អតីតជនដែលត្រូវបណ្តេញចេញជួបបញ្ហាលំបាកក្រោយពីវិលមកសហរដ្ឋអាមេរិកវិញ

លោក ធី ជា ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ​​​​​ឱបកូនស្រី​របស់​លោក ពេល​ត្រឡប់​​មក​ដល់​អាកាសយានដ្ឋាន ​Logan ក្នុង​ទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ថ្ងៃ​ទី​២៦ ខែកុម្ភៈឆ្នាំ២០២០។

លោក ធី ជា ត្រូវបានទទួលស្វាគមន៍ប្រៀបបីដូចជាវីរបុរសដែលបានឈ្នះនៅសមរភូមិ​ឬការប្រកួតប្រជែងដ៏ធំមួយ នៅពេលដែលលោកបានវិលត្រឡប់មកដល់អាកាសយានដ្ឋាន Boston Logan ក្នុងរដ្ឋម៉ាស្សាឈូសិត កាលពីចុងខែកុម្ភៈ បន្ទាប់​ពី​ត្រូវបានបណ្តេញចេញឱ្យទៅប្រទេសកម្ពុជាវិញកាលពី១៨ខែមុន។

ការពិតនោះគឺជាជ័យជម្នះមួយដែលធ្វើឱ្យកែប្រែជីវិតរបស់លោកពីការហាមឃាត់មិន​ឱ្យវិលត្រឡប់ចូលជាន់ទឹកដីសហរដ្ឋអាមេរិកអស់មួយជីវិតក្នុងនាមជាអតីតអ្នកទោស​ដែលត្រូវបណ្តេញចេញមកជាពលរដ្ឋដែលមានសិទ្ធិពេញលេញរស់នៅជួបជុំគ្រួសារ​ឡើងវិញនិងអាចឈានទៅចូលសញ្ជាតិអាមេរិកាំងដោយស្របច្បាប់នៅថ្ងៃណាមួយ។

វាគឺជាជ័យជម្នះមួយរបស់លោក ធី ជា ទល់នឹងប្រព័ន្ធច្បាប់អន្តោប្រវេសន៍ដ៏ស្មុគស្មាញ​របស់សហរដ្ឋអាមេរិកបន្ទាប់ពីការតស៊ូខាងផ្លូវច្បាប់អស់ជាច្រើនខែហើយបានធ្វើឱ្យ​លោកក្លាយជាពលរដ្ឋខ្មែរ-អាមេរិកាំងដំបូងនៅតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក​ដែលបានវិលត្រឡប់មកវិញ។

ប៉ុន្តែនៅពេលនេះលោកធី ជា កំពុងតែជួបនឹងបញ្ហាប្រឈមជាថ្មី នោះគឺការស្តារជីវភាព​គ្រួសារមួយពីបាតដៃទទេដោយសារការបាត់បង់ការងារ ផ្ទះសម្បែងនិងគ្រួសារ​រីកកាន់តែធំជាងមុនដែលបុរសវ័យ៥០ឆ្នាំរូបនេះត្រូវទទួលរ៉ាប់រង។ ទាំងនេះគឺ​ផលប៉ះពាល់នៃការបណ្តេញចេញមួយចំពោះបទល្មើសមួយដែលមេធាវីរបស់លោកថាមិន​ធ្ងន់ធ្ងររហូតដល់បណ្តេញចេញនោះទេ។

លោកធី ជា បានបញ្ជាក់ប្រាប់វីអូអេតាមទូរស័ព្ទក្រោយពីមកដល់ទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត​បានពីរសប្តាហ៍ថា៖

«កាលមុនពេលគេបញ្ជូនចេញខ្ញុំមានផ្ទះមានអី។ ខ្ញុំអត់មានអីច្រើនប៉ុន្តែខ្ញុំមានផ្ទះមានអីនៅពីរនាក់គ្រួសារ ដល់ពេលគេបញ្ជូនខ្ញុំទៅគ្រួសារក៏ធ្លាក់ខ្លួនមកនៅជាមួយកូនក្មួយនៅផ្ទះរដ្ឋឧបត្ថម្ភ ប្រជ្រៀតគេ»។

