ខ្មែរ-អាមេរិកាំង​ធ្វើ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​តាម​អនឡាញ​ ដើម្បី​ពង្រឹង​ក្តី​សង្ឃឹម​ពេល​កូវីដ១៩ ​ឆ្លង​រាល​ដាល

រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ (សុខ ខេមរា/VOA)

ពលរដ្ឋ​នៅក្នុង​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​មិនីសូតា​នឹង​រួមគ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅថ្ងៃសៅរ៍​ទី១៨ ​ខែ​មេសា ​ឆ្នាំ​ ២០២០​ តាម​ប្រព័ន្ធ​ អនឡាញ ​ដើម្បី​ធ្វើឲ្យ​មាន​សេចក្តី​សង្ឃឹមឡើងវិញ​ ក្នុង​ពេល​ដែល​ជំងឺ​កូវីដ ១៩ ​កំពុង​ឆ្លង​រីក​រាលដាល​ ហើយធ្វើ​ឲ្យមាន​ការបារម្ភ​ តប់​ប្រមល់ ​មួហ្មង​ក្នុងចិត្ត​ដោយសារ​ការងារ​ ជីវភាព​ អាយុ​ជីវិត​ និង​ខកខាន​ដល់ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំខ្មែរ​ដោយ​ផ្ទាល់​ដូច​សព្វមួយ​ដង​នៅតាម​វត្ត​អារាម​នានា​ ក្នុង​ប្រទេស​អាមេរិក​ កម្ពុជា ​និង ​ក្នុង​ពិភពលោក។

កម្មវិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​តាម​ប្រព័ន្ធ​អនឡាញ ​ត្រូវ​រៀបចំ​ដោយ​អង្គការ ​IKARE ​ក្នុង​រដ្ឋ មិនីសូតា​ ដែល​គ្រប់គ្រង​សារ:មន្ទីរ​មរតក​ជាតិ​ខ្មែរ ​(National​ Khmer​ Legacy ​Museum) ហើយនឹង​មាន​ការ​ចូលរួម​បើក​កម្មវិធី ​និង​ស្វាគមន៍​ ដោយ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​និង គ្រូគង្វាល​នៃ​ព្រះវិហារ​គ្រិស្ត​បរិស័ទ​ ចាប់ពី​ម៉ោង ​១០ ​ព្រឹក​ ដល់​ម៉ោង​១០:៣០​ នាទី​យប់ ​ម៉ោងនៅក្នុង​រដ្ឋ​មិនីសូតា ​ឬ​ត្រូវនឹង​ម៉ោង ​១០ ​យប់​ដល់​ម៉ោង​១០:៣០​នាទី​ព្រឹក​ ម៉ោង​នៅក្នុង​ប្រទេសកម្ពុជា។

លោក​ សេក កុសល​ ប្រធាន​អង្គការ ​IKARE ​ជាអ្នក​ផ្តួចផ្តើម​គំនិត​នៃការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ អនឡាញ ​ជាមួយ​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋមិនីសូតា​និង​រដ្ឋផ្សេង​ឬ​នៅក្នុង​ប្រទេស​ជាច្រើន​នោះ​ បានថ្លែង​ប្រាប់ ​VOA ​តាម​ទូរសព្ទ​ថា៖

«យើង​ទាំងអស់​គ្នា​ដឹង​ហើយ ​ឮហើយ​ថា ​វីរុស​កូរ៉ូណា​ហ្នឹង​ធ្វើ​ឲ្យ​យើង ​បងប្អូន​ខ្មែរ​យើង​ទាំង​ក្នុងនិង​ក្រៅ​ប្រទេស​ ខ្លះ​ពិបាក​ចិត្ត​ ខ្លះទៅ​ធ្វើការ​មិនបាន​ ធ្វើអី​មិនបាន​ ដូច្នេះ​អ្នកខ្លះ​ទៅព្រួយ​បារម្ភ រហូត​ទាល់តែ​ឈឺទៀត​ មិនមែន​ឈឺពី​រោគកូរ៉ូណា​ តែឈឺ​ពីការ​គិតអំពី​មេរោគ​ហ្នឹង។​ ដូច្នេះ​យើងចង់បង្កើត​កម្មវិធី​ហ្នឹង​ដើម្បី​ទី១ ​ផ្តល់ក្តី​សង្ឃឹម​ទៅគាត់ ​ហើយ​ទី២​ យើង​ចង់ទាញ​ឳកាស​នេះដើម្បី​ឲ្យបង​ប្អូន​ខ្មែរ​យើង ​មិនមែន​នៅតែ​រដ្ឋ​មួយទេ ​គឺយើង​ដឹង​ហើយ​នៅ​សហរដ្ឋ​អាមេរិក​មាន ​៥០ ​រដ្ឋ ហើយ​រដ្ឋខ្លះ​មាន​ ៣ ​ទៅ​៤ ​សហគមន៍​អីចឹង​ទៅ ​ឬក៏​១០​សហគមន៍​ អីចឹង​ឳកាស​នេះ ​គឺយើង​អាច​ទាញ​ពលរដ្ឋ​ខ្មែរ​នៅប្រទេស​ អូស្ត្រាលី​ ប្រទេស​ខ្មែរ​ អាមេរិក​ នៅ​អឺរ៉ុប​ នៅ ​នូវែលហ្សឺឡង់​ កាណាដា ​ទាំងអស់​ហ្នឹង​ដើម្បី​ឲ្យយើង​មាន​វត្តមាន​ជាមួយគ្នា​ មុនគេ ​ហើយ​លើក​ដំបូងទៀត»។

