សាក្សី​បញ្ជាក់​ថា​ខៀវ សំផន​ត្រួតត្រា​លើ​ក្រសួង​រដ្ឋ​មួយ​ចំនួន

ខៀវ ​សំផន​ អាយុ​៨០​

ភ្នំពេញ៖ សាក្សី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា​ ខៀវ ​សំផន ​បាន​ត្រួតត្រា​លើ​ក្រសួង​មួយ​ចំនួន​លើកលែង​តែ​ក្រសួង​ការពារ​ជាតិ​តែ​ប៉ុណ្ណោះ។

លោក ​នង ​សុផង់ ​អតីត​ប្រធាន​ក្រុម​បកប្រែ​សារទូរលេខ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហមបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​លោក​ចៅក្រម​បារាំង ​Jean-Marc ​Lavergne។

«គណៈ​ប្រធាន​រដ្ឋ ​គាត់​ក៏មើល​ការខុសត្រូវ​លើ​ក្រសួង​នានា​ដែរ»។

ខៀវ ​សំផន​ គឺ​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជនជាប់​ចោទ​បី​នាក់​មាន​ នួន ​ជា​និង​អៀង ​សារី​ដែល​កំពុង​ស្ថិត​ក្រោម​ការកាត់ទោស​ដោយ​អង្គជំនុំ​ជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ក្នុង​សំណុំ​រឿង​ ០០២។

ខៀវ ​សំផន​ អាយុ​៨០​នៅ​ឆ្នាំ​នេះ​បាន​ក្លាយជា​គណៈ​ប្រធាន​រដ្ឋ​ឬ​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​នៅ​ឆ្នាំ ​១៩៧៦​បន្ទាប់ពី​ការលាលែង​ពី​តំណែង​នេះ​របស់​អតីត​ព្រះ​មហាក្សត្រ​សម្តេចឪ ​នរោត្តម​ សីហនុ។

យ៉ាងណា​ក៏ដោយ​សាក្សី​បញ្ជាក់​ថា ​ខៀវ ​សំផន​ មិន​មាន​អំណាច​លើ​យោធា​ទេ។ គឺ​មាន​តែ​សុន ​សេន ​ដែល​ជា​រដ្ឋមន្ដ្រី​ការពារ​ជាតិ​នៅ​សម័យ​នោះ​ដែល​ក្តាប់​អំណាច​យោធា។
«ខាង​ផ្នែក​ស៊ីវិល​គឺ​គាត់​មាន​លទ្ធភាព​អាច​ដឹង​ អាច​ចាត់ចែង​លើ​ក្រសួង​ផ្សេងៗ​ដែរ។ ក្នុង​សម័យ​ហ្នឹង​គាត់​មិន​មាន​សិទ្ធិ​គ្រប់គ្រង​កងទ័ព​ទេ»។

លោក នង សុផង់ បន្ថែម​ថា ​ខៀវ​ សំផន ​បាន​បញ្ជូន​សារ​ឲ្យ​លោក​បកប្រែ​ទៅ​ជា​ភាសា​សំងាត់។​ដោយឡែក​ប៉ុល ​ពត ​ដែល​ជា​បងធំ​ទី១​នៃ​របប​ខ្មែរក្រហម​គ្រាន់​តែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​លោក​ធ្វើការ​ជា​ប្រចាំ​តែ​ប៉ុណ្ណោះ​គឺ​មិន​បាន​ចូល​កន្លែង​លោក​ធ្វើការ​ដូច​បង​ធំ​ទី២ ​នួន ​ជា ​នោះ​ទេ។ ​នួន ​ជា​បាន​ទៅ​កាន់​កន្លែង​លោក​ម្តង​កាល​ពី​ឆ្នាំ ​១៩៧៧ ​ដោយ​យក​សារទូរលេខ​ខ្លីៗ​ទៅ​ជូន​លោក​សម្រាប់​កោះ​អញ្ជើញ​កម្មាភិបាល​ខ្មែរក្រហម​ឲ្យ​ចូល​ប្រជុំ​សភា។

របបក​ម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ក​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

លោក​ នង​ សុផង់ ​លើក​ឡើង​ថា ​លោក​មិន​បាន​ឃើញ​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ដាក់​បញ្ជាឲ្យ​មាន​ការចាប់ខ្លួន​ឬ​កាប់​សម្លាប់​ជនរងគ្រោះ​នោះ​ទេ៕