សហគមន៍ខ្មែរនៅ​សហរដ្ឋអាមេរិក​បង្កើន​ការប្រុងប្រយ័ត្ន​ក្រោយ​ការ​កើន​ឡើង​នៃការរើស​អើង​​ពូជសាសន៍​អាស៊ី

រូបឯកសារ៖ សកម្មជន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​ការ​រើសអើង​ជនជាតិ​អាស៊ី​នៅ​សាលាក្រុង Los Angeles រដ្ឋ California កាល​ពី​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២១។

អំពើ​ស្អប់​ពូជសាសន៍​អាស៊ី​នៅ​សហរដ្ឋអាមេរិក កើនឡើង​យ៉ាង​ខ្លាំង ក្នុងរយ:ពេល​ជាង១ឆ្នាំចុងក្រោយ​នេះ។ អង្គការ Stop AAPI Hate បានឲ្យ​ដឹងថា​ខ្លួន​បាន​កត់​ត្រាករណី​រើស​អើងពូជសាសន៍​អាស៊ី​ចំនួន​ជិត​៣៨០០ ករណី រវាងថ្ងៃទី​១៩​ ខែមីនាឆ្នាំ​២០២០ គឺមិនយូរប៉ុន្មាន​ក្រោយ​ការ​ប្រកាស​ការរាលដាល​ជំងឺ​កូវីដ១៩​ទូទាំង​ពិភពលោក រហូត​ដល់​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២១។

ករណី​ទាំងនោះ​មាន​រួម​ការជេរប្រមាថ​មើលងាយ សើចចម្អក ធ្វើបាប ប្រើពាក្យ​ដេញឲ្យ​ត្រឡប់ទៅស្រុកវិញ ការប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ។ ហើយ​កាលពី​ថ្ងៃទី​១៦ ​ខែមីនា បុរស​ស្បែកស​អាយុ​២១ឆ្នាំ​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​៨​នាក់​ដែល​ក្នុងនោះ​មានស្ត្រី​អាស៊ី​៦នាក់ ​ក្នុងហាង​ស្ប៉ា និង ម៉ាស្សា​បី​កន្លែង​ក្នុងទីក្រុង Atlanta រដ្ឋ​ Georgia។​

ហេតុការណ៍​ទាំង​នេះបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត អាស៊ី​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​មានរួមទាំង​ពលរដ្ឋខ្មែរ​ផង មាន​ការព្រួយ​បារម្ភ និង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ សុវត្ថិភាព​របស់​ខ្លួន​ និង​ក្រុម​គ្រួសារ។

​លោក នួន វាសនា នៅចាំ​រហូត​ដល់​សព្វថ្ងៃ​នូវ​រឿង​មួយ​ដែល​លោក​បាន​ជួប​ប្រទះ​កាលលោក​នៅរៀន​ក្នុង​វិទ្យាល័យ។

«កាល​បង​នៅរៀន High School ​នៅ​ ​ Boston មិន​ត្រឹម​តែ​ប្រើ​ភាសា​ថា​ត្រឡប់​ទៅ​ស្រុក​អ្នក​ឯង​វិញ​អីទេ គឺ​ពេល​ញុំា​បាយ​នៅ Cafeteria ហ្នឹងគឺ​ជួន​កាល​ស្ដោះដាក់​ម្ហូប​យើងទៀត។ ស្ដោះ​ដាក់​ម្ហូប​យើង​ហើយ​អញ្ចឹង​ទៅ​ យើង​ទៅប្រាប់​ពួក​អ្នក​ធ្វើ​ការ បុគ្គលិកដែល​ថា​ពេល​ណា​មាន Lunch គេ​មាន​បុគ្គលិក​ដើម្បី Monitor ដើម្បី​មើល​អ្នក​ទាំង​អស់​គ្នា​អញ្ចឹង​ទៅ បុគ្គលិក​ហ្នឹង​ធ្វើ​អត់ដឹង​ ធ្វើ​អត់ឃើញ»។

លោក នួន​ វាសនា​ អាយុ៥៤ ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​ប្រចាំ​ទីក្រុង​ Lowell រដ្ឋ​ Massachusetts។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក នួន វាសនា)

លោក នួន​ វាសនា​ បច្ចុប្បន្ន មាន​អាយុ៥៤ ឆ្នាំ ហើយ​ជាសមាជិក​ក្រុមប្រឹក្សា​ប្រចាំទីក្រុង​ Lowell រដ្ឋ​ Massachusetts ដែល​ជាទីក្រុង​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើនជាងគេ​ទី២ ក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ទីក្រុង Long Beach រដ្ឋ California។ លោក​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិកកាលពីឆ្នាំ ១៩៨២។ លោក​ថ្លែង​ថា ពេល​មក​ដល់​ប្រទេស​អាមេរិក​ដំបូង​ លោក​មិន​បាន​គិត​ច្រើន​ពីរឿង​រើស​អើង​ពូជ​សាសន៍​អាស៊ី​នៅ​ក្នុង​សហរដ្ឋអាមេរិក​នេះ​ទេ លោកគ្រាន់​តែ​ដឹង​ថា​មាន​មនុស្ស​មួយ​ចំនួន​មិន​ស្វាគមន៍​លោកទេ។

