គ្រូពេទ្យ​ខ្មែរ​-អាមេរិកាំង​ប្រែក្លាយ​ការ​ឈឺចាប់​ជា​សកម្មភាព​មនុស្សធម៌

លោក​វេជ្ជបណ្ឌិត​ សុង តាន់ ​ប្រធាន​សមាគមសុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។

ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា — ការ​ប្រែក្លាយ​រឿងរ៉ាវ​ឈឺចាប់​និង​អន្ធកាល​ទៅជា​ពន្លឺ​ និង​សកម្មភាព​មនុស្ស​ធម៌ ​គឺជា​កិច្ចការ​ដែល​វេជ្ជបណ្ឌិត​ខ្មែរ​-អាមេរិកាំង​មួយ​ក្រុម​ ដែល​កំពុងធ្វើ​ដើម្បីសងគុណ​មាតុភូមិ​របស់​ខ្លួន​ តាមរយៈ​ការ​ព្យាបាល​ពលរដ្ឋ​ក្រីក្រ​ដោយ​មិន​គិតថ្លៃ។

នេះ​គឺជា​ពិធី​រៃអង្គាស​ថវិកា​លើកទី១០ ​ដែល​សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បានរៀប​ចំ​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វញ៉ា​ កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដើម្បី​ឧបត្ថម្ភ​បេសកកម្ម​មនុស្សធម៌​ទៅ​ប្រទេស​កម្ពុជា។

​លោក​វេជ្ជបណ្ឌិត​ សុង តាន់ ​ប្រធាន​សមាគម​ ​ប្រាប់​ដល់​អ្នកចូលរួមថា​ មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើនម៉ឺននាក់​ហើយ​ដែល​បាន​ទទួល​ការ​ព្យាបាល។។

«នៅពេល​ដែល​ពួកគេ​បាន​ដឹង​ពី​បេសកកម្ម​របស់​ពួកយើង​ ជាពិសេស​មក​ពី​សហរដ្ឋ​អាមេរិក​ ពីព្រោះ​សហរដ្ឋ​អាមេរិក​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ គឺ​ពួកគេ​ចង់​ស្វែងរក​ណាស់​នៅ​កម្ពុជា​ គឺ​ពួកគេ​បាន​មក​រក​យើង​ដោយ​អារម្មណ៍​រីករាយ​ ហើយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​ថ្នាំពេទ្យ​ ប៉ុន្តែ​ក្នុងពេល​ជួប​នោះ​ យើង​ក៏​យក​ឱកាស​នោះ​ពិនិត្យ​និង​អប់រំ​ពួកគេ​ពី​ការថែរក្សា​សុខភាព​និង​ព្យាបាល។ វត្តមាន​របស់​ពួកយើង​បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពួកគេ​ គឺ​ដូច​ពេល​ដែល​ពួកយើង​នៅ​ក្នុង​ជំរុំ​ខៅអ៊ីដាង​ ដែល​ទទួល​ក្តី​សង្ឃឹម​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដូច្នោះ​ដែរ»។

ក្រោយពី​របប​ខ្មែរក្រហមបាន​ដួល​រលំ​ក្នុង​ខែមករា ​ឆ្នាំ​១៩៧៩ ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺននាក់​បាន​ភៀសខ្លួន​ពី​មាតុភូមិ​ជា​បន្តបន្ទាប់​ទៅ​ស្នាក់នៅ​ក្នុង​ជំរំ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ​មុន​ពេលបានទៅ​រស់​នៅ​ប្រទេស​ទីបី​ ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក។ ​ទីក្រុង​ឡុងប៊ិចមាន​ជនជាតិ​ខ្មែរ​រស់​នៅច្រើន​ជាង​គេ​រហូត​ដល់​ជាង​៥ម៉ឺននាក់​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ពិធី​រៃអង្គាស​ថវិកា​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ក្នុង​អគារ​ដឹសឹនថឺ (The Centre) ​នេះ​មាន​អ្នក​ចូលរួម​ឧបត្ថម្ភជាង​ ៥០០នាក់ ​ដែល​មាន​ដូច​ជា​ពាណិជ្ជករ​ ​សកម្មជន​សហគមន៍ និង​អ្នករដ្ឋការ​ដោយ​មាន​តន្រ្តី​កំដរ​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ដានីញ៉ែល ចាន់ អ្នក​គ្រប់គ្រង​កម្មវិធី​បាន​បញ្ជាក់ថា៖ «អ្នក​មក​ជួយ​គាំទ្រ​នៅ​ទីនេះ​ គេ​មកម្តង​ហើយ​ គេ​ចិត្ត​ចង់​មក​ម្តង​ទៀត​ដូច្នេះ​ភាគច្រើន​ភ្ញៀវ​នេះ គឺ​ភ្ញៀវ​ដែល​ធ្លាប់​មក​ច្រើន​ដង​មុនៗ​ហើយ‍»។​

