អ្នកបោះឆ្នោត​ខ្មែរ-អាមេរិកាំង​ការពារ​វិធី​ដោះស្រាយ​សេដ្ឋកិច្ច​របស់​បេក្ខជន​ប្រធានាធិបតី​

រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump (ឆ្វេង) និង​លោកJoe Biden (ស្ដាំ) ក្នុង​អំឡុងពេល​ជជែក​ដេញដោល​​គ្នា​លើក​ទី​មួយ​នៅ​សាកលវិទ្យាល័យ Case Western ទីក្រុង Cleveland រដ្ឋ Ohio ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋធានី​វ៉ាស៊ីនតោន — ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃទី​៣​ ខែវិច្ឆិកា​នេះ​ រៀបចំ​ឡើង​ក្នុងពេល​ដែល​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​បាន​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំង ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ១៩ ​និង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ចិន។

នេះ​ជា​បញ្ហា​ប្រឈម​ដ៏ធំ​មួយ​សម្រាប់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) ​នៃ​គណបក្ស​សា​ធារណ​រដ្ឋ​ដែល​កំពុង​ប្រកួត​ប្រជែង​យ៉ាង​តឹងតែង​នឹង​លោក ចូ បៃដឹន​ (Joe Biden) អតីត​អនុប្រធានាធិបតី​និង​ជា​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យ។

អត្រា​អ្នកគ្មានការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ ​៧,៩ ​ភាគរយ​ និង​មាន​ពលរដ្ឋ​អាមេរិកាំង​ជា​មធ្យម​ជាង​ ៨០ ​ម៉ឺន​នាក់ ​បាន​ដាក់​ពាក្យ​សុំប្រាក់ជំនួយ​គ្មានការងារធ្វើ​ ជា​រៀងរាល់​សប្តាហ៍។ តួលេខ​ទាំងពីរ​នេះ​បានធ្លាក់ចុះ ​ប៉ុន្តែនៅតែ​ខ្ពស់​ បើ​ប្រៀបធៀប​នឹង​កម្រិត​មុនពេល​មាន​ជំងឺ​រាតត្បាត​កូវីដ១៩ ​ដែល​បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក ​តាំងពី​ខែចុង​ខែមករា​មក។ នេះ​បើ​តាម​ក្រសួង​ការងារ​របស់​សហរដ្ឋ​អាមេរិក។​

លោក សែម មាស ​ដែល​រស់នៅ​ទីក្រុងឡូវែល (Lowell) ​រដ្ឋម៉ាស្សាឈូសិត (Massachusetts) ​និង​ជា​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ យល់ថា​ ការធ្លាក់ចុះ​លើ​ផ្នែក​សេដ្ឋកិច្ច​ក្នុងគ្រា​ដែល​មាន​វិបត្តិ​សុខភាព​បង្ក​ដោយ​ជំងឺ​រាតត្បាត​កូវីដ១៩ ​គឺ​មិនមែន​ជា​កំហុស​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ទេ ដោយសារ​លោក​មិន​មាន​សិទ្ធិ​បញ្ជា​ទៅ​ថ្នាក់​អភិបាល​រដ្ឋ​ ឲ្យ​បើក​ដំណើរការ​សេដ្ឋកិច្ច​បាន។​

លោក សែម មាស​ បាន​បន្ថែម​ថា៖ «គាត់​ជា​ប្រធានាធិបតី​ គាត់​មិនអាច​បញ្ជា​អភិបាល​រដ្ឋ​នីមួយ ​ឲ្យ​ធ្វើ​តាម​ពួកគាត់​បាន​ទេ។ គាត់​អាច​ធ្វើអ្វី​ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ ឲ្យ​គាត់​ធ្វើបាន។ គាត់​អាច​ស្នើ​គោលនយោបាយ ឬ​ក៏​រឿង​អ្វី​មួយ ​ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​ ដូចជា​កញ្ចប់​ជំនួយ​ជំងឺរាតត្បាត​គឺ​គាត់​អាច​ធ្វើ​បាន»។

​លោក សែម មាស ​អះអាង​ថា​ លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​ធ្វើការងារ​បាន​ល្អ​លើ​ផ្នែក​សេដ្ឋកិច្ច​ ជាពិសេស​ការតតាំង​នឹង​ប្រទេស​ចិន​ ដែល​រង​ការចោទ​ប្រកាន់​ថា​ បាន​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិន​ស្មើ​ភាព​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ជា​យូរ​ឆ្នាំ​ហើយ​ ដែល​គួរតែ​ជាការ​ទទួលស្គាល់​គោលនយោបាយ​នេះ។​

