ភ្នំពេញ៖ សាក្សីបាននិយាយនៅថ្ងៃពុធនេះថារដ្ឋាភិបាលកុម្មុយនីស្តរបស់ពួកខ្មែរក្រហមគឺជារដ្ឋាភិបាល«ភូតកុហក»។
លោកហ្វ្រង់ស័រ ប៉ុងស្សូ គ្រូប្រដៅសាសនាកាតូលិកដែលបានឆ្លងកាត់និងសិក្សាពីរបបខ្មែរក្រហមបាននិយាយក្នុងសវនាការដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមថាការភូតភកុហករបស់ពួកខ្មែរក្រហមនោះមានលើផ្នែកអភិវឌ្ឍន៍និងការសម្លាប់ប្រជាពលរដ្ឋ។
«អង្គការប្រើពាក្យភូតកុហកទុកជាមធ្យោបាយត្រួតត្រាស្រុក។ តាំងពីគេជម្លៀសប្រជាជន តាំងពីគេធ្វើបាបប្រជាជន។ ឧបមាថាខ្ញុំស្តាប់វិទ្យុខ្មែរក្រហមសុទ្ធតែមហាអស្ចារ្យ មហារុងរឿង។ ផ្ទុយទៅវិញកាលណាយើងសួរជនភៀសខ្លួន(យើងដឹង)ផ្សេងពីនេះ។ ដូច្នេះយើងដឹងថាអង្គការភូតភកុហក ជាពិសេសនៅពេលគេសម្លាប់ប្រជាជន»។
លោក ហ្វ្រង់ស័រ ប៉ុងស្សូ ជាជនជាតិបារាំង បានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីខែវិច្ឆិកាឆ្នាំ១៩៦៥។ គាត់បានរស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានរយៈពេលពីរសប្តាហ៍មុននឹងពួកខ្មែរក្រហមបញ្ជូនជនបរទេសទាំងអស់ចេញពីទីក្រុងភ្នំពេញ។
ក្នុងចំណោមជនបរទេសដែលពួកខ្មែរក្រហមបញ្ជូនចេញនោះរួមទាំងជនជាតិអាមេរិក បារាំង វៀតណាម ឡាវ និងប៉ាគីស្ថានផងដែរ។
«ធម្មតាយើងថាខ្មែរក្រហមសម្លាប់រង្គាលវៀតណាម។ អត់ត្រូវទេ។ អង្គការជួយវៀតណាមឲ្យត្រឡប់ទៅស្រុកវិញដោយសន្តិវិធី។ត្រង់នេះខ្ញុំមានឯកសារនិងសាក្សីច្រើនមែនទែន។ ប៉ុន្តែនៅឆ្នាំ១៩៧៨ផ្សេង។ តែនៅឆ្នាំ១៩៧៥ គេជួយវៀតណាមឲ្យត្រឡប់ទៅមាតុភូមិវិញ»។
ពួកកងទ័ពខោអាវខ្មៅខ្មែរក្រហមបានឡើងកាន់អំណាចដោយចុងកាំភ្លើងនៅថ្ងៃទី១៧ខែមេសាឆ្នាំ ១៩៧៥។ សាក្សីជាច្រើនបានពិពណ៌នាថាខ្មែរក្រហមបានចាប់ផ្តើមសម្លាប់ប្រជាពលរដ្ឋក្រុងភ្នំពេញចាប់តាំងពីពួកគេបានកាន់កាប់អំណាចភ្លាមម្ល៉េះ។ គឺក្នុងពេលដែលពួកគេជម្លៀសដោយបង្ខំឲ្យប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញ។
ប៉ុន្តែលោកលោកហ្វ្រង់ស័រ ប៉ុងស្សូ និយាយថាលោកមិនបានឃើញទិដ្ឋភាពអស់នោះទេគឺលោកគ្រាន់តែឃើញថាអ្វីៗបានប្រែក្លាយជាទីស្ងាត់ជ្រងំ «គ្មានមនុស្សនៅគួរឲ្យខ្លាច»ចាប់តាំងពីក្រុងភ្នំពេញរហូតដល់ព្រំដែនថៃក្នុងពេលដែលលោកត្រូវពួកខ្មែរក្រហមនាំខ្លួនចេញពីស្រុកខ្មែរនៅខែឧសភាឆ្នាំ១៩៧៥នោះ។
សាក្សីដដែលអះអាងថាពួកខ្មែរក្រហមដោយសង្ស័យថាប្រជាពលរដ្ឋខ្មែរអ៊ីស្លាមងាកទៅរកគាំទ្រវៀតណាមដើម្បីប្រឆាំងខ្លួន បានចាប់ផ្តើមតាមសម្លាប់ពលរដ្ឋទាំងនេះនៅឆ្នាំ១៩៧៨។ គឺជាឆ្នាំដែលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងកងទ័ពខ្មែរក្រហមនិងកងទ័ពវៀតណាម។
«តាំងពីឆ្នាំ១៩៧៨ សភាពការណ៍ប្លែកគឺគេបៀតបៀនចាម គេស្វែងរកចាម ជាពិសេសនៅប៉ែកខាងកើតទន្លេមេគង្គពីព្រោះមានរឿងសង្គ្រាមជាមួយវៀតណាមហើយខ្មែរក្រហមសង្ស័យថាចាមគាំទ្រវៀតណាមប្រឆាំងខ្លួន»។
បច្ចុប្បន្នមានអតីតមេដឹកនាំខ្មែរក្រហមចំនួនពីរនាក់កំពុងស្ថិតក្រោមការកាត់ទោសចំពោះអំពើព្រៃផ្សៃដែលនាំឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់។
ជនជាប់ចោទទាំងពីរមានខៀវ សំផន អតីតប្រមុខរដ្ឋនិងនួន ជា អតីតបងធំទី២និងជាប្រធានសភាខ្មែរក្រហម។
ដោយឡែកអៀង សារី អតីតរដ្ឋមន្ត្រីការបរទេសទើបតែស្លាប់កាលពីថ្ងៃទី១៤ខែមិនាមុនការកាត់ទោសលើរូបគាត់បានបញ្ចប់ហើយប្រពន្ធរបស់គាត់អៀង ធីរិទ្ធ ត្រូវដោះលែងដោយមានដាក់លក្ខខណ្ឌដោយសារតែជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ៕