ចំណែក​អ្នកគ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​ម្នាក់នៅ​អង្គការ​មិន​រក​ប្រាក់កម្រៃ​មួយ​នៅ​ក្នុងទីក្រុង New York អាយុ ៣២ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាប់ប្រាប់​វីអូអេ​ពី​បទ​ពិសោធន៍ ដែល​កញ្ញា​ជួប​ប្រទះ​ជា​ញឹក​ញាប់​ចាប់តំាង​ពី​កញ្ញា​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ ៥ឆ្នាំ​មុន។

«គេ​រើស​អើង​ចំពោះ​យើង​ច្រើន​ណាស់ ធ្លាប់​មាន​គេ Catcalling តាម​ផ្លូវ ជួន​កាល​យើង​ដើរ​តាម​ផ្លូវ​ទៅ ផ្ទះ​អញ្ចឹង មិនថា​សាសន៍ណាទេ ភាគច្រើន​មនុស្សប្រុសៗ Catcall ពេល​ខ្លះ​ ពួក​គេ​ដើរ​មក​ជិត​ខ្ញុំ ហើយព្យាយាម​និយាយ​ចិន ដូចជាជា Nǐ Hǎo ដាក់ខ្ញុំ។ មានគេ​ស្រែកជេរ​តាម​ផ្លូវ​ក៏មាន​ដែរ។ គេជេរថា​ Asian Bitch ឬមានគេម្នាក់នោះហៅខ្ញុំថា​ Ching Chong ជាគ្រាមភាសា​សំដៅ​លើ​ចិន»។

ចំណែក​អ្នកស្រី​ Nicole Ung ដែល​ជាទន្ដពេទ្យ​ រស់​នៅទីក្រុង Fort Lauderdale ​រដ្ឋ Florida បាន​ប្រាប់ VOA អំពី​បទ​ពិសោធន៍​ទាក់ទង​នឹងការ​រើសអើង​មួយផ្សេង​ដែល​អ្នក​ស្រី បានជួប​ប្រទះ ពេល​កំពុង​សិក្សា​ក្នុង​មហា​វិទ្យាល័យ។ អ្នកស្រី​និយាយថា​កាល​នោះ​អ្នកស្រី​ និង​និស្សិត​ប្រុស​ស្បែកសម្នាក់ បាន​នាំគ្នា​ទៅសុំ​លិខិត​ឧទ្ទេសនាមពី​សាស្ត្រាចារ្យ​ម្នាក់ ដើម្បី​ដាក់ពាក្យ​ចូល​រៀន​សាលា​ពេទ្យ​ធ្មេញ។ អ្នក​ស្រី​ថា​សាស្ត្រាចារ្យ​រូប​នោះ​បាន​លើក​ទឹក​ចិត្ត និងផ្ដល់​លិខិត​នោះ​ឲ្យ​និស្សិត​ប្រុស​ស្បែក​ស​ម្នាក់​នោះ ប៉ុន្តែ​មិន​បាន​សរសេរ​ឲ្យ​អ្នកស្រី​ទេ។ មិនត្រឹម​តែប៉ុណ្ណោះសោត សាស្ត្រាចារ្យ​រូប​នោះ​ថែម​ទាំង​បាន​ប្រាប់​អ្នកស្រី​ថា មុខ​វិជ្ជា​ពេទ្យធ្មេញនេះ​ពិបាក​ណាស់​ អ្នកស្រី​គួរ​កុំ​រៀន​អី។

ករណី​រើសអើងជនជាតិ​អាស៊ី​នៅ​សហរដ្ឋអាមេរិក​មាន​ចំនួន ៣,៧៩៥ ករណី ពី​ចន្លោះ​ខែ​មីនា ឆ្នាំ២០២០ ដល់​ខែ​កុម្ភៈ ឆ្នាំ២០២១។ (VOA News)

មូលហេតុនៃការរើសអើងពូជសាសន៍​អាស៊ី

​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ពី​មូល​ហេតុ​នៃ​ការ​រើង​អើស​ពូជសាសន៍​អាស៊ី។ អ្នកខ្លះលើក​ឡើង​ថា ការ​រើស​អើង​ពូជសាសន៍​អាស៊ី​បណ្ដាល​ពី​ជំងឺកូវីដ១៩ និង​រឿង​នយោបាយ ហើយ​អ្នកខ្លះថា​ដោយសារ​ការ​ច្រណែន​ថា​ជនជាតិអាស៊ី​មក​ដណ្ដើមការងារ ឯអ្នកខ្លះ​ថាកត្តា​មុខមាត់​ពណ៌សម្បុរនេះ​តែ​ម្ដង​ជាមូល​ហេតុចម្បង​។

