សហគមន៍​ខ្មែរ-អាមេរិកាំង​នៅ​រដ្ឋ​វីជីនៀ​តូច​ប៉ុន្តែ​សកម្ម​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​

រូបឯកសារ៖ ស្លាក​សញ្ញា​នយោបាយ​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​លោក Donald Trump ​ខាង​គណបក្ស​សាធារណរដ្ឋ និង​បេក្ខជន​ប្រធានាធិបតី​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវ​បាន​ដាក់​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​សង្កាត់ Fairfax រដ្ឋ Virginia កាល​ពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

អ្នកបោះឆ្នោត​ខ្មែរ-អាមេរិកាំង​ដែល​រស់នៅ​ក្នុង​ទីក្រុង​Fairfax ​និង​ក្រុង ​Loudoun​ នៃ​រដ្ឋវីជីនៀ​ ដែល​នៅ​ជាប់​នឹង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ខិតខំ​បញ្ចេញ​សំឡេង​របស់​ពួកគេ​សម្រាប់​អនាគត​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​៤​ឆ្នាំ​ខាងមុខ​ទៀត​តាម​រយៈ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃអង្គារ។

បើទោះបី​ជា​ចំនួន​ខ្មែរ-អាមេរិកាំង​ក្នុង​រដ្ឋ​នេះ​មានតែ​ជាង​៥.០០០​នាក់​ហើយ​រស់នៅ​រ៉ាយប៉ាយ​តាម​ទីក្រុង​ធំៗ​ជាច្រើន​ ប៉ុន្តែ​សម្រាប់​អ្នកស្រី​រ៉ានី លូស្សឹនស្គី ​ដែល​រស់នៅ​ទីក្រុងLoudoun​ មើល​ឃើញ​ថា​សំឡេង​ឆ្នោត​របស់​អ្នកស្រី​នឹង​ជ្រើសរើស​បាន​ថ្នាក់ដឹកនាំ​មួយ​ដែល​ល្អ​សម្រាប់​មហាអំណាច​សេដ្ឋកិច្ច​ទី១​លើ​ពិភពលោក​នេះ។

អ្នកស្រីរ៉ានី លូស្ស៊ឹនស្គី ​បាន​និយាយ​ថា​អ្នកស្រី​បាន​បោះឆ្នោត​ជូន​លោកចូ បៃដឹន​ បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ដោយសារ​មូលហេតុ​មួយ​ចំនួន៖

«បង​ជឿ​លើ​លោកបៃដឹន​ គាត់​ជា​មនុស្ស​ចាស់ទុំ ​ហើយ​សុខភាព​របស់​លោក​ឃើញ​ថា​លោក​ចាស់​ដូច​លោកត្រាំ​ដែរ​ប៉ុន្តែ​គាត់​នៅ​មាំទាំ ​ប៉ុន្តែ​អ្វី​ដែល​បង​ពេញ​ចិត្តមែនទែន​គឺ​គាត់​ជ្រើសរើស​បេក្ខជន​អនុប្រធានាធិបតី​ជាស្ត្រី​ហើយ​ជាស្ត្រី​ដែល​ឆ្នើម​ទៀត​។ បងពេញ​ចិត្ត​មែនទែន​ហើយ​គាត់​គិតគូ​ពី​រឿង​សិទ្ធិ​មនុស្ស​។ គាត់​នឹង​យកពន្ធ​អ្នកជំនួញ​ធំៗ​វិញ​ហើយ»។

រីឯ​អ្នកស្រី​ណាឡែន ស្មីត ​ដែល​រស់នៅ​ទីក្រុង​Fairfax ​មិន​បាន​ប្រាប់​ថា​បាន​បោះឆ្នោត​ជូន​បេក្ខជន​ណា​ទេ​ដោយ​គ្រាន់តែ​បញ្ជាក់​ថាបាន​សម្រេច​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ដែល​មាន​សមត្ថភាព​គ្រប់គ្រង​សហរដ្ឋ​អាមេរិក​និង​ជួយ​ប្រជាពលរដ្ឋ​ព្រមទាំង​មាន​ជំនាញ​កិច្ចការ​បរទេស។

