអ្នកមានទ្រព្យធន៖

«ខ្ញុំគិតថា ​ជំងឺកូវីដ​នេះ​ ជាជំងឺថ្មី​ ហើយខ្ញុំ​កោតសរសើរ​លោកប្រធានាធិបតីដែរ​ចំពោះ​ការដោះស្រាយ​របស់​លោក​នៅ​ពេល​ដែល​វាកើត​នៅ​សហរដ្ឋ​អាមេរិក​។ ខ្ញុំសូមជម្រាបថា សហរដ្ឋ​អាមេរិក​ខុស​ពី​ប្រទេស​ដទៃ។ សហរដ្ឋ​អាមេរិក​មាន​ចម្រុះជាតិសាសន៍ពិភពលោក ហើយ​ច្រក​ចេញ​ចូល​វា​មិន​មែន​តែ១ ​តែ២ ​ដូច​ប្រទេស​ដទៃ​ទេ។ វាមានច្រកចេញចូលស្ទើរគ្រប់ជ្រុងជ្រោយ​នៃ​ប្រទេស​អាមេរិក។ អ៊ីចឹង​ចំណាត់ការទប់​ស្កាត់​របស់​គាត់​ ខ្ញុំ​គិត​ថា ​សមរម្យ​ មិន​ល្អ​អត់​ខ្ចោះ​ទេ ​ប៉ុន្តែ​សមរម្យ»។

រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ម្នាក់​ដែល​ពាក់​អាវ​ការពារ​ធ្វើតេស្ត​អ្នករស់នៅ​ក្នុង​ទីក្រុង Wuhan ទី​ដែល​ជា​ប្រភព​នៃវីរុស​កូរ៉ូណា។

ជំងឺកូវីដ​១៩​ដែល​មាន​ប្រភព​មកពីទីក្រុង​វូហាន ប្រទេស​ចិន​ បានចម្លងដល់មនុស្ស​ជាង៣២​លាន​នាក់​ និង​បាន​សម្លាប់​អស់​ជាង​៩៨ម៉ឺននាក់ ​នៅទូទាំងពិភពលោក​គិត​ត្រឹមចុងខែកញ្ញានេះ។ ​

លោក ជា មាស​ បន្ទោស​រដ្ឋាភិបាល​ចិន ​ដែល​មិន​បានសហការផ្តល់ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ ​បើទោះបី​ជា​ពីដំបូង​លោក​ប្រធានាធិបតី ត្រាំ ​ធ្លាប់​បាន​សរសើរ​ចិន​ដោះស្រាយ​បាន​ល្អ​ និង​ធ្វើការ​ប្រកប​ដោយ​តម្លាភាព។

លោកប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ថ្លែងថា​ ចំណាត់ការ​របស់​លោក ​គឺមាន​កម្រិត​A+ ដោយសារតែ​រដ្ឋបាល​របស់​លោក ​បាន​ធ្វើ​ការងារ​«ល្អ​អស្ចារ្យខ្លាំង»។

លោក ជា មាស ​បាន​បោះឆ្នោត​ជូនលោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​ក្នុង​ឆ្នាំ​២០១៦​និងធ្លាប់​បាន​រារែក​ចិត្ត​ក្នុងពេលកន្លង​មក​ដោយសារ​លោក​ចង់​មើល​គោល​នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី​ ប៉ុន្តែ​ការវិវត្តន៍​ចុងក្រោយ​ដែលរួម​មាន​ការដាក់ទណ្ឌកម្ម ​និង​ការ​ប្រើប្រាស់​វោហាសាស្ត្រ​ធ្ងន់ៗ​ដាក់​ប្រទេស​ចិន ​ការធ្វើឃាតឧត្តមសេនីយ៍​កំពូល​របស់​អ៊ីរ៉ង់ ​និង​ការដោះស្រាយ​ជាមួយ​នឹង​កូរ៉េខាងជើង​ធ្វើ​ឲ្យ​លោក​សម្រេច​បោះឆ្នោត​ជូនលោក ​ត្រាំ ​បន្តទៀត។