លោក​វេជ្ជបណ្ឌិត ​ដានីញ៉ែល ចាន់​ ដែល​មាន​ឯកទេស​ខាង​ព្យាបាល​ជំងឺទូទៅ​ក៏​បាន​ចូលរួម​បេសកកម្ម​ទៅ​កម្ពុជា​មិន​ដែល​ខកខាន​ម្តង​ណា​ឡើយ៖ «ពេល​ទៅ​មួយ​សារ​ហើយ​ត្រឡប់​មកវិញ​នៅតែ​ចង់​ជួយ​ទៀត​ ហើយ​រង់ចាំ​មួយឆ្នាំ​ទៀត​ ទោះបី​ជា​ហត់​យ៉ាងម៉េច​ក៏ដោយ​ ហើយ​ត្រូវ​រៀបចំ​យ៉ាង​ម៉េច​ក៏ដោយ ថ្លៃ​យ៉ាងម៉េច​ក៏ដោយ ​ដល់​ពេល​ទៅជួយ​ទៅ ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​រំលឹក​ឡើង​វិញ​ឃើញ​ថា ​ល្អមែនទែន​ចិត្ត​ក៏ចង់​ទៅ​ជួយ​ទៀត‍»។

ក្រុម​បេសកកម្ម​មនុស្សធម៌​មាន​អ្នកឯកទេស​ខាង​ជំងឺទូទៅ​ ជំងឺ​កុមារ សេវា​ប្រឹក្សា​សុខភាព ចិត្តសាស្រ្ត ​មាត់ធ្មេញ ​និង​ភ្នែក ​ហើយក៏មាន​ចែក​វែនតា​ និង​ផ្តល់ដៃ​សិប្បនិម្មិត​ផង​ដែរ។

ចាប់តាំងពីបេសកកម្ម​លើកទី១​ ដែល​បាន​រៀបចំឡើងនៅរាជធានី​ភ្នំពេញ​ នៅខែ​មករា ឆ្នាំ​២០១១ ​មក​ ក្រុម​បេសកកម្មបាន​បន្ត​ការ​ព្យាបាល​ទៅខេត្ត​ជាច្រើន​ទៀត​ ដូច​ជា​ខេត្តបាត់ដំបង ​ពោធិ៍សាត់ តាកែវ កោះកុង​ និង​ព្រៃវែង​ជាដើម។ អ្នកជំងឺ​ខ្លះ​មាន​ជំងឺរ៉ាំរ៉ៃ​ជាយូរ​ហើយ ​ប៉ុន្តែ​មិន​មាន​លទ្ធភាព​ព្យាបាល ហើយ​អ្នក​ខ្លះ​បាន​ទទួល​វែនតា ឬ​ដៃ​សិប្បនិម្មិតជាលើកដំបូង។ ​ក្នុង​មួយ​លើកៗ​ ការ​ព្យាបាល​មាន​រយៈពេល​មួយ​សប្តាហ៍ ហើយ​ក៏មាន​ការ​ចូលរួម​ពី​វេជ្ជបណ្ឌិត​អាមេរិកាំង​ផងដែរ។