បើទោះបីជា​មិន​បង្ហាញ​បេក្ខជន​ប៉ុន្តែ​អ្នកស្រី​ណាឡែន ស្មីត​យល់​ថា​លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ​ អាច​មាន​សមត្ថភាព​ទប់ទល់​នឹង​ប្រទេស​ចិន​បាន​ប្រសើរ​ជាង​លោក​ចូ​ បៃដឹន។

«លោក​ត្រាំ​បើយើង​មើល​ទៅ​ចរិក​គាត់​គឺ​ដូចជា​ឈ្លើយ។ នេះ​ជា​ចរិក​មនុស្ស​យើង​កែ​មិន​បាន​ទេ​ប៉ុន្តែ​យើង​មើល​លើ​កិច្ចការ​ដែល​គាត់ធ្វើ​គឺ​គាត់​មាន​ជំហរ​ខ្លាំង​ជាមួយ​នឹង​ចិន​អាចបង្ក្រាប​ចិនបាន។ អីចឹង​យើង​ត្រូវ​ជឿ​ទុកចិត្ត​គាត់។ លោកបៃដឹន​មើល​ទៅ​គាត់​ដូចជា​មនុស្សល្អ​ដែរ​ប៉ុន្តែមើល​ឥទ្ធិពលគាត់​ដូច​ជា​មិន​ខ្លាំង​ទេ​ផ្នែក​ខាងបង្ក្រាប​ ហើយ​លោកត្រាំ​ដូចជា​ខ្លាំង​ជាង​គាត់»។​

លោកប្រធានាធិបតី​ដូណាល់ ត្រាំ​ នៃ​គណបក្ស​សាធារណរដ្ឋ​កំពុងតែ​ឈរ​ឈ្មោះ​ដើម្បី​បាន​ជាប់ឆ្នោត​១​អណត្តិ​ទៀត។ លទ្ធផលឆ្នោត​ដំបូងៗ​បង្ហាញ​ថា​លោក​នៅ​រក្សា​បាន​ការគាំទ្រ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​ដែល​ជា​មូលដ្ឋាន​របស់​គណបក្ស​ ដែល​មាន​ដូចជា​រដ្ឋតិចសាស​ អាឡាបាម៉ា ​និង​ខឹនតាក់គី​ជាដើម។ រីឯ​លោកចូ បៃដឹន​ អតីត​អនុប្រធានាធិបតី​និង​ជា​បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក៏​នៅ​រក្សា​បាន​ការគាំទ្រ​នៅ​តាម​រដ្ឋ​ដែល​ជា​មូលដ្ឋាន​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​មាន​ដូចជា​រដ្ឋកាលីហ្វញ៉ា​ រដ្ឋវ៉ាស៊ីនតោន​ និង​រដ្ឋអូរីហ្កឹន​ជាដើម។

រដ្ឋ​Virginia​នេះ​បាន​គាំទ្រ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការបោះឆ្នោត​៤​លើក​ចុងក្រោយ​នេះ។ តាម​ការព្យាករណ៍​គឺ​លោកបៃដឹន​ បាន​ឈ្នះ​នៅ​រដ្ឋ​នេះ​ដោយ​ទទួល​បាន​ប្រតិភូ​ចំនួន​១៣រូប។

អ្នកបោះឆ្នោត​ខ្មែរ-​អាមេរិកាំង​ខ្លះ​នៅ​ទីនេះ​ក៏​បាន​ប្តូរ​ការគាំទ្រ​គណបក្ស​ដែល​ខ្លួនបាន​គាំទ្រ​កាលពី​៤​ឆ្នាំ​មុន​ផងដែរ។

