អ្នក​និពន្ធ​ឈ្នះ​ពាន​រង្វាន់​ខ្មែរអាមេរិកាំង​​​យក​សាច់​រឿង​ជីវិត​ផ្ទាល់ខ្លួន​ដាក់​ក្នុង​ល្ខោន​អំពី​អំពើ​ប្រល័យ​ពូជសាសន៍

សៀវភៅ​ជីវប្រវត្តិរបស់ អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ​ដែល​មាន​ចំណង​ជើងថា «When Broken Glass Floats» ឬ «នៅ​ពេល​អំបែង​អណ្តែត» ត្រូវ​បាន​ផលិត​ឡើង​ជា​ផ្នែក​មួយ​នៃ​រឿងល្ខោន​​មាន​ចំណង​ជើង​ថា «Four Children» ឬ «កុមារបួននាក់»។ (Kansas City Actors)

ក្នុងឆ្នាំ ២០០០ អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី បាន​សរសេរ​និង​បោះពុម្ព​សៀវភៅ​ជីវប្រវត្តិ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើងថា «When Broken Glass Floats» ឬ «នៅ​ពេល​អំបែង​អណ្តែត» ដោយ​រៀបរ៉ាប់ពី​ដំណើរ​ជីវិត​នៅ​ពេល​អ្នកស្រី​មាន​អាយុ ៩ ឆ្នាំ ដែល​ធំ​ឡើង​នៅ​ក្រោម​របបកុម្មុយនិស្ត​ដ៏សាហាវ​ឃោឃៅ​បំផុត​របស់​ប្រទេស​កម្ពុជា​គឺ​របប​ខ្មែរក្រហម។

ថ្មីៗ​នេះ សាច់រឿងជីវិត​របស់​អ្នកស្រី​ត្រូវ​បាន​ផលិត​ឡើង​ជា​ផ្នែក​មួយ​នៃ​រឿងល្ខោនមាន​ចំណង​ជើង​ថា «Four Children» ឬ «កុមារបួននាក់»។

អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ថ្លែង​ថា៖ «រឿងល្ខោននេះ​គឺ​និយាយ​អំពី​កុមារ​បួននាក់​ដែល​រងគ្រោះ។ ម្នាក់​មក​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅប្រទេស​អាមេនី និងម្នាក់មកពីការសម្លាប់រង្គាល Holocaust នៅប្រទេសប៉ូឡូញ ម្នាក់មកពីសារ៉ាយេវ៉ូ និងម្នាក់ទៀតជាខ្ញុំមកពីរបបខ្មែរក្រហម»។

រឿង​ល្ខោន​រយៈពេល 65នាទីនេះ បានចាប់សម្តែង​ជាលើកដំបូង​បំផុត​នៅ​ថ្ងៃទី 7 ខែតុលា នៅ​រោង​មហោស្រព Kansas City Actors ក្នុងទីក្រុង Kansas រដ្ឋ Missouri ហើយ​បាន​ដំណើរការ​សម្តែង​រហូត​ដល់​ថ្ងៃ​ទី 24 ខែតុលា។ រឿង​ល្ខោន «Four Children» ឬ «កុមារបួននាក់» ត្រៀម​ទៅ​សម្តែងនៅ​ទីក្រុង West Palm Beach រដ្ឋ Florida នៅ​ចុង​ខែ​មីនា​ឆ្នាំ​ក្រោយ។ លោក David Edelman បាន​សរសេរ​រឿងល្ខោន​នេះ​ឡើង ដោយដកស្រង​ផ្នែកខ្លះ​ពីសៀវភៅ «When Broken Glass Floats» ឬ «នៅ​ពេល​អំបែង​អណ្តែត» របស់​អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី។