រូបឯកសារ៖ លោក សេក កុសល ប្រធាន​អង្គការ​សភាពខ្មែរ​អន្តរជាតិ ឬហៅ​កាត់​ថា IKARE មាន​វត្តមាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

ព្រះ​តេជគុណ​ឥទ្ធិមុនី ​ម៉ឹង សាង​ ព្រះ​គ្រូ​ចៅ​អធិការវត្ត​ មុនី​សុតារាម​ និង​ ជា​ប្រធាន​ពុទ្ធិក​សមាគមព្រះសង្ឃ​ខ្មែរ​ សហរដ្ឋ​អាមេរិក​ មាន​ថេរដីកា​ប្រាប់ ​VOA​ ព្រះ​តេជគុណ​នឹង​និមន្ត​ចូលរួម​កម្មវិធី​នេះ ជាមួយ​នឹង​ការ​ទទួល​ភារ​:ស្វាគមន៍​ពុទ្ធបរិស័ទ្ធបើក​កម្មវិធី​ដែល​ជាកិច្ច​សម្តែង​នូវការ​អបអរ​សាទរ​ ហើយនឹង​ប្រសិទ្ធពរ​ ឬ​សូត្រធម៌​ជន្តោ​ដើម្បី​អបអរ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំជូត​២០២០​នេះ។

«ចម្រើនពរ ​ក្នុងការ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​តាម​អនឡាញ ​ដែល​យើង​បាន​ផ្សាយ​រូបភាព​តាម​អនឡាញ​ហ្នឹង​ យើងគិត​ថា​មិនមាន​ពុទ្ធបរិស័ទ​អី​ចូលរួម​ច្រើន​មែន​ តែ​មាន​សហគមន៍​បរិស័ទ​យើង ​ទាំង​ពុទ្ធសាសនិក ​ទាំង​គ្រិស្តបរិស័ទ ​បាន​ចូលរួម ​បាន​ឃើញ​មួយ​ចំនួន​ ហើយ​ក្នុងនាមយើង​ជា​ព្រះពុទ្ធសាសនា​ យើង​សម្តែង​នូវការ​ត្រេកអរ ​អនុមោទនា​ ប្រសិទ្ធពរ​ជ័យ​ដល់​បរិស័ទ ដល់​ប្រជាពលរដ្ឋ​យើង​គ្រប់​ទិសទី​ទាំងអស់ ​ដើម្បី​ឲ្យបាន​បញ្ជាក់​ថាជា​ពិធី​មួយ​ដែល​យើង​មិនអាច​ប្រារព្ធ​បាន​ដោយមាន​បញ្ហា​វីរុសកូរ៉ូណា ​ក៏ប៉ុន្តែ​យើង​សម្តែង​នូវ​ទឹកចិត្ត ​ការស្មោះ​ស្ម័គ្រ​គោរព​ប្រពៃណី​របស់​យើង​ទាំង​អស់​គ្នា»។

ព្រះតេជគុណ ​បាន​បន្ថែម​សេចក្តី​ថា​ពលរដ្ឋ​ខ្មែរ​អាច​ព្យាយាម​បំពេញ​កុសលធម៌ ​មេត្តា ​ករុណា មុទិតា​ ឧបេក្ខា ​ហើយមិន​ធ្វើដំណើរ​ទៅ​ជួបជុំ​នៅ​ទីណា​ដើម្បី​កាត់​បន្ថយ​ការឆ្លង​រីករាលដាល​ជំងឺ​ កូវីដ១៩។

លោក ​សួស សុខឿត ​គ្រូគង្វាល​នៃ​ព្រះវិហារ​ខ្មែរ​ណាសារីន ​ហៅថា​ The Cambodian ​Church of Nazarene ​នៅក្នុង​ក្រុង ​Minneapolis ​រដ្ឋMinnesota​ បាន​ថ្លែងថា ​លោកនឹង​ចូលរួម​ក្នុងកម្មវិធី​ចូលឆ្នាំ​តាមប្រព័ន្ធ ​អនឡាញ​ដែល​រៀបចំ​ដោយ​អង្គការ ​IKARE ​ដែល​បាន​ស្នើលោក​ឲ្យជួយ​ស្វាគមន៍​ភ្ញៀវតាម​អនឡាញ​ផង​ដែរ។

«គាត់សុំ​ឲ្យខ្ញុំ​ស្វាគមន៍​ដល់​បងប្អូន​ទាំងអស់​គ្នា​ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​ហ្នឹង​គ្រប់​កន្លែង​ ឬនៅស្រុកខ្មែរ​ នៅអាមេរិក​ នៅបារាំង​ឬនៅ​កាណាដា​ឬនៅ​កន្លែង​ណា​ក្តី​ជុំវិញ​ពិភពលោក។ ​គោលដៅរបស់ខ្ញុំ​គឺ​ស្វាគមន៍​បងប្អូន​ទាំងអស់គ្នា​ ខ្ញុំអត់​មាន​ចូលរួម​ក្នុង​កម្មវិធី​ដូច​ជា​ចម្រៀង​ ដូចជា​អីទេ​ តែស្វាគមន៍ ​ហើយខ្ញុំ​នឹង​និយាយ​ខ្លីអំពី​អ្វីដែល​ខ្ញុំចង់​លើក​ទឹកចិត្ត​បងប្អូន​យើង​នៅតែ​បន្តការ​រស់នៅដោយ​ក្តីសង្ឈឹម​ ទោះបី​ជាយើង​ទាំងអស់​គ្នា​កំពុង​ជួបប្រទះ​នូវការ​លំបាក​ជាពិសេស​កូវីដ១៩ ​នេះក៏ដោយ ​តែយើង​នៅតែ​មាន​សង្ឃឹម​ក្នុងព្រះ។ ​ព្រះអាច​ធ្វើឲ្យការ​ទាំងអស់​នេះ​បាត់បង់​ទៅ និយាយ​ឲ្យចំ​ទៅខ្ញុំ​ចង់​លើក​ទឹកចិត្ត​ឲ្យ​បងប្អូន​ថែរក្សា​ខ្លួន​ឯងឲ្យ​បានល្អ​ ហើយ​ថែរក្សា​គ្នា​ទៅវិញ​ទៅមក​ជាបុគ្គល ​ជាគ្រួសារ ​ជាសង្គម​របស់​យើង​ លើកទឹក​ចិត្ត​ឲ្យ​រាប់​អានគ្នា​ ដោយ​គ្មានការប្រកាន់ ​ហើយនេះ​ជាគោល​ដៅ​សំខាន់»។

លោក ​សួស សុខឿត ​គ្រូ​គង្វាល​នៃ​ព្រះវិហារ​ខ្មែរ​ណាសារីន ​ ថត​រូប​ជាមួយ​ភរិយា​នៅមុខ​ព្រះវិហារ​លោក។​ (រូបថត​ផ្ដល់​ឲ្យ)

ទាំងវត្ត​ពុទ្ធសាសនា​និង​ព្រះវិហារ​គ្រិស្តសាសនិក​ ក្នុងរដ្ឋ​មិនីសូតា​ក៏ដូចជា​រដ្ឋឬ​ប្រទេស​ដ៏ទៃ​ទៀតបាន​បិទទ្វារ​មួយរយ: ​ហើយ​ជួបប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ តាម​ការណែនាំ​របស់​អាជ្ញាធរ​រដ្ឋ ​និង រដ្ឋាភិបាល​សហព័ន្ធ​ដែល​ហាម​ប្រាម​មិនឲ្យ​មានការ​ជួប​ប្រជុំគ្នា​ និង​រក្សា​គម្លាត​សង្គម​ឲ្យបាន​ឆ្ងាយពីគ្នា​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុសកូរ៉ូណា ​ឬ ​ជំងឺ​ កូវីដ ១៩ ​ដែល​ធ្វើឲ្យ​មនុស្ស​រាប់លាន​នាក់​ក្នុងប្រទេស​អាមេរិក​ ​បាត់បង់​ការងារ​ធ្វើ ​បាត់បង់​មុខជំនួញ​ ការព្រួយ​បារម្ភ​ពី​សុខភាពនិង​អាយុជីវិត ​ហើយនឹង​អនាគត។​

លោក​ប្រធានា​ធិបតី ដូណាល់ ត្រាំ​ បាន​បញ្ចេញ​ថវិការ​ជាង​២លាន លានដុល្លារ​សហរដ្ឋ​អាមេរិក​ ដោយមាន​ការគាំទ្រ​ពីសភា​ចម្រុះ​គណបក្ស ​ដើម្បី​ផ្តល់​ជូន​ពលរដ្ឋអាមេរិកាំង​ម្នាក់ៗ​ទទួល​បាន​១២០០​ ដុល្លារ​សម្រាប់​មនុស្ស​ពេញវ័យ​ ហើយ​ក្មេងៗ​ក្រោមអាយុ១៧ ​ឆ្នាំ​ទទួល​បាន​ម្នាក់​៥០០​ដុល្លារ ​ជាការ​ចំណាយ​តែម្តង។ ​ដោយឡែក​អ្នកមាន​សិទ្ធិរស់នៅ​ស្របច្បាប់​ ដែល​មាន ​Green Card ​ក៏បាន​ទទួល​ប្រាក់​ជំនួយ​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាលអាមេរិក​ផង​ដែរ។​ ក្រៅពី​នោះ​និង​ជួយ​ដល់​ក្រុមហ៊ុន​ជំនួញ​ជាច្រើន​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​កុំឲ្យ​ធ្លាក់ចុះ។​ កញ្ចប់ថវិកា​ជាជំនួយ​សេដ្ឋកិច្ច​បន្តបន្ទាប់​ទៀត​ស្ថិត​នៅក្នុង​ការ​ពិភាក្សា​គ្នា ​ក្នុង​ពេលដែល​វីរុសកូរ៉ូណា​កំពុង​រាលដាល​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​និង​សកល​ ហើយ​គាំង​ដំណើរ​សេដ្ឋកិច្ចស្ទើរតែ​ទាំងស្រុង​នោះ។

កម្មវិធី​ចូលឆ្នាំ​ខ្មែរតាម​អនឡាញ ​នឹងផ្តល់​ការអនុញាត​ឲ្យក្រុម​វាគ្មិន​នានា​និង​ពលរដ្ឋ​ខ្មែរ​ក្នុងប្រទេស​កម្ពុជា​ អាមេរិក​ និង​ ក្នុងពិភពលោក ​បាន​ចូលរួម​នឹងមាន​ការ​តភ្ចាប់​ជាមួយ​គេហទំព័រហ្វេប៊ុក​របស់​អង្គការ​ IKARE ​តាម​អាសយដ្ឋាន​ IKARE​ នេះ ​ដែលមាន​រូបសញ្ញា​បេះដូង​ក្រហមមួយ។ ​ បើតាម​កម្មវិធី​និងការ​ឲ្យដឹង​របស់​ក្រុមអ្នក​រៀបចំ ​បាន​បញ្ជាក់ថា ​ក្រុម​អ្នក​សិល្ប: ​តារា​ចម្រៀង​ល្បីៗ ​ក្រុម​អ្នកមាន​មុខមាត់​នៅក្នុង​សហគមន៍​ខ្មែរ​នៅអាមេរិក ​កម្ពុជា​ ប្រទេស​ជាច្រើនទៀត​ ដែល​ត្រូវ​ចូលរួម​តាម​ប្រព័ន្ធ ​អនឡាញ​ លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​ IKARE។

ក្រុម​វាគ្មិន​ទាំងឡាយ​នឹងធ្វើ​អត្ថាធិប្បាយ​ អំពីជីវិត ​ការប្រឈម​នានា ​ការតស៊ូ​ក្នុងជីវភាព​ បង្ហាញពីចំណេះ​ដឹង ​ទេពកោសល្យ ​ផ្សេងៗ ​និង ​រឿងរ៉ាវ​នានា​ដើម្បី​លើក​ទឹកចិត្ត​ពលរដ្ឋខ្មែរ ​និង​ អប់រំ អ្នក​ទស្សនាកម្ម​វិធីនេះ ​បន្ថែម​ពីលើ​ចម្រៀង ​របាំ ​និង ​ល្បែង​ប្រជាប្រិយ​ជាដើម​នោះ។

លោក ​ខាន់យ៉ា ប្រាជ្ញ ​ជា​គ្រូបង្ហាត់​ ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ ​ជាង​៣០​ឆ្នាំ ​នៅក្នុង​ទីក្រុង ​San Francisco​រដ្ឋ​កាលីហ្វ័រញ៉ា​ ដែល​មាន​សិស្ស​គុណ​ជាង​១០០០​នាក់​បាន​ថ្លែងថា ​លោក​ចង់​បង្ហាញក្បាច់​គុណ​ល្បុក្កតោ​ដែល​ជា​របស់​ខ្មែរ​ ក្នុងពេល​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​តាម​អនឡាញ ​ដើម្បី​ឲ្យខ្មែរ​នៅ​លើ​ពិភពលោក​បានដឹង​ថាខ្មែរ​យើង​មាន​ក្បាច់គុណ​របស់​ខ្លួន​ដែរ។

«ខ្ញុំ​នៅតែ​មាន​ចិត្ត​ស្រឡាញ់​ជាតិខ្មែរ ​ចង់ជួយ​ឲ្យខ្មែរ​យើង​បាន​ដឹងថា​យើងមាន​របស់​សំខាន់​មួយដែល​ផ្តល់​ទៅឲ្យ​កូនខ្មែរៗ​ជំនាន់​ក្រោយ​ឲ្យដឹង​ថា​មិនមែន​ខ្មែរយើង​នៅស្រុក​អាមេរិក​ឬក៏​នៅស្រុកឆ្ងាយៗ​ពីស្រុក​ខ្មែរហ្នឹង​ អត់មាន​ចេះអី​ច្រើននោះ​ទេ។ ​ខ្ញុំចង់​ឲ្យដឹង​ជាពិសេស​ហ្នឹង​ គឺថា​ឲ្យជុំគ្នាគឺថា​យើង​មក​ពី​ស្រុកខ្មែរ​មកគឺ​ថាយើង​ត្រូវឲ្យ​ជុំគ្នា ​(រួមសាមគ្គីគ្នា)​ ខ្មែរមិន​សូវមាន​ច្រើន​ទេ ត្រូវឲ្យ​ស្គាល់គ្នា​ ស្រឡាញ់គ្នា​ ជាពិសេស​វប្បធម៌​ (Culture) ​ខ្មែរយើង ​ហើយ​ជាពិសេស​នៅក្នុងពេលខ្មែរ​យើង ​នៅ​ឃុំខ្លួន​ឯងក្នុង​ផ្ទះ​ មិនបាន​ទៅជួប​ជុំគ្នា​ហើយ​យើង​ត្រូវប្រយ័ត្ន​ ប្រាប់​កូនខ្មែរយើងឲ្យ​ប្រយ័ត្នខ្លួន​ឲ្យមែន​ទែន​ព្រោះរោគ​នេះ​មិនមែន​ជារោគ​ធម្មតា​ដូច​ជំនាន់​ខ្មែរក្រហម​ទេ ខ្មែរក្រហម​យើងឃើញ​ យើង​ដឹងភ្លាមៗ​ថាស្លាប់​ថ្ងៃណា​ តែរោគ​នេះ​អត់បាន​ទេ ​ជាឃាតករលាក់មុខ ​(silent killer) ​យើង​ត្រូវ​ប្រយ័ត្ន»។

លោក ​ខាន់យ៉ា ប្រាជ្ញ ​ជា​គ្រូបង្ហាត់​ ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ ​ជាង​៣០​ឆ្នាំ ​នៅក្នុង​ទីក្រុង ​San Francisco​រដ្ឋ​កាលីហ្វ័រញ៉ា។ (រូបថត​ផ្ដល់​ឲ្យ)

លោក ​ខាន់យ៉ា ប្រាជ្ញ ​(Kenya Prach) ​ដែល​មាន​ស្រុក​កំណើត​នៅខេត្ត​បាត់ដំបង​បាន​អះអាងថាលោក​នឹង​សម្តែង​ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ​ក្នុង​ពេល​ចូលរួម​ចូលឆ្នាំ​ខ្មែរ​អនឡាញ។​ បច្ចុប្បន្នលោក​បង្ហាត់​សិស្ស​ជិត​២០០នាក់​ជា​ប្រចាំ​ តែពេល​នេះត្រូវ​សម្រាក​ដោយសារ​តែមាន​ការរាត ត្បាត​ជាសកល​នៃជំងឺ​កូវីដ១៩។

លោក​ ឈាន ស្រេង ង៉ីវ ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​រដ្ឋ​មិនីសូតា ​បាន​អះអាង​ថា​លោកនឹង​ចូលរួម​ក្នុង​នាម​ជាអ្នក​សម្រប​សម្រួល​មួយផ្នែក​ចំពោះ​តារា​ចម្រៀង​ល្បីៗ១​ចំនួន​ដែល​ត្រូវ​ចូលរួម​តាម​អនឡាញ​ពីប្រទេស​កម្ពុជា​និង ​ខ្មែរសូរិន។

«នៅក្នុង​អង្គការ ​IKARE ​ហ្នឹង​ ខ្ញុំទទួល​ខាង​សិល្ប: ​ជា sponsor​ តារា​ពន្លកថ្មី ​ហើយពួក​ខ្ញុំហ្នឹង​គឺមានបី​ចំណុច ​គឺ​ រក្សា ​ការពារ​ ហើយនឹង​លើក​ដម្កើង​អ្នកពន្លក​ថ្មី ​ដែល​ពួកខ្ញុំ​ចង់បាន​ឲ្យ​ខ្មែរ​យើងក្នុង​ពិភពលោក​ស្គាល់​គ្រប់គ្នា ​អីចឹង​បាន​ជា​ខ្ញុំ​ស្រាវជ្រាវ​អ្នកមាន​សមត្ថភាព​យកមក​ចូលរួមហ្នឹង»។

លោក​ ឈាន ស្រេង ង៉ីវ ​បាន​បន្តថា​តារា​ដែល​លោក​ទទួល​ទាំងអស់​មានដូចជា ​តារា​ចម្រៀង​ខ្មែរ សូរិន ​Jane Saijai ​តារា​ចម្រៀខ្មែរ​លោក​ Vy Chivoan​ លោក​San Phanith ​កញ្ញា​ Chanlai Vorleak ​ហើយនឹង​លោក​ Sal Chansy។​ លោកថា​ក្នុងពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរតាម​អនឡាញ​នេះ លោក​ទទួល​តារា​មួយ​ចំនួន​ដើម្បី​រៀបចំ​ឲ្យពួក​គាត់​ចូលរួម​តាម ​អនឡាញ ​នៅពេល​ក្រុម​របស់លោក ​នឹង​ទទួល​តារា​ល្បីល្បាញ​ជាច្រើន​ទៀត​ក្នុង​កម្មវិធី​មុនលោក។

នាង ​សេប៊ួ ស៊ុកសូវ៉ាង ​កូនកាត់​ខ្មែរ ​ថៃ​ ខេត្ត Boriram​ ហើយ​បច្ចុប្បន្ន​គឺជា​អ្នកជំនួញ​ខាងកែសម្ភស្ស ​នៅក្នុង​ទីក្រុង ​San Diego​ រដ្ឋ ​កាលីហ្វ័រញ៉ា​ បាន​ថ្លែងថា​ នាងនឹង​ចូលរួម​ក្នុង​កម្មវិធីចូលឆ្នាំ​ប្រពៃណី​ខ្មែរ​តាម​ អនឡាញ ​របស់​អង្គការ​IKARE​ ដើម្បី​លើកទឹក​ចិត្ត​ដល់​និស្សិត​ដែល​ត្រូវប្តូរទម្លាប់​ពីរៀន​នៅ​សាលា​មករៀន​នៅផ្ទះ​តាម​អនឡាញ ​និង​ លើកទឹក​ចិត្ត​ដល់​អ្នក​ដែល​បាក់ ទឹកចិត្ត​ដោយ​សារវីរុស​កូរ៉ូណា​ពីការ​ធ្វើការ​នៅ​ការិយាល័យ​មកធ្វើការ​នៅផ្ទះ​តាម​អនឡាញ។

«ខ្ញុំយល់​ថាវា​សំខាន់​មែនទែន​ព្រោះថា​មានប្អូនៗ​ច្រើននាក់​គឺធ្លាប់​ទៅរៀន​ជាមួយគ្រូ ​ដូច្នេះ​មាន ប្អូនៗ​ច្រើន​ណាស់​ដែលចាប់​ផ្តើម​រៀន​តាម ​អនឡាញ។​ អ្នកខ្លះ​បានរៀន​តាម ​អនឡាញ​ពីផ្ទះរួចហើយ ​គឺ ​ងាយ​ហើយ ​តែមាន​ប្អូនៗថ្មីៗ​ដែល​ត្រូវ​ចាប់ផ្តើម​ ត្រូវតែ​ផ្លាស់ប្តូរ​មករៀន ​និង​សិក្សានៅផ្ទះ​អីចឹងណា​ ហើយ​មួយ​ទៀតគឺ​អ្នកកំពុង​ជួបបញ្ហា​បាក់ទឹក​ចិត្ត​ដោយសារ​ស្ថានការណ៍​វីរុសកូរ៉ូណា​ ឬ ​ជំងឺកូវីដ១៩ ​ជាច្រើន​នាក់​ ដែល​ត្រូវ​ផ្លាស់ប្តូរ​មក​ធ្វើការ​តាម ​អនឡាញ​ កាន់តែ​ច្រើន​ឡើងដែលត្រូវ​សម្រប​ខ្លួន​មក​ធ្វើការងារ​សព្វថ្ងៃ​តាមអនឡាញ​អីចឹងដែរ។​ សម្រាប់​អ្នកខ្លាច​ ហើយ​មានអារម្មណ៍ ​អត់ជឿ​ជាក់​ជាមួយ​ការងារ​តាម​អនឡាញ​ មក​ផ្សព្វផ្សាយ​ និង​បង្ហោះតាម​អនឡាញ ​មកចាប់ផ្តើម​ធ្វើតាម​អនឡាញ​ គឺខ្ញុំចង់​លើក​ទឹកចិត្ត ​មាន​កម្លាំងចិត្ត ​ហើយ​អត់ខ្លាច​នឹង​ធ្វើអ្វីថ្មី»។

នាងបាន​បន្ថែមថា​ ពេលនេះ​ការសម្រប​ខ្លួន​ធ្វើការ​ ធ្វើជំនួញ ​ធ្វើទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ មិត្តភក្តិ​តាម​អនឡាញ​គឺជារឿង​សំខាន់​ ដែល​នាង​ចាត់ទុក​ថាវា​ជារឿង​សោកស្តាយ​បើគ្មាន​ការធ្វើបុណ្យ​ចូលឆ្នាំ​ខ្មែរតាម​អនឡាញ​ក្នុងពេល​វីរុសកូរ៉ូណា​ បាន​រារាំង​មិន​ឲ្យមាន​ការធ្វើ​ពិធីបុណ្យចូល​ឆ្នាំ​ខ្មែរ​ដោយ​ផ្ទាល់​នោះ។

ភ្ញៀវ​កិត្តិយស​ដែល​នឹង​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០។ (រូប​ផ្ដល់​ឲ្យ)

លោកស្រី​ កង ដាលានា ​រស់នៅ​ក្នុង​ទីក្រុង ​Minneapolis​ រដ្ឋ ​មិនីសូតា​ មាន​ស្រុក​កំណើត​នៅរាជធានី​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​លោកស្រី​នឹងចូលរួម​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​តាម​ប្រព័ន្ធ​អនឡាញ​របស់​អង្គការ​ IKARE ដែរ​ ហើយនឹង​ទទួល​បន្ទុក​ផ្នែក​ល្បែង​ប្រជាប្រិយ​ដែល​ត្រូវលេង​នៅក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​ជាប្រពៃណី​ និង​វប្បធម៌​ខ្មែរ​តាម​អនឡាញ។​ ល្បែងប្រជាប្រិយ​ទាំងនោះ​រួមមាន​ដូចជា​ ចោលឈួង ​ទាញព្រាត់ ​បោះអង្គុញ​ លាក់កន្សែង​ រាំ ​ជាដើម ដែលត្រូវ​បង្ហាញ​និង​សម្តែង​ ដែល​លោកស្រី​ចាត់​ទុកថា​ជាវា​រឿង​ដ៏​សំខាន់។

«វាមាន​អត្ថប្រយោជន៍​ក្នុងការ​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​យើង​ឲ្យ​គេស្គាល់​ ហើយនឹង​ការ​បង្ហាញឲ្យមាន​ការយល់​ដឹង​កាន់​តែ​ទូលំទូលាយ​ ហើយនឹង​ស្គាល់​ពីខ្មែរ​កាន់​តែ​ច្បាស់»។

ដោយសារ​តែ​វីរុសកូរ៉ូណា​ លោកស្រី​ បាន​បញ្ជាក់ថា​ ការលេង​ល្បែង​ប្រជាប្រិយ​តាម​អនឡាញ​ដែល​ជាការ​សម្តែង​ពីចម្ងាយ​ចេញ​ពី​ប្រទេស​កម្ពុជា​មក​នោះ​ មិនមាន​មនុស្ស​ជាក្រុម​ច្រើន​ទេ ប្រហែល​ជាមាន​គ្នាតែ​១០នាក់​ប៉ុណ្ណឹង។

វីរុស​កូរ៉ណា​ដែលផ្ទុះ​ឡើង​ដំបូង​ក្នុង​ទីក្រុង​ វូហាន​ ប្រទេស​ចិន​បានឆ្លង​រីករាលដាល​ជា​សាកល ដោយ​បានធ្វើ​ឲ្យមនុស្ស ​ជិត​២ លាន​នាក់​ធ្លាក់ខ្លួន​ឈឺ ​ស្លាប់ជាង​១ សែន​នាក់​ ដោយ​ឡែក​នៅប្រទេស​អាមរិក​ មាន​មនុស្ស​ចំនួន​ ប្រមាណ​៦សែន​នាក់ឈឺ​ និង​ ស្លាប់ ​ជាង​២ម៉ឺននាក់។

សហរដ្ឋ​អាមេរិក​ និង​ ប្រទេស​ជាច្រើន ​បានដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​និង​ប្រកាស​បិទការធ្វើដំណើរ ​ការជួប​ប្រជុំ​ដោយ​ក្រុម​មនុស្ស​ច្រើន​ បិទ​ការិយាល័យ​ធ្វើការ​ បិទ​សាលា​រៀន សណ្ឋាគារ ​ភោជនីយ៍ដ្ឋាន​ កាស៊ីណូ ​ការិយាល័យ​ជំនួញ​ដែល​មិន​ចាំបាច់ ​ព្រះវិហារ ​និង​បិទវត្តអារាម​មួយ​រយ:ពេល ​ដើម្បីទប់​ស្កាត់​ការឆ្លង​រីក​រាលដាល។

កម្មវិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​នៅ​ប្រទេស​អាមេរិក​ត្រូវផ្អាក​ឬលើក​ពេល​ដូចជា​នៅក្នុង​ប្រទេសកម្ពុជា ​និង ​ប្រទេស​ជាច្រើន​ទៀតដែរ ​ក្រៅពី​ការ​ជូនពរ​តាម​អនឡាញ ​ការប្រារព្ធ​ពិធី​បុណ្យ​តាម អនឡាញ​នោះ។

លោក​ សេក កុសល​ នៃ​អង្គការ IKARE ​ក្នុងរដ្ឋ​មិនីសូតា ​បាន​អះអាង​ថា ​ទោះជា​មាន​ជំងឺ​កូវីដ ១៩ ​រាលដាល​ក្តី​តែ​ពលរដ្ឋ​កម្ពុជា​មិន​ខកខាន​ក្នុងការ​ប្រារព្វកម្ម​វិធី​ចូលឆ្នាំ​ប្រពៃណីខ្មែរ ​ដែល​ជាទំនៀម​ទម្លាប់​ជាយូរលង់​ណាស់​មក​ហើយ​នោះ​ទេ ​ដើម្បី​កុំឲ្យ​មាន​ជាទម្លាប់​នៃការ​ខកខាន​ដូច​ក្នុងសម័យ​ខ្មែរក្រហម។

«កាលពីឆ្នាំ​១៩៧៥​ យើង​បាន​បាត់បង់​ការចូល​ឆ្នាំសំខាន់​ ហើយ​ប្រទេស​យើង​ក៏មាន​បញ្ហា ​មានសង្គ្រាម ​មាន​របប​ប្រល័យ​ពូជសាសន៍​នៅជុំវិញ​ប្រទេស​ជាតិ​យើង ​ដូច្នេះ​នៅឆ្នាំ​២០២០នេះ​យើងអត់ចង់​ឲ្យបងប្អូន​ខ្មែរយើង​បាត់បង់​ឳកាស​ចូលឆ្នាំ​ជាមួយ​គ្នាម្តង​ទៀតទេ»។

តាម​រយ:​ការចូល​ឆ្នាំ​តាម ​អនឡាញ​នេះ​ ពលរដ្ឋ​អាច​ចូលរួម​ជាមួយគ្នា ​ស្តាប់ផង​ សួរសំណួរ ​ផ្តល់ចម្លើយ ​ឈ្នះរង្វាន់​ពិសេស​ ដែលអង្គការ​ IKARE​ ភ្ជាប់ខ្មែរ​នៅ​លើពិភពលោក​ តាម​អាសយដ្ឋាន ហ្វេសប៊ុក​ IKARE​ឲ្យបាន​ចូលរួម​បុណ្យ​ចូលឆ្នាំ​ខ្មែរ ​កម្សាន្ត​សប្បាយ​ ជាមួយនឹង​ប្រពៃណី ​វប្បធម៌ ទំនៀម​ទម្លាប់ខ្មែរ៕