លោកហ៊ាន យុទ្ធ ​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​នៅ​ទីក្រុង​Fairfax ​បាន​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ក្នុង​ឆ្នាំ២០១៦ ​ប៉ុន្តែ​ឆ្នាំនេះ​លោក​បាន​ប្តូរ​មក​បោះឆ្នោត​ឲ្យ​លោកចូ បៃដឹន​វិញ​ដោយសារតែ​លោក​មើលឃើញ​ថា​រដ្ឋបាល​លោកត្រាំ​មិនបាន​ដោះស្រាយ​ជំងឺកូវីដ​១៩​បាន​ត្រឹមត្រូវ​ទេ។

ការបោះឆ្នោត​ឆ្នាំ​នេះ​រៀបចំ​ឡើង​ក្នុងពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈមនឹង​ជំងឺរាតត្បាត​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩ ​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ជាង​៩​លាន​នាក់​ឆ្លង​វីរុស​និង​ស្លាប់​ជាង​២៣​ម៉ឺននាក់។

លោកហ៊ាន យុទ្ធ​ យល់​ថា​ការណ៍​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ បាន​ខិតខំ​លុប​បំបាត់​កម្មវិធី​ធានា​សុខភាព​ដែល​កំពុងប្រើ​សព្វថ្ងៃ​និង​បន្សល់ពី​រដ្ឋបាល​លោកអូបាម៉ា​គឺ​បង្កើត​ជា​បញ្ហា​សម្រាប់​ពលរដ្ឋ​ជាច្រើន​។

រូបឯកសារ​៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (ឆ្វេង) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក ចូ បៃដឹន បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​រៀងខ្លួន​នៅ​មុន​ថ្ងៃ​បោះឆ្នោត ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

លោកហ៊ាន យុទ្ធ​បាន​បន្ថែម​ថា៖

«តា​ត្រាំ​គាត់​អត់​មាន​កម្មវិធី​សុខភាព​អ្វី​ទេ។ គាត់​ចេះ​តែ​ថា​លុបចោល​កម្មវិធី​សុខភាព​ហើយ​អ្នក​ដែល​អត់​មាន​កម្មវិធី​ធានា​សុខភាព​គឺ​មាន​បញ្ហា»។

លោកប្រធានាធិបតី​ត្រាំ​ចង់​លុប​ចោល​កម្មវិធី​សុខភាព​ហៅ​ Obamacare ​ដែលជា​កេរដំណែល​របស់​លោក​អតីត​ប្រធានាធិបតី អូបាម៉ា ដោយអះអាងថា​កម្មវិធី​នេះ​ចាយវាយ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ច្រើន​ពេក។ លោក​ចង់​យក​កម្មវិធី​ថ្មី​មកជំនួស​ក៏ប៉ុន្តែ​មកទល់​នឹង​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ​មាន​កម្មវិធី​អ្វី​ជាក់​ស្តែង​នៅឡើយទេ។

ប៉ុន្តែ​លោក​លឹម រតនា ​ពលរដ្ឋ​នៅទីក្រុង​Fairfax​ ដែល​ធ្លាប់​បោះឆ្នោត​ជូន​លោកស្រី​ ហ៊ីលឡារី គ្លីនតុន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងការបោះឆ្នោត​លើកមុនប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ បាន​ប្តូរ​មក​បោះឆ្នោត​ជូន​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​វិញ​ដោយ​សារតែ​លោក​បារម្ភ​នឹង​សុខភាព​រាងកាយ​និង​ខួរក្បាល​របស់​លោក​ចូ បៃដឹន​ដែល​មាន​អាយុ​៧៧​ឆ្នាំ។

លោក​បន្ថែម​ថា៖

«ខ្ញុំ​យល់​ថា​ដូណាល់ ត្រាំ​មាន​បទពិសោធន៍​ដឹកនាំ​ប្រទេស​៤ឆ្នាំហើយ​។ ប្រជាជន​អាមេរិកាំង​ទូទាំង​ប្រទេស​ក៏បាន​ស្គាល់​ចរិក​គាត់​គឺ​ត្រូវដេញ​គឺ​ដេញ ​ត្រូវ​ទុក​គឺទុក ​ម៉្លោះ​ហើយ​ទុក​ឲ្យ​គាត់​ដឹកនាំ​បន្ត​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​ការដឹកនាំ​របស់​គាត់»។​

