បេក្ខជន​ខ្មែរ-អាមេរិកាំង​នាំមុខ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច

អ្នកស្រី​ ស៊ូលី សារ៉ូ (Suely Saro) បេក្ខជន​ខ្មែរ​អាមេរកាំងសម្រាប់​តំណែង​ចៅសង្កាត់​លេខ៦ នៃ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា។ (រូបថតដោយ Suely Saro)

រដ្ឋ​ធានីវ៉ាស៊ីនតោន — អ្នកស្រី​ ស៊ូលី សារ៉ូ (Suely Saro) បេក្ខជន​ខ្មែរ​អាមេរិកាំងទទួល​បាន​សំឡេង​គាំទ្រ​ដ៏ច្រើន​លើស​លប់​លើ​គូប្រជែង​គឺលោក ឌី អែនឌ្រូ (Dee Andrews) ​សម្រាប់​តំណែង​ចៅ សង្កាត់​លេខ៦ នៃ​ទីក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វ័រញ៉ា​ក្នុង​ការ​បោះឆ្នោត​ កាលពី​ថ្ងៃអង្គារ​ ទី៣​ខែវិច្ឆិកា។

លោក ឌី អែនឌ្រូ បច្ចុប្បន្ន​ជា​ចៅ​សង្កាត់​លេខ​៦ និង​ជា​ចៅហ្វាយ​រង​ក្រុង បាន​កាន់​តំណែង​រយៈពេល ១៣​ឆ្នាំមក​ហើយ។ លោកព្យាយាម​បន្ត​តំណែង​មួយ​អាណត្តិ​ទៀត។

លទ្ធផល​ឆ្នោត​បឋម​បង្ហាញ​ថា អ្នកស្រី ស៊ូលី សារ៉ូ ទទួល​បានសន្លឹក​ឆ្នោតជាង ៥.៦០០​សំឡេង ដែល​ត្រូវជា​ជាង៥៩ ភាគរយ ​ទល់​នឹង​លោក ​ឌី អែនឌ្រូ​ ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​ជិត ៣.៩០០ សំឡេង ​ដែល​ត្រូវ​ជា​ជិត ៤១ ភាគរយ។ នេះ​បើ​តាម​គេហទំព័រ​របស់​ស្មៀន​ក្រុង​ឡូសអាន់ជឺឡេស (Los Angeles)។

បើ​លទ្ធផល​នេះ​នៅ​ដដែល​គឺ​អ្នកស្រី​នឹង​ក្លាយ​ជា​ខ្មែរ​ទី ១ ​ដែល​នឹង​កាន់​តំណែង​ក្រុម​ប្រឹក្សា​ក្រុង​ឡុងប៊ិច​ដែល​ជាទី​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ​បំផុត​ក្រៅពី​ប្រទេស​កម្ពុជា។

អ្នកស្រី ស៊ូលី សារ៉ូ ​ដែល​មាន​អាយុ​៣៩ ឆ្នាំ​បាន​ធ្វើ​យុទ្ធនាការ​ដោយ​ឈរ​លើ​ការ​បង្កើត​ការងារ​លំនៅដ្ឋាន​សន្តិសុខ​និង​សុខភាព​អនាម័យ​សម្រាប់​ពលរដ្ឋ​នៅក្នុង​សង្កាត់​ដែលអ្នកស្រី​ចាត់​ទុកថា​មិន​ទទួល​បាន​សេវា​ត្រឹមត្រូវ​និង​មិនមាន​តំណាង​បាន​ល្អ​ជាច្រើន​ឆ្នាំ។

អ្នកស្រី​ ស៊ូលី សារ៉ូ (Suely Saro) បេក្ខជន​ខ្មែរ​អាមេរកាំងសម្រាប់​តំណែង​ចៅសង្កាត់​លេខ៦ ចូលរួមសកម្មភាពឃោសនារកសំឡេងឆ្នោតនៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា។ (រូបថតដោយ Suely Saro)

អ្នកស្រី​ស៊ូលី ​បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​ក្រោយពី​ទទួលបាន​លទ្ធផលឆ្នោត​ថា៖