លោក​វេជ្ជបណ្ឌិត​ នៀល ស៊ុលលីវ៉ាន់​ (Neil Sullivan) ​ឯកទេស​សុខភាព​គ្រួសារ​បាន​ជាប់​ចិត្ត​នឹង​ភាព​រួសរាយ​រាក់ទាក់​ ការ​តស៊ូ​ និង​ប្រវត្តិ​រងគ្រោះ​របស់​ពលរដ្ឋ​កម្ពុជា។

«ពលរដ្ឋ​កម្ពុជា​បានក្លាយជា​មនុស្ស​ចាញ់​ប្រៀប​គេ ក្នុង​អំឡុង​ទសវត្សរ៍ទី​៧០។ ពួកគេ​អភ័ព្វ​ ហើយត្រូវ​គេ​ធ្វើ​បាប ​ប៉ុន្តែ​នៅ​មាន​ជីវិត។ ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ទី​ជនបទ​ ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​ឃើញ​ភាព​រួស​រាយ​រាក់ទាក់ ​និង​ក្តី​រីករាយ​ បើទោះបីជា​ពួកគេ​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​គួរ​ឱ្យ​រន្ធត់​ជាច្រើន​ឆ្នាំ។ ខ្ញុំ​ឃើញ​ថា​ ពួកគេ​រួសរាយ​ ស្រួល​រាប់អាន​ និង​ធ្វើការ​ជាមួយ‍»។​

អ្នកស្រី​វេជ្ជបណ្ឌិត​ ស្រីរ៉ាំ គុយ ​ជា​អនុប្រធាន​មជ្ឈមណ្ឌល​សុខភាពនៃ​ក្រសួងអតីត​យុទ្ធជន។

សារ​ដ៏​សំខាន់​ពី​សហគមន៍​ខ្មែរ-​អាមេរិកាំង

អ្នកស្រី​វេជ្ជបណ្ឌិត​ ស្រីរ៉ាំ គុយ ​ជា​អនុប្រធាន​មជ្ឈមណ្ឌល​សុខភាពនៃ​ក្រសួងអតីត​យុទ្ធជន ​ជឿជាក់ថា​ សកម្មភាព​ស្ម័គ្រចិត្ត​នេះ​បញ្ជូន​សារ​ដ៏សំខាន់ពី​សហគមន៍​ខ្មែរ-អាមេរិកាំង៖

«សូមថ្លែង​អំណរគុណ​ដល់អ្វី​ដែល​អស់លោក​លោកស្រី​បាន​ធ្វើ​ដើម្បី​បង្ហាញ​ពិភពលោក​ថា ​សហគមន៍​របស់​យើង​អាច​ប្រែក្លាយ​ការ​ឈឺចាប់​ និង​អន្ធកាល​ទៅជា​ការ​ព្យាបាល​និង​ពន្លឺ។ សូម​អរគុណ​ដែល​បាន​បង្ហាញ​ពិភពលោក​ថា ​យើង​មិនមែន​កំណត់​ត្រឹម​រឿងរ៉ាវ​សោកសៅ​ទេ​ ប៉ុន្តែ​យើង​បាន​កំណត់​ឡើងវិញ​នូវ​ប្រវត្តិសាស្រ្ត​នៃ​ការ​ឈឺចាប់​ឱ្យ​ក្លាយជា​ការ​តស៊ូ ​ក្តី​ក្លាហាន ​សេចក្តី​សង្ឃឹម​ ការ​ផ្សះផ្សារ​ មនុស្សធម៌ ​និង​មេត្តាករុណា។​ ដោយសារ​តែ​អស់​លោក​លោកស្រី ​គឺ​មាន​ជីវិត​ពលរដ្ឋ៥ម៉ឺននាក់​បាន​ប្រសើរ​ឡើង។ សូម​អរគុណ​ដែល​បាន​បង្ហាញ​ពិភពលោក​ថា​ តើ​វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ​ប្រែក្លាយ​រឿងជោគជ័យ​ទៅ​ជា​រឿង​ដែល​មាន​សារៈសំខាន់‍»។​

