លទ្ធផលឆ្នោតបឋមនៃការបោះឆ្នោតក្នុងទីក្រុង Livermore រដ្ឋ California (កាលីហ្វ័រញ៉ា) កាលពីថ្ងៃអង្គារទី៨ ខែវិច្ឆិកាបានបង្ហាញថា លោក Mony Nop បេក្ខជនខ្មែរអាមេរិកាំងកំពុងនាំមុខគូប្រជែងរបស់លោកបន្តិចបន្តួចសម្រាប់តំណែងជាចៅហ្វាយក្រុង។
តួលេខបឋមដែលផ្តល់ដោយគណៈកម្មការរៀបចំការបោះឆ្នោតស្រុក Alameda ដែលគ្របដណ្តប់ក្រុងជាច្រើនក្នុងនោះមានក្រុង Livermore ផងដែរបានបង្ហាញថាត្រឹមថ្ងៃទី៩ ខែវិច្ឆិកានេះ លោក Mony Nop បាននាំមុខលោក John Marchand ដោយសំឡេង៦.៥២៧ ទល់នឹង៦.៣១២ដែលត្រូវជា៥១ទល់នឹង៤៩ភាគរយនៃសន្លឹកឆ្នោតសរុប។ លទ្ធផលនេះផ្អែកលើការរាប់សន្លឹកឆ្នោត១០០%នៅតាមមណ្ឌលបោះឆ្នោតទាំង១៥។
ក៏ប៉ុន្តែគេនៅមិនទាន់អាចប្រកាសលទ្ធផលជាផ្លូវការ ដោយសារការរាប់សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតផ្ញើតាមប្រៃសណីយ៍នៅមិនទាន់ចប់សព្វគ្រប់។
រដ្ឋ California នៅតែទទួលអ្នកបោះឆ្នោតតាមសំបុត្ររហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកាដរាបណាសន្លឹកឆ្នោតនោះផ្ញើចេញនៅមុនឬនៅថ្ងៃបោះឆ្នោត។ គណៈកម្មការរៀបចំការបោះឆ្នោតមានពេលរហូតដល់ថ្ងៃទី៨ ខែធ្នូ ដើម្បីបញ្ជាក់លើលទ្ធផលចុងក្រោយ។
នៅក្នុងសារផ្ញើមក VOA លោក Mony Nop ថ្លែងថា បើសិនជាលទ្ធផលចេញជាផ្លូវការហើយលោកជាប់តំណែងជាចៅហ្វាយក្រុងគឺលោកនឹងដឹកនាំដោយប្រកាន់ជំហរ«បើកចំហ»ដែលនឹងចំណាយពេលស្តាប់មតិនានាបើទោះបីជាមិនយល់ស្របនឹងលោកក៏ដោយ។
លោកបានបន្ថែមថា លោកនឹងផ្តល់តម្លៃដល់អ្នកទាំងឡាយណាដែលមានអារម្មណ៍ថា«ត្រូវបានគេមិនឱ្យតម្លៃនិងគោរព»ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។
លោក Mony Nop គឺជាខ្មែរអាមេរិកាំងដំបូងដែលឈរឈ្មោះប្រកួតប្រជែងយកតំណែងចៅហ្វាយក្រុង Livermore។ លោកបានបម្រើការងារជាមន្ត្រីប៉ូលិសក្នុងក្រុងរយៈពេល១៧ឆ្នាំ។ បច្ចុប្បន្នលោកគឺជាអ្នកជំនួញអចលនទ្រព្យដ៏ជោគជ័យ។ លោកសង្ឃឹមថាបទពិសោធនេះនឹងជួយលោកដឹកនាំក្រុងបានល្អ។
Your browser doesn’t support HTML5
លោក Mony មានគោលនយោបាយអាទិភាពដែលផ្តោតលើលំនៅដ្ឋាន សុវត្ថិភាពសាធារណៈ ដោះស្រាយបញ្ហាគ្មានលំនៅដ្ឋាន បង្កលក្ខណៈឱ្យពលរដ្ឋអាចទិញផ្ទះបាន និងនាំយកការងារដែលមានប្រាក់ខែខ្ពស់មកទីក្រុង Livermore។
ទីក្រុង Livermore មានពលរដ្ឋរស់នៅចំនួនជាង៩០.០០០ នាក់ដោយមានពលរដ្ឋអាស៊ីរស់នៅចំនួន១៣%ប៉ុណ្ណោះ។ អ្នកបោះឆ្នោតស្បែកសមាន៥៩% និងក្រៅពីនោះជាអាមេរិកឡាទីននិងសាសន៍ដទៃទៀត។ ទីក្រុងតូចមួយនេះមានចម្ងាយ៧០គីឡូម៉ែត្រពីទីក្រុង San Francisco។
គូប្រកួតរបស់លោក Mony Nop គឺលោក John Marchand អតីតចៅហ្វាយក្រុងដែលបានត្រឡប់មកប្រកួតប្រជែងជាថ្មី។ លោក Mony ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក Marchand ក្នុងឆ្នាំ២០១៨ ដែលជួយឱ្យលោក Marchand ជាប់ឆ្នោតជាថ្មី។
លោកមុន្នីកើតនៅខេត្តបាត់ដំបង។ ក្រុមគ្រួសាររបស់លោកបានរត់ភៀសខ្លួនទៅប្រទេសថៃនិងហ្វីលីពីនមុនពេលមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៣ នៅពេលដែលលោកមានអាយុ១០ឆ្នាំ។ពេលមកដល់ដំបូងគ្រួសារលោកបានរស់នៅទីក្រុង Tempe រដ្ឋ Arizonaណាមុនផ្លាស់ទីមកនៅទីក្រុង Stockton (ស្តុកតុន) រដ្ឋ California។ លោកបានផ្លាស់មកនៅទីក្រុង Livermore ក្នុងឆ្នាំ២០០៤៕