ក្រុមគ្រួសាររបស់លោកធី ជា ដែលមានប្រពន្ធនិងកូនតូចៗពីរនាក់កំពុងស្វះស្វែង​រក​ជំនួយ​ពីសហគមន៍និងថ្នាក់ដឹកនាំក្រុងដោយសារលោកនៅមិនទាន់រកការងារបាន​ធ្វើដោយរងចាំឯកសារការងារ។

អ្នកស្រី វីធូរៀ អ៊ុន ភរិយារបស់លោកធី ជាបានបញ្ជាក់ប្រាប់វីអូអេថា៖ «ខ្ញុំសុខចិត្តឱ្យគាត់មើលកូនចុះ ហើយខ្ញុំសុខចិត្តចេញធ្វើការ ពីព្រោះខ្ញុំធ្វើការក៏បានប្រាក់មិនថ្លៃប៉ុន្មាន​ដែរ។ ប៉ុន្តែចេះតែទ្រាំៗទៅឱ្យតែបានរស់»។

លោកធី ជា ត្រូវបានបញ្ជាឱ្យចាកចេញពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០០ក្រោយពីលោក​បានទទួលកំហុសពីបទវាយតប់គ្នានិងគំរាមកំហែងប្រព្រឹត្តបទឧក្រិដ្ឋ។ លោកបានជាប់ពន្ធនាគាររយៈពេលបីខែ។ ប៉ុន្តែការបង្គាប់ឱ្យបណ្តេញចេញត្រូវបានព្យួរក្នុងឆ្នាំ២០០៤ ហើយលោកត្រូវបានអនុញ្ញាតឱ្យបន្តរស់នៅសហរដ្ឋអាមេរិកប្រសិនបើគាត់មិនប្រព្រឹត្តអ្វីខុសទៀតទេហើយមកបង្ហាញខ្លួននៅចំពោះមុខមន្ត្រីអន្តោប្រវេសន៍ជាប្រចាំ។

ប៉ុន្តែការសម្រេចនេះបានផ្លាស់ប្តូរក្នុងឆ្នាំ២០១៨ នៅពេលដែលលោកបានទៅបង្ហាញមុខដល់មន្ត្រីអន្តោប្រវេសន៍ហើយត្រូវបានចាប់ឃុំខ្លួនដើម្បីបញ្ជូនចេញ។ លោកត្រូវគេឃុំឃាំងក្នុងទីក្រុងបូស្តុនរដ្ឋម៉ាស្សាឈូសិតចំនួន៦ខែមុនត្រូវបញ្ជូនទៅប្រទេសកម្ពុជាក្នុងខែសីហា។

បន្ទាប់ពីការតស៊ូតាមផ្លូវច្បាប់ដែលចាត់ទុកថាបទល្មើសរបស់លោកគឺមិនធ្ងន់ធ្ងរដល់ថ្នាក់បណ្តេញចេញទេ ហើយលោកគួរតែត្រូវបានអនុញ្ញាតឱ្យវិលចូលមកសហរដ្ឋអាមេរិក​វិញ គឺគណៈកម្មការអន្តោប្រវេសន៍ទទួលបន្ទុកបណ្តឹងឧទ្ធរណ៍បានយល់ស្របហើយផ្តល់សិទ្ធិរស់នៅអចិន្ត្រៃយ៍ដល់លោកវិញកាលពីឆ្នាំមុន។ ប៉ុន្តែលោកទើបបានវិលត្រឡប់មកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែកុម្ភៈក្រោយពីក្រុមមេធាវី​នៃអង្គការសេវាផ្លូវច្បាប់នៃទីក្រុងបូស្តុនដែលតំណាងឱ្យលោកបានប្តឹងប៉ូលិសអន្តោប្រវេសន៍​ចំពោះការយឺតយ៉ាវក្នុងការផ្តល់សិទ្ធិវិលត្រឡប់ដល់លោក។

