កម្ពុជា មិនទាន់​អបអរសាទរ​លោក បៃដិន ខណៈ​អ្នកឃ្លាំ​មើល​ថា កម្ពុជា​រង់ចាំ​មើល​ជំហាន​របស់​ចិន

ប្រធានាធិបតីជាប់ឆ្នោត​លោក Joe Biden ថ្លែង​នៅ​មហោស្រព The Queen នៅ​ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Wilmington រដ្ឋ Delaware។

ស្រប​ពេល​ដែល​មេដឹកនាំ​ពិភព​លោកមួយ​ចំនួន​បាន​ផ្ញើ​សារ​សាទរ​លោក ចូ បៃដិន (Joe Biden) ​ដែល​ត្រូវ​បាន​ព្យាការណ៍​ថា ​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃប្រទេស​កម្ពុជា​នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ​មិន​ទាន់​មាន​សេចក្តី​ថ្លែង​ការណ៍​ណាមួយ​ពាក់​ព័ន្ធ​នឹង​ជ័យ​ជម្នះ​លោក​ បៃដិន ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។

លោក​ បៃដិន ត្រូវ​បាន​ព្យាករណ៍​ថា​ នឹងក្លាយ​ជា​ប្រធានាធិបតី​ទី​៤៦​ របស់​សហរដ្ឋ​អាមេរិក ដោយ​ឈ្នះ​ការ​បោះ​ឆ្នោត​លើ​ប្រធានាធិបតី​បច្ចុប្បន្ន ​លោក ​ដូណាល់​ ត្រាំ​ (Donald Trump) ដែល​លោក​ត្រូវ​បាន​រិះគន់​ថា ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ការ​ងើប​ឡើង​មេដឹកនាំ​ផ្តាច់​ការ​ក្នុង​ពិភព​លោក។

កាល​ពី​ថ្ងៃ​អាទិត្យ ព្រះ​អង្គ​ម្ចាស់​ Salman bin Abdulaziz ព្រះ​មហាក្សត្រ​នៃ​ប្រទេសអារ៉ាប៊ី​សាអូឌីត បាន​ចូល​រួម​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត អបអរសាទរ​លោក បៃដិន។ ដំណាល​គ្នា​នោះ​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក Benjamin Netanyahu ក៏​បាន​អបអរ​សាទរ​លោក បៃដិន​ ដូច​គ្នា។

មេដឹក​នាំ​របស់​ប្រទេស​ចិន និង​រុស្សី​ នៅ​មិន​ទាន់​បង្ហាញ​ជំហរ​បែប​ណាទៅ​នឹង​លទ្ធផល​ព្យាករណ៍​ដែល​ថា​ លោក​ ចូ បៃដិន​ អាច​នឹង​ចូល​ទៅ​ដឹកនាំ​សេត​វិមាន​ ជំនួសលោក​ប្រធានា​ធិបតី ​ត្រាំ ​នោះ​ទេ។

បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក Wang Wenbin បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ថា៖ «យើង​កត់​សម្គាល់​ថា​ លោក បៃដិន បាន​ប្រកាស​ពី​ជ័យជម្នះ​របស់​លោក។ យើង​យល់​ថា ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ​នឹង​ត្រូវ​បាន​កំណត់​ដោយ​នីតិវិធី​ និង​ច្បាប់​របស់​សហ​រដ្ឋ​អាមេរិក»។

រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​សេតវិមាន កាលពី​ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

វិមាន​ក្រឹមឡាំង​នៃ​ប្រទេស​រុស្ស៊ី​ បាន​គូស​បញ្ជាក់​ថា​ ប្រធានាធិបតី​កំពុង​កាន់​តំណែង ​លោក​ ដូណាល់ ត្រាំ​ កំពុង​តស៊ូ​ផ្លូវ​ច្បាប់​ជុំវិញ​រឿង​បោះឆ្នោត​នេះ​នៅ​ឡើយ។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​ ក្រុម​មេដឹក​នាំ​គណបក្ស​កាន់​អំណាច​ រួម​មាន​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ​បាន​បន្ត​រក្សា​ភាព​ស្ងប់​ស្ងាត់។ លោក ​និង​មន្ត្រី​របស់​លោក​មួយ​ចំនួន​ទៀត​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​ចត្តាឡីស័ក​ ក្រោយ​ការ​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​ហុងគ្រី ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ កាលពី​សប្តាហ៍មុន​ ហើយ​ត្រូវបាន​រក​ឃើញ​មាន​ផ្ទុក​វីរុសជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ថៃ​ ក្រោយ​ពី​ចាកចេញ​ពី​កម្ពុជា។

