ក្រុមអ្នកធ្វើការទាក់ទងនឹងសិទ្ធិសេរីភាពនិងការបញ្ចេញមតិក្នុងប្រទេសកម្ពុជាបានចូលរួមជាមួយ គេហទំព័រធំៗលើពិភពលោកនៅអាមេរិកដូចជា Wikipedia Google និង Facebook ដែលចាត់ទុកថា សេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់បញ្ឈប់ការលួចថតចម្លងតាមប្រព័ន្ធអ៊ីនធឺណេតដែលក្រុមអ្នកតាក់តែងច្បាប់ស.រ.អាមួយចំនួនកំពុងរៀបចំនោះ ជាការបំបិទសេរីភាពលើប្រព័ន្ធអ៊ីនធឺណេត។
សេចក្តីព្រាងច្បាប់បញ្ឈប់ការលួចថតចម្លងតាមប្រព័ន្ធអ៊ីនធឺណិត ហៅថា Stop Online Piracy Act ហៅកាត់ថាសូប៉ា (SOPA) ត្រូវសមាជិកសភា និងសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនតាក់តែងឡើងក្នុងគោលបំណងទប់ស្កាត់ការរំលោភលើកម្មសិទ្ធិបញ្ញា ទំនិញក្លែងក្លាយ និងហាមមិនឲ្យផ្សព្វផ្សាយពាណិជ្ជកម្មជាប្រព័ន្ធ ដោយបង្កើតឲ្យមានការបង់លុយ ហាមម៉ាស៊ីនស្រាវជ្រាវឯកសារឬ Search engines ដើម្បីភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត។ សេចក្តីព្រាងច្បាប់នេះមានការដាក់ទោសព្រហ្មទណ្ឌផងដែរ។ តែម្ចាស់គេហទំព័រធំៗនៅស.រ.អានិងសកម្មជនសិទ្ធិមនុស្ស សកម្មជនផ្នែកសេរីភាពបញ្ចេញមតិនៅកម្ពុជា ចាត់ទុកសេចក្តីព្រាងច្បាប់នេះថានឹងនាំឲ្យមានការរឹតបន្តឹងសេរីភាពព័ត៌មានលើប្រព័ន្ធអ៊ីនធឺណេត។
លោក អ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថាលោកគាំទ្រយុទ្ធនាការប្រឆាំង សេចក្តីព្រាងច្បាប់សូប៉ានេះ។
«សូប៉ា (SOPA)ហ្នឹងខ្ញុំមើលទៅរបៀបដែលសរសេរមានការប៉ះពាល់ដល់ការប្រើប្រព័ន្ធអ៊ីនធឺណេត លើពិភពលោក។ ហើយសម្រាប់ប្រទេសកម្ពុជានៅពេលណាប្រព័ន្ធអ៊ីនធឺណេតលើពិភពលោកមាន បញ្ហា វាអាចមានពាក់ព័ន្ធដល់ស្រុកខ្មែរដែរ។តែរឿងនេះជារឿងត្រឹមត្រូវសម្រាប់សិទ្ធិសេរីភាព អ៊ីនធឺណេតទូទៅ»។
តាមសេចក្តីព្រាងច្បាប់សូប៉ាក្រុមហ៊ុនអ៊ីនធឺណេតឬគេហទំព័រតាមប្រព័ន្ធអ៊ីនធឺណេតជាច្រើនដូចជា Wikipedia Google Facebook និង Youtube និងគេហទំព័រផ្សេងៗទៀតអាចត្រូវបិទទ្វារនិងរងការប្តឹងផ្តល់ ដោយសារតែការដាក់ឬភ្ជាប់រូបភាពវីដេអូជាកុនឬឯកសាររបស់ក្រុមហ៊ុនផ្សេងទៀត។ រដ្ឋាភិបាល នឹងមានអំណាចខ្លាំងក្លាដើម្បីបិទក្រុមហ៊ុនណាមួយ ឬឲ្យអាជ្ញាប័ណ្ណស្រេចចិត្ត។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មានបានជំទាស់ ទៅនឹងការរិតត្បិត សេរីភាពលើប្រព័ន្ធអ៊ីនធឺណេត។ លោកយល់ថាការរំលោភបំពានច្បាប់នានាលើក្រុមហ៊ុន ឬកម្មសិទ្ធិ ឬជាបញ្ហាអ្វីផ្សេងទៀតនោះ គឺមានច្បាប់ផ្សេងៗសម្រាប់ដាក់ទោសទណ្ឌហើយ។
«អញ្ចឹងខ្ញុំគិតថាមានការព្រួយបារម្ភហើយតែយើងគិតថាយើងមានច្បាប់ដទៃទៀតដើម្បីការពារការ រំលោភទៅលើកម្មសិទ្ធិបញ្ញា។ អញ្ចឹងយើងមានច្បាប់មួយផ្សេងដោយឡែក។ អញ្ចឹងខ្ញុំគិតថាគួរតែ បើកទូលាយទៅ»។
លោកណារិទ្ធថ្លែងអះអាងបន្តថាសម្រាប់លោកៗគិតថាលោកអាចជួយបកទៅវិញគឺថាគួរធ្វើឲ្យអ្នកយក ព័ត៌មាន អ្នកដាក់ព័ត៌មានផ្សេងៗលើគេហទំព័រ វិបសាយ មានវិជ្ជាជីវៈខ្ពស់។
គេហទំព័រ Wikipedia Google និង facebook ដែលជាគេហទំព័រមានអ្នកចូលទស្សនាជាច្រើនរយ លាននាក់ក្នុងមួយខែ និង ផ្ទុកឯកសារជាច្រើនលាន ហើយប្រើប្រាស់សម្រាប់ការទាក់ទងយ៉ាងទាន់ ចិត្តតាមប្រព័ន្ធអេឡិកត្រូនិកដោយសេរីនោះ បានបិទគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធរយៈពេល ២៤ម៉ោង ដោយដាក់ផ្ទៃពណ៍ខ្មៅដើម្បីប្រឆាំងទៅនឹងសេចក្តីព្រាងច្បាប់សូប៉ា(SOPA)។គេពុំឃើញមានគេហទំព័រក្នុងប្រទេសកម្ពុជាបានចូលរួមក្នុងយុទ្ធនាការរបស់ Wikipedia និង គេហទំព័រឬវិបសាយដទៃទៀតទេ។
ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផានអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបាន អះអាងថាការធ្វើច្បាប់នេះហាក់ដូចជាបង្កើនឧបសគ្គនៃការដឹង ការយល់និងការដោះស្រាយជីវភាពរបស់ ប្រជាពលរដ្ឋក្នុងលោកទាំងវិស័យបច្ចេកវិជ្ជានិងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច។
«ខ្ញុំគាំទ្រការប្រឆាំងនេះឯងដើម្បីកុំឲ្យមានគម្លាតនៃបច្ចេកវិទ្យារវាងប្រជាជាតិអ្នកមានឬរវាងក្រុមហ៊ុន អ្នកមានដែលប្រើប្រាស់នូវបញ្ញាបារមីមនុស្សជាតិដែលមិនផ្តល់នូវអ្វីដែលជាលទ្ធភាពនិងជាសេចក្តី ត្រូវការរបស់មនុស្សជាតិ»។
លោក ផៃ ស៊ីផានអះអាងដែរថាប្រទេសអ្នកមានតែងតែធ្វើច្បាប់ដើម្បីការពារខ្លួនឯង ដែលមិនបម្រើឲ្យ មនុស្សជាតិទាំងអស់ក្នុងពិភពលោកតាមអ្វីដែលជាផែនការអភិវឌ្ឍន៍សហស្សវត្សរ៍របស់អ.ស.បនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់គេហទំព័រ Wikipedia ដែលវីអូអេទទួលបាននៅថ្ងៃនេះបានហៅសេចក្តីព្រាងច្បាប់ដែលស្នើដោយសមាជិកសភាអាមេរិកាំងខ្លះនោះថា ជាច្បាប់អាក្រក់ជាងជំងឺ ហើយធ្វើឲ្យខូចខាតដល់សេរីភាព និងភាពបើកចំហនៃប្រព័ន្ធអ៊ីនធឺណេត។ Wikipedia បានបន្ថែមថា៖
«សេចក្តីព្រាងច្បាប់សូប៉ានឹងបង្កើតគម្រោងសម្រាប់ការរិតត្បិត និងការគាបសង្កត់នៅពេល អនាគត»។
សេចក្តីព្រាងច្បាប់សូប៉ាត្រូវសមាជិកសភាមួយចំនួនផ្តួចផ្តើមឲ្យមានការគាំទ្រតាំងពីខែតុលាឆ្នាំ ២០១១។សេចក្តីព្រាងច្បាប់នេះត្រូវគេរាយការណ៍មកថាមានការគាំទ្រពីក្រុមហ៊ុនពាណិជ្ជកម្មជាច្រើន ដូចជាហូលីវូដជាដើម។ តែសេចក្តីព្រាងច្បាប់នេះត្រូវបានច្រានចោលពីក្រុមដែលស្រឡាញ់សេរីភាពបញ្ចេញមតិវិញ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ Wikipediaបានអំពាវនាវឲ្យពលរដ្ឋអាមេរិកាំងគ្រប់រដ្ឋ គ្រប់តំបន់ ទាក់ទងជាមួយនឹងសមាជិកសភា និងព្រឹទ្ធសភាប្រចាំរដ្ឋរបស់ខ្លួនកុំឲ្យគាំទ្រសេចក្តីស្នើច្បាប់សូប៉ា៕