លោក នួន​ វាសនា បាន​និយាយថា៖ «ថ្មីៗ​នេះ គឺបួនឆ្នាំ​របស់​អតីត​ប្រធានាធិបតី​មុនហ្នឹង [Donald Trump] គឺ​គាត់​ប្រើ ជាញឹកញាប់​គាត់ប្រើ​ភាសា​ប្រកាន់ពូជសាសន៍​ដូចជា ពាក់ព័ន្ធ​នឹង​រឿង​ជំងឺ​កូវីដ១៩ អញ្ចឹង។ ជាញឹកញាប់​គាត់​និយាយ​អញ្ចឹង គាត់និយាយថា Kung-flu ឬមួយ​ក៏​ Chinese Virus។ ពាក្យទាំងនេះហើយ ចង់​បង្ហាញ​ថា​ជនជាតិ​អាស៊ី​ហ្នឹង ជា​អ្នក​នាំ​ចូល​មក​នូវ​ជំងឺរាត​ត្បាត កូវីដ១៩ ហ្នឹង»។

ចំណែក​លោក យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ ដែល​រស់​នៅ​ក្នុង​តំបន់​រដ្ឋធានី​ Washington បាន​លើក​ឡើង​ពី​មូលហេតុ​នៃ​ការ​រើស​អើង​ពូជសាសន៍​អាស៊ី​នេះថា៖ «ឥឡូវ​នៅ​សហរដ្ឋ​អាមេរិក​អាស៊ី​មាន​ជីវភាព​របស់​នៅ​គ្រាន់​បើ​ជាងតាមធម្មតា ម្ល៉ោះ​ហើយ​ជួន​កាល​អ្នក​ខ្លះ​យល់​ថា អាស៊ី​មក​សហរដ្ឋអាមេរិក ដណ្ដើម​យក​ការងារ​របស់​ជន​ជាតិ​ស្បែកស ឬ​ពួក​ស្បែក​ខ្មៅ»។

លោក គឹមទឹង បន្ថែម​ថា៖ «ជន​ជាតិ​ស្បែក​សខ្លះ​មក​ពី​បារំាង​មក​ពី​អង់គ្លេស ប៉ូឡូញ មកពីរុស្ស៊ី​អី ភាគច្រើន​មក​នូវទីនេះ​បាន​ប៉ុន្មាន​ឆ្នាំ​ទៅ មើលទៅយើង​មិន​ដឹង​ថា​អ្នកហ្នឹង​ជា​ពួក​ប៉ូឡូញ ឬ​មួយ​ក៏​រុស្ស៊ី ឬមួយ​ក៏​អង់គ្លេស​ទេ ប៉ុន្តែ​អាស៊ី​ទោះ​បី​ជា​នៅ​ទី​នេះ​យូរ​ឆ្នាំ​ក៏​ដោយ​ ឬ​កើត​នៅ​ទី​នេះ​ក៏​ដោយគេ​មើល​ទៅ​ឃើញ​ប្លែក។ ហើយ​ពេល​ប្លែក​អញ្ចឹង​ទៅ​ អ្នកខ្លះ​អត់​មាន​ការងារ​អី​នៅ​នេះ ចោទ​ថាអាស៊ីហ្នឹង មកអាមេរិក​យក​ការងារ​របស់​ពួក​គេ អញ្ចឹងទៅ​ធ្វើ​ឲ្យគេ​ឈឺចាប់»។



វប្បធម៌​សន្សំសុខ​ និងផលវិបាក​ផ្សេងៗ​ដែលធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនតប​នឹង​ការ​រើសអើង



​ទោះបី​ជាពលរដ្ឋ​ខ្មែរអាមេរិកាំងរង​ការ​រើស​អើង​ពូជសាសន៍ជា​យូរ​ណាស់មក​ហើយ ពួកគេ​ហាក់​ដូច​ជាមិន​បាន​ដេញដោល តបត រើបម្រះ ឬប្ដឹងផ្ដល់ ​នឹងការ​រើស​អើស​ពូជ​សាសន៍​នេះ​ឡើយ បើសិន​ជា​អំពើ​រើស​អើស​នេះ​មិន​ឈាន​ដល់អំពើហិង្សា​លើរាង​កាយ​។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ធ្វើ​ដូច្នេះ គឺ​វប្បធម៌​សន្សំ​សុខដែលបន្សល់​ទុក​ពី​មនុស្ស​ចាស់​ជំនាន់​មុន​។