លោក ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ​នៅ​ប្រទេស​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក ​ហ៊ុន សែន​ ទំនង​ជា​កំពុង​រង់​ចាំ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​ ពាក់​ព័ន្ធ​នឹង​ភាព​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក ខណៈ​លោក​ ដូណាល់ ត្រាំ បាន​ប្រកាស​ដោយ​គ្មាន​ភស្តុតាងថា ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

«ទីមួយ​យើង​អាច​រង់​ចាំ​ភាព​ច្បាស់​លាស់។ ទី​ពីរ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​ កន្លង​មក​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រីប្រកាស​គាំទ្រ​ត្រាំមួយ​ដែរ​ តែ​ពេល​ធ្វើការ​ផ្លាស់​ប្តូរ​ភ្លាមៗ​ ក៏​មាន​ការ​ប្រែ​ប្រួល​ដែរ។ ខ្ញុំ​គិត​ថា​ អា​នេះ​ក៏​ជា​ជំហរ​នយោបាយ​មួយ​ គឺ​កុំ​ឲ្យ​មាន​ គេ​ហៅ​ថា​ ភាព​មិន​ច្បាស់​លាស់​កើត​ឡើង»។

ដោយ​ឡែក​ លោក​បណ្ឌិ​ត អ៊ា សុផល​ ដែល​ជា​សាស្ត្រា​ចារ្យ​នៃ​មហា​វិទ្យាល័យ ​Occidental College ​ក្នុង​ទីក្រុង ​Los Angeles​ រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក ​មាន​ប្រសាសន៍​ថា​ កម្ពុជា​កំពុង​រង់ចាំ​មើល​ជំហរ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

លោក​ អ៊ា សុផល ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «ការ​ពឹង​ផ្អែក​ជំនួយ​ក្នុង​ប្រទេស​កម្ពុជា៖ ​តើ​ជំនួយ​បរទេស​បំផ្លាញ​ប្រជា​ធិប​តេយ្យ​យ៉ាង​ណា?» បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែលនា​ថ្ងៃ​អង្គារ​នេះ​ថា៖ «​ច្បាស់​ណាស់​ គាត់​កំពុង​ស្តាប់ពី​ប្រទេស​ចិន។ ប្រសិន​បើ​ទីក្រុង​ប៉េកាំង​ មិន​និយាយ​អ្វី​សោះ​នោះ គាត់​ក៏​នឹង​មិន​មានអ្វី​ថ្លែង​នោះ​ដែរ។ បើ​ធ្វើ​ដូច្នេះ​ កម្ពុជា​មិន​មាន​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​នោះ​ទេ។ តើ​វា​មាន​ន័យ​ដូច​ម្តេច​ទៅ​សម្រាប់​ប្រទេស ​ដែល​គ្មាន​គោល​នយោ​បាយ​ការ​បរទេស​ខ្លួន​ឯង​នោះ? ពិត​ណាស់​ គឺ​ជា​អ្នក​ស្ថិត​ក្រោម​អាណា​និគម»។

សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​រូបនេះ​ កត់​សម្គាល់​ថា​ មេដឹក​នាំ​ក្រុម​ផ្តាច់​ការ​នានា​នៅ​ជុំវិញ​សាកល​លោក​ កំពុង​មាន​ការ​បារម្ភ​អំពី​អ្វីដែលនឹង​អាច​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ ខណៈ​ពួក​គេ​បាន​រក្សា​ការ​ស្ងៀម​ស្ងាត់​ទៅ​នឹង​ជ័យ​ជម្នះ​របស់​លោក​ បៃដិន។

លោក​បាន​អធិប្បាយ​តាម​ន័យ​ដើម​ថា៖ «ភាព​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ថា​អាមេរិក​ជា​ពន្លឺ​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នោះ ត្រូវ​បាន​ស្តា​មក​វិញ​ហើយ។ ពួក​មេដឹក​នាំ​ផ្តាច់​ការ​មិន​ចូល​ចិត្ត​ការ​ធ្វើ​ឲ្យរង្គោះ​រង្គើ​សេដ្ឋ​កិច្ច​របស់​លោក​ត្រាំ​ទេ ប៉ុន្តែ​ពួក​គេ​ស្រឡាញ់​របៀប​ដឹកនាំផ្តាច់​ការ​របស់​គាត់​ ដូច​គ្នា​នឹង​ពួក​គេ​ដែរ»។

លោកបន្ថែមថា​ គោល​នយោបាយ​របស់​លោក​ បៃដិន​ នឹង​មិន​សម្រប​តាម​ជន​ផ្តាច់​ការ​ និង​តួអង្គ​នយោ​បាយ​អាក្រក់ៗ​នោះ​ទេ ហើយ​លោក​ បៃដិន ​ក៏​នឹង​អនុវត្ត​គោល​នយោបាយ​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ​ជាមួយ​នឹង​អ្នក​នយោបាយ​រូបណា​ ដែល​ខ្វាយ​ខ្វល់​ពី​កិច្ចការ​តំបន់។