«យប់នេះ​សហគមន៍​យើង​បាន​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំថ្មី​ហើយ​ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ធ្វើការ​បម្រើ​ការ​ចង់​បាន​របស់​ពលរដ្ឋ​និង​លើកកម្ពស់​ជីវភាព​និង​ការងារ​ក្នុងសង្កាត់​លេខ​៦​ ដោយ​គ្មាន​នឿយ​ហត់។ គោល​បំណង​របស់​ខ្ញុំ​គឺដើម្បី​ដោះស្រាយ​បញ្ហា​លំបាក​ដែល​សហគមន៍​យើង​ជួប​ប្រទះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​សម្រាប់​អ្នក​រាល់​គ្នា»។​

អ្នកស្រី ស៊ូលី​ បាន​លើកឡើង​ថា​មាន​មនុស្ស​ជាច្រើន​ចង់​ឲ្យ​អ្នកស្រី​ធ្លាក់​ចេញ​ពី​ការ​បោះឆ្នោត​នេះ​ដោយសារ​តែ​គេ​គិត​ថា​ស្ត្រី​មិនមែន​ស្បែក​ស​និង​ជាម្តាយ មិន​អាច​ជម្នះ​ឧបសគ្គ​នានា​ក្នុង​ការងារ​បាន​ឡើយ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យប់នេះ​យើង​បង្ហាញ​ថា​ពួកគេ​ខុស​ហើយ។ ប៉ុន្តែអ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​គិត​វិជ្ជមាន​គឺ​នឹងឈ្នះ ការ​ផ្លាស់ប្តូរ​អាច​កើត​ឡើង​និង​អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ»។​

សង្កាត់​លេខ ៦ ​ជា​តំបន់​ដែល​មាន​អាយុកាល​មធ្យម​ទាប​និង​អត្រា​នៃ​ភាព​ក្រីក្រខ្ពស់​នៅ​ក្នុង​ក្រុង​ឡុងប៊ិច។ នេះ​បើ​តាម​ការសិក្សា​របស់​មជ្ឈមណ្ឌល​សុខភាព​ទីក្រុងឡុងប៊ិច (Long Beach Memorial Medical Center)​ ក្នុងឆ្នាំ ២០១៩។ ការណ៍​នេះ​បាន​ដឹង​បន្ថែម​តាម​រយៈ​ការឆ្លង​ជំងឺកូវីដ​១៩​ដែល​មាន​អត្រា​អ្នកឆ្លង​ជាង ១.៧០០ នាក់ ក្នុង​ចំណោម​ពលរដ្ឋ​១០ ម៉ឺននាក់។ នេះ​បើ​តាម​ទិន្នន័យ​របស់​សាលា​ក្រុងឡុងប៊ិច​ដែល​ចងក្រង ដោយ​កាសែត​ឡុងប៊ិច​ប៉ុស្តិ៍។

ទីក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រមាណ​ជាង​៥០.០០០​នាក់​ដែល​ភាគច្រើន​បានរត់​ភៀសខ្លួន​ចេញពី​ការ​គ្រប់គ្រង​នៃ​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម​និង​ក្រោយពី​របប​នេះ​បាន​ដួលរលំ​ក្នុងឆ្នាំ​១៩៧៩។ បើ​ទោះបីជា​រស់នៅ​ក្នុងទីក្រុង​នេះ​ជាច្រើន​ទសវត្សរ៍​ក៏​ពលរដ្ឋ​កម្ពុជា​មិន​ដែល​បាន​ជ្រើសរើស​តំណាង​របស់​ខ្លួន​សម្រាប់​ក្រុមប្រឹក្សា​ក្រុង​ទេ។ ពលរដ្ឋ​កម្ពុជា​ដំបូង​ដែល​បាន​ឈរឈ្មោះ​គឺ​អ្នកស្រី​ Sandy Blankenship ​ដែល​បាន​ឈរ​ឈ្មោះ​នៅឆ្នាំ​១៩៩៦​ សម្រាប់​តំណែង​សង្កាត់​លេខ ៤​ ប៉ុន្តែ​មិន​បាន​ជោគជ័យ។

លោក ឆល សុង ​ដែល​បាន​ជួយ​ដល់​យុទ្ធនាការ​ឃោសនា​របស់​អ្នកស្រី​ស៊ូលី ​បាន​បញ្ជាក់​ថា៖