លោក​បាន​បន្ថែម​ថា៖ «ពី​រឿង​សេដ្ឋកិច្ច​ខាង​កសិកម្ម​ យើង​យក​ផ្លែ​ឈើ​ យក​អង្ករ​ យក​ដំឡូង​ ឬ​ក៏​ខ្ទឹម​អី​អីចឹង​ទៅលក់​នៅប្រទេស​ចិន​ ឬ​ក៏​សាច់គោ​ទៅលក់​នៅប្រទេស​ចិន​។ លោក​ប្រធានាធិបតី ​ដូណាល់ត្រាំ​ តែង​តែង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចិន​ទិញ​ឥវ៉ាន់​ ដូច​ជា​អង្ករ​អី​ជាដើម ​ពី​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​ច្រើន​។ គាត់តែង​តែ​ប្រកាស​ថា ​បើសិន​ជារដ្ឋាភិបាល​ចិន​មិនព្រម​ទទួល ​ឬ​ក៏​មិន​ព្រម​ទិញ ​គាត់​នឹង​បិទ​ទីផ្សារ​សហរដ្ឋ​អាមេរិក​កុំ​ឲ្យ​យក​ផលិតផល​ ដែល​ធ្វើ​នៅ​ប្រទេស​ចិន​លក់​ក្នុង​សហរដ្ឋ​អាមេរិក»។

រូបឯកសារ៖ ហាង Pier 1 បានបិទដំណើរ ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ នៅទីក្រុង Coral Gables រដ្ឋ Florida កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

ក្រសួង​ពាណិជ្ជកម្ម​បាន​រាយការណ៍​ថា ​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​កើនឡើង​ចំនួន​ ១១ ​ភាគរយ​ នៅ​ក្នុង​ខែកក្កដា ដែល​សរុប​មាន​ទឹកប្រាក់​ ៦៣,៦ ​ពាន់​លាន​ដុល្លារ​ ដោយ​មាន​ឱនភាព​ជាមួយ​នឹង​ប្រទេស​ចិន​ឡើង​ដល់​ ២៨,៣ ​ពាន់​លាន​ដុល្លារ។

ចិន​និង​សហរដ្ឋ​អាមេរិក​ បាន​ចុះហត្ថលេខា​លើ​ «ជំហានទី១» ​កាលពីដើម​ឆ្នាំ​នេះ ​ដែល​បញ្ចប់​ជម្លោះ​ខ្លះៗ ​ដោយ​ចិន​សន្យា​ទិញ​ទំនិញ​អាមេរិកាំង​ចំនួន​ ២០០ ​ពាន់​លាន​ដុល្លារ​ ហើយ​ក្រុងវ៉ាស៊ីនតោន​នឹង​បន្ថយ​ពន្ធគយ​លើ​ទំនិញ​ចិន​ចំនួន ​១៦០ ​ពាន់​លាន​ដុល្លារ​ ជាពិសេស​លើ​គ្រឿង​អេឡិកត្រូនិក។

ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិកបាន​ឲ្យដឹងថា ​តម្លៃ​ទំនិញ​កសិផល​បាន​ធ្លាក់ចុះ​ជាច្រើន​។ ឧទាហរណ៍​តម្លៃ​សណ្តែកសៀង​បាន​ធ្លាក់​ចុះ​ ៣៥​ ភាគរយ​ និង​តម្លៃ​ពោត​ធ្លាក់ចុះ​អស់​ ៤៤ ភាគរយ ​ដោយ​ស្រប​ពេល​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន​ ដោយ​ប្រទេស​កុម្មុយនីស្ត​នេះ​បាន​ងាក​ទៅទិញ​ផលិតផល​នោះ​កាន់តែ​ច្រើនឡើង​ពី​ប្រទេស​ប្រេហ្ស៊ីល ​និង​ប្រទេស​ដែល​ប្រកួតប្រជែង​នឹង​សហរដ្ឋ​អាមេរិក។ ក្នុងពេល​ដែល​មាន​ជំងឺ​រាតត្បាត​នេះ​ ចំនួន​កសិផល​ដែល​ចិន​ទិញ​ពី​សហរដ្ឋ​អាមេរិក​កាន់តែ​ធ្លាក់ចុះ។