បើទោះបីជា​អ្នកគាំទ្រ​ខ្លះ​ មិន​ចង់​ឲ្យផ្តោតខ្លាំង​លើ​បញ្ហា​កូវីដ​១៩ ប៉ុន្តែ​លោកស្រី​ ធិត គឹមហ៊ុន អ្នកគាំទ្រ​នៅរដ្ឋ ​North Carolina ​យល់​ថា​ ជំងឺរាតត្បាតនេះ​ គឺជា​ឱកាស​របស់​លោក​ប្រធានាធិបតីត្រាំ​ក្នុង​ការជាប់ឆ្នោត​បាន​មួយអាណត្តិ​ថែមទៀត។

លោកស្រី ​ធិត គឹមហ៊ុន​ បាន​បន្ថែម​ថា៖​

«សម្រាប់​រូបខ្ញុំ គឺ​ខ្ញុំសង្ឃឹម​ថា ​ខាងគណបក្ស​សាធារណរដ្ឋ​ដោយសារឥឡូវនេះ​ វាមាន​ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ហើយ​អីចឹង​ទៅ​ ហើយ​កន្លង​មក​មាន​ទាក់​ទង​នឹង​រឿង​កូវីដ​ទៀត​ ហើយ​ប្រធានាធិបតី ត្រាំ ​ក៏​បាន​ជួយ​សហរដ្ឋ​អាមេរិក​ដែរ ដូច្នេះ​បើសិន​ជា​យើង​ក្រឡេកមើល​តាម​ភូមិ​ តំបន់​នៃ​ស្រុក​ដែល​យើង​រស់​នៅ​ គឺ ភាគច្រើន ​គឺ​ថា​មានលើកប៉ាយ លើកទង់​របស់​ប្រធានាធិបតី ត្រាំ ​បោះឆ្នោត​ដើម្បី​ឲ្យ​ជាប់​អណត្តិថ្មី​។ អ៊ីចឹង​ទៅ​យើង​ឃើញ​ថា ​នេះ​គឺជាការដែល​គេ​ដុះចេញ​ពីក្នុង​ចិត្ត​របស់​គេ​ដើម្បី​ឲ្យ​បន្ត៤ឆ្នាំទៀត ហើយ​កន្លងមក​បើមាន​បញ្ហា​អ្វី​កើត​ឡើង​ គឺអ្នក​ដែល​កាន់អំណាច​បន្ត​ដើម្បី​ដោះស្រាយ​បន្តទៀត»។​

បើទោះបីជា​សហរដ្ឋ​អាមេរិក​មាន​ចំនួន​អ្នកស្លាប់​ច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ ប៉ុន្តែ​បណ្តា​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​និង​អាមេរិក​ឡាទីន​មានមធ្យមភាគ​អ្នកស្លាប់​ច្រើន​ជាង ​បើធៀប​នឹង​ចំនួន​ពលរដ្ឋ​សរុប។

លោក យន យាន់​ ប្រធាន​សមាគមខ្មែរ​រដ្ឋ​មីនីសូតា ​ដែលមាន​ស្នាក់ការ​នៅទីក្រុង​Twin Cities គឺ​ជា​អ្នកបោះឆ្នោត​ឯករាជ្យ ​ហើយ​លោក​ផ្តោតខ្លាំងលើ​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ​១៩​ ដែល​កំពុង​កើតមាន​នៅ​សហរដ្ឋ​អាមេរិក។ បើទោះបីជា​មិនទាន់​សម្រេច​ចិត្តបោះឆ្នោត​ឲ្យ​បេក្ខជនណាក៏ដោយ ​ក៏លោក យន យាន់ យល់​ថា​ ដំណោះស្រាយបញ្ហាជំងឺ​រាតត្បាត​នា​ពេលបច្ចុប្បន្ន​នេះ ​មិន​អាច​ទទួល​យក​បាន​ទេ។​