លោកលឹម រតនា​យល់​ថា​វិបត្តិ​សុខភាព​បង្ក​ឡើង​ដោយ​ជំងឺកូវីដ​១៩​គឺ ​មិន​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ចុះ​ខ្សោយ​ទេ៖

«បញ្ហា​សេដ្ឋកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ជួបបញ្ហា​លំបាក​មួយ​គឺ​កូវីដ១៩ ​នៅ​ហ្នឹង​នៅឡើយ​មិន​ទាន់​ទៅណា។ បើ​ទោះ​បី​ជា​មាន​ជំងឺ​ស្លាប់​ប្រជាជន​អាមេរិក​ច្រើន​ក៏​សេដ្ឋកិច្ច​នៅតែ​ដើរ​ទៅ​មុខ​រហូត​ក្រោម​ការដឹកនាំ​របស់​ដូណាល់ ត្រាំ​ ហើយ​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ប៉ែក​ខាង​អាស៊ី​យើង​ក៏​មាន​ការ​ខ្លបខ្លាច​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ដោយ​សារ​មាន​ដូណាល់ ត្រាំ​ដឹកនាំ​ដែរ»។

សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​៧,៤​ភាគរយ​ពី​ខែកក្កដា​ដល់​ខែកញ្ញា​ដោយសារ​សកម្មភាព​ពាណិជ្ជកម្ម​បាន​បើក​ឡើង​វិញ​និង​មាន​ជំនួយ​ពី​កញ្ចប់​ថវិកា​ស​ង្គ្រោះ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម។

ចំនួន​អ្នកគ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​មកនៅ​៧,៧​លាន​នាក់​គឺ​ត្រូវ​ជា​៥,៣​ភាគរយ។ នេះ​ជា​ការធ្លាក់​ចុះ​ពី​១៤,៧​ភាគរយ​ក្នុង​ខែមេសា។ នេះ​បើ​តាម​ក្រសួង​ការងារ។

លទ្ធផលឆ្នោត​មិនទាន់​ឲ្យ​ដឹង​ថា​មាន​បេក្ខជន​ណា​ឈ្នះ​នៅ​ឡើយ​ទេ​នៅ​យប់​ថ្ងៃបោះឆ្នោត​ដែល​នឹង​ត្រូវ​បន្ត​រាប់​ជាច្រើន​ថ្ងៃ​ទៀត​នៅរដ្ឋ​មួយ​ចំនួន​តូច​ក្នុង​នោះ​មាន​រដ្ឋ​ផឹនស៊ីលវេនៀ។

រូបឯកសារ៖ លោក យ័ប គឹមទឹង អគ្គលេខាធិការ​នៃ​មហាសន្និបាត​កំពូល​ខ្មែរ​ឯនាយ​សមុទ្រ។ (ចាប ចិត្រា/វីអូអេ)

អ្នកស្រីណាឡែន​បាន​បញ្ជាក់ថា​បើ​ទោះបីជា​បេក្ខជន​ដែល​អ្នកស្រី​គាំទ្រ​មិន​ជាប់ឆ្នោត​ក៏អ្នកស្រី​ព្រម​ទទួល​យក​លទ្ធផល​ដែរ។