លោក គុជ ច័ន្ទលី ​អ្នកគាំទ្រ​លោក ​ចូ បៃដឹន​ នៅក្នុង​រដ្ឋម៉ារីឡែន​ (Maryland) បាន​បញ្ជាក់​ថា​ ការជំរុញ​សេដ្ឋកិច្ច​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន ​គឺ​មិន​អាចជៀសផុត​ពី​ត្រូវ​ដោះស្រាយ​វិបត្តិ​សុខភាព​ទេ។

លោក ច័ន្ទលី​ បាន​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា​ ការដោះស្រាយ​របស់​លោក ​ចូ បៃដឹន​ ដែល​យើង​ត្រូវតែ​ប្រយុទ្ធ​ជំងឺកូវីដ​១៩ ​ដែល​ជាប្រភព​ធ្វើ​ឲ្យ​ខូច​សេដ្ឋកិច្ច​ហ្នឹង​ ជា​វិធី​ត្រឹមត្រូវ​ ហើយ​បើយើង​នៅតែ​បើក​ចំហរ​ទាំង​គ្រោះថ្នាក់​ផ្សេងៗ​ ឲ្យ​មនុស្ស​ទៅ​ប្រជុំ​គ្នា​នៅក្នុង​បន្ទប់​ធំ​មួយ ​ឲ្យ​មនុស្ស​នៅ​ជុំគ្នា​អត់មាន​ពាក់​ម៉ាស់ ​គឺ​ខ្ញុំ​ថា ​ជំងឺ​នេះ​នៅតែ​រាលដាល​ខ្លាំង​អីចឹង»។​

គេហទំព័រ​ Real Clear Politics​ បង្ហាញ​ថា ​ការស្ទង់​មតិ​ថ្មីៗ​នេះ​ ​លោកចូ បៃដឹន​ ​អាយុ ៧៧ ​ឆ្នាំ​ បាន​នាំមុខ​លោក​ប្រធានាធិបតី​ ត្រាំ ​អាយុ​ ៧៤ ​ឆ្នាំ​ នៅ​តាម​រដ្ឋ​ប្រកួត​ប្រជែង​សំខាន់ៗ​មួយ​ចំនួន ​ដែល​មាន​ដូចជា​រដ្ឋ​ Pennsylvania ​គឺ​នាំមុខ ​៧ ​ភាគរយ​ និង​នៅ​រដ្ឋ Florida​ លោក​ បៃដឹន ​នាំមុខ​ចំនួន ​៣,៧ ​ភាគរយ។

ប៉ុន្តែ​បេក្ខជន​ទាំងពីរ​បាន​ស្មើគ្នា​ នៅ​រដ្ឋ Ohio ដែល​ជា​រដ្ឋ​មួយ​ដែល​លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ឈ្នះ​រហូត​ដល់ ​៨ ភាគរយ​ លើ​លោកស្រី​ ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ​ជា​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​ ២០១៦។

លោក យន យាន់ ​ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​មីនីសូតា​ (Minnesota) ដែល​មាន​ស្នាក់ការ​នៅទីក្រុង​Twin Cities​ គឺ​ជា​អ្នកបោះឆ្នោត​ឯករាជ្យ​ ហើយ​លោក​បាន​សរសើរ​ស្នាដៃ​លោក​ប្រធានាធិបតី​ លើ​បញ្ហា​សេដ្ឋកិច្ច​ នៅ​មុន​ពេល​ជំងឺកូវីដ​១៩​ បាន​កើតឡើង។

លោក យន យាន់​ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​លោក ​ដូណាល់ ត្រាំ​ គាត់​ធ្វើ​បាន​ល្អ​គួរសម​ ដោយសារ​ចំនួន​អ្នក​ធ្វើការ​ច្រើន​មែនទែន​ហើយ​អ្នកអត់​ការងារ​ធ្វើ​ចុះ​មកនៅតិច»។

ទន្ទឹម​នឹងនោះ​ លោក យន យាន់ ​ក៏មើល​ឃើញ​ថា ​លោក ​ដូណាល់ ត្រាំ ​ហាក់​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង​ ដោយ​បង្ខំ​ឲ្យ​បើក​ដំណើរការ​វិញ​ ក្នុងពេល​ដែល​ជំងឺ​កូវីដ​មិន​ទាន់​ចប់នៅឡើយ ​ដោយ​មិន​មាន​វិធានការ​បង្កា​ត្រឹមត្រូវ។