​«ការពិត​ទៅ​យើង​មាន​ក្តីរំភើប​អត់ឧបមា​ព្រោះ​នេះ​ជា​លើក​ទី ១​ដែល​យើង​បាន​ជ្រើសរើស​កូនខ្មែរ​បណ្ឌិត​ស៊ូលី សារ៉ូ ដើម្បី​តំណាង​សម្រាប់​សង្កាត់​លេខ ៦»។

លោក ឆល សុង​ ជឿជាក់​ថា ​អ្នកស្រី​ស៊ូលី ​នឹង​អាច​ដោះស្រាយ​បញ្ហាប្រឈមនៅក្នុងសង្កាត់​បាន។ «អ្វី​ដែល​គាត់​បានសន្យាជាមួយប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នៅក្នុង​សង្កាត់ គឺជា​កិច្ច​សន្យា​មួយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​គាត់​ត្រូវ​ដោះស្រាយ»។​

លោក ឆល សុង ​ដែល​បាន​ជួយ​ដល់​យុទ្ធនាការ​ឃោសនា​របស់​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជន​ខ្មែរ​អាមេរកាំងសម្រាប់​តំណែង​ចៅសង្កាត់​លេខ៦ នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា។ (រូបថតដោយ Suely Saro)

អ្នកគាំទ្រអ្នកស្រី​ ស៊ូលី សារ៉ូ (Suely Saro) បេក្ខជន​ខ្មែរ​អាមេរកាំងសម្រាប់​តំណែង​ចៅសង្កាត់​លេខ៦ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា។ (រូបថតដោយ Suely Saro)

លោក ឌី អែនឌ្រូ​មិនបាន​សរសេរ​សារ​អ្វី​លើ​ទំព័រ​ហ្វេសប៊ុក​ទេ​ក្រោយពី​លទ្ធផល​ឆ្នោត។ រីឯ​ក្រុម​យុទ្ធនាការ​របស់​លោក​ក៏មិន​បាន​ឆ្លើយតប​ដែរ​នៅពេល​ដែល​វីអូអេ​ទាក់ទង។

អ្នកស្រី ស៊ូលី​ចូលរួម​ប្រកួត​ក្នុងនាម​ជា​បេក្ខជន​មិន​ចំណុះ​គណបក្ស​ណាទេ​ប៉ុន្តែ​អ្នកស្រី​ទទួល​បាន​ការគាំទ្រ​ជាច្រើន​ពី​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​នោះ​មាន​លោក​អាឡាំង ឡូវឹនសល​(Alan Lowenthal) អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិកប្រចាំ​មណ្ឌល​ទី៤៧ ​នៃ​រដ្ឋកាលីហ្វញ៉ាដែល​ក្នុងនោះ​មាន​ទីក្រុង​ឡុងប៊ិច​ផងដែរ។

ដោយឡែក​លោក ឌី អែនឌ្រូទទួលបាន​ការគាំទ្រ​ពី​លោកRobert Garcia​ ចៅហ្វាយក្រុង​ឡុងប៊ិច។ ប៉ុន្តែ​នៅពេល​នេះលោក​ចៅហ្វាយ​ក្រុង​គឺជា​អ្នក​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នកដែល​អបអរសាទរ​អ្នកស្រី​ស៊ូលី​ មុនគេ។

អ្នកស្រី​ស៊ូលី សារ៉ូ​ បាន​កើត​នៅ​ជំរំ​ជនភៀសខ្លួន​ម៉ៃរូត​តាម​បណ្តោយ​ព្រំដែនកម្ពុជា-​ថៃ​មុន​នឹង​ក្រុម​គ្រួសារ​ទទួល​បាន​សិទ្ធិ​មក​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨២។ ​អ្នកស្រី មាន​សញ្ញាបត្រ​អនុបណ្ឌិត​ខាង​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា ប្រចាំ​នៅទីក្រុង​ឡុងប៊ិច​និង​បណ្ឌិត​ផ្នែក​អប់រំ​សិក្សាធិការ​ពី​សាកល​វិទ្យាល័យ​ឡាវែន៕