លោក​បណ្ឌិត Paul Chambers ​ដែល​ជា​អ្នក​វិភាគ​នយោ​បាយ​ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ Naresuan​ ក្នុង​ប្រទេស​ថៃ ​កត់​សម្គាល់​ស្រដៀង​គ្នា​នឹង​លោក​ អ៊ា សុផល ​ដែរ។ ​

លោក​បាន​ថ្លែង​ថា៖ «លោក​ ហ៊ុន សែន​ គ្រាន់​តែ​រង់​ចាំ​មើល​ការ​ឆ្លើយ​តប​របស់​ប្រធានាធិបតី​ប្រទេស​ចិន​ជា​មុន​សិន​ មុន​ពេល​លោក​ឆ្លើយ​តប​ទៅ​តាម​នោះ​ដែរ»។

លោក​បន្ថែម​ថា​ មេដឹកនាំ​ផ្តាច់​ការ​ មិន​ទាន់​បង្ហាញ​ការ​សាទរ​នឹង​ជ័យ​ជម្នះ​លោក បៃដិន​ ទេ ព្រោះ​ពួក​គេ​ភាគ​ច្រើន​ដឹង​ប្រាកដ​ថា​ លោក បៃដិន​ មិន​ផ្គាប់ផ្គន់​អែប​អប​រក​ប្រយោជន៍​ជាមួយ​ពួក​មេដឹកនាំ​ដែល​មិន​ស្តាប់​ការ​រិះគន់នោះទេ។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ មិន​មាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ជំហរ​របស់​កម្ពុជា​ទៅ​នឹង​ការ​ព្យាករណ៍នៃ​ជ័យជម្នះ​ការ​បោះ​ឆ្នោត​របស់​លោក​ បៃដិន​ ដោយបង្វែរ​សំណួរ​ទៅ​ក្រសួង​ការបរទេស​កម្ពុជា។ ប៉ុន្តែ​លោក​បន្ថែម​ថា​ បើ​តាម​ទស្សនៈ​របស់​លោក​ផ្ទាល់ រដ្ឋាភិបាល​កម្ពុជា​ នៅ​រង់​ចាំ​មើល​លទ្ធផល​ផ្លូវ​ការ​ជា​មុន​សិន។

«ទោះ​ជា​នរណា​ឈ្នះ អ្នក​ណា​យ៉ាង​ម៉េច​ក៏ដោយ ក៏​យើង​គោរព​នូវ​ជម្រើស​របស់​ប្រជាពលរដ្ឋ​អាមេរិក​កាំង។ អា​ហ្នឹង​ជា​ទូទៅ​ យើង​គោរព​អធិបតេយ្យ​ភាព​របស់​គេ។ ប៉ុន្តែ​រហូត​ទៅ​ដល់​ការ​ប្រកាស​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ អាហ្នឹង​បាន​យើង​ហ៊ាន​នេះ​ យើង​...​ចំពោះ​ខ្ញុំ​យល់​ទេ​ ប៉ុន្តែ​ក្រសួង​ការ​បរទេស ប្រហែល​ជា​អាច​ធ្វើ​អ្វី​បាន​ទៅ​ទៀត​ ខ្ញុំ​មិន​ដឹង»។

វីអូអេ ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក ​កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​ជាច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

កាល​ពី​ការ​បោះ​ឆ្នោតប្រធានាធិបតី​អាមេរិក​អាណត្តិ​មុន នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​ផ្ញើ​សារ​អបអរ​សាទរ​ទៅ​លោក ដូណាល់ ត្រាំ ភ្លាមៗ ​ក្រោយ​សារព័ត៌មាន​ប្រកាស​ថា ​លោក​ឈ្នះ​ឆ្នោត។

លោក​ ហ៊ុន សែន ដែល​ធ្លាប់​ប្រកាសគាំទ្រ​លោក ដូណាល់ ត្រាំ លើក​ឡើង​នៅ​គ្រា​នោះ​ថា៖ «ខ្ញុំ​រីករាយ​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ឯក​ឧត្តម​ មិន​ត្រឹម​តែ​អភិវឌ្ឍ​ទំនាក់ទំនង​ប្រទេស​យើង​ទាំងពីរ ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប្រឹង​ប្រែង​រួម​គ្នា​ ដើម្បី​លើក​កម្ពស់​បុព្វ​ហេតុ​ដ៏​ធំធេង​ ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុល​ភាព​របស់​ប្រជាជាតិ​ទាំង​អស់»។ នេះ​បើ​យោង​តាម​សារ​របស់​លោក ហ៊ុន សែន បង្ហោះនៅ​លើ​វេប​សាយ​របស់​ក្រសួង​ការបរទេស​កម្ពុជា។