លោក នួន វាសនា​ បាន​និយាយ​ថា៖ «ហើយ​យើង​មាន​អញ្ចេះទៀត យើង​មក​ដល់​ផ្ទះយើង​ប្រាប់​ម្ដាយ​ឪពុក​យើង ម្ដាយ​ឪពុក​យើងថា កូនអ្ហើយ​ចេះ​តែ​ទ្រាំៗ​ទៅ​ ព្រោះ​អី​គេ​អត់​យល់​ពី​យើង។ កាល​ណោះ​គេ​លាបជាមួយយើង គេថា​យើងជា​ជន​ជាតិវៀតណាម។ ហើយ​អញ្ចឹងទៅ​គេ​មាន​បង​មាន​ប្អូន​ មាន​សាច់​ញាតិ​របស់គេ​ហ្នឹង​ស្លាប់​កាល​សង្គ្រាម​នៅ​ស្រុកវៀតណាម។ អញ្ចឹង​គេ​មក​លើក​រឿង​នឹង​ដាក់​យើង​ រករឿង​យើង​អញ្ចឹងទៅ។ បាទ​ធ្លាប់​ជួប​ ហើយ​បង​ប្អូន​ខ្មែរ​យើង​មួយ​ចំនួន​ធំ ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ​តែ​បង​ប្អូនយើង​ថា​ណ្ហើយ​ធ្វើ​មិនឮទៅ ធ្វើ​មិន​ដឹងទៅ»។

ចំពោះ​ពលរដ្ឋខ្មែរ​រស់​នៅក្នុងទីក្រុង​ធំៗ​ដូច​ជា​ទីក្រុង New York តែង​តែជួប​ប្រទះ​នឹង​ការ​រើស​អើង​ច្រើន​ជាង​អ្នក​រស់​នៅក្នុង​ទីក្រុង​តូចៗ ប៉ុន្តែ​ពួក​គាត់ភាគ​ច្រើន​មិន​ដែល​រាយការណ៍​រឿង​នេះ​ប្រាប់​សមត្ថកិច្ច​ឡើយ​។

អ្នកគ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​នៅ​អង្គការ​មិន​រក​ប្រាក់កម្រៃ​មួយ​នៅ​ក្នុងទីក្រុង New York ​ប្រាប់​វីអូអេ​ដូច្នេះ​ថា៖ «ករណី​ដែល​ខ្ញុំ​ជួប​ប្រទះ​ភាគ​ច្រើន​មិន​ប៉ះពាល់​ដល់រាង​កាយ បាន​ត្រឹម​គេជេរ ឬ​គេ​ស្រែក​ដាក់ វាអត់​មាន​ឈាន​ដល់​រាងកាយ។ ហើយ​ភាគ​ច្រើន​បើ​យើង​ហៅ​ប៉ូលិស​ តាម​ខ្ញុំ​ដឹងបើ​យើង​ហៅ​ប៉ូលិស​ទាល់​តែ​ឈាន​ដល់​រាងកាយបាន​ប៉ូលិស​គេ​មក។ បើ​អញ្ចឹង​ទោះ​បី​ជា​ចង់​រាយការណ៍ទៅ​ប៉ូលិស​ក៏​អត់​មាន​អី​ គឺថា​ប៉ូលិស​អត់​មាន​ធ្វើ​អី​កើត​ដែរ»។

អ្នកស្រី Chhaya Chhoum នាយិកា​ប្រតិបត្តិ​នៃ​អង្គការ Mekong ប្រចាំ​ទីក្រុង New York រដ្ឋ New York។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​អ្នកស្រី Chhaya Chhoum)

អ្នកស្រី​ Chhaya Chhoum ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ Mekong ប្រចាំ​ទីក្រុង New York ដែលជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ ជួយ​ពលរដ្ឋ​អាស៊ី​អាគ្នេយ៍ ក្នុង​វិស័យផ្សេងៗ​រួមមាន​ការ​ទទួល​សេវា​សង្គម​សំខាន់ៗ។ អ្នកស្រី​បាន​លើក​ឡើងថា​អ្នកស្រី មិន​មាន​ជំនឿ​ទុកចិត្ត​លើប៉ូលិស​ទេ។

«យើង​មិន​ជឿជាក់​លើ​ប៉ូលិសទេ មិន​មែន​តែ​ខ្ញុំ​ទេ​ដែល​មិន​ជឿជាក់​ គឺ​សហគមន៍​ទាំង​មូល​របស់​យើង​តែ​ម្ដង»។

អ្នកស្រី​បាន​បន្ថែម​ថា៖ មូល​ហេតុ​ចម្បង​នោះ​គឺដោយ​សារ​អ្នក​ខ្លះខ្លាច​ប៉ូលិស​ចាប់​និរទេស​[ដោយ​សារ​គ្មាន​ឯកសារ​រស់​នៅ​ស្របច្បាប់ ឬមាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស] ដូច្នេះ​មាន​រឿង​អី​កើត​ឡើង​ពួកគេ ផ្ដល់​អាទិភាព​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ ឬសុំជំនួយ​នៅ​ក្នុង​សហគមន៍​ជា​ជាង​ការ​ប្ដឹង​ប៉ូលិស។

