ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​កំពុង​ប្រជែង​យក​អាសន:​ជា​បេក្ខជន​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋម៉ាស្សាជូសេដ្ឋ

លោក​ស្រី ​វណ្ណា​ ហូវឺដ​ (Vanna Howard) គឺជាស្ត្រីខ្មែរអាមេរិកាំងម្នាក់ ដែលកំពុងឈរឈ្មោះជាបេក្ខជនសម្រាប់ការជ្រេីសតាំងជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំសង្កាត់ Middlesex រដ្ឋ Massachusetts។ (រូបថតផ្តល់ឲ្យដោយ Vanna Howard)

រដ្ឋធានីវ៉ាស៊ីនតោន — លោកស្រី​ វណ្ណា ហូវឺដ ​(Vanna Howard) ​គឺជាស្ត្រី​ខ្មែរ​និង​ជាអតីត​ជនភៀស​ខ្លួន​ម្នាក់​ដែល​កំពុង​ឈរ​ឈ្មោះ​ប្រជែង​យក​ការ​តែង​តាំង​ជា​បេក្ខជន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ប្រចាំ​រដ្ឋម៉ាស្សាជូសេដ្ឋ​ (Massachusetts) ពី​ដៃ​គូប្រជែង​ពីរ​រូប​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម ​នៅ​ថ្ងៃ​អង្គារនេះ។

ថ្លែងប្រាប់​ VOA​ ពី​ការិយាល័យ​បោះឆ្នោត​និង​កន្លែង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​ នៅតំបន់​ទី ១៧​ នៃសង្កាត់​ Middlesex​ លោកស្រី​ វណ្ណា ហូវឺដ អាយុ ​៥១ ឆ្នាំ ​បានបង្ហាញ​ក្តីសង្ឃឹម​ថា នឹង​អាច​ទទួល​បាន​ការ​តែងតាំង​នេះ។ លោកស្រី​មាន​គំនិត​កែ​ទម្រង់​លើ​វិស័យ​សុខាភិបាល​ វិបត្តិ​ជំងឺ​កូវីដ១៩​ បញ្ហា​សុខមាលភាព​សង្គម​ បញ្ហា​អប់រំ ​បញ្ហា​ចាស់ជរា​ និងបញ្ហាកុមារ​ ហើយ​និង​បញ្ហា​វិបត្តិ​ផ្ទះ​សម្បែង​ជាដើម​ ដែល​លោកស្រី​ថា គូប្រជែង​របស់​លោកស្រី​មិន​បាន​ធ្វើ​កិច្ចការ​នេះ​ ហើយ​ជាប់​រឿង​ក្តីក្តាំ​ជាមួយ​តុលាការ​ផងដែរ។

«មានសង្ឃឹម​បើ​អត់​សង្ឃឹម​ អត់​ធ្វើ​យុទ្ធនាការទេ ​ខ្ញុំ​មាន​សង្ឃឹម។​ មាន​បងប្អូន​ច្រើន​ដែល​បាន​ជួយ​ទៅ​បោះឆ្នោត ជួយ​ឃោសនា ​ផ្តាំផ្ញើ​ឲ្យទៅ​បោះឆ្នោត​ថ្ងៃនេះ»។

លោកស្រី​ វណ្ណា ហូវឺដ​ កំពុង​ប្រជែង​ជាមួយ​សមាជិក​សភា​ដែល​កាន់​មុខតំណែង​នេះ​គឺ​លោក ​ដេវីដ ណែងហ្គល (David Nangle)​ និង​លោកស្រី​លីហ្សា អាណុល​ (Lisa Arnold) ​ប្រចាំ​តំបន់ទី ១៧ ​ ក្នុង​សង្កាត់ ​Middlesex​ ជិត​ទីក្រុង​ឡូវែល​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​យ៉ាង​ច្រើន​លំដាប់​ទី ២​ បន្ទាប់ពី​រដ្ឋកាលីហ្វ័រញ៉ា។

លោកស្រី​ វណ្ណា ហូវឺដ ​ដែល​មាន​ស្រុក​កំណើត​នៅស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ បានមក​ដល់​សហរដ្ឋអាមេរិក​កាលពី​ទសវត្សរ៍ ​១៩៨០​ ដោយ​បាន​គេច​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​មក​រស់​នៅ​សហរដ្ឋ​អាមេរិក។

លោក​ស្រី​បានរៀន​សូត្រ​និង​បម្រើ​ការងារ​រដ្ឋ​និង​សង្គម​ជា​ច្រើន រួម​ទាំង​ជា​ជំនួយ​ការ​អតីត​សមាជិក​សភា​អាមេរិក​ដ៏មាន​ឥទ្ធិពល​ម្នាក់គឺ​លោកស្រី​ Niki Tsongas។ លោកស្រី​ក៏​បាន​ចូលរួម​បំពេញ​កិច្ចការ​សង្គម​ក្នុង​ទីក្រុង​ឡួវែល​រដ្ឋម៉ាស្សាជូសេដ្ឋ​ក្នុង​នាម​ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​រដ្ឋាភិបាល​ខាង​ក្រៅ​នៃ​មជ្ឈមណ្ឌល​សុខភាព​នៃ​សហគមន៍​ឡូវែល​ (Lowell Community Health Center)​ហើយ​ធ្លាប់​បម្រើ​ការងារ​ក្នុង​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​សង្កាត់ ​Middlesex ​និង Sufforlk​ ផង​ដែរ។