​នៅ​អាស៊ាន គេ​សង្កេត​ឃើញ​មេដឹកនាំ​មួយ​ចំនួន ដូច​ជា​ហ្វីលីពីន ថៃ​ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី បាន​សម្តែង​ការ​អបអរសាទរ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្រៅ​ស្រុក។

រូបឯកសារ៖ អ្នកធ្វើការ​នៅ​ការិយាល័យ​បោះឆ្នោត​នៅ​ទីក្រុង Detroit ធ្វើការ​រាប់​សន្លឹកឆ្នោត​នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីក្រុង Detroit រដ្ឋ Michigan។

លោក ​ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ​ ជឿ​ថា​ ទោះ​បី​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ក៏​ដោយ​ ក៏​លទ្ធផល​នៅ​តែ​បញ្ជាក់​ថា​លោក បៃដិន​ ជា​បេក្ខជន​ឈ្នះ​ឆ្នោត​ដដែល​ ដោយ​សារ​ព័ត៌មាន​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ធំៗ​បាន​ចេញ​ផ្សាយ​នោះ​ គឺ​ជា​ដំណឹង​ដែល​អាច​ជឿ​ជាក់​ និងទុកចិត្ត​បាន។

សម្រាប់​លោក​ Phil Robertson​ នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) យល់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចង់​ឃើញ​លោក​ ដូណាល់ ត្រាំ ស្ថិត​ក្នុង​តំណែង​មួយ​អាណត្តិ​ទៀត​ ដោយ​សារ​លោក​មិន​ចង់​ប្រឈម​មុខ​នឹង​ប្រធានាធិបតី​ថ្មី​ ដែល​ធ្លាប់​ជា​បុគ្គល​សំខាន់​មួយ​រូប​នៃរដ្ឋបាល​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា ដែល​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​កម្ពុជា។

លោក​អធិប្បាយ​ថា៖ ​«លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​រួចខ្លួន​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​មក​នេះ​ ដោយ​សារ​ថា​ វា​ច្បាស់​ណាស់​ថា​ លោក​ ដូណាល់​ ត្រាំ​ មិន​ខ្វល់​អ្វី​ទៅ​ដែល​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​បាន​កើត​ឡើង​នៅ​[ប្រទេស​កម្ពុជា] នោះ​ទេ»។

លោក​បន្ថែម​ថា៖ «ប្រាកដ​ណាស់ រដ្ឋបាល​ថ្មី​លោក​ បៃដិន​ នឹង​បញ្ចប់​ការ​ត្រូវ​រ៉ូវ​គ្នា​របស់​លោក​ត្រាំ​ជាមួយ​ជនផ្តាច់​ការ​នៅ​ទូទាំង​ពិភព​លោក​ ហើយ​នឹង​គិត​គូរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ មក​ធ្វើ​ជា​ផ្នែក​ស្នូល​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​សហរដ្ឋអាមេរិក​ឡើង​វិញ»។

លោក​ Phil Robertson​ ឲ្យ​ដឹង​ទៀត​ថា​ រដ្ឋបាល​លោក​ បៃដិន​ ដែល​កំពុង​ខិត​ចូល​មក​ដល់​នោះ​ នឹង​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​សិទ្ធិ​មូល​ដ្ឋាន​ និង​សិទ្ធិ​នយោបាយ​ ហើយ​ក៏​នឹង​មាន​ការបង្កើន​ការ​ទាម​ទារ​ឲ្យ​បញ្ចប់​ការ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង និង​គិតគូរ​ដល់​សេរីភាព​សារព័ត៌មាន។

កាល​ពី​ថ្ងៃ​ចន្ទ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​កម្ពុជា​រំលាយ បានសាទរការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​គណបក្ស​ប្រឆាំង​នេះ​លើក​ឡើង​ថា ​ធ្វើ​ឡើង«ដោយ​គោរព​ស្មារតី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ យ៉ាង​ត្រឹម​ត្រូវ​ជា​ទី​បំផុត»។

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ «យើង​ជឿ​ជាក់​ថា​សហរដ្ឋអាមេរិក​ នឹង​ជួយ​ជំរុញឲ្យ​មាន​ការ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ចំពោះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ និង​ចំពោះ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​តម្រូវ​ឲ្យ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​គោល​ជំហរ​អព្យា​ក្រឹត​ឥត​លម្អៀង»៕