លោកនួន វាសនាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត បានស្វាគមន៍ការវិលត្រឡប់របស់លោក ធី ជាចូលក្នុងសហគមន៍និងជួបជុំគ្រួសារជាថ្មី៖

«នេះគឺជាករណីទី១ហើយដែលគេបញ្ជូនទៅហើយគេបញ្ជូនមកវិញដោយសារតែគេដឹងថាអ្វីដែលគេបានធ្វើហ្នឹងខុសអីចឹងអាចបញ្ជូនមកវិញបានឆាប់ៗដូចនេះ។ នៅតំបន់ខាងកើតនេះមិនដែលមានទេ។ ហើយករណីដែលបញ្ចូនប្អូនៗ ក្មួយៗទៅវិញហ្នឹងពាក់ព័ន្ធនឹងករណីយើងធ្វើខុសច្បាប់មានបទឧក្រិដ្ឋគឺគេបញ្ជូនយើងទៅវិញ»។

ក្រៅពីលោកធី ជា គឺនៅមានខ្មែរ-អាមេរិកាំងបីនាក់ទៀតស្ថិតនៅតំបន់ខាងលិចដែលភាគច្រើននៅរដ្ឋកាលីហ្វញ៉ាដែលបានត្រូវបានអនុញ្ញាតឱ្យវិលចូលសហរដ្ឋអាមេរិកវិញ។ ករណីថ្មីៗនេះដែរគឺមានបុរសម្នាក់ឈ្មោះសុក លឿន បានមកដល់​រដ្ឋកាលីហ្វញ៉ាវិញនៅចុងខែមករាបន្ទាប់ពីរស់នៅប្រទេសកម្ពុជាអស់រយៈពេល​ប្រាំឆ្នាំដោយសារលោកគិតថាលោកស្ថិតក្នុងក្រុមត្រូវបញ្ជូនចេញប៉ុន្តែលោកបាន​ចូលសញ្ជាតិអាមេរិកាំងតាមរយៈអាណាព្យាបាល។

លោកនួន វាសនាបញ្ជាក់ថាលោកតែងតែរំលឹកដល់ពលរដ្ឋឱ្យយកចិត្តទុកដាក់គោរពច្បាប់ក៏ដូចជាប្រញ៉ាប់ប្រញ៉ាល់ចូលសញ្ជាតិផងដែរ៖

«អីចឹងបានជាខ្ញុំទទូចស្នើឱ្យបងប្អូនដែលមិនទាន់ចូលសញ្ជាតិនាំគ្នាចូលសញ្ជាតិ។ ខ្ញុំដឹងថាមានការលំបាកក្នុងបញ្ហាថវិកាដាក់ពាក្យចូលសញ្ជាតិហ្នឹងប៉ុន្តែវាសំខាន់ណាស់សម្រាប់ខ្លួនយើងនិងក្រុមគ្រួសាររបស់យើង។ ដូចជាចៃដន្យអីយើងធ្វើប៉ះពាល់​បទឧក្រិដ្ឋ​ដែលយើងមិនគិតស្មានថានឹងកើតឡើងយើងធ្វើទៅខុស បើយើងមិនមែនជាសញ្ជាតិគេអាចបញ្ជូនយើងទៅវិញ‍»។

សហគមន៍ខ្មែរនៅក្នុងទីក្រុងឡូវែលកំពុងតែរកវិធីដើម្បីរៃអង្គាសថវិកដើម្បី ជួយដល់លោកធី ជានិងក្រុមគ្រួសារដោះស្រាយលើផ្នែកជីវភាពនិងផ្ទះសម្បែងក្នុងពេលដែលលោកត្រូវ​សម្របខ្លួនជាថ្មីនិងចាប់ផ្តើមពីគ្មានសល់ទ្រព្យសម្បត្តិអ្វី។ នេះបើតាមការបញ្ជាក់​របស់លោកនួន វាសនា។