​ខ្សែ​ជីវិត​អ្នកស្រី​វេជ្ជបណ្ឌិត ស្រីរ៉ាំ គុយ អតីត​ជនភៀសខ្លួន​ខ្មែរ ​បាន​ផ្លាស់ប្តូរ​ដោយសារ​គ្រូពេទ្យស្ម័គ្រចិត្ត​នៃ​អង្គការ​កាកបាទ​ក្រហម កាលពី​៤០ឆ្នាំមុន។

អ្នក​ស្រី​បាន​រៀបរាប់​ថា៖ «កាលពី​ពេល​នាង​ខ្ញុំ​នៅ​ជា​ជន​ភៀស​ខ្លួនក្នុង​ជំរុំ​ក្នុង​ទឹកដី​ថៃ​ គឺ​បាន​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ដែល​ទៅ​ជំរុំ​នោះ​ជា​អ្នកសង្គ្រោះ​ជីវិត​របស់ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​និង​ម្តាយ​ត្រូវ​របួស​ដោយ​គ្រាប់​ផ្លោង។ គាត់​ប្រហែល​ជា​មិន​នៅ​ទីនោះ​យូរ​ឆ្នាំ​ទេ​ប៉ុន្តែ​ក្នុងពេល​គាត់​នៅទី​នោះ គាត់​សង្គ្រោះ​ជីវិត​របស់ខ្ញុំ​ ហើយ​នេះ​គឺជា​ហេតុផល​ដែលខ្ញុំ​បាន​មក​ទីនេះ​ជជែក​នឹង​លោក​នៅ​ថ្ងៃនេះ ​និង​ថែរក្សា​សុខភាពអតីត​យុទ្ធជន​និង​ពលរដ្ឋ​ងាយ​រង​គ្រោះ​ដទៃ​ទៀត‍»។

សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ស្ថិតនៅ​ទីក្រុង​ឡុងប៊ិច ហើយ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០០១​ ដោយ​ក្រុម​វេជ្ជបណ្ឌិត ទន្តបណ្ឌិត និង​អ្នកជំនាញ​សុខាភិបាល ខ្មែរ-អាមេរិកាំង។

លោក​វេជ្ជបណ្ឌិត​ សុង តាន់ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «អ្នក​ដែល​ស្ម័គ្រចិត្ត​ពី​សហរដ្ឋ​អាមេរិក​ យើង​ទាំងអស់គ្នា​ដែល​ទៅហ្នុង​ គឺ​មាន​សណ្ឋាន​ចិត្ត​មាន​តែ​ជួយ គឺ​អត់​ចង់​បាន​អ្វី​មកវិញទេ​....ម្នាក់ៗ​គឺ​អត់ចង់​បានកម្រៃ ​គឺថា ​ម្នាក់ៗទៅ​បាន​កម្រៃ​ដោយសារការ​ទទួល​មគ្គផល​ បាន​ទទួល​នូវ​សេចក្តី​ចាប់​អារម្មណ៍​ថា​ត្រឡប់​មកវិញ ​គឺ​ជីវិត​យើង​បាន​ផ្លាស់ប្តូរ ​ដោយ​យើង​ទាំងអស់​គ្នា​បាន​ធ្វើ​អំពើ​ល្អ​ក្នុង​មនុស្ស​ធម៌»។

សកម្មភាព​មនុស្សធម៌​នេះ ​រួម​មាន​ការលះបង់​ពេល​វេលា​ប្រកបរបរ​ទទួលទាន​ផ្ទាល់ខ្លួន​ផង​ដែរ។​

លោក​វេជ្ជបណ្ឌិត គុំ កុសល​ ជា​ទន្តពេទ្យ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។

