ភ្នំពេញ៖ បន្ទាប់ពីចុះពីរឺម៉កកងបីជាមួយអ្នកភូមិបឹងកក់ប្រមាណបួនទៅប្រាំនាក់ទៀត អ្នកស្រីទេព វន្នីតំណាងអ្នកភូមិបឹងកក់ត្រូវបានសារទរពីសមាជិករបស់ខ្លួន។
ស្លៀកសារ៉ុងនិងខ្លួនរុំព័ទ្ឋដោយក្រម៉ា អ្នកស្រី ទេព វន្នី មានទឹកមុខញញឹមដល់ក្រុមអ្នកតវ៉ាមកពីតំបន់បឹងកក់ តំបន់បូរីកីឡា និងមកពីសហគមថ្មគោល។
ការបង្ហាញមុខសារជាថ្នីរបស់អ្នកស្រីទេព វន្នី ដើម្បីដឹកនាំការតវ៉ារបស់អ្នករងគ្រោះដោយសារការរំលោភដីធ្លីលើកនេះ បានកើតមានឡើងបន្ទាប់ពីអ្នកស្រីបានទទួលពានរង្វាន់ផ្នែកសិទ្ឋិសេរីភាពនិងស្រ្តីជាអ្នកដឹកនាំឆ្នើម វៃថល វ័រស៊ីស (Vital Voices) របស់លោកស្រីហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមរិក។
ពានរង្វាន់ដ៏មហាកិត្តិយសនេះត្រូវបានប្រគល់ដល់អ្នកស្រីទេព វន្នី កាលពីដើមខែមេសានៅរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកដោយមានមនុស្សចូលរួមប្រមាណជាង២.០០០នាក់ដែលក្នុងនោះក៏មានលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកចូ បាយដិន (Joe Biden) និងលោកស្រីអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន ផងដែរ។
អ្នកស្រីទេព វន្នី បានប្រាប់ក្រុមអ្នកអ្នកព័ត៌មាននៅពីមុខទីស្នាក់ការធំរបស់គណបក្សប្រជាជនកម្ពុជាថា អុ្នកស្រីនៅតែបន្តដឹកនាំទាមទារដើម្បីរកដំណោះស្រាយសម្រាប់អ្នករងគ្រោះដោយសារការរំលោភដីធ្លីនៅតំបន់បឹងកក់និងបូរីកីឡាក្រោយពីអ្នកស្រីទទួលបានពានរង្វាន់។
«ពួកខ្មុំត្រូវតែទាមទារឲ្យបានដំណោះស្រាយជាចំបង។ បញ្ហារឿងពានជាផ្នែកមួយនៃការចូលរួមយ៉ាងមានសារៈសំខាន់និងគាំទ្រនិងផ្តល់អំណាចមួយបន្ថែមទៀតសម្រាប់ពួកខ្មុំដែលស្ត្រីនៅតំបន់បឹងកក់ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះនៅកន្លែងផ្សេងៗផងដែរ»។
ក្រុមអ្នកតវ៉ាប្រមាណជិត១០០នាក់ក្នុងនោះមានកុមារតូចៗបានមកប្រមូលផ្តុំគ្នានៅពីមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅថ្ងៃចន្ទនេះដើម្បីទាមទារឲ្យរកដំណោះស្រាយរឿងជម្លោះដីធ្លីនៅតំបន់បឹងកក់ បូរីកីឡា តំបន់សហគមន៍ថ្មគោលនិងដោះលែងអ្នកស្រីយ៉ោម បុប្ជាដែលកំពុងជាប់ពន្ឋនាគារព្រៃសពីបទប្រើប្រាស់អំពើហឹង្សាដោយចេតនា។
«គណបក្សប្រជាជនត្រូវតែចេញមុខដោះស្រាយពីព្រោះមុនឆ្នាំ២០០៧ គណបក្សប្រជាជនបានធ្វើកិច្ចសន្យាជាមួយប្រជាជន ធ្វើការបម្រើប្រជាជនហេតុដូច្នេះហើយគណបក្សប្រជាជនត្រូវតែមានតួនាទីដោះស្រាយអោយប្រជាជន»។
មិនមានមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនណាម្នាក់ចេញមុខដោះស្រាយទេក៏ប៉ុន្តែបន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងទើបមានមន្ត្រីប៉ូលីសមួយរូបចេញមុខមករកដំណោះស្រាយ។
«គណបក្សប្រជាជនដោយមានការយកចិត្តទុកដាក់បានទទួលញត្តិពីបងប្អូនហើយ ក៏ប៉ុន្តែញត្តិនេះបានបញ្ជូនទៅតំណាងសភាជាតិឬមួយក៏ព្រឹទ្ឋសភានិងក្រសួងមហាផ្ទៃដើម្បីដោះស្រាយកន្លែងបក្សនេះអត់មានដោះស្រាយរឿងដីធ្លីទេ»។
ជម្លោះដីធ្លីនៅតំបន់បឹងកក់ បូរីកីឡានិងនៅសហគមន៍ថ្មគោលកណ្តាលទីក្រុងភ្នំពេញបានអូសបន្លាយជាច្រើនឆ្នាំណាស់មកហើយ តែរដ្ឋាភិបាលនៅតែធ្វើព្រងើយមិនដឹងមិនឮ។
យ៉ាងតិចមានមនុស្សប្រមាណជាងជិត២០នាក់មកពីតំបន់បូរីកីឡានិងតំបន់បឹងកក់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ឋនាគារដោយសារតែចេញមុខតវ៉ាការពារផ្ទះសម្បែងនិងដីធ្លីរបស់ពួកគេ។
អ្នកស្រីយ៉ោម បុប្ជា អាយុ៣២ឆ្នាំសកម្មជនតវ៉ារឿងដីធ្លីនៅតំបន់បឹងកក់កំពុងស្ថិតនៅក្នុងពន្ឋនាគារនៅឡើងបន្ទាប់ពីតុលាការបានរកឃើញថា អ្នស្រីបានប្រព្រឹត្តអំពើហិង្សាដែលបានបណ្តាលឲ្យមនុស្សពីរនាក់រងរបួសកាលពីឆ្នាំ២០១២។
លោកលួស សាខនដែលជាស្វាមីរបស់អ្នកស្រីយ៉ោម បុប្ជា ដែលបានចូលរួមតវ៉ានៅថ្ងៃចន្ទនេះបានថ្លែងការពារភរិយារបស់លោកថា មិនបានប្រព្រឹត្តដូចមានការចោទប្រកាន់របស់តុលាការទេ។ លោកបាននិយាយថា ភរិយារបស់លោកបានជាប់ឃុំដោយអយុត្តិធម៌ដែលគួរតែមានការដោះលែង៕