លោក យន់ យាន់ បន្ថែម​ថា៖

«ខ្ញុំបានយល់​ច្រើន​អំពីលោក​ប្រធានាធិបតី​ ពីទស្សនៈ​របស់​គាត់ និងពីអ្វីដែល​គាត់ធ្វើ​។ រឿង​ជំងឺកូវីដ​នេះ ​ខ្ញុំ​ជឿ​ថា​ ហាក់ដូច​ជា​មិន​បាន​ជោគជ័យ​ទេ ​ពីព្រោះ​ដោយសារ​អី​ គឺ​យើង​ជាអ្នក​ទទួល​ខុសត្រូវ​ ហើយ​យើង​ដឹង​តាំងពី​ថ្ងៃទី​៧​ ខែកុម្ភៈ​មក​ថា ជំងឺ​ហ្នឹង​ធ្ងន់​ធ្ងរ ​រាតត្បាត ប៉ុន្តែ​អត់​បាន​ធ្វើ​អ្វី​ធំដុំ គឺមានន័យ​ថា​ អត់​បាន​ធ្វើ​អ្វី​ទប់​ស្កាត់​ធំដុំទេ។ ដល់គាត់​គិតថា​មិន​ឲ្យ​មនុស្ស​ស្លន់ស្លោរ ប៉ុន្តែ​២សែននាក់​ និង​ឆ្លង​ជិត​៨​លាននាក់​ជារឿង​ធ្ងន់ធ្ងរ»។

យ៉ាងណាក៏ដោយ​លោក ​យន យាន់​ ហាក់មានទំនោរ​ទៅរក​លោក ចូ បៃដឹន​នៃ​គណបក្ស​ប្រជាធិបតេយ្យ៖

«លោក បៃដឹន​ និង​ដៃគូ​របស់​គាត់​មិន​ទាន់​កាន់កិច្ចការ​ យើង​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ ប៉ុន្តែបើសិន​ជាមើល​គោល​នយោបាយ​របស់​លោក ​បៃដឹន យើង​អាចទុកចិត្ត​បាន​ថា​ យើង​ជាជនជាតិភាគតិច អ្នកដែល​រក​បាន​ចំណូលតិច គឺ​យើង​គួរ​មាន​សង្ឃឹម​តិចៗ​ ដោយសារ​តែអ្នក​កំពុង​កាន់កិច្ចការនេះ​ធ្វើ​មិន​បាន​ប្រសើរ ​ជាពិសេស​លើ​កូវីដ​នេះ​ ប៉ុន្តែ​ចំពោះ​សេដ្ឋកិច្ច​គាត់​ធ្វើ​បាន​គួរសម ​ដែល​យើង​គួរ​កត់សម្គាល់»។

រូបឯកសារ៖ រូបថត ដែល​បាន​ថត​នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០​ នេះ បង្ហាញអំពី​មនុស្សរង់ចាំ​ដើម្បី​ទទួល​បាន​ជំនួយ​សម្រាប់​អ្នក​អត់ការងារ​ធ្វើ​នៅ​ឯ​មជ្ឈមណ្ឌល One-Stop Career នៅ​ទីក្រុង Las Vegas។

ជំងឺកូវីដ​១៩​ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​រាប់សិប​លាន​នាក់​បាត់បង់​ការងារធ្វើ។ តួលេខ​របស់​ក្រសួង​ការងារ​បាន​បង្ហាញ​ថា ​ចំនួន​អ្នកអត់ការងារ​ធ្វើ​បាន​ធ្លាក់​មក​នៅ​ត្រឹម៨,៤​ ភាគរយ​នៅ​ខែសីហា​ គឺ​ត្រូវជា ១៣,៦​ លាន​នាក់​ដោយ​ធ្លាក់ចុះពី​ចំនួន​១៦,៤​ ភាគរយ​ក្នុង​អំឡុងខែមិថុនា។

