ប្រទេសកម្ពុជាបានស្ថិតនៅក្នុងលំដាប់លេខរៀងទី១៤៦ក្នុងចំណោមប្រទេសចំនួន១៧៩ខាងសេរីភាពសារព័ត៌មាន។
ភ្នំពេញ៖ អង្គការអ្នកគ្មានព្រំដែន នៅថ្ងៃពុធនេះ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចំនួន២៦ខ្ទង់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១។ នេះបើតាមលទ្ធផលដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់អង្គការអ្នកគ្មានព្រំដែន។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ បានឲ្យដឹងថា ប្រទេសកម្ពុជាបានស្ថិតនៅក្នុងលំដាប់លេខរៀងទី១៤៦ក្នុងចំណោមប្រទេសចំនួន១៧៩ខាងសេរីភាពសារព័ត៌មាន។
ក្នុងរបាយការណ៍អំពីការធ្លាក់ចុះនេះ អង្គការអ្នកគ្មានព្រំដែនបានលើកយកករណីចាប់ខ្លួនលោកម៉ម សូណង់ដូ នាយកស្ថានីយ៍វិទ្យុសម្បុកឃ្មុំដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ និងការបាញ់សម្លាប់អ្នកកាសែតមួយរូបឈ្មោះហង្ស សេរីឧត្តម អាយុ៤២ឆ្នាំ។ លោកជាអ្នកនៃសារព័ត៌មានវរៈជនខ្មែរ ដែលត្រូវគេបាញ់សម្លាប់នៅក្នុងខេត្តមណ្ឌលគីរី កាលពីចុងខែកញ្ញាឆ្នាំ២០១២។
ការបាញ់សម្លាប់នេះបានកើតមានឡើងដោយសារអ្នករូបនោះបានរាយការណ៍អំពីសកម្មភាពកាប់ព្រៃឈើ និងដឹកជញ្ជូនឈើដោយខុសច្បាប់។
លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលោកបាននិយាយថា កំពុងជាប់រវល់ប្រជុំ។
លោកឆាយ សុផល មន្ត្រីបណ្តុះបណ្តាលរបស់ក្លិបអ្នកកម្ពុជាបានច្រានចោលការចោទប្រកាន់របស់អង្គការអ្នកគ្មានព្រំដែននេះ។
លោកបាននិយាយថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរបើប្រៀបធៀបជាមួយប្រទេសជិតខាង។
«នៅក្នុងប្រទេសកម្ពុជាគឺខុសប្លែកពីប្រទេសផ្សេងមួយចំនួនទៀតនៅក្នុងតំបន់។ យើងមានកាសែតគាំទ្រគណបក្សកាន់អំណាច។ យើងមានសារព័ត៌មានគាំទ្រគណបក្សប្រឆាំង ហើយមួយទៀតយើងមានកាសែតឯករាជ្យ»។
នៅក្នុងប្រទេសកម្ពុជាមានសារព័ត៌មានដែលបានបោះពុម្ពប្រចាំថ្ងៃមានជាង១០ស្ថាប័ន។ វិទ្យុមានរាប់រយស្ថានីយ៍ ចំណែកទូរទស្សន៍មានទូរទស្សន៍ខ្សែកាប ទូរទស្សន៍រដ្ឋនិងឯកជន។
លោកម៉ម សុណង់ដូ អាយុ៧១ឆ្នាំ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីអំឡុងខែកក្កដា រួចហើយត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗ ពាក់ព័ន្ធទៅនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ការចាប់ខ្លួនលោកម៉ម សុណង់ដូបានកើតមានឡើងបន្ទាប់ពីការបង្ក្រាបដោយអំពើហិង្សាមួយពាក់ព័ន្ធនឹងការចាប់ទន្ទ្រានយកដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា។
រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់កម្លាំងរាប់រយនាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ដោយបូករួមទាំងឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង ហើយនៅក្នុងប្រតិបត្តិការនោះកុមារីម្នាក់ឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់៕