«ពេល​ដែល​មាន​កូវីដ​ ហើយ​គាត់​ជំរុញ​ឲ្យ​បើក​បង្ខំ​ឲ្យ​បើក​។ នេះ​គឺជារឿង​មួយ​ទៀត​ ដែល​ខ្ញុំយល់​ថា ​គួរតែ​យើង​ត្រូវ​រក្សា​តុល្យភាព​រវាង​ជីវិត​មនុស្ស​ និង​សេដ្ឋកិច្ច​ ហើយ​បើ​មនុស្ស​ស្លាប់​ទៅធ្វើ​បានអី? ប៉ុន្តែ​បើ​យើង​ធ្វើ​ ហើយ​យើង​មាន​មធ្យោបាយ​ទប់​ស្កាត់​គ្រប់គ្រាន់​ មានម៉ាស់ មាន​ក្បាំង​មុខ​ មាន​ការនៅ​ឃ្លាតគ្នា​ គឺ​ខ្ញុំ​គិត​ថា ​វា​ប្រសើរ»។

រូបឯកសារ៖ បុរសម្នាក់រត់កាត់ឧទ្យានជាតិនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោន ដែលមានដោតទង់ជាតិអាមេរិកតំណាងឲ្យជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

​ពលរដ្ឋ​អាមេរិកាំង​ជាង ​៨ លាន​នាក់បាន​ឆ្លងជំងឺ​កូវីដ១៩​ ​និង ២១៧.៧០០​ នាក់​ បាន​ស្លាប់ដោយសារជំងឺនេះ ​បើគិត​ត្រឹម​ពាក់​កណ្តាល​ខែតុលា។

អត្រា​អ្នកបាត់បង់​ការងារ​ធ្វើ​ដែល​បណ្តាល​មកពី​ការបិទ​ដំណើរការ​សេដ្ឋកិច្ច​ ដោយសារជំងឺ​រាតត្បាត​បាន​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ ដែល​មាន​ប្រាក់​ចំណូលទាប​។ រីឯ​ការងារ​នៅ​ក្រុមខ្ពស់​បំផុត​បាន​ត្រឡប់​មក​វិញ​ដល់​កម្រិត​មួយ​ ដែល​ខ្ពស់​ជាង​កម្រិត​មុនពេល​មាន​វិបត្តិ​សុខភាព​ បើ​គិតត្រឹម​ខែកញ្ញា។ ប៉ុន្តែ​ ការងារ​សម្រាប់​ក្រុម​អ្នក​ដែល​មាន​ចំណូល​ទាប​បំផុត​ នៅ​តិច​ជាងមុន​ជាង​ ២០​ ភាគរយ។​

ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង ​៣​ គ្រួសារ​គឺ​មាន​ជិត ​១​ គ្រួសារ ​ដែល​មាន​កូន​តូចៗ​ មិនមាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ ​ក្នុង​រយៈពេល ​៣ ខែ​ មុនពេល​ប្រាក់ឧបត្ថម្ភ​ដែល​បាន​មកពី​ច្បាប់​ CARES Act ​បាន​ផុត​កំណត់​។

ក្នុង​ពេល​ដែល​រដ្ឋាភិបាល​សហព័ន្ធ​ និង​រដ្ឋខ្លះ​កំពុង​ចាត់វិធានការ​ការពារ​ពលរដ្ឋ​អាមេរិកាំង​ ដែល​គ្មាន​ប្រាក់​បង់​ថ្លៃផ្ទះ ​មិនឲ្យ​ម្ចាស់​ផ្ទះ​បណ្តេញ​ចេញ​ ក៏​ទាំងម្ចាស់ផ្ទះ​និង​អ្នកជួលផ្ទះ​នៅ​ទូទាំង​ប្រទេស ​កំពុង​ប្រឈម​នឹង​គ្រោះមហន្តរាយ​ហិរញ្ញវត្ថុ​ ដោយសារ​ការជំពាក់​ប្រាក់ជួល​កាន់តែ​កើនឡើង។

ក្រៅពី​ផលប៉ះពាល់​លើ​បុគ្គល​និង​ក្រុម​គ្រួសារ​នីមួយៗ​ ជំងឺ​រាតត្បាត​នេះ​មាន​ផលប៉ះពាល់​លើវិស័យ​អាជីវកម្ម​ នៅ​សហរដ្ឋ​អាមេរិក​ផងដែរ។​