លោកបានបន្ថែមថា៖ «ធម្មតាការដែលសហរដ្ឋអាមេរិកបញ្ជូនគាត់ទៅហ្នឹងគឺបញ្ជូនដោយខុសក្រិតក្រមតុលាការ។ អីចឹងមួយរយៈគឺអត់មានអ្នកណាចិញ្ចឹមគ្រួសារ។ គាត់ជាអ្នកចិញ្ចឹមគ្រួសារហ្នឹងហើយ។ ដល់អត់គាត់មួយរយៈគឺគ្រួសារមានជីវភាពដុនដាបហើយ​គាត់មកវិញមិនមែនបានន័យថាគាត់រកការងារធ្វើបានភ្លាមៗហើយនឹងជួយជីវភាព​ក្រុមគ្រួសារ ម្ល៉ោះហើយពិបាក‍»។

លោកធី ជាមិនបានចូលសញ្ជាតិអាមេរិកាំងទេដែលត្រូវនឹងលក្ខណៈរបស់ប៉ូលិសអន្តោប្រវេសន៍​ដែលត្រូវបណ្តេញចេញ ជនដែលមិនទាន់បានចូលសញ្ជាតិបើទោះបីជាពួកគេមាន​បណ្ណស្នាក់នៅអចិន្រ្តៃយ៍ហើយក៏ដោយ។

លោកធី ជាបានបញ្ជាក់ប្រាប់វីអូអេថា៖ «និយាយឱ្យខ្លីទៅយើងមកដំបូងជា​ជនភៀសខ្លួន​យើងមិននឹកឃើញថាចូលសញ្ជាតិដោយសារមិនឃើញឃើញថាវាដល់ប៉ុណ្ណឹង​ហើយ​ក៏ដូចជាគ្មានអ្នកណាមកប្រាប់ជួយដាស់តឿនទេ»។

ករណីរបស់លោកធី ជា គឺជាករណីដោយកម្របើប្រៀបធៀបនឹងជនដែលត្រូវបណ្តេញចេញដទៃទៀតចំនួន៧៦៨នាក់ដែលបានទៅដល់ប្រទេសកម្ពុជាវិញក្រោយពីរដ្ឋាភិបាល​កម្ពុជាបានចុះអនុស្សារណៈយោគយល់ជាមួយនឹងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០២ យល់ព្រមទទួលយកពលរដ្ឋខ្លួនដែលបានប្រព្រឹត្តខុស។

តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០១៧ដោយសារតែការសន្យាអនុវត្តគោលនយោបាយ​អន្តោប្រវេសន៍តឹងរ៉ឹង រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំបានបង្កើន​ការតាមចាប់បញ្ជូនជនដែលមានឈ្មោះក្នុងបញ្ជីបញ្ជូនទៅវិញយ៉ាងច្រើន។ ចាប់ពី​ឆ្នាំ២០១៧ ដល់២០១៨ ការបញ្ជូនពលរដ្ឋកម្ពុជាចេញបានកើនឡើងរហូតដល់​២៧៩ភាគរយពី២៩ នាក់មកដល់១៣០នាក់។ នេះបើតាមតួលេខដែលចងក្រងដោយ​សកម្មជនការពារសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកនិងអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង។

លោក ប៊ីល ហេរ៉ូដ អ្នកនាំពាក្យអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង(KVAO) បានបញ្ជាក់​ប្រាប់វីអូអេថា៖

«ដោយផ្អែកលើករណីរបស់ធី ជា និងករណីដទៃទៀតដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងអាចឃើញថាពួកគេបានពង្រីកសំណាញ់កាន់តែទូលាយជាង​មុន។ ពួកគេបញ្ជូនករណីជាច្រើនដែលពួកគេមិនធ្លាប់បានបញ្ជូនទេ។ ឧទាហរណ៍​កាលពី២ឆ្នាំមុនមានមនុស្សចំនួន៤៣នាក់ ហើយក្នុងចំណោមនោះគឺ​២៦​នាក់​ត្រូវការជំនួយពិសេសដោយសារមានបញ្ហាផ្លូវកាយនិងផ្លូវចិត្ត។ នេះគឺជាចំនួនដ៏ច្រើន​ដែលយើងមិនធ្លាប់មានទេចាប់តាំងពីកម្មវិធីនេះបានចាប់ផ្តើមក្នុងឆ្នាំ​២០០២»។