«ខ្ញុំ​បោះ​ឲ្យ​គាត់​ហើយ​មិន​បាន​ជាប់​ក៏អត់បញ្ហា​អី​ដែរ​ពីព្រោះ​ស្រុក​គេ​នេះ​គេធ្វើម៉េច​យើង​ស្តារ​សេដ្ឋកិច្ច​យើង​ទៅ​ហើយ​បម្រើ​ប្រជាជន​យើង​ទៅ​ កុំធ្វើ​ដូចស្រុក​ខ្មែរ​បាន​ធ្វើ​អ្នកដឹកនាំ​ហើយ​បំផ្លាញ​ជាតិ​ បំផ្លាញ​ទឹកដី​ ធ្វើ​បាប​ខ្មែរ។ នេះ​ទៅ​មិនរួច​ទេ។ នៅស្រុកគេ​នេះ​ខ្ញុំយល់​ថា​អ្នកណាជាប់​ក៏​អត់បញ្ហា​អី​ដែរ​ធ្វើ​ម៉េច​ឲ្យ​គាត់​ដឹកនាំ​បញ្ហា​ស្រុកទេស​ឲ្យ​បាន​ល្អ»។​

ដូចគ្នា​នេះ​ដែរ​ អ្នកស្រីរ៉ានី ​លូស្សឹនស្គី​បាន​បញ្ជាក់​ ថា​បើទោះជា​បេក្ខជន​ដែល​អ្នកស្រី​គាំទ្រ​មិន​បាន​ជាប់ឆ្នោត​ក៏​អ្នកស្រី​ព្រម​ទទួល​លទ្ធផល​ដែរ។

«បង​អត់​អី​ទេ​ពីព្រោះ​អាណត្តិ​មុន​ម្តង​ហើយ​បង​មិន​ដែល​បោះឆ្នោត​ឲ្យ​លោក​ត្រាំ​ទេ​ តែ​បង​គោរព​ម​តិ​ភាគ​ច្រើន​។ អាណត្តិ​នេះ​លោកត្រាំ​មាន​តែ​៤ឆ្នាំ​ទៀតទេ»។

លោកយ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់ថា ​ការផ្លាស់​ប្តូរ​ការគាំទ្រ​នៅក្នុង​ចំណោម​អ្នកបោះឆ្នោត​អាមេរិកាំង​ជា​ការធម្មតា​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោកគឹមទឹង​យល់ថា​បើទោះបីជា​ចំនួន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នៅក្នុង​រដ្ឋវីជីនៀ​មាន​ចំនួន​តិចតួច​ប៉ុន្តែ​ពួកគេ​អាច​ចូលរួម​ចំណែក​បាន​សម្រាប់​ជួយ​ដល់​ការផ្លាស់ប្តូរ​នៅក្នុង​រដ្ឋ។

លោកយ័ប គឹមទឹង​បាន​បញ្ជាក់​ថា៖

«ទោះបី​ជាខ្មែរ​យើង​មានតិច​ក៏ដោយ​ យើង​ចូលរួម​ជាមួយ​សកម្មភាព​គេ​ឃោសនា​ ចាត់ចែង​ហើយ​យើង​ស្គាល់គេ​ជិតស្និទ្ធ​យើង​អាច​មានសំឡេងធំ​ទោះបីជា​ខ្មែរ​យើង​មិន​សូវ​មាន​សំឡេង​ធំ​។ ប៉ុន្តែ​ពេល​ឃោសនា​ម្តងៗ​ក្រុមនីមួយៗ​តែងតែ​ចង់បាន​សំឡេងគាំទ្រ​ពី​មនុស្ស​គ្រប់ជំពូក​ព្រោះ​ដើម្បី ឲ្យ​ប្រាកដ​ថា​គេ​នឹង​ឈ្នះ»។ ​

បេក្ខជន​នីមួយៗ​ត្រូវការ​ប្រតិភូ​ចំនួន​២៧០​ដើម្បី​ឈ្នះ​តំណែង​ប្រធានាធិបតី។ ការ​ព្យាករណ៍​ត្រឹម​ព្រឹក​ថ្ងៃពុធ​គឺ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​ទទួល​បាន​ប្រតិភូ​ចំនួន​២១៣​រីឯ​លោកចូ បៃដឹន​ទទួល​បាន​២២៧៕