អ្នកលេងឧបការណ៍ភ្លេងសែលឡូ (Cello) នៅឆាកនៃ​រឿងល្ខោន «Four Children» ឬ «កុមារបួននាក់»នៅ​រោង​មហោស្រព Kansas City Actors ក្នុងទីក្រុង Kansas រដ្ឋ Missouri។ (Kansas City Actors)

​រឿងល្ខោន «Four Children» ឬ «កុមារបួននាក់» ដក់ស្រង់កំណត់ហេតុប្រចាំថ្ងៃរបស់ក្មេងជំទង់បួននាក់ដែលចែករំលែករឿងរ៉ាវជីវិតរបស់ពួកគេក្នុងអំឡុងការសម្លាប់រង្គាល Holocaust និងការប្រល័យពូជសាសន៍នៅក្នុងប្រទេសអាមេនី ប្រទេសកម្ពុជា និងសារ៉ាយវ៉ូ។ (Kansas City Actors)

ការ​សម្តែង​បង្ហាញ​ពី​ការ​អាន​រឿងរ៉ាវ «សោកសៅ» នៅ​ក្នុង​កំណត់ហេតុ​ផ្ទាល់ខ្លួន​នៃ​ជនរង​គ្រោះ​និងអ្នករស់រានមានជីវិត​ពីអំពើប្រល័យពូជសាសន៍​ចំនួន​បួន​នាក់គឺលោក Dawid Sierakowiak លោក Vahram Dadrian អ្នកស្រី Nadja Halilbegovich និង អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ដែល​ដើរ​តួ​សម្តែង​ដោយ​តារា​សម្តែង Kathleen Warfel។

អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី បាន​និយាយ​ក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​ជាមួយ VOA កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖

«Kathleen សំដែង​បទភ្លេង​គោរព​ទង់ជាតិ​ជាតិ​ខ្មែរ ហើយ​ឈុតនោះ​ពិត​ជា​ចាក់​ដោត​បេះដូង​ខ្ញុំណាស់​ខ្ញុំ​រំជើបរំជួលហើយ​ស្រក់​ទឹកភ្នែក។ ជា​លើក​ដំបូង​ហើយ​ចាប់​តាំង​ពី​ខ្ញុំ​សរសេរ​សៀវភៅ​មក ខ្ញុំ​ដឹង​ថា​ខ្ញុំ​នៅ​តែ​សោកសៅ​ចំពោះ​កម្ពុជា។ ប្រទេសយើង​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​តែ​មេដឹកនាំ​ដ៏​អាក្រក់​ទាំង​នោះ។ មេដឹកនាំខ្មែរ។ មេដឹកនាំអាមេរិក។ សង្គ្រាមវៀតណាម។ អ្នក​ណា​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ និង​ទទួល​ខុស​ត្រូវ​ចំពោះ​ទុក្ខ​លំបាក​របស់​យើង»។

តារា​សម្ដែង លោក Vi Tran និងអ្នកស្រី Kathleen Warfel នៅ​ក្នុង​ការ​ហាត់​សម​រឿងល្ខោន «Four Children» ឬ «កុមារបួននាក់»នៅ​រោង​មហោស្រព Kansas City Actors ក្នុងទីក្រុង Kansas រដ្ឋ Missouri នៅថ្ងៃទី 6 ខែ​តុលា ឆ្នាំ២០២១។ (Kansas City Actors)

តារា​សម្ដែង លោក Victor Raider-Wexler និងអ្នកស្រី Marisa Tejeda នៅ​ក្នុង​ការ​ហាត់​សម​រឿងល្ខោន «Four Children» ឬ «កុមារបួននាក់»នៅ​រោង​មហោស្រព Kansas City Actors ក្នុងទីក្រុង Kansas រដ្ឋ Missouri នៅថ្ងៃទី 6 ខែ​តុលា ឆ្នាំ២០២១។ (Kansas City Actors)