ការបារម្ភ​ពី​សុវត្ថិភាព និង​ខ្លាច​គេ​គុំកួន ក៏ជា​មូលហេតុដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ខាំមាត់​សង្កត់​ចិត្ត​មិន​តបត​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ផង​ដែរ។ នេះបើតាម​ការ​យល់ឃើញ​របស់​សកម្មជន​ខ្មែរ​មួយចំនួន។​

លោក​ Charles Song ជា​អ្នករៀបចំ​កិច្ចការសហគមន៍​ម្នាក់​ប្រចាំទីក្រុងLong Beach រដ្ឋ​ Californiaបាន​ប្រាប់​វីអូអេ​ថា៖ «ប្រតិកម្ម​ភ្លាមៗ​ហ្នឹង ខ្ញុំ​គិត​ថា​អ្នក​ណា​អ្នកណា ក៏ទប់អត់បាន តែចៃដន្យ​អីខ្ញុំ​យល់​ឃើញ​ថា​ពេល​នោះ​ខ្ញុំ​មាន​ភរិយា​ខ្ញុំ​នៅ​ក្បែរ​ខ្ញុំ​ ដែល​គាត់​ចេះ​តែទប់​យើង ហើយពេល​គាត់​យប់​យើង គាត់​ពន្យល់​មក​ប្រាប់​យើង យើង​ទើបយើងដឹងថាអ្វី​ដែល​គាត់​និយាយ​ហ្នឹង​ត្រឹមត្រូវ​ ព្រោះ​ថា​មនុស្ស​ ជន​ណា​ដែល​ហ៊ាន ប្រើភាសាដែល​មិន​គប្បី​មក​លើ​នរណា​ម្នាក់ ឬក៏​ហ៊ាន​ប្រព្រឹត្ត​នូវ​អ្វី​ដែល​មិន​គប្បី​ទៅ​ដល់​នរណា​ម្នាក់​ ជន​នោះ​ គឺគេហ៊ាន​ធ្វើ​អ្វី​ទំាង​អស់»។​

ពលរដ្ឋ​ខ្មែរ​ខ្លះ​និយាយថា​កាល​ពី​អតីត​កាល​ពួកគាត់​មិន​បាន​ដឹង​ពី​និយម​ន័យ​នៃ​ការ​រើស​ពូជ​សាសន៍​ច្បាស់លាស់ទេ​ ដូច្នេះ​ពេល​ខ្លះ ទោះ​ជា​ត្រូវបាន​គេ​រើស​អើង​ ក៏​មិន​ដឹង​ខ្លួន។

លោក​ Mannrinh Tran អាយុ ៦៨ឆ្នាំ ជនជាតិ​ខ្មែរ​ចូល​និវត្តន៍​រស់​នៅ​ក្នុង​ទីក្រុង​ Philadelphia រដ្ឋ​ Pennsylvania បាន​និយាយ​ថា៖​ «កាល​ខ្ញុំ​ទើប​មក​ដល់ [អាមេរិក] ភ្លាម​ ខ្ញុំធ្លាប់​ធ្វើ​ការ​នៅ 7 Eleven ហ្នឹង ពួក​ខ្លះ​ចូល​មក​ទិញឥវ៉ាន់ឃើញយើងហ្នឹង គេ​ដេញ​យើង​ទៅ​ចិន​វិញ គេថា Go Back to China...។ ខ្ញុំ​ធ្លាប់ប៉ះ​រឿង​ហ្នឹង ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា ដូចខ្ញុំ​និយាយ​អញ្ចឹង​រឿង​កំប៉ិក​កំប៉ុក​ អញ្ចឹង​ខ្ញុំ​មិន​គិត​ថា​គេ​រើសអើង​ទេ ហើយ​ម្យ៉ាង​ទៀត​អ្នក​ដែល​រើស​អើង​ បញ្ចេញភាព​រើស​អើង​ អ្នក​ហ្នឹងវា​គ្មាន​គំនិត​វិជ្ជា​ស្អី។ អញ្ចឹង​ទៅ​យើង​មិន​យក​ចិត្តទុក​ដាក់​តាម​ពិត​ទៅ ដល់​វា​អា​រឿង​ហ្នឹង​កើត​ឡើង​ទៅ បាន​ខ្ញុំ​គិត​ថា អូ អូខេ [រើសអើង] មែន»។

អ្នកស្រី​ Chhay Kunnida អាយុ ៤៣ឆ្នាំ ជា​អ្នកវិភាគ​ពន្ធ​ហិរញ្ញវត្ថុរស់​នៅ​ក្នុង​ទីក្រុង Lawrenceville រដ្ឋ Georgia។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​អ្នកស្រី Chhay Kunnida)

