អ្នកប្រដាល់និងសិល្បករខ្មែរអាមេរិកាំងលើកកម្ពស់ផ្នត់គំនិតស្ត្រីរឹងមាំ

Your browser doesn’t support HTML5

ថាមពល​ពិសេស​​របស់​កញ្ញា អែម សុវណ្ណារី គឺ​ដៃ​ស្តាំ​របស់​នាង។​ នាង​ប្រើ​ដៃ​ស្ដាំ​ដើម្បី​ផ្ដួល​គូប្រកួត​​ក្បាច់គុន ហើយ​នាង​ក៏​ប្រើ​ដៃ​ស្តាំ​នោះ​សម្រាប់​គូរ​គំនូរ​ពហុ​មេឌា​ផង​ដែរ។ កីឡាករ​ក្បាច់​គុន​ចម្រុះ​ខ្មែរ-អាមេរិកាំង​វ័យ២៧ឆ្នាំ​រូប​នេះ ក៏​ជា​អ្នក​គូរ​រូប​ដ៏​ជោគជ័យ​ម្នាក់​ផង​ដែរ។ នាង​ ប្រើ​ការ​ប្រកួត​និង​សិល្បៈ​របស់​នាង​ដើម្បី​លើក​កម្ពស់​ផ្នត់​គំនិត​អំពី​ភាព​រឹងមាំ​របស់​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក។ កើត​និង​ធំធាត់​នៅ​ទីក្រុង Long Beach រដ្ឋ California កញ្ញា សុវណ្ណារី ជា​កូន​ស្រី​ច្បង​របស់​ម្ដាយ​ខ្មែរ​ដែល​ជា​ជន​ភៀស​ខ្លួន។ នាង​បាន​ចាប់​ផ្ដើម​ហាត់​កីឡា​ប្រដាល់​នៅ​ឆ្នាំ២០១១ ខណៈ​ពេល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​នៅ Fashion Institute of Design & Merchandising ក្នុង​ទី​ក្រុង Los Angeles។ សព្វ​ថ្ងៃ​នេះ កញ្ញា សុវណ្ណារី ព្យាយាម​កសាង​​កំណត់ត្រា​ប្រកួត​ ឈ្នះ​៤ដង ចាញ់​ម្ដង របស់​នាង​ឲ្យ​កាន់​តែ​ល្អ​ឡើង ហើយ​និង​បង្កើន​ជំនាញ​គំនូរ​​ឲ្យ​កាន់​មាន​ភាព​ប៉ិនប្រសប់។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០១៩ លោក ចាប ចិត្រា នៃ VOA បាន​ទៅ​ដល់​ផ្ទះ​ក្នុង​ទីក្រុង Los Angeles របស់​កញ្ញា សុវណ្ណារី ដើម្បី​ជជែក​ជា​មួយ​នាង​អំពី​ដំណើរ​នៃ​ការ​បំពេញ​កាតព្វកិច្ច​យ៉ាង​ស្វិតស្វាញ ក្នុង​ការងារ​ដ៏​អស្ចារ្យ​ទាំង​ពីរ​របស់​នាង។