តុលាការខ្មែរក្រហមបានចោទប្រកាន់ពួកមេដឹកនាំជាន់ខ្ពស់នៅរស់រានមានជីវិត៤នាក់របស់រដ្ឋាភិបាលក្នុងទសវត្សរ៍១៩៧០ដែលបានបំផ្លាញប្រទេសកម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តុលាការនេះបានប្រកាសដីកាចោទប្រកាន់នួន ជា ប្រធានមនោគមន៍វិជ្ជារបស់ខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស ហើយប្រពន្ធរបស់គាត់ អៀងធារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
ការកាត់ទោសពួកមេដឹកនាំទាំងនោះត្រូវគេរំពឹងថា នឹងចាប់ផ្តើមនៅអំឡុង៦ខែដើមឆ្នាំក្រោយ។ ពួកជន សង្ស័យច្រានចោលការចោទប្រកាន់ប្រឆាំងពួកគេ។
លោកយូ ប៊ុនឡេង ចៅក្រមស៊ើបអង្កេតនិយាយថា មេដឹកនាំទាំង៤ប្រឈមមុខការចោទប្រកាន់ចាប់តាំងពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រហូតដល់ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងសាសនា។
លោកយូ ប៊ុនឡេង និយាយទៀតថា ការចោទប្រកាន់នេះត្រូវគេមើលឃើញថា ធ្វើឡើងប្រឆាំងបរិបទនៃការវាយប្រហារលើប្រជាពលរដ្ឋទាំងមូលក្នុងប្រទេសជាតិនេះ។
លោកនិយាយថា «ការស្ទង់មតិប្រជាសាស្ត្រអំឡុងធ្វើការស៊ើបអង្កេតបាន បង្ហាញថា មានប្រជាជនរវាង១,៧លាននាក់ទៅ២,២លាននាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម ដែលមានច្រើននាក់ស្លាប់ដោយសារធ្វើការលើសកម្លាំង និងជំងឺ ហើយនៅក្នុងនោះមាន៨សែននាក់បានស្លាប់ដោយសារអំពើឃោរឃៅ»។
ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមបានព្យាយាមធ្វើសង្គមកម្ពុជាថ្មីមួយ ហើយបានបង្ខំប្រជាពលរដ្ឋភាគច្រើនចេញពីទីក្រុងនានាដើម្បីធ្វើការងារនៅជនបទ។
លោកយូ ប៊ុនឡេងនិយាយទៀតថា ការចោទប្រកាន់អំពើប្រល័យពូជសាសន៍នេះគឺទាក់ទិននឹងការកាប់សម្លាប់ជនជាតិភាគតិចចាមកាន់សាសនាអ៊ីស្លាម ហើយនិងការស្លាប់ជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា។
លោក Marcel Lemonde សហចៅក្រមស៊ើបអង្កេតរបស់លោកយូ ប៊ុនឡេង ទទួលស្គាល់ថា រឿងក្តីនេះមានភាពស្មុគ្រស្មាញណាស់។
ចៅក្រម Lemonde និយាយថា មនុស្សខ្លះបានប្រៀបធៀបភាពស្មុគ្រស្មាញនៃរឿងក្តីនេះទៅនឹងការកាត់ទោសពួកមន្រ្តីជាន់ខ្ពស់ Nazis នៅទីក្រុង Nuremberg នៅពេលបញ្ចប់សង្គ្រាមលោកលើកទី២។ វាជាការប្រៀបធៀបដែលលោកគិតថា ជាការត្រឹមត្រូវ។
មានមនុស្សជាង២.១០០នាក់បានត្រូវអនុញ្ញាតឲ្យធ្វើជាភាគីដើមបណ្តឹងរដ្ឋប្បវេណី ដែលមានន័យថា តុលាការទទួលស្គាល់ថា ពួកគេឬសាច់ញាតិរបស់ពួកគេទទួលរងគ្រោះពីឧក្រិដ្ឋកម្មដ៏ពិតប្រាកដ ដែលមេដឹកនាំទាំង៤នាក់នេះត្រូវបានចោទប្រកាន់។
គេបានចំណាយពេលជាច្រើនឆ្នាំដើម្បីបង្កើតតុលាការរួមអន្តរជាតិនិងកម្ពុជានេះ ក៏ប៉ុន្តែកាលពីខែកក្កដា តុលាការនេះបានបញ្ចប់រឿងក្តីលើកដំបូងរបស់ខ្លួន។
ចៅក្រមបានកាត់ទោសកាំង ហ្គេកអៀវ ហៅឌុច ឲ្យជាប់គុក៣០ឆ្នាំចំពោះឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ឌុចបានសារភាព ថាខ្លួនបានកាន់កាប់គុកស២១ក្នុងទីក្រុងភ្នំពេញដែលមានមនុស្សយ៉ាងច្រើនរហូតដល់២ម៉ឺននាក់ត្រូវគេជឿថា បានត្រូវគេធ្វើទារុណកម្មនិងផ្តន្ទាទោសរហូតដល់ស្លាប់។
លោក Lars Olson អ្នកនាំពាក្យតុលាការនេះនិយាយថា ដីកាចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍គឺជាការបង្ហាញថា តុលាការនេះបានធ្វើការហួសពីរឿងក្តីរបស់ឌុចហើយ។
«ដីកាចោទប្រកាន់នេះកំពុងសំដៅដល់ថ្នាក់ដឹកនាំដែលត្រូវគេជឿជាក់ថា បានបង្កឲ្យមានឧក្រិដ្ឋកម្មទាំងអស់នៅក្នុងប្រទេសនេះ។ ដូច្នេះជាការណ៍ពិតសម្រាប់ប្រជាពលរដ្ឋកម្ពុជា កិច្ចការនេះបង្ហាញឲ្យឃើញថា ជនណាដែលគេជឿជាក់ថា បានបង្កើតប្រព័ន្ធទាំងមូល ឥឡូវនេះត្រូវប្រឈមមុខការចោទប្រកាន់ក្នុងតុលាការ»។
ក៏ប៉ុន្តែចុងចោទទាំង៤នាក់នោះមានអាយុជាង៧០ឬ៨០ឆ្នាំប្លាយហើយ។ ប្រជាពលរដ្ឋកម្ពុជាព្រួយបារម្ភថា ពួកគេនឹងស្លាប់មុន គឺនឹងមិនបានស្តាប់សាលក្រមកាត់ទោសពួកគេទេ៕
ប្រែសម្រួលដោយជឹង ប៉ូជីន