ចំណែក​អ្នកស្រី ​Chhay Kunnida អាយុ ៤៣ឆ្នាំ ជាអ្នកវិភាគពន្ធ​ហិរញ្ញវត្ថុ រស់​នៅ​ក្នុងទីក្រុង Lawrencevilleរដ្ឋ Georgia បាន​លើក​ឡើង​ថា​ការ​ប្រៀនប្រដៅ​របស់​មាតាបីតា​ឲ្យ​នៅ​ស្ងៀម នាំ​ឲ្យ​អ្នក​ស្រី​មិន​ដឹង​ត្រូវ​បញ្ចេញ​ប្រតិកម្ម​បែបណា ពេល​ប្រឈម​នឹង​ការ​រើសអើង។

«ខ្ញុំ​ភ្ញាក់​ផ្អើល ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយយ៉ាងម៉េច​ទេ ពីព្រោះ​តាំង​ពី​កើត​មក​ឪពុក​ម្ដាយ​បង្គាប់​ថា​ យើង​កុំ​ឲ្យមាត់ក​អី គេ​ថា​អី​ក៏​ថា​ទៅ​។ បើថា​ចង់​ទូលពិត​គ្រូអី ក៏​ទូលពិតទៅ​។ ប៉ុន្តែ​បើ​ថា​យើង​អត់​ចេះ​និយាយ​អី មក​ពី​ឪពុក​ម្ដាយ​សម្លុត​ថា​កុំ​ឲ្យចេះ​និយាយអី តាំងពីដើម [ដូច្នេះ​ខ្ញុំ​មិនដឹង​] ប្រាប់គ្រូ​ថា​ម៉េច។ គ្រាន់​តែ​ប្រាប់​គេថា​ពាក្យ​ចេះ​ពាក្យ​ចុះ ឬ​គេ​ធ្វើ​អញ្ចេះធ្វើ​អញ្ចុះ​ដូច​គេ​ទាយ​សក់យើង ឬទាត់​យើង​ពី​ក្រោយអី ជំពប់ជើងយើង​អញ្ចឹង​ អាហ្នឹង​យើង​ចេះតែប្រាប់​ ប៉ុន្តែយើង​មិន​ដឹង​ពីពាក្យ​ថា​ការ​រើសអើង»។

វិធានការ​ការពារខ្លួន​ពី​ការ​រើស​អើង​ពូជ​សាសន៍

ក្នុង​អំឡុង​ពេល​នៃ​ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ សហគមន៍​ជនជាតិ​អាស៊ី​នៅសហរដ្ឋអាមេរិក ត្រូវ​បានរាយការណ៍​ថា​បាន​រង​ការរើសអើង​ជាតិសាសន៍​និងការស្អប់ខ្ពើមកាន់តែធ្ងន់ធ្ងរជាងមុន។ អង្គការ Stop AAPI Hate បាន​កត់​ត្រាករណី​រើស​អើង​ពូជសាសន៍​អាស៊ី​ចំនួន​ជិត​៣៨០០ ករណី រវាងថ្ងៃទី​១៩​ ខែមីនា​ឆ្នាំ​២០២០ គឺមិនយូរប៉ុន្មាន​ក្រោយ​ការ​ប្រកាស​ការរាលដាល​ជំងឺ​កូវីដ១៩​ទូទាំង​ពិភពលោក រហូត​ដល់​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២១។​អង្គការ Stop AAPI Hate និយាយថា ករណី​ពិតប្រាកដ​អាច​មាន​ច្រើន​ជាងនេះ​ ដោយសារ​មាន​មនុស្ស​ខ្លះ​មិន​រាយការណ៍​ឲ្យ​ដឹង។

ការវាយ​ប្រហារជម្រុញ​ដោយ​ការស្អប់​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ីបាន​កើន​ឡើង​នៅ​តាម​ទីក្រុង​ធំៗ​របស់​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ២០២០​កន្លង​ទៅនេះ។ ក្នុង​ករណី​ខ្លះ​មាន​ការ​កើន​ឡើង​លើស​១០០% ទោះជា​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការស្អប់​ខ្ពើម​បាន​ធ្លាក់ចុះ​ជាទូទៅ​ក៏ដោយ។ នេះ​បើតាម​ស្ថិតិ​របស់​ការិយាល័យ​ប៉ូលិស​ដែល​ត្រូវ​បាន​យក​មក​វិភាគ​កាលពី​ពេល​ថ្មីៗ។