កាលពីខែ​មីនា ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកអ្នកដំណើរ​អាមេរិកាំង​ ទទួល​បាន​កញ្ចប់​ថវិកា​ចំនួន​ ២៥ ​ពាន់​លាន​ដុល្លារ​ ពី​ច្បាប់​ CARES Act​ ដើម្បី​ធានា​ថា ​ពួកគេ​មិន​បញ្ឈប់​បុគ្គលិក​រហូត​ដល់​ថ្ងៃទី ៣០​ ខែកញ្ញា។ ប៉ុន្តែ​ ដោយសារ​ការចរចាគ្នា​មិនត្រូវ​លើ​កញ្ចប់​ថវិកា​ថ្មី​ ក្រុមហ៊ុន​អាកាសចរណ៍ធំៗ​២ គឺ American Airlines​ និង United Airlines ​បាន​ផ្អាក​ការងារ​បុគ្គលិក​សរុប​ជាង​ ៣២.០០០ នាក់។

ឧស្សាហកម្ម​ទេសចរណ៍​និង​សណ្ឋាគារ​ក៏​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដែរ​ ដោយ​ចំនួន​អ្នកស្នាក់នៅ​ធ្លាក់ចុះ​អស់​ ៣១,៥ ​ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំមុន។

សហព័ន្ធ​ជាតិ​សម្រាប់​អាជីវកម្ម​ឯករាជ្យ​រាយការណ៍​ថា​ ក្រុមអាជីវករ​ខ្នាតតូច​ជាង​ពាក់កណ្តាល​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ត្រូវការជំនួយ​បន្ថែម​ពី​រដ្ឋ​ ដើម្បី​បន្ត​ដំណើរការ​ហើយ​ពួកគេ​ជាង​ ២០ ​ភាគរយ​ជឿ​ថា ​ពួកគេ​ត្រូវ​បង្ខំ​បិទ​ក្នុងរយៈ​ពេលប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ ប្រសិនបើ​ស្ថានភាព​មិន​បាន​ប្រសើរ​ឡើង​វិញ​ទេ។​

លោក យន់ យាន់ ​មាន​ជំនឿ​ថា​ លោក ​ចូ បៃដឹន​ នឹងអាចនាំ​យក​សហរដ្ឋ​អាមេរិក​ចេញ​ពី​វិបត្តិសេដ្ឋកិច្ច​នេះ។​

«ខ្ញុំ​ជឿ​ថា ​គាត់​អាច​ធ្វើ​បាន​ដោយ​សារ​លោកស្រី ខាម៉ាឡា ហែរីស (Kamala Harris)​ និង​លោ ក​ចូ បៃដឹន ​គាត់​រួម​កម្លាំង​គ្នា​ដោយ​យក​បញ្ញាឈ្លាសវៃ​របស់​គាត់​ទាំងពីរ ​បញ្ចូល​គ្នា​។ ប៉ុន្តែ​ចំពោះ​លោក​ប្រធានាធិបតី​ ត្រាំ​ គឺ​មិន​ដឹង​ថា ​ក្នុង​រដ្ឋបាល​របស់​គាត់​អីចឹង​ដែរ​ឬអត់​ទេ​ គឺ​គាត់​ហាក់​ដូច​ជា​គិត​ថា​ មាន​តែ​គាត់​ទេ​ហាក់ធ្វើ​អ្វី បាន​ទាំង​អស់​ ហើយ​ខ្ញុំ​អត់​ជឿ​ថា​ មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​ទេ»។

លោក យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ​យល់​ថា​លោក​ប្រធានាធិបតី​ដែល​ឡើង​កាន់​អំណាច ​ដោយ​សារ​ភាពខ្លាំង​ខាង​ផ្នែក​សេដ្ឋកិច្ច​ ព្រោះ​លោក​មាន​ប្រវត្តិ​ជាអ្នក​ជំនួញ​ នឹង​ត្រូវរង​គ្រោះ​ដោយ​សារ​តែ​វិបត្តិ​សេដ្ឋកិច្ច​នេះ​ផងដែរ។

លោក​បញ្ជាក់​ថា៖ «ដូច​យើង​ដឹង​ស្រាប់​ហើយ ​អ្នកណា​ដែល​នៅ​មាន​ការងារ​ធ្វើ​ គេ​នៅតែ​គ្រាំទ្រ​ដោយ​ ដូណាល់ ត្រាំ​ អីចឹង។ ប៉ុន្តែ​អ្នក​ដែល​អត់​ការងារ​ធ្វើ​ គឺ​អត់​មាន​លុយចាយ​ អត់​មាន​លុយ​បង់​ថ្លៃផ្ទះ​ ដូច្នេះ​គេ​នឹង​បន្ទោស​អ្នក​ដែល​កាន់​អំណាច»៕