លោក យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ-​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​ និងប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅតំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ មើលឃើញ​ថា ​ជំងឺកូវីដ​១៩​ ហាក់​ទំនងជា​ផ្តល់​ឱកាស​ដល់​លោក​ ចូ បៃដឹន​ ច្រើនជាង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ដែល​បាន​បាត់បង់​ការងារធ្វើ​ជាច្រើន​លាននាក់​ដោយសារតែ​ជំងឺនេះ៖

រូបឯកសារ៖ លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ-​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និងប្រជាធិបតេយ្យ។

«ដូច​យើងដឹង​ស្រាប់​ហើយ​ថា ​អ្នកដែល​មានការងារធ្វើ​ គេ​នៅតែ​គាំទ្រ​លោក ​ដូណាល់ត្រាំ ប៉ុន្តែអ្នកអត់​ការងារ​ធ្វើ ​គឺ​អត់មាន​លុយចាយ​ អត់មាន​លុយបង់​ថ្លៃផ្ទះ​ គឺគេ​នឹង​បន្ទោស​អ្នក​ដែលកំពុងកាន់អំណាច​»។

ក្រុម​អ្នកស្រាវជ្រាវវេជ្ជសាស្ត្រ ​កំពុង​ព្យាយាម​បង្កើត​វ៉ាក់សាំង​កូវីដ​១៩ ​ដែល​អាច​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈ​ពេល​ប៉ុន្មានខែ​ទៀតនេះ។ ក្នុងពេល​ដែល​អត់មាន​វ៉ាក់សាំង​នៅឡើយ​ ក្រុម​អ្នក​ជំនាញ​ថ្លែងថា ​នៅ​ពេល​រដូវ​រងា​ចូល​មក​ដល់​ចំនួន​អ្នកស្លាប់​ អាច​នឹង​កើនឡើង។

លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​បានសម្តែង​ចេតនា​ចង់​ឲ្យ​វ៉ាក់សាំង​នេះ​រួចរាល់នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ និង​ឲ្យ​ពលរដ្ឋ​ចេញទៅធ្វើការងារវិញ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​ជាញឹកញយថា នឹង​មាន​វ៉ាក់សាំង​នៅ​ពេល​ឆាប់ៗ​ខាងមុខ គឺ​អាច​នៅ​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា គឺ​នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី។ ការណ៍​នេះ នាំឲ្យ​មានការព្រួយ​បារម្ភ​ពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ ប៉ុន្តែក្រុម​ហ៊ុន​ឱសថធំៗ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​នៅដើម​ខែកញ្ញា​នេះថា ​ពួកគេ​នឹង​គោរព​តាម​វិទ្យាសាស្ត្រ ​ហើយ​នឹង​មិន​ប្រើ​វិធីផ្លូវកាត់ណាមួយឡើយ។

មជ្ឈមណ្ឌល​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​ក៏បាន​ថ្លែង​ថា​ បើ​ទោះបី​ជា​វ៉ាក់សាំង​ផលិត​បាន​ក្នុងពេល​ឆាប់ៗខាងមុខ​នេះ​ ក៏វា​ត្រូវ​ចំណាយ​ពេល​រហូតដល់​ដើមខែ​កក្កដា​ឆ្នាំ​២០២១ ​ទើប​អាច​ចាក់​ជូន​ដល់ពលរដ្ឋ​អាមេរិកាំង​គ្រប់ៗគ្នាបាន។ ក្នុងពេល​ជាមួយ​គ្នា​នេះ​ដែរ​ ក្រុម​អ្នក​វិភាគ​ផ្នែក​សុខាភិបាល​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​បាន​ព្យាករណ៍​ថា ​ចំនួន​អ្នកស្លាប់​នៅ​សហរដ្ឋ​អាមេរិក ​អាច​នឹង​ឡើង​ដល់​៤១ ម៉ឺននាក់​ នៅ​ដំណាច់​ឆ្នាំ​២០២០ នេះ៕