មាន​ដើម​កំណើត​នៅ​ខេត្តតាកែវ អ្នកនិពន្ធវ័យ ៥៦ ឆ្នាំរូបនេះ បាន​មក​ដល់​សហរដ្ឋអាមេរិក​នៅ​ពេល​អ្នកស្រី​មាន​អាយុ ១៦ ឆ្នាំ។ ឪពុកម្តាយ និង​បងប្អូនបង្កើត​របស់អ្នកស្រី​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​ប្រមាណ ១លាន៧សែន​នាក់ ដែល​បាន​ស្លាប់​ដោយ​សារ​ការអត់ឃ្លាន ការធ្វើការ​ហួស​កម្លាំង ជំងឺ និង​ការ​សម្លាប់ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នៅ​ចុងទសវត្ស​ឆ្នាំ ១៩៧០។ អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី បាននិយាយថា សៀវភៅ​ដែល​ចំណាយ​ពេល​ ៥ឆ្នាំ​ក្នុង​ការ​សរសេរ​នេះ ផ្តល់អាម្មណ៍​យុត្តិធម៌​ដល់​អ្នកស្រី​ និងជួយ​ព្យាបាល​ផ្លូវចិត្ត​អ្នកស្រី និងអ្នករងគ្រោះពី​របបខ្មែរក្រហម​ដ៏ទៃទៀត។

«សៀវភៅ​របស់​ខ្ញុំ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ថ្នាក់​រៀន​នានា​នៅតាមបណ្តា​វិទ្យាល័យ សាកល​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​នេះ និង​នៅ​បរទេស​។ វា​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​អារម្មណ៍​យុត្តិធម៌។ វា​បាន​ជួយ​ខ្ញុំ​ឱ្យ​ជា​សះ​ស្បើយ​ផ្លូវ​ចិត្ត។ កុមារ​នៅ​រស់​រាន​មាន​ជីវិត​ដូចខ្ញុំ និង​អ្នក​រស់​រាន​មាន​ជីវិត​ខ្មែរ​ផ្សេងទៀត យើង​នៅ​តែរងគ្រោះ​ពី​ជំងឺស្ត្រេស​ក្រោយ​ការ​ប៉ះ​ទង្គិច​ផ្លូវចិត្ត»។

អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី កំពុងព្យាយាម​បំលែង​សៀវភៅ «When Broken Glass Floats» ឬ «នៅ​ពេល​អំបែង​អណ្តែត» ទៅ​ជា​ខ្សែភាពយន្ត​មួយ។ អ្នកស្រី​បាន​និយាយ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរៀបរ៉ាប់​រឿងរ៉ាវ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍ ដូចជាល្ខោន «Four Children» ឬ «កុមារបួននាក់» មាន​សារៈ​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​អ្នក​ដឹក​នាំ​មាន​ការ​ទទួល​ខុសត្រូវ និង​រំលឹក​ពិភពលោក​ថា ​សោកនាដកម្ម​ដូចជា​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេសកម្ពុជា ​ប៉ូឡូញ អាមេនី និងបូស្ន៊ី អាច​កើត​ឡើង​គ្រប់​ទីកន្លែង គ្រប់​ពេល​វេលា។

អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ទទូច​ថា៖ «សម្រាប់​អ្នក​ដែល​មាន​សំណាង​មិន​ធ្លាប់​រងគ្រោះ​ដោយសង្គ្រាម ឬ​របួស​ផ្លូវ​ចិត្តណា​មួយ សូម​ចូលរួម​ជួយ​ពួក​យើង។ នេះ​គឺ​សម្រាប់​គ្រួសារ​មនុស្ស​ជាតិ។ យើង​ទាំង​អស់​គ្នា​ចង់​បាន​សុភមង្គល។ យើង​ស្រឡាញ់​គ្រួសារ​របស់​យើង។ យើង​ចង់​មាន​សុភមង្គល។ យើង​ចង់​មាន​សន្តិភាព។ ដូច្នេះ​សូម​ចូល​រួម​តស៊ូ​ជាមួយ​យើង»៕