ក្រុមអ្នកគាំទ្រលោក​ស្រី ​វណ្ណា​ ហូវឺដ​ (Vanna Howard) ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតជូនលោកស្រី សម្រាប់ការឈរឈ្មោះជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំតំបន់ទី ១៧ នៃសង្កាត់ Middlesex រដ្ឋ Massachusetts។ (រូបថតផ្តល់ឲ្យដោយ Vanna Howard)

លោក ​អ៊ួង រិទ្ធី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដំបូង​ដែល​ធ្លាប់​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​បានថ្លែង​ប្រាប់​ VOA ពី​កន្លែង​បោះឆ្នោត​មួយ​ថា​លោក​បាន​បោះឆ្នោត ​និង​ជួយ​ឃោសនា​ដល់​លោកស្រី​ វណ្ណា ហូវឺដ ដោយសារ​លោកស្រី​ជា​មនុស្ស​មាន​សមត្ថភាព​មាន​បទ​ពិសោធន៍​ច្រើន​ហើយ​អាច​ជួយ​កិច្ចការ​សង្គម​អាមេរិកាំង​និង សហគមន៍ខ្មែរ​បាន​ច្រើន​រួមទាំង​កិច្ចការ​ក្នុង​វិស័យ​សុខាភិបាល​អប់រំ​ សង្គមកិច្ច​សុខមាលភាព​សង្គម​ជាដើម។

«នេះជា​ពេល​វេលា​ដែល​គាត់​ត្រូវ​ចេញមុខ​ជួយ​សង្គម​និង​ក្លាយ​ជា​មេដឹកនាំ​ហើយ​មិន​ចង់​ឲ្យ​គាត់​នៅ​ពីខាង​ក្រោយ​ទៀត​ទេ»។

លោក​ រិទ្ធី បាន​បញ្ជាក់​ថា លោកស្រី​ វណ្ណា ហូវឺដ ​បានធ្វើ​កិច្ចការ​បម្រើ​សង្គម​យ៉ាង​ច្រើន​ ដោយ​មិន​ដែល​គិត​ពី​ខ្លួន​គាត់ គឺ​បម្រើ​សង្គម​យ៉ាង​អស់ពី​ចិត្ត។

លោក ​វាសនា នួន ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុងឡូវែល​បច្ចុប្បន្ន​ បាន​ថ្លែង​ថា លោកគាំទ្រ​លោកស្រី​ Vanna Howard ​ដោយសារ​លោកស្រី​សម​ជា​មេដឹកនាំ​ស្ត្រី​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ពេញ​លេញ​និង​សមត្ថភាព​ខ្លាំង។ លោក​បាន​បន្ថែម​ថា បើ​លោកស្រី​ វណ្ណា ហូវឺដ ឈ្នះ​ការ​បោះឆ្នោត​បឋមនេះ​វា​នឹង​ជា​ការ​លើកទឹក​ចិត្ត​ដល់​ស្រី្ត​និងជន​ជាតិ​ខ្មែរ​នៅ​កន្លែង​ផ្សេងៗ​ទៀត ឲ្យ​ចូលរួម​ប្រឡូក​ក្នុង​នយោបាយ​អាមេរិក។

«រឿង​ហ្នឹង​ជា​គំរូ​អីចឹង​ធ្វើឲ្យ​ស្ត្រី​ឯទៀត​ខ្មែរ​ឯ​ទៀត មាន​ចិត្ត​ក្លាហាន​ឈរ​ឈ្មោះ​ប្រហែល​ជា​មិន​នៅរដ្ឋ​នេះ​ក៏នៅ​រដ្ឋផ្សេង​ទៀត​ដែរ ថា​ខ្មែរអាច​ធ្វើបាន។​ខ្មែរ​អាច​ធ្វើ​បាន»។

ទាំង​លោក ​វាសនា នួន ​និងលោក​ អ៊ួង រិទ្ធី ​បាន​អះអាង​ថា ប្រសិន​បើ​លោក​ស្រី​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​បឋម សម្រាប់​ការ​ជ្រើស​តាំង​ជា​បេក្ខជន​សមាជិក​សភា​ប្រចាំ​រដ្ឋម៉ាស្សាជូសេដ្ឋខាង​គណបក្ស​ប្រជាធិបតេយ្យ​ នោះ​លោកស្រី​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ជាប់​ជាស្វ័យ​ប្រវត្តិ​ ដោយសារ​រដ្ឋ​នេះ​ជា​រដ្ឋ​ដែល​មាន​គណបក្ស​ប្រជាធិបតេយ្យ​បោះឆ្នោត​ជូន​បេក្ខជន​ច្រើន ជាង​គណបក្ស​សាធារណរដ្ឋ​តាំងពី​ដើម​រៀង​មក។

លទ្ធផល​បោះឆ្នោតបឋម​អាច​នឹង​ត្រូវបាន​កំណត់​នៅ​ពេលរាត្រី​ថ្ងៃ​អង្គារ​នេះ (ម៉ោង​នៅ​សហរដ្ឋ​អាមេរិក) ឬ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត ដោយសារ​តែ​មាន​ការ​បោះឆ្នោត​ផ្ទាល់ និងការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ដែល​ត្រូវការ​ពេលវេលា​រាប់​ ដោយសារ​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩៕