អ្នកច្បាប់​ខ្មែរ​អាមេរិកាំង​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ទោះ​ប្រឈម​នឹង​ពន្ធនាគារ

រូបឯកសារ៖ កញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

វ៉ាស៊ីនតោន — ជាមេធាវី​និង​ជាអ្នកតស៊ូមតិ​ដើម្បី​សិទ្ធិមនុស្សកញ្ញា​សេង ធារី​យល់​ថា​បេសកកម្ម​ជិត​៣០​ឆ្នាំ​ដើម្បី​ជួយ​បណ្តុះ​បណ្តាល​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ពិត​ជា​បាន​ហុច​ផ្លែផ្កា​នៅ​លើ​ទឹកដី​កំណើត​ក្រោយពី​សង្គ្រាម​ប្រដាប់​អាវុធ​បាន​បញ្ចប់​ហើយ​គាត់​អាច​សម្រាក​បាន។ ប៉ុន្តែ​ការវិវត្តន៍​នយោបាយ​ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​រហូត​ដល់មាន​ការរំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​បាន​បង្ខំចិត្ត​អ្នកច្បាប់​ខ្មែរ​អាមេរិកាំង​រូប​នេះឲ្យ​បន្ត​ការតស៊ូ​មតិ​នេះ​ដោយផ្ទាល់​ជាថ្មី​ឡើងវិញ។

ការណ៍​នេះ​ដោយសារតែ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៧​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចោទ​ថា​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​បាន​ហាមឃាត់​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ជាតិ​និង​មូលដ្ឋាន​ជាង​១០០​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។ ថ្នាក់ដឹកនាំ​ខ្លះ​ក៏​បាន​រត់ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស។

កញ្ញា​សេង ធារី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស​កាលពី​ពាក់កណ្តាល​ខែមករា​ថា៖

«មុន​ដំបូង​ខ្ញុំ​គិត​ថា​មាន​អ្នក​នយោបាយ​ហើយ​ក្នុង​ការប្រឆាំង​ដែល​ខ្ញុំ​គាំទ្រ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​លោកសម រង្ស៊ី​ ជា​លោកស្រី​មូរ សុខហួរ​ប៉ុន្តែ​ឥឡូវ​គាត់​អវត្តមាន​ហើយ​ក្រ​មាន​សំឡេង​ដែល​ដូច​ខ្ញុំ​ដែល​មាន​សញ្ជាតិ​ពីរ​ដែល​មាន​ការការពារ​ខ្លួន​ក្នុង​កម្រិត​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ដោយ​សកម្ម​បែបនេះ។មកពី​ឃើញ​មាន​ភាព​គ្រោះថ្នាក់»។

កត្តា​សំខាន់​មួយទៀត​គឺឥទ្ធិពល​របស់​ប្រទេស​កុម្មុយនិស្ត​ចិន​ដែល​អ្នកជំនាញ​និង​អ្នកវិភាគ ជឿថា​កំពុង​តែរីក​ធំឡើង​ក្នុង​នយោបាយ​កម្ពុជា។ កាលពី​១០​ឆ្នាំ​មុន នៅពេលដែល​កម្ពុជា​ធ្វើជា ប្រធាន​អាស៊ាន​នោះ អាស៊ាន​បាន​បរាជ័យ​ជាលើក​ដំបូង​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​បាន នៅទីបញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុងទីក្រុង​ភ្នំពេញ។ នៅពេល នោះ​គេ​មើលឃើញ​ថា​កម្ពុជា​បាន​រងសម្ពាធ​ពី​ចិន​នៅ​ក្នុង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ចិន​និង​សមាជិក​ខ្លះ​របស់​អាស៊ាន។

កញ្ញា​សេង ធារី​បាន​បញ្ជាក់​បន្ថែម​ថា៖

«ចិន​ជា​មហា​អំណាច​ឃោរឃៅ​ដែល​ពិភពលោក​កំពុង​ព្រួយ​បារម្ភ​កំពុងប្រើ​កម្ពុជា​ជា​សមរភូមិ​នៅ​ក្នុង​ការប្រយុទ្ធ​ជាមួយ​លោក​សេរី​ទាំងមូល​តែម្តង​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​មាន​ការព្រួយ​បារម្ភ​អំពី​ការវិល​ត្រឡប់​ទៅ​រក​របប​ខ្មែរ​ក្រហម​វិញ។ ការត្រឡប់​ទៅ​ភាព​កុម្មុយ​និស្តដោយ​ខ្មែរ​ក្រហម​ផង​បន្ទាប់​មក​ដោយ​យោធាយួន​ឈ្លានពាន។ អ៊ីចឹង​យើង​កំពុង​គ្រោះ​ថ្នាក់​ក្នុង​ភាព​អាសន្ន​តែម្តង»។​

រូបឯកសារ៖ សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង លើកដៃឡើងលើជាមួយអ្នកគាំទ្រអ្នកស្រី ខណៈអ្នកស្រីដើរនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​នេះការតស៊ូ​មតិ​ដោយ​អហិង្សា​របស់កញ្ញាសេង ធារីក៏​បាន​នាំឲ្យ​កញ្ញា​ជួបប្រទះ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​ផងដែរ។ តុលាការ​កម្ពុជា​បាន​ចោទ​ប្រកាន់​កញ្ញា​ថាបាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់​ជាតិ​ព្រោះតែ​ភាពសកម្ម​ក្នុង​សង្គម​ក្នុង​ពេល​កន្លងមក។​ជាពិសេស​នៅ​ពេល​ដែល​លោក សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​និង​ថ្នាក់​ដឹកនាំ​ជាច្រើន​រូប​ទៀត​ក្នុង​នោះ​មាន​អ្នកស្រី​មូរ​សុខហួរ​ដែល​ជា​អនុប្រធាន​គណបក្ស​បាន​ប្រកាស​វិលចូល​មាតុភូមិ​វិញ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៩ហើយ​កញ្ញា​សេង ធារី​បានបង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ដើម្បី​សម្តែង​ការគាំទ្រ។

ក្នុង​បញ្ជី​ជាមួយ​នឹង​កញ្ញា​សេង ធារី​គឺ​មានជនជាប់ចោទ​ចំនួន​៤៦​រូប​ផ្សេង​ទៀត​ក្នុងនោះ​មាន​លោក សម រង្ស៊ី​ផងដែរ។រហូត​មកដល់​ពេលនេះ​មាន​អ្នករិះគន់​រដ្ឋាភិបាល​ជិត​១៤០​នាក់​កំពុង​ប្រឈមមុខ​នឹងការកាត់ក្តី​នយោបាយ​ដ៏ធំ​ដែល​ជាផ្នែក​មួយ​នៃ​ការជំរុញ​ដោយ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​កម្ទេច​ការតស៊ូ​និង​ធានា​ការគ្រប់គ្រង​តែមួយគត់​របស់​គាត់។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ការ​ចោទ​ប្រកាន់​លើ​អ្នកតស៊ូ​មតិ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​នេះ​ពី​បទ​«សមគំនិត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ» និង «ញុះញង់​ឲ្យ​បង្កើត​ភាព​វឹកវរ​ក្នុង​សង្គម»​ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១២​ឆ្នាំ​ត្រូវ​បាន​កញ្ញា​សេង ធារី​យល់​ថា​វា​គឺ​ជា​រឿង​មិន​សមហេតុផល។

ហេតុអ្វី​បាន​ជា​កញ្ញា​សេង ធារី​ប្តេជ្ញា​ជួយ​កម្ពុជា?

កញ្ញា​សេង ធារី​គឺជា​កុមារី​តូច​ម្នាក់​ប៉ុណ្ណោះ​នៅពេល​ដែល​ពួក​កុម្មុយនិស្ត​ខ្មែរក្រហម​បាន​ដណ្តើម​កាន់​អំណាច​នៅ​ខែមេសា​ឆ្នាំ​១៩៧៥។ របបម៉ៅ​និយម​នេះ​បានធ្វើ​ឱ្យ​នាង​ក្លាយ​ជា​កុមារ​កំព្រា​ឪពុកម្តាយ។ ក្រោយពី​របប​អាវខ្មៅ​នេះ​បាន​ដួលរលំ​នៅ​ខែមករា​ឆ្នាំ​១៩៧៩​ធារី​និង​បងប្អូន​បាន​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស​ដើម្បី​គេចចេញ​ពី​របប​ដែល​ពួកកុម្មុយនិស្ត​វៀតណាម​បាន​លើក​បន្តុប។ នៅពេលនោះ​ធារី​មាន​អាយុ​៧​ឆ្នាំ​ប៉ុណ្ណោះ​ហើយបានធ្វើ​ដំណើរ​ដ៏គ្រោះថ្នាក់​ជាមួយ​សាច់ញាតិ​ជាច្រើន​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។ បន្ទាប់ពី​រស់នៅ​រយៈពេល​មួយ​ឆ្នាំ​នៅក្នុង​ជំរុំ​ជនភៀសខ្លួន​គ្រួសារ​របស់​នាង​ត្រូវបាន​ក្រុមជំនុំ​គ្រិស្តសាសនិក​នាំយក​ទៅ​តាំងទីលំនៅ​ថ្មី​នៅ​ទីក្រុង​Grand Rapids រដ្ឋ Michigan។ កញ្ញា​ធារី​បានបញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​Georgetown​ដ៏ល្បី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនខាងផ្នែក​នយោបាយ​អន្តរជាតិ​នៅឆ្នាំ​១៩៩៥​ហើយ​បន្ត​សិក្សា​ទទួល​បាន​សញ្ញាបត្រ​ច្បាប់​ពី​សាកលវិទ្យាល័យ​Michigan​នៅ​ឆ្នាំ​២០០០។ កញ្ញា​សេង ធារី​បាន​ប្រឡងជាប់​ជា​មេធាវី​នៃ​គណៈមេធាវី​ប្រចាំ​រដ្ឋញូវយ៉ក​និង​គណៈមេធាវី​អាមេរិកាំង។​

កញ្ញា​សេង ធារី​បាន​វិល​មក​ប្រទេស​កម្ពុជា​ជាលើក​ដំបូង​ក្នុង​នាម​ជា​អ្នកស្ម័គ្រចិត្ត​របស់​អង្គការ​ខ្មែរ​អាមេរិកាំង​ CANDO (Cambodian American National Development Organization)​ក្នុង​ខែ​សីហា​ឆ្នាំ១៩៩៥​មុន​នឹង​វិល​មកតាំង​ទីលំនៅជាអចិន្ត្រៃយ៍​នៅ​ឆ្នាំ​២០០៤។ តាំងពី​វិល​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ​កញ្ញា​សេង​ធារី​ក៏បាន​ជួយ​ការងារ​ជាទីប្រឹក្សា​ច្បាប់​សហជីព​គឺ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បាន​ធ្វើ​ជាវាគ្មិន​ថ្លែង​នៅ​ក្នុង​វេទិការ​អន្តរជាតិ​ជាច្រើន​ដែល​ក្នុងនោះ​មាន​ដូចជា​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ស្តីពី​សិទ្ធិមនុស្ស​និង​ការបង្កា​សកម្មភាព​ហិង្សា​និយម​ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​និង​ការពិភាក្សា​នៅ​សាកលវិទ្យាល័យ​រដ្ឋមីឈីហ្គឹន​នៃ​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​ការបញ្ចាំង​ភាពយន្តឯកសារ​រឿង​«អ្នកណា​សម្លាប់​ជា វិជ្ជា?»​ជាដើម។

កញ្ញា​សេង ធារី​ធ្លាប់បាន​កាន់តំណែង​ជា​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម ហើយ​ក្រោយមក​បានបង្កើតមជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ។ កញ្ញា​ក៏​ជា​នាយិកា​នៃ​សមាគម​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា​ផងដែរ។​

ក្នុង​ការបង្ហាញ​ពី​ការតាំងចិត្ត​និង​ការតស៊ូ​នឹង​ការចោទប្រកាន់​ក្នុង​តុលាការ​នោះ​កញ្ញា សេង ធារី​បានកោរសក់​ហើយ​បាន​ផ្សាយ​ផ្ទាល់​នូវ​កាយវិការ​របស់​នាង​ក្នុង​វីដេអូ​ដែល​ផ្សាយ​តាម​វិទ្យុ​អាស៊ីសេរី​នៅ​ដើមខែ​ធ្នូ​ឆ្នាំ​២០២១។ កញ្ញា​លើក​ហេតុផល​ថា​ដើម្បី​ត្រៀម​លក្ខណៈ​ក្រែង​លោ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ហើយ​កញ្ញា​ត្រូវ​ត្រៀម​លក្ខណៈ​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​អាក្រក់​ក្នុង​ពន្ធនាគារ​ដែល​មាន​កើត​ចៃ​និង​រមាស់​សើរស្បែក​ជាដើម។ ជាការពិត​ស្ថានភាព​គុក​កម្ពុជាមាន​លក្ខណៈ​ចង្អៀត​ណែនណាន់​ខ្វះ​អនាម័យ​និង​ខ្វះ​ការគោរព​តម្លៃ​ស្ត្រី។ នេះ​បើតាម​ការរៀបរាប់​របស់​អតីត​អ្នកទោស​ម្នាក់​គឺ​អ្នកស្រី​សាត ផា។

រូបឯកសារ៖ កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស ក្នុង​សម្លៀក​បំពាក់​អប្សរា ចាកចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

រូបឯកសារ៖ កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស និយាយ​ជាមួយ​អ្នកកាសែត​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី៧​ខែធ្នូ​ឆ្នាំមុន​កញ្ញា​សេង ធារីបាន​ស្លៀកពាក់​ជា​តួអង្គ​អប្សរា​ដើរ​ចូល​ក្នុង​សវនាការ​ដោយ​ចាត់ទុក​ថា​ការកាត់ក្តី​នេះ​ធ្វើឡើង​តាមបែប​ឆាកល្ខោន​នយោបាយ។

កញ្ញា​សេង ធារី​បាន​ប្រាប់​វីអូអេ​ថា៖

«បាន​អ៊ីចឹង​ក្នុង​ការស្លៀកពាក់​ខ្ញុំ​ចង់​ដាស់តឿន​ឬ​ខ្ញុំ​ចង់​រំលឹក​ឡើងវិញ​ដល់​បងប្អូន​ទាំងអស់​គ្នា​ថា​នេះ​គឺជា​ការសម្តែង​នយោបាយ។ អ៊ីចឹង​ពេល​យើង​សម្តែងខ្ញុំ​ចូលរួម​ប៉ុន្តែ​រូបភាព​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ចងចាំ​ជានិច្ច​ថា​នេះ​ជា​ការសម្តែង​ផ្នែក​នយោបាយ»។

ពេល​ខ្លះ​កញ្ញា​សេង ធារី​ស្លៀកពាក់​ជា​បុរស​និង​ពេល​ខ្លះ​ស្លៀកពាក់​ជា​អ្នកទោស។ ពេល​ស្លៀកពាក់​ជា​អ្នកទោស​កាលពី​ថ្ងៃទី៤​ខែមករា​នាង​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ចម្រុះ​របស់​ខណ្ឌដូនពេញចាប់​យក​ពី​ទីសាធារណៈ​មកដាក់​នៅ​ស្ថានីយ៍​ប៉ូលិស​អស់​រយៈពេល​ប្រហែល​កន្លះ​ម៉ោង។ កញ្ញា​រៀបរាប់​ថា​នេះ​ជា​វិធី​តស៊ូ​មតិ​ដោយ​អហិង្សា​និង​ដើម្បី​ឲ្យ​មហាជន​ជាតិ​និង​អន្តរជាតិ​យកចិត្ត​ទុកដាក់​ដល់​ករណី​អយុត្តិធម៌​ក្នុង​សង្គម​កម្ពុជា​ដែល​មិនមាន​តែ​ករណី​របស់គាត់​តែ​ម្នាក់​ទេ។

ទង្វើ​របស់​កញ្ញា​សេង ធារី​ក៏​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ខឹងសម្បារ។ លោក ហ៊ុន សែន​ដែល​ធ្លាប់​សើច​ចំអក​ដល់​ស្ត្រី​អ្នកនយោបាយ​ក្នុង​ពេល​អតីត​កាល​ដូចជា​អ្នកស្រី​មូរ សុខហួរ​ ជាដើម បានប្រើប្រាស់​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​អាកាស​យានដ្ឋាន​នៅ​ទីរួមខេត្ត​កណ្តាល​កាលពី​ដើមខែ​ធ្នូ​ដោយវាយ​ប្រហារ​អ្នករិះគន់​លោក​និង​និយាយ​បញ្ឆិត​បញ្ឆៀង​ថា៖​«ឥឡូវ​មាន​ឯណា​មាន​អប្សរា​ក្បាល​ត្រងោល​ទៀត​ហ្ន៎»។

លោកហ៊ុន សែន​បាន​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​ចំនួន​៣៧​ឆ្នាំ​និង​បានរង​ការរិះគន់​ពី​ក្រុមបស្ចិម​ប្រទេស​ថា​បាន​បំផ្លាញ​បរិយាកាស​នយោបាយ​សេរី​ពហុបក្ស​និង​ធ្វើទុក្ខ​បុកម្នេញ​អ្នករិះគន់​និង​អ្នក​នយោបាយ​ប្រឆាំង។​ពួកគេ​ចាត់ទុក​ថា​ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ដល់​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និងរដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។​

ការប្តូរផ្តាច់​ចុងក្រោយ

ការ​ប្តូរផ្តាច់​លើក​កម្ពស់​តម្លៃ​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញ​មតិ​បាននាំ​កញ្ញា​សេង ធារី​ឲ្យជួប​ជនរងគ្រោះ​កម្ពុជា​និង​អ្នកដែល​គ្មានសំឡេង​ជាច្រើន។ ជារឿយៗ​ពួកគេ​ធ្វើ​សកម្មភាព​តវ៉ា​រួមគ្នា​ដើម្បី​បង្ហាញ​ពី​ការធ្វើបាប​សកម្មជន​នយោបាយ​ប្រឆាំង​និង​ការធ្វើទុក្ខ​បុកម្នេញ​ក្រុមសហជីព​កម្មករ​ជាដើម។

កញ្ញា​សេង ធារី​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​បាន​ជួប​ប្រទះ​អតីតកាល​ហើយ​ខ្ញុំ​គិត​ថា​ខ្លួន​ខ្ញុំ​សំណាង​ហើយ​ពេល​យើង​សំណាង​ហើយ​យើង​គួរ​ចែក​រំលែក​អ្វី​ដែល​យើង​យល់​ដឹង​អំពី​ការឈឺចាប់ហើយ​បើ​អាច​ជួយគេបន្តិច​បន្តួច​តាម​របៀប​ដែល​មនុស្ស​ម្នាក់ៗ​មាន​គួរ​ធ្វើ។​នេះ​ជា​ជំនឿ​របស់​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​ធ្វើ​ជាធម្មតា»។

ក្នុង​ចំណោម​អ្នករងគ្រោះ​មាន​អ្នកស្រី​ព្រុំ​ចាន់ថា​ជា​អ្នកដឹកនាំ​ក្រុមតវ៉ា​ដែល​មាន​ឈ្មោះ​ថា​ស្ត្រី​ថ្ងៃសុក្រ។ អ្នកស្រី​គឺ​ជា​ភរិយា​របស់​លោក​កាក់ កុម្ភារ​ដែល​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញនៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​កំពុង​ជាប់ឃុំឃាំង​ក្រោមបទចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គម​និង​រិះគន់​រដ្ឋាភិបាល។

អ្នកស្រី​ព្រុំ ចាន់ថាបាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសា​ថា​៖

«ខ្ញុំ​ធ្វើនេះ​ជា​សរសៃ​ឈាម​ទាំងមូល​របស់​ប្រទេស​កម្ពុជា​ដែល​អ្នកខ្លះ​គាត់​មិន​ហ៊ាន​ងើប​ឈរ​សោះ​រហូត​ដល់​តែ​ពួកគាត់​មាន​ទឹកចិត្ត​គោរព​និង​ស្រឡាញ់​រាល់​ការឡាយ [ផ្សាយផ្ទាល់]​និង​ខំមិន​[អត្ថាធិប្បាយ]។ ជាពិសេស​ខ្ញុំ​ចង់​ឲ្យ​ជាតិ​និង​អន្តរជាតិ​មើលឃើញ​ថា​ទង្វើ​របស់​រដ្ឋាភិបាល​អ្នកដឹកនាំ​របប​ឯកបក្ស​ក៏​ដូច​ជា​តុលាការ​ដែល​គ្មាន​ក្រមសីលធម៌​ដែល​គ្មាន​ចំណេះ​វិជ្ជា​វិជ្ជាជីវៈ​ដែល​ធ្វើ​តុលាការ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​បែរ​ជា​យក​អ្នកមាន​មនសិការ​ដូច​ជា​ក្រុមគ្រួសារ​ពួកខ្ញុំ​ដែល​ជា​អ្នក​អត់​មាន​កំហុស​សោះ​យក​មក​ឃុំខ្លួន​ដែល​អត់​កំហុស​សោះ​យក​មកឃុំ​ខ្លួន​ម្នាក់ៗ​ជិត​២​ឆ្នាំ​ហើយ»។

រីឯ​អ្នកស្រីសាត ផា​អតីត​សកម្មជន​បឹងកក់​ដែល​ទើបតែ​ត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ​កាលពី​ចុង​ខែ​តុលា​ឆ្នាំ​មុន​ក៏​បាន​បន្ត​ការតវ៉ា​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​ដែល​មាន​មកលើ​អ្នកស្រី​និង​អ្នកដទៃ​ទៀត។ អ្នកស្រី​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ពីបទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

អ្នកស្រី​សាត ផា​បាន​ថ្លែង​ប្រាប់​វីអូអេ​ខេមភាសា​ថា៖​

«ខ្ញុំ​រង​ភាព​អយុត្តិធម៌​នៅ​ក្នុង​គុក​ហើយ​។ ខ្ញុំ​ចេញ​មកក្រៅ​មាន​ភាព​អយុត្តិធម៌​នៅ​ក្រៅ​ច្រើន។ ទាមទារ​ដើម្បី​ប្រទេស​ជាតិ​ខ្ញុំ។ ខ្ញុំ​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ។ អ្នកទោស​នយោបាយ​ដែល​ពួកគាត់​អត់​កំហុស​ហើយ​ចាប់​គាត់​យក​ទៅ​ដាក់​គុក​ដូចជា​រូបខ្ញុំ។ អ៊ីចឹង​ខ្ញុំ​នឹង​ទាមទារ​រកយុត្តិធម៌​ចំពោះ​ពួកគាត់​ទាំង​អស់​គ្នា​។ ខ្ញុំ​លើក​ទឹកចិត្ត​បងសេង ធារី​ដែល​គាត់​ក្លាហាន។ គាត់​មិនខ្លាច​ឧបសគ្គ​អ្វី​កើតឡើង​ទាំងអស់»។

មជ្ឈមណ្ឌល​សម្រាប់​សិទ្ធិមនុស្ស​នៃ​គណៈមេធាវី​សហរដ្ឋ​អាមេរិក​ចេញផ្សាយ​របាយការណ៍​មួយ​កាលពី​ខែមិថុនា​ឆ្នាំ​២០២១ដោយ​បាន​សន្និដ្ឋាន​ថា​ដំណើរការ​នីតិវិធី​តាម​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​កញ្ញា​សេង ធារី​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​បាន​រំលោភ​បំពាន​យ៉ាង​ខ្លាំង​ទៅ​លើ​សិទ្ធិ​ទទួលបាន​ការជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌​និង​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​របស់​គាត់។

របាយការណ៍​នោះ​បាន​បន្ថែម​ថា៖​«ក្នុង​ការឆ្លុះ​បញ្ចាំង​ពី​កង្វះ​ភស្តុតាង​ក្នុង​ការប្រព្រឹត្តិ​ខុស​លក្ខណៈ​ព្រហ្មទណ្ឌ​នោះ​បទចោទ​ពី​ការញុះញង់​និង​ការរួម​គំនិត​ក្បត់​គ្រាន់តែ​ជាលេស​សម្រាប់​សងសឹក​ចំពោះ​នាង​ធារី​ប៉ុណ្ណោះ»។