កាល​ពី​ថ្ងៃ​យប់​ថ្ងៃអង្គារ​ទី១៦ ខែ​មីនា​ បុរស​ស្បែកសម្នាក់​បាន​បាញ់ប្រហារជា​បន្ត​បន្ទាប់​នៅ​ក្នុង​ហាង​ស្ប៉ា និងម៉ាស្សា​បី​កន្លែង​ផ្សេងគ្នា​ក្នុងទីក្រុង Atlanta រដ្ឋ Georgia បណ្តាល​ឲ្យ​មនុស្ស​៨​ស្លាប់​ ដោយ​ក្នុង​នោះ​ ​៦​នាក់​ជាស្ត្រីដើម​កំណើត​អាស៊ី។ ក្រោយ​ពេល​ប៉ូលិស​បាន​ចាប់ខ្លួន បុរសនោះ​បាន​ប្រាប់​ប៉ូលិស​ថា​ការ​វាយ​ប្រហារនោះ​ដោយសារ​រឿងញៀននឹង​ការរួមភេទ ហើយមិនពាក់ព័ន្ធ​នឹង​រឿង​ប្រកាន់ពូជសាសន៍ទេ។ ក៏ប៉ុន្តែ​ប៉ូលិស​នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត​ករណីនេះ។

ប្រភេទ​នៃ​ការ​រើស​អើងជនជាតិ​អាស៊ី​នៅ​សហរដ្ឋ​អាមេរិក រួម​មាន​ការ​បៀតបៀន​ដោយ​ប្រើ​ពាក្យ​សម្តី ការ​មិន​រាប់រក ការ​ប្រើ​អំពើ​ហិង្សា​លើ​រូបរាង​កាយ ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ការ​បៀតបៀន​តាម​អ៊ីនធឺណិត។ (VOA News)

ក្រោយពីហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង មេដឹក​នាំ​សហគមន៍​ខ្មែរនៅ​តាម​ទីក្រុងមួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋអាមេរិកក្រើន​រំឭកបងប្អូន​ខ្មែរ ដែល​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ពេល​ទៅ​ណាមក​ណា ព្រោះ​ថាជាក់ស្ដែង​មិន​មាន​វិធាន​ការ​ការពារ​ខ្លួន​ពី​ការរើសអើង​ជាតិសាសន៍​អាស៊ី​ណា​ដែល​ធានា​ថា​មាន​ប្រសិទ្ធភាព​សម្រាប់​បង​ប្អូន​ខ្មែរយើង​យក​មក​អនុវត្ត​នោះ​ទេ។

លោក នុត នឹម​ អាយុ ៧២​ឆ្នាំ​ ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាលរបស់​សមាគមន៍​ព្រះពុទ្ធ​សាសនា​កម្ពុជា​ប្រចាំ​រដ្ឋ​ Georgia បាន​ប្រាប់​វីអូអេថា៖ «នៅ​ក្នុង​វិស័យគ្រួសារ​វិញ​ គឺ​ថា​យើងតែ​អប់រំគ្នា​ទៅវិញទៅមក ហើយ​ប្រាប់​គ្នាទៅ​វិញ​ទៅ​មក​ថា​ យើង​ទៅ ណាមកណា​ត្រូវ​តែ​ប្រយ័ត្នរៀង​ខ្លួន។ អ្វី​ក៏​ដោយ គឺថា​ភ្នែក​យើង​ត្រូវ​តែ​រវៀស ដើម្បី​មើល​សភាពការណ៍​ថា​វា​យ៉ាងម៉េចៗ។ ហើយ​បើ​យើង​ទៅ​ផ្សារ​ឬ​ទី​ណា​ក៏​ដោយ យើង​ត្រូវ​រវៀស​ឲ្យ​មែនអារឿង​ចាប់​អារម្មណ៍​ មនុស្សនោះ​របៀបម៉េច អ្នក​ដែល​នៅជុំវិញ​ខ្លួន​យើង។ កុំ​ឲ្យ​តែ​យើង​ទៅ​ ទៅ​ដោយ​មិន​គិត​អី​នោះណាស់»។

អ្នកស្រី Chhaya បាន​លើក​ឡើង​ថា ក្រោយ​ពី​ព្រឹត្តិការណ៍​ក្នុង​ទីក្រុង Atlantaអ្នកស្រី​បាន​គិត​ភ្លាម​ថា គួរ​តែ​មាន​ការ​ពិភាក្សា​គ្នា​ក្នុងសហគមន៍​ដែល​មាន​ជន​ជាតិ​ដើម​កំណើត​អាស៊ី​រស់នៅ ចែក​រំលែក​បទ​ពិសោធន៍ពីការ​រើសអើង​ជាមួយ​គ្នា​ទៅវិញទៅ​មក ប្រមូល​ព័ត៌មាន​ និង​ចងក្រង​ជា​ទិន្នន័យ ដើម្បី​រក​ផ្លូវ​ដោះ​ស្រាយ។ ​

ឧក្រិដ្ឋកម្ម​រើសអើង​ជនជាតិ​អាស៊ីនៅ​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​រាយការណ៍​ដល់​ប៉ូលិស​បាន​កើន ១៤៩% ក្នុង​ឆ្នាំ​២០២០។ (VOA News)