លោក​វេជ្ជបណ្ឌិត គុំ កុសល​ ជា​ទន្តពេទ្យ​ត្រូវបិទ​គ្លីនិកនៅតាម​បណ្តោយ​ផ្លូវ​អាណាហែម​ ដែល​សម្គាល់​ក្រុង​ខ្មែររយៈពេល​ពីរ​សប្តាហ៍​ជារៀងរាល់​ឆ្នាំ។ អតីត​ជនភៀសខ្លួន​ដែល​មាន​ដើមកំណើត​នៅ​ខេត្ត​តាកែវរូប​នេះ​ បាន​ចូលរួម​បេសកកម្ម​មិន​ដែល​ខាន​ម្តង​ណា​ទេ​ក្នុង​រយៈពេល១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយថែមទាំង​នាំ​សមាជិក​ក្រុម​គ្រួសារ​ជួយផង​ដែរ។

លោក​វេជ្ជបណ្ឌិត​ គុំ កុសល​ បាន​រំលឹក​ពី​ការ​ព្យាបាល​ដែល​ធ្វើ​ឱ្យ​លោក​ចងចាំ​ជានិច្ច៖ «មាន​កុមារី​ម្នាក់​ដែល​គ្នា​មាន​ធ្មេញ​ខូច​យ៉ាងច្រើន​ ហើយ​មើល​ទៅ​ឃើញ​តុក្កតាហើយ​ចង់​បាន​ ហើយ​ក្រុម​ពេទ្យ​ខ្ញុំ​ថា​ «អូខេ​អានាង​ឯង​បើ​ចង់​បាន​តុក្កតា​ហ្នឹង ​ត្រូវ​ឱ្យ​ពួក​ពូ​ដកធ្មេញ​ ព្យាបាល​ធ្មេញ​ឱ្យ​ហើយ ​ប៉ុន្តែ​បើប៉ិន​ទ្រាំនឹង​បាន​តុក្កតា​ល្អហ្នឹង​»។ កុមារី​ហ្នឹង៩ឆ្នាំ​ ឱ្យ​ដកធ្មេញ​សឹងតែ​ពេញ​មួយ​មាត់​ ហើយ​ធ្មេញ​ហ្នឹង​ពុករលួយ​ពេញ​មួយ​មាត់​ទាំងអស់​ដូច​គ្នា​ ហើយ​គ្នា​ខំទ្រាំ ​ចាក់​ថ្នាំ​ពេញ​មួយ​មាត់ ​ហើយ​អត់​ហ៊ាន​យំមួយ​អ៊ឹទេ​ព្រោះ​ចង់​បាន​តុក្កតា»។​

កិច្ចការ​ដ៏ធំ​នេះ​មាន​ការ​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​ពី​សហគមន៍​ផង​ដែរ។ ជា​រៀងរាល់​ពេល​មុន​ចេញ​ដំណើរ​បេសកកម្ម​សមាជិកសហគមន៍​ទាំង​ចាស់​ និង​ក្មេង​ បាន​ប្រមូល​គ្នា​ជួយ​វេចខ្ចប់​ថ្នាំពេទ្យ​ ច្រាសដុស​ធ្មេញ ​ដៃ​សិប្បនិម្មិត​ និង​បរិក្ខាពេទ្យ។

លោក ហ្វីលីព ទ្រីថុង គឺជា​អនុប្រធាន​ធនាគារ ​First Choice។ លោក​ជា​ពាណិជ្ជករ​ដ៏​ជោគជ័យ​ម្នាក់​ ដែល​បាន​បង្កើត​ក្រុមហ៊ុន​គណនេយ្យ​ត្រកូល​ Thong, Yu, Wong & Lee​ នៅ​រដ្ឋ​កាលីហ្វញ៉ា។ លោក​បាន​ស្ម័គ្រចិត្ត​ជួយ​ដល់​ក្រុម​គ្រូពេទ្យ​ ដោយ​ទទួល​បន្ទុក​រៃអង្គាស​ថវិកា។