ក្នុងការចាប់បណ្តេញចេញនោះរួមមានវិធានការមួយចំនួនដែលរងការរិះគន់ជាច្រើន​ដូចជាការពួនស្ទាក់និងបញ្ឆោតជាដើម។ អង្គការសិប្បសាលាធនធានអាស៊ីអាមេរិកាំង​បានលើកឡើងថាសហគមន៍អាមេរិកាំងអាស៊ីអាគ្នេយ៍គឺជាគោលដៅមួយ​ដែលត្រូវបណ្តេញចេញ។

លោកខេវឹន ឡាម នាយកអង្គការសិប្បសាលាធនធានអាស៊ីអាមេរិកាំងបានបញ្ជាក់នៅ​ក្នុងសេចក្តីថ្លែងការកាលពីចុងខែកុម្ភៈថា៖ «សហរដ្ឋអាមេរិកបង្កលក្ខខណ្ឌមួយដែល​ចាត់ទុកសមាជិកសហគមន៍អាស៊ីអាគ្នេយ៍ជាឧក្រិដ្ឋជនហើយបានជំរុញពលរដ្ឋរបស់​យើងឱ្យជាប់ពន្ធនាគារដើម្បីបញ្ជូនចេញ‍»។

អ្នកខ្លះមិនដែលស្គាល់ប្រទេសកម្ពុជាពីមុនមកទេដោយសារតែពួកគេបានកើតនៅជំរំ​ជនភៀសខ្លួន។ អ្នកខ្លះទៀតបានចាកចេញពីប្រទេសកម្ពុជាតាំងពីកុមារភាពហើយ​ស្ទើរតែមិនចាំបានរបៀបរស់នៅ ភាសានិងវប្បធម៌កម្ពុជាទេ។

លោកធី ជាបានមកដល់សហរដ្ឋអាមេរិកនៅខែកញ្ញាឆ្នាំ១៩៨១ នៅពេលដែលមានអាយុ​១០ឆ្នាំហើយមិនដែលទៅលេងប្រទេសកម្ពុជាទេ។ នៅពេលដែលបានជាន់ដីកម្ពុជា​ជាលើកដំបូងលោកថាលោកមានអារម្មណ៍ចម្រុះ។

«អារម្មណ៍មួយច្រើនជាងគេគឺព្រួយដោយសាររបៀបរស់នៅស្រុកអាមេរិកវាខុសស្រុកយើងឯណោះ។ ភាគច្រើនខ្ញុំនឹកឃើញគ្រួសារដែលមកចោល មានអារម្មណ៍ថាលំបាកចិត្តនឹក​ឃើញពិបាកចិត្តអន្ធះអន្ធែង»។

លោកបានទៅស្នាក់នៅអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង(KVAO) ចំនួនបីខែ។ បន្ទាប់ពីនោះលោកបាននាំអ្នកដែលត្រូវបញ្ជូនចេញចំនួន៤នាក់ទៀតទៅជួលផ្ទះមួយនៅក្នុងសង្កាត់ចាក់អង្រែក្រោម។ អ្នកទាំងនោះត្រូវបានបញ្ជូនពីរដ្ឋម៉ាស្សាឈូសិត មីនីសូតា និងរដ្ឋកាលីហ្វញ៉ា។