មានដំណោះ​ស្រាយ​សម្រាប់​ការរើសអើង​ពូជសាសន៍​អាស៊ី​ទេ?​



ការ​រើសអើង​ពូជសាសន៍​ជាប្រធាន​បទដ៏ស្មុគស្មាញ ដែល​ចាក់​ស្រេះ​ក្នុង​សង្គម​អាមេរិក​ជាយូរ​ណាស់​មកហើយ ហើយ​ក៏​គ្មាន​ផ្លូវ​ចេញ​ងាយៗ និង​ឆាប់​រហ័ស​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​នៅតែ​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​រក​វិធី​ធ្វើ​ឲ្យ​ធូរ​ស្រាល​ ឬរក​ផ្លូវចេញ​ពី​បញ្ហា​នេះ។

លោក Charles Song មាន​សុទិដ្ឋិនិយម​ថា បើ​សិន​ជា​លោក​អតីត​ប្រធានាធិបតី Donald Trump ចេញ​មក​ថ្លែង​សារ​ប្រាប់​អ្នកគំាទ្រ​លោក ឬ​ពលរដ្ឋ​អាមេរិកទូទៅ​កុំ​ឲ្យ​រើស​អើង​ជន​ជាតិ​អាស៊ី​ នោះ​ការ ​រើស​អើង​នឹង​ថយ​ចុះ ដោយសារ​លោកជឿថា​ លោក Trump តិចឬច្រើន​ជា​អ្នកបង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​រើសអើង​ពលរដ្ឋ​អាស៊ីនេះ។

អ្នកស្រី Chhay Kunnida ថា​អ្នកស្រី​បាន​បង្រៀនកូន​ពីតូច​បណ្ដើរៗ​ឲ្យ​ស្គាល់​ពី​និយម​ន័យ​នៃ​ការ​រើសអើង និង​បង្រៀន​កូន​ឲ្យ​សេចក្ដីក្លាហាន ​ចេះ​ឆ្លើយតប ​រើ​បម្រះ តទល់​នឹង​ការ​រើស​អើស​ពូជសាសន៍​ បើ​ថ្ងៃ​ណា​មួយ​ត្រូវ​គេ​ប្រព្រឹត្តិ​អំពើ​រើស​អើង​នេះ​ដាក់​ខ្លួន។​

ចំណែក​លោក នួន​ វាសនា និង អ្នកស្រី Nicole Ung ក៏​ចែក​រំលែក​ដំណោះ​ស្រាយ​រួម​រយ:ពេលវែង​មួយ​ដោយ​ប្រយោល តាម​រយ:​លើក​ឧទាហរណ៍​ពី​ទស្សន:​មួយ ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​យក​មក​គិត​។ ឧទាហរណ៍​នោះ​គឺ បើ​ថ្ងៃ​មុនគេ​ធ្វើ​បាប​ពលរដ្ឋ​ស្បែក​ខ្មៅ យើង​ឃើញ​យើង​នៅ​ស្ងៀម ថ្ងៃ​មុន​មួយទៀត​គេ​ធ្វើ​បាប​ពល​រដ្ឋ​អាមរិក​ឡាទីន យើង​ឃើញ​យើង​នៅ​ស្ងៀម ថ្ងៃ​នេះ​គេ​ធ្វើ​បាប​ពលរដ្ឋ​អាស៊ី​ យើង​ឃើញ ​យើង​នៅស្ងៀម ថ្ងៃ​មុខគេ​ធ្វើ​បាបពលរដ្ឋ​ខ្មែរ​យើង​ស្រែក​ឲ្យ​គេជួយ​ ច្បាស់​ជា​គ្មាន​គេ​ជួយទេ។​

អាមេរិក​នៅ​តែជាជ​ម្រើសអាទិភាពទោះបីជាមានការរើសអើងពូជសាសន៍

ទោះបី​ជាក្នុង​សង្គម​អាមេរិក មាន​ការ​រើស​អើង​ពូជាសាសន៍​អាស៊ី​ក្ដី ទាំង​ពលរដ្ឋខ្មែរ​កើតមុនសម័យ​ខ្មែរក្រហម និង​កើត​ក្រោយ​សម័យ​ខ្មែរ​ក្រហម​ ដែល​សព្វថ្ងៃ​រស់​នៅ​សហរដ្ឋអាមេរិក​ ដែល​វីអូអេ​បាន​សម្ភាសន៍​សុទ្ធតែបាន​លើកឡើងថា ពួក​គេគាត់មិន​ស្ដាយក្រោយ​ទេ​ដែល​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក។

ពួក​គាត់ទាំង​អស់គ្នា​សុទ្ធតែ​យល់ស្របថា នៅ​ទី​កន្លែង​ណា​ក៏​មាន​ការ​រើស​អើស​ដែរ ដូច​ជា​ការ​រើស​អើងពូជសាសន៍ រើសអើង​សាសនា រើសអើង​ជន​អន្តោរប្រទេស និង​ការ​រើស​អើង​រវាង​អ្នក​មាន និង​អ្នកក្រ​ជាដើម៕