​លោក​បាន​បញ្ជាក់​ថា៖ «សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ គឺ​មាន​ឈ្មោះ​ល្បី​ដោយសារតែ​អ្នកស្ម័គ្រចិត្ត​ធ្វើការ​បម្រើ​គេ​ចេញ​លុយ​ផ្ទាល់​ខ្លួន​ ចេញ​វិជ្ជាជីវៈ​របស់​ផ្ទាល់​ខ្លួន​ជួយ ​ចំណាយ​ពេល​ចេញ​លុយ​ទិញ​សំបុត្រ​យន្តហោះខ្លួន​ឯង។ ដូច្នេះ​ប្រជាជន​ឃើញ​ថា​ជា​សមាគម​មួយ​គេ​គោរព ​គេ​ជឿ​ ហើយ​ជាពិសេស​ទៅ​មើល​អ្នកជំងឺ​ហើយ​គ្មាន​យក​លុយ​ ដូច្នេះ​ពេល​ដែល​យើង​ទៅ​សុំ​លុយ​គេ​ គឺ​គេ​សប្បាយ​ចិត្ត​នឹង​ជួយ»។

លោក ហ្វីលីព ទ្រីថុង គឺជា​អនុប្រធាន​ធនាគារ ​First Choice ដែល​បានចូលរួម​ជា​អ្នក​ដឹកនាំកម្មវិធីរៃអង្គាសថវិកាសម្រាប់ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។

បន្ថែម​ពីនេះ​ ជារៀងរាល់​ឆ្នាំ​លោក ​ហ្វីលីព ទ្រីថុង ​គឺជា​អ្នក​កាន់​កម្មវិធី​ក្នុង​ពិធី​រៃអង្គាស​ថវិកា​ប្រចាំ​ឆ្នាំ​ផង​ដែរ។

លោក​បាន​រៀបរាប់​ថា៖ «ខ្ញុំ​ធ្លាប់​វេទនា​រត់ចេញ​ពី​អាពត​ វេទនា​ក្នុង​ជំរុំ​ ជា​អ្នក​ធ្លាប់​ទទួល​បុណ្យទាន​គេ​ធ្វើ​ឱ្យ​ ដូច្នេះ​មាន​ឱកាសនឹង​ធ្វើ​ទៅវិញ​ យើង​មក​រស់នៅ​អាមេរិក​សិក្សា​បាន​រកស៊ី​មាន​បាន​ ជា​ឱកាស​ល្អ​ ដែល​ខ្ញុំ​អាច​ជួយ​អ្នកក្រ​ទៅវិញ​ ជា​ការ​ប្រសើរ​មាន​តម្លៃ​បំផុត​ហើយ‍»។

សមាជិក​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច​ និង​តំបន់​ជិតខាង​ខ្លះ​ បាន​ជោគជ័យ​ក្នុង​ការងារ​ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​នៅតែ​មាន​បញ្ហា​ប្រឈម​ដែរ។ បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ​ពួកគេ​នៅតែ​មាន​សមានចិត្ត​គិត​ដល់​ជនរួមជាតិ​នៅ​ប្រទេស​កំណើត​ជានិច្ច។ ការណ៍​នេះ​ឆ្លុះបញ្ចាំង​តាម​រយៈ​ការ​បរិច្ចាគ​នៅ​កម្មវិធី​រៃ​អង្គាស​ ដែល​ធ្វើ​មួយ​ឆ្នាំ​២ដង។ ​

លោក អាឡាំង ឡូវឹនសល​ អ្នកតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ប្រចាំ​មណ្ឌល៤៧​ ដែល​រួមមានទីក្រុងឡុងប៊ិច​ បាន​សរសើរ​ដល់​ការងារ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត។ លោក​បាន​បញ្ជាក់​នៅ​ក្នុង​សារ​ថា៖

«ក្នុងនាមជា​តំណាងរាស្ត្រ​និង​សហប្រធាន​នៃ​ក្រុម​តំណាង​កម្ពុជា​ក្នុង​រដ្ឋ​សភា​ ខ្ញុំ​សូម​សរសើរ​ដោយ​អស់​ពីចិត្ត​ដល់​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ គឺ​លោក​វេជ្ជបណ្ឌិត តាន់​ សមាជិក​គណៈ​គ្រប់គ្រង​និង​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ចំពោះ​ការ​ប្តេជ្ញាចិត្ត​ដ៏ធំ​ ក្នុងការ​ធ្វើ​ឱ្យ​មាន​ការ​កែប្រែជីវភាព​ពលរដ្ឋ​តាមរយៈ​សេវាកម្ម​ និង​កម្មវិធី​ដែល​បាន​រៀបរាប់​ខាងលើ‍»។​