លោកធី ជាបញ្ជាក់ថានៅពេលនោះលោកបានខិតខំសម្របខ្លួនទៅនឹងសង្គមថ្មីនៅកម្ពុជាដោយលោកមិនដែលនឹកឃើញថាបានមកសហរដ្ឋអាមេរិកវិញទេបើទោះបីជាក្រុមគ្រួសារកំពុងតស៊ូផ្លូវច្បាប់យ៉ាងស្វិតស្វាញក៏ដោយ។ ប៉ុន្តែលោកមិនអាចរកការងារបានទេដោយសារការងារបានប្រាក់ខែតិចតួចហើយមិនត្រូវនឹងជំនាញរបស់លោក​ខាង​ផ្នែកជាងដំឡើងបន្ទប់ការិយាល័យ៖ «រកអត់បានទេ។ ការងារដូចជាមិនសូវ​មានដែរ។ ការងារមានតែខាងសន្តិសុខ»។

ក្រុម​គ្រួសារ​ផ្ញើប្រាក់ជាប្រចាំពីសហរដ្ឋអាមេរិកសម្រាប់ចាយវាយដែលផ្ទុយពីនៅទីក្រុងឡូវែល​ លោកគឺជាអ្នកប្រកបរបរចិញ្ចឹមគ្រួសារ។

អ្នកស្រីវីថូរៀ អ៊ុនបានបន្ថែមថា៖ «គាត់ទៅមួយឆ្នាំជាងខ្ញុំអត់លុយអត់អីដែរ ហើយ​ខំ​ប្រឹងធ្វើការដើម្បីកូន ហើយផ្ញើលុយឱ្យរាល់ពីរអាទិត្យ មួយខែ ឱ្យតែមានប៉ុន្មានផ្ញើ​ឱ្យ ព្រោះខ្លាចប្តីអត់ ត្រូវផ្គត់កូននៅទីនេះផង ផ្គត់ប្តីផង ហើយអស់ផ្ទះអស់សម្បែងទៀត»។

លោក ប៊ីល ហេរ៉ូដ អ្នកនាំពាក្យអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹងបានបញ្ជាក់ប្រាប់វីអូអេពីលោកធី ជាថា៖ «លោកធី ជាគឺជាមនុស្សដែលគួរឱ្យរាប់អាន ចេះសហការ​។ គាត់ខិតខំតវ៉ានឹងសំណុំរឿងរបស់គាត់គ្រប់ពេល។ គាត់មានឋាមពលជានិច្ច​ពីព្រោះគាត់ដឹងច្បាស់ថាគាត់នឹងឈ្នះក្តី។ គាត់ចូលចិត្តរាប់អានគេ និងដឹងគុណ​ចំពោះការជួយឧបត្ថម្ភរបស់យើង»។

នៅពេលនេះ សម្រាប់លោក ធី ជា បើទោះបីជាត្រូវប្រឈមមុខនឹងការលំបាកថ្មី ក៏លោកសម្តែងការសប្បាយចិត្តដោយសារបានមករស់នៅជួបជុំគ្រួសារ។ ជាពិសេសកូនប្រុសពៅដែលលោកបានជួបជាលើកដំបូងពេលដែលបានវិលត្រឡប់មកដល់សហរដ្ឋអាមេរិក​កាលពីចុងខែកុម្ភៈ។

លោក ធី ជា បានបញ្ជាក់ថា៖ «មានការរំភើបដែរបានជួបកូនពៅក្រោយហ្នឹង។ កាលមុនគេបញ្ជូនទៅកូនខ្ញុំនៅក្នុងពោះប្រហែលបីខែ ហើយខ្ញុំទៅដល់នោះបានប្រហែលមួយខែកន្លះ កូនខ្ញុំកើត»។

រហូតមកដល់ពេលនេះលោកធីមានអារម្មណ៍ស្ទើរតែមិនជឿនៅពេលដែលមេធាវីបានប្រាប់តាមទូរស័ព្ទ។ សូម្បីតែពេលសព្វថ្ងៃលោកនៅតែមិនជឿថាខ្លួនពិតជាបានមក​ដល់​សហរដ្ឋអាមេរិកវិញ។

«ខ្ញុំនិយាយសួរប្រពន្ធ សួរគ្រួសារខ្ញុំថាបងមកវិញមែនឬក៏គេនិយាយលេងសើច មិនទាន់អស់ចិត្តដែរប្រហែលជាលេងកំប្លុកកំប្លែងអីដាក់»៕