របាយការណ៍​នេះ​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជាបញ្ឈប់​ការផ្តោត​គោលដៅ​ទៅលើ​សំឡេង​ជំទាស់​ដោយ​ប្រើ​នីតិវិធី​ព្រហ្មទណ្ឌ​និង​ត្រូវ​តែ​ធ្វើ​មោឃភាព​ឬ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ទៅលើ​ពាក្យពេចន៍​ស្រពេចស្រពិល​ដែល​សម្រួល​ឲ្យ​មានការកាត់ទោស​អ្នករិះគន់​រដ្ឋាភិបាល​ជាច្រើន​នាក់។

លោក​Jared Genser​មេធាវី​អន្តរជាតិ​របស់​កញ្ញា​សេង ធារី​និង​ជា​មិត្តភក្តិ​ជាង​២០​ឆ្នាំ​តាំង​ពី​រៀន​នៅ​សាលា​ច្បាប់​ជាមួយ​គ្នា​បាន​រិះគន់​នីតិវិធី​របស់​តុលាការ​កម្ពុជា​និង​បទចោទ​ប្រកាន់​ទាំងនោះ។

លោក​Jared Genser​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«នាង​មាន​សិទ្ធិ​ក្រោម​ច្បាប់​អន្តរជាតិ​ក្នុង​ការទទួលបាន​សេរីភាព​នៃ​ការបញ្ចេញមតិ​សេរីភាព​ក្នុង​ការបង្កើត​សមាគម​សេរីភាព​ក្នុង​ការជួបប្រជុំ​ដោយ​សន្តិវិធី​និង​សេរីភាព​នៃ​ការចូលរួម​នយោបាយ​និង​ពី​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​បានឃើញ​និង​ពី​ការពិភាក្សា​របស់​ខ្ញុំ​ជាមួយ​នាង​អស់​ជាច្រើន​ឆ្នាំ​និង​អ្វី​ដែល​នាង​កំពុង​ព្យាយាម​ធ្វើ​គឺ​នាង​អនុវត្ត​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ទាំងនោះ​និង​ព្យាយាម​កំណត់​ផ្លូវ​ឆ្ពោះ​ទៅមុខ​កាន់តែ​ប្រសើរឡើង​សម្រាប់​ប្រជាជន​កម្ពុជា​ដើម្បី​អាចជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ​និង​រស់នៅ​ក្នុង​ប្រទេស​ដែល​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​ពួកគេ​ដែល​ត្រូវ​បានការពារ»។

រូបឯកសារ៖ អ្នក​តស៊ូ​មតិ​សិទ្ធិមនុស្ស​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​អ្នកនាង សេង ធារី (ឆ្វេង) ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​មុន​សវនាការ​មួយ​នៅ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

រូបឯកសារ៖ កញ្ញា សេង ច័ន្ទធារី អ្នកតស៊ូមតិខ្មែរអាមេរិកាំង មកដល់តុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

កញ្ញា​សេង ធារី​ក៏​ធ្លាប់​ជា​ដើមបណ្តឹង​មួយ​រូប​នៅ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២​ប្រឆាំង​នឹង​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ដែល​មាន​លោក​នួន ជា​ និង​លោក​ខៀវ សំផន​ដោយសារ​កញ្ញា​ជាអតីត​អ្នកទោស​កុមារ​ក្នុង​របប​វាលពិឃាត​និង​ស្លាប់បាត់​បង់​ឪពុកម្តាយ។​ប៉ុន្តែ​កញ្ញា​ធារី​បាន​ដកខ្លួន​ថយ​វិញ​បន្ទាប់​ពី​ស្តីបន្ទោស​តុលាការ​នេះ​ពី​ការរង​ឥទ្ធិពល​នយោបាយ។ ការ​ដក​ខ្លួន​នោះ​ធ្វើ​ឡើង​តែ​ប្រាំមួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​អង្គ​ជំនុំជម្រះ​សាលាដំបូង​ចាប់ផ្ដើម​បើក​សវនាការ​ពេញ​អង្គសេចក្ដី​លើ​សំណុំរឿង​នេះ​នៅខែវិច្ឆិកា​ឆ្នាំ​២០១១។

ដោយ​ចាត់​ទុក​ខ្លួន​ឯង​ថា​មាន​ចរិត​មានៈនៅ​លើក​នេះ​កញ្ញា​សេង ធារី​បាន​តាំង​ចិត្ត​ដើម្បី​តទល់នឹង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជាបើទោះបីជា​កញ្ញា​មាន​លទ្ធភាព​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិកាំង​ក៏​ដោយ។ កញ្ញា​សេង ធារី​បាន​អះអាង​ថា​នាង​មិនមាន​ចេតនា​ប្រើប្រាស់​លិខិត​ឆ្លងដែន​អាមេរិកាំង​របស់​នាង​ដើម្បី​ភៀសខ្លួន​នោះ​ទេ។

កញ្ញា​សេង ធារីបាន​ថ្លែង​ប្រាប់​វីអូអេ​ថា​៖

«​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​ធ្វើការ​ផ្នែក​ប្រជាធិបតេយ្យ​ផ្នែក​សិទ្ធិមនុស្ស។ អូហ៍! បងប្អូន​ងើប​ឈរ​ឡើង​តស៊ូ​មតិ​ស្គាល់​សិទ្ធិ​អនុវត្ត​សិទ្ធិ​ហើយ​គ្រាន់តែ​ឮ​តម្រុយ​ភ្លាម​ខ្ញុំ​គេច​ខ្លួន​ហ្នឹងវា​រំសាយ​រំលាយ​អ្វី​ដែល​ខ្ញុំ​បាន​អះអាង។ ភាសា​ខ្ញុំ​៣០​ឆ្នាំ​កន្លង​មក​លែង​មាន​ន័យ​គឺ​សាបសូន្យ​តែម្តង។​វា​មិនអាច​ទៅ​រួច​ទេ»។

កញ្ញា​សេង ធារី​យល់​ថា​ឆ្នាំ​២០២២​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ដែល​ត្រូវ​ទាក់ទាញ​ការចាប់​អារម្មណ៍​របស់​អន្តរជាតិ​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា​ក្នុង​ខណៈ​ប្រទេស​នេះ​កំពុងតែ​ធ្វើ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ហើយ​អន្តរជាតិ​កំពុង​តែ​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង។​

កញ្ញា​សេង ធារី​បាន​ថ្លែង​ថា៖

«អ៊ីចឹង​វា​ទាក់ទង​នឹង​តុលាការ​និង​ករណីរបស់​ខ្ញុំ​ផង​ហើយ​ខ្ញុំ​ឆ្លៀត​ឱកាស​នេះ​ក្នុង​ការដាស់​តឿន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សាធារណជន​ទាំង​អន្តរជាតិ​ទាំង​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​ក្តី​នៅ​ក្រៅ​ប្រទេស​ក្តី»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារអេឡិកត្រូនិក​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​ការកាត់ក្តី​ដែល​កំពុង​បន្ត​លើ​ករណី កញ្ញា​ សេង ធារី​ក៏ដូចជា​ដំណើរការ​ដែល​ផ្តោតលើ​សកម្មជន​សង្គម​ស៊ីវិល​ដទៃ​ទៀត។ ស្ថានទូត​ក៏​បាន​បញ្ជូន​អ្នកតំណាង​មក​សង្កេត​ការកាត់ក្តី​របស់​នាង​ក៏ដូចជា​ការកាត់ក្តី​ដែល​ស្ថានទូត​ចាត់ទុក​ថា​«មាន​ហេតុផល​នយោបាយ​ផ្សេង​ទៀត»​ហើយ​តែងតែ​លើកឡើង​ពី​ការព្រួយបារម្ភ​នានា​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​មេដឹកនាំ​គណបក្ស​ប្រឆាំង។

កញ្ញា​Stephanie Arzate​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា៖​

«សេរីភាព​នៃ​ការបញ្ចេញ​មតិ​និង​សមាគម​សិទ្ធិ​ក្នុង​ការជួបប្រជុំ​ដោយ​សន្តិវិធី​សេរីភាព​សារព័ត៌មាន​សង្គម​ស៊ីវិល​សកម្ម​និង​ការអត់ឱន​ចំពោះ​ទស្សនៈ​មិន​យល់ស្រប​គឺជា​ធាតុផ្សំ​ដ៏សំខាន់​នៃ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ។ យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រក្សា​កាតព្វកិច្ច​អន្តរជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​និង​ការពារ​សិទ្ធិ​ទាំងនេះ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា»៕