បេសកកម្ម​លើកទី​១០​បាន​ធ្វើ​ឡើង​កាលពី​ដើមខែ​មករា​ ឆ្នាំ​២០២០​នេះ​ នៅ​ខេត្ត​កំពង់ស្ពឺ​ ដោយ​មានក្រុមវេជ្ជបណ្ឌិត​និង​អ្នកជំនួយការ​សរុប​១៣១នាក់​ ហើយ​មានការ​ជួយ​ពី​ក្រុម​គ្រូពេទ្យ​និង​និស្សិតកម្ពុជា​៩០​នាក់ ​ហើយក្នុងពេលនោះ​ក៏​បាន​ប្រគល់​សម្ភារៈវះកាត់​ជូន​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត​ សុង តាន់​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំថា​ រាល់ឆ្នាំ​យើង​មកដល់​១០ឆ្នាំ​ ខ្ញុំ​ឃើញ​ការរីកចម្រើន​ល្អ​មែនទែន​ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ដែល​ខ្ញុំ​ទៅតាម​ខេត្ត​នានា​នៅ​មាន​ការ​ខ្វះខាត​ខាង​សម្ភារៈ​សម័យ។ ដូច​នៅ​សហរដ្ឋ​អាមេរិក​ដែល​យើង​ធ្វើ​ការ​គឺ​គេ​មាន​សម្ភារៈ​សម័យ​មែនទែន ហើយ​បងប្អូន​នៅ​ខាងនេះ​គឺ​ខ្វះខាត​ច្រើន​មែនទែន។ ដូច្នេះ​យើងធ្វើ​បេសកកម្ម​ទៅ​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន។ ដូច្នេះ​យើង​សង្ឃឹម​ថា​ វឌ្ឍនភាព​ទៅថ្ងៃមុខ​នឹង​មាន‍»។

រហូតមក​ដល់ពេល​នេះ​ មាន​ពលរដ្ឋ​កម្ពុជា​ជិត​៦ម៉ឺននាក់​ហើយ​ ដែល​បានទទួល​សេវា​ព្យាបាលទាំង​១០​លើកនេះ។

សម្រាប់លោក​វេជ្ជបណ្ឌិត​ សុង តាន់ សកម្មភាព​មនុស្សធម៌​នឹង​បន្ត​ដរាបណានៅ​តែ​មាន​តម្រូវការ៖ «ដរាបណា​ប្រទេស​យើង​នៅ​ត្រូវការ​បេសកកម្ម​យើង​នេះ​ ដរាប​នោះ​យើង​នឹង​ខិតខំ​ ក៏ប៉ុន្តែ​ម្នាក់ៗ​រាង​ចាស់​ដែរ​ហើយ ​ដូច្នេះ​សង្ឃឹម​ថា ​មាន​ជំនាន់​ក្រោយ​ក្មេងៗ​បន្ត​ទៅ​ទៀត‍»។

ការបន្ត​សកម្មភាព​មនុស្ស​ធម៌ទៅ​មនុស្ស​ជំនាន់​ក្រោយ

កិច្ចការ​បន្ទាប់​គឺ​ការ​បណ្តុះមនុស្សជំនាន់ថ្មី​ឱ្យ​បន្ត​ការងារ​មនុស្ស​ធម៌​នេះ។

លោក​វេជ្ជបណ្ឌិត វិសាល ង៉ា ​អនុប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក ​គឺ​ជាម្ចាស់គ្លីនិក​ព្យាបាល​ជំងឺ​ទូទៅ​នៅ​តាម​បណ្តោយ​ផ្លូវ​អាណាហែម។ លោកបាន​ចំណាយ​ពេលខ្លី​រស់នៅ​ក្នុង​ជំរំ​ ប៉ុន្តែមិន​បាន​ឆ្លងកាត់​របបខ្មែរ​ក្រហម​ទេ។ លោក​បាន​មក​ដល់សហរដ្ឋ​អាមេរិក​នៅ​អាយុ​៨ឆ្នាំ​ ហើយក៏បាន​ស្ម័គ្រចិត្តជួយ​តាំងពី​ដើម​មក។

«យើង​ជា​កូនខ្មែរ​យើង​កើត​នៅ​ស្រុក​ខ្មែរ ​ប៉ុន្តែ​ឱពុកម្តាយ​យើង​ក៏ខ្មែរ​ដែរ។ គាត់​បាន​ឆ្លងកាត់​របប​ប៉ុល ពត។ មាន​ខ្មែរ​យើង​ច្រើន​មាន​បញ្ហា​ ហើយ​អត់​អ្នកណា​គេ​ជួយ។ យើង​ចង់ជួយ​ ពីព្រោះ​យើង​ជា​ខ្មែរ​ គឺ​យើង​ត្រូវតែ​ជួយគ្នា​ទៅវិញ​ទៅមក»។​

លោក​វេជ្ជបណ្ឌិត វិសាល ង៉ា ​អនុប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។

លោក​វេជ្ជបណ្ឌិត​ វិសាល ង៉ា​ ក៏អំពាវនាវឱ្យ​វេជ្ជបណ្ឌិត​ដទៃ​ទៀត​ចូលរួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌នេះ​ផងដែរ។

«ជា​ក្មេង​ដែល​រៀនពេទ្យ​ រៀនពេទ្យ​ធ្មេញ​ បើសិនជា​យើង​អាច​ជួយគ្នា​បាន​ យើង​ត្រូវ​តែ​ជួយ ព្រោះអី​មាន​អ្នក​ជំងឺ​ច្រើនដែល​អត់​មាន​អ្នកណា​ជួយ​ ហើយ​វា​ជា​ការ​ទទួល​ខុសត្រូវ​ទៅតាម​សមត្ថភាព‍»។

​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ក៏​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ដែល​ចង់​បន្ត​អាជីព​ខាងផ្នែក​វេជ្ជសាស្រ្ត។ ​ឆ្នាំនេះមាន​និស្សិត​ចំនួន​៣នាក់​ទទួល​បានអាហារូបករណ៍។

លោក ​ខេវិន មុយ ​គឺជា​និស្សិតពេទ្យ​ម្នាក់​ដែល​ទទួល​បានអាហារូបករណ៍។

លោក​ថ្លែង​ថា៖ «រឿង​មួយ​ដែល​ខ្ញុំ​រំភើប​បំផុត​ គឺ​ការសិក្សា​វិជ្ជាពេទ្យ​និង​វិធីព្យាបាល​អ្នកជំងឺ​ឱ្យ​បាន​ល្អ ​ពីព្រោះ​ឥឡូវ​នេះខ្ញុំ​ហាក់ដូច​ជា​អត់ទាន់​មាន​ចំណេះ​អ្វី​ក្នុង​ខ្លួន​ទេ។ ប៉ុន្តែ​ក្នុង​ពេល​អនាគត​ បេសកកម្ម​លើកទី​២០​ ខ្ញុំ​នឹង​ចូលរួម​ក្នុង​នាម​ជា​វេជ្ជបណ្ឌិត​មួយ​រូប‍»។

ក្រុមគ្រូពេទ្យ​ខ្មែរ​-អាមេរិកាំង​ក៏​កំពុងតែ​ពិនិត្យ​មើល​លទ្ធភាព​ដើម្បី​បង្កើត​មន្ទីរព្យាបាល​អចិន្ត្រៃយ៍​មួយ​នៅ​ប្រទេស​កម្ពុជា ​ប៉ុន្តែ​ក្នុង​ពេលនេះ​ ការងារ​ប្រចាំ​របស់​ពួកគេ​នៅ​បន្ត​ជានិច្ច៕