ផលិតករ​វីដេអូ​ប្លុក​មាន​បំណង​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា

កញ្ញា Catherine Harry កំពុងថតវីដេអូអប់រំនៅក្នុងបន្ទប់ស្ទូឌីយោរបស់នាង។ វីដេអូប្លុក​របស់​នាង មាន​ឈ្មោះ​ថា A Dose of Cath ផ្តោត​លើ​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ។ (Facebook)

នាង​បាន​ប្រាប់ VOA ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ខ្វល់​ច្រើន​អំពី​យេនឌ័រ ឬ​វិសមភាព​នៅ​ក្នុង​សង្គម​ឡើយ»។ នាង​បាន​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ខ្លួន នៅ​ពេល​ដែល​នាង​ចាប់​ផ្តើម​ស្វែង​យល់​ពី​បញ្ហា​សង្គម​ក្រោយ​ពេល​បាន​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​តាម​ហាង​កាហ្វេ។

វ៉ាស៊ីនតោន - Catherine Harry មាន​អាយុ​២៣​ឆ្នាំ។ នាង​មាន​អ្នក​តាម​ដាន​តាមFacebook ចំនួន ២៤៣ ០០០ ដែល​រក​ចំណូល​បាន​ចន្លោះ​ពី​១០០០ដុល្លារ​អាមេរិក ទៅ២០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ វីដេអូប្លុក​របស់​នាង មាន​ឈ្មោះ​ថា A Dose of Cath ផ្តោត​លើ​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ។ Catherine Harry មិន​ខ្វល់​ខ្វាយ​ខ្លាំង​ទេ បើទោះ​ជា​មាន​មនុស្ស​ជា​ច្រើន​មិន​យល់​ស្រប​ចំពោះ​ការ​តស៊ូមតិ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​ក៏​ដោយ បើ​នាង​គិត​ថា​ ប្រធានបទ​នោះ​មាន​សារៈសំខាន់​សម្រាប់​សង្គម។

នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ស្គាល់ Catherine ដោយសារ​តែ​ស្រ្តី​វ័យ​ក្មេង​ម្នាក់​នេះ​បាន​ពិភាក្សា​អំពី​បញ្ហា​គំនាប​វប្បធម៌ ប្រពៃណី និង​សង្គម​លើ​ស្រ្តី ដែល​ត្រូវ​បាន​ស្គាល់​ថា «ច្បាប់​ស្រី» ដែល​បាន​កំណត់​ពី​និយមន័យ​នៃ​ស្រ្តី​ខ្មែរ​ដ៏​ល្អ​មួយ​រូប។ បើ​ទោះ​ជា​ច្បាប់​ស្រី​មិន​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​សាលា​បន្ត​ទៀត​ក៏​ដោយ ក៏​ច្បាប់​នេះ​បាន​ចាក់​ឫស​ក្នុង​ផ្នត់​គំនិត​របស់​ពលរដ្ឋ​កម្ពុជា ដែល​ស្រ្តីខ្មែរ​ដ៏​ប្រពៃ​ម្នាក់​គឺ​ជា​ស្រ្តី​ដែល​មាន​ភាព​ស្ងៀមស្ងាត់ និង​ស្តាប់​បង្គាប់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Catherine យល់​ឃើញ​ថា ​ច្បាប់​ស្រី​នេះ គឺ​ជា​បទដ្ឋាន​មួយ​ដែល​ដាក់​គំនាប​លើ​ស្រ្តី និង​ធ្វើ​ឲ្យ​មាន​វិសមភាព​យេនឌ័រ​កាន់​តែ​ខ្លាំង និង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្រ្តី ទាំង​ក្នុង​គ្រួសារ និង​ទី​កន្លែង​នានា ដោយសារ​តែ​ច្បាប់​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រ្តី​រក្សា​ភាព​ស្ងៀម​ស្ងាត់។

Catherine បាន​ចាប់​ផ្តើម​ការងារ​តស៊ូ​មតិ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ដោយ​ធ្វើ​ជា​អ្នក​សរសេរ​ប្លុក ដែល​ពិភាក្សា​អំពី​ច្បាប់​ស្រី។ នាង​ចាប់​ផ្តើម​វីដេអូ​ប្លុក​របស់​នាង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដោយ​លើក​យក​ប្រធាន​បទ​ផ្សេងៗ​មក​ពិភាក្សា​ជា​រៀង​រាល់​សប្តាហ៍។ កាល​ពី​ដំបូងៗ នាង​បាន​រៀបចំ​ប្រធាន​បទ​ប្រហែល​ជាង​៥០​ដើម្បី​ពិភាក្សា​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ។

នាង​ផ្សាយ​វីដេអូ​ជា​រៀងរាល់​យប់​ថ្ងៃ​សៅរ៍ ដែល​ជា​ពេល​វេលា​ដែល​អ្នក​តាម​ដាន​វីដេអូ​ប្លុក​របស់​នាង​ភាគ​ច្រើន​ទំនេរ និង​អាច​មើល​វីដេអូ​របស់​នាង​បាន។ ប្រជាជន​ដែល​មើល​វីដេអូ​របស់​នាង​ភាគ​ច្រើន គឺ​ស្រ្តី​កម្ពុជា​វ័យ​ក្មេង។

នាង​បាន​ប្រាប់​ VOA ថា៖ «ខ្ញុំ​និយាយ​ទៅ​កាន់​ពួក​គេ​ក្នុង​នាម​ជា​មិត្ត​របស់​ពួក​គេ។ ខ្ញុំ​មិន​បង្រៀន​ពួក​គេ​ទេ ដូច្នេះ​ខ្ញុំ​អាច​ជា​មិត្ត​ម្នាក់​របស់​ពួកគេ។ ខ្ញុំ​ចែក​រំលែក​អ្វី​ដែល​ខ្ញុំ​ដឹង​ទៅ​ពួកគេ។ ដូច្នេះ​ពួកគេ​អាច​ភ្ជាប់​ខ្លួន​របស់​ពួក​គេ​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​ចែក​រំលែក»។

Catherine បាន​ពិភាក្សា​អំពី​ប្រធាន​បទ​ដែល​មិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ជា​សាធារណៈ ដូច​ជា​ការ​មក​រដូវ ការ​ពន្យា​កំណើត និង​ការ​រំលូត​កូន។ ភាគ​ច្រើន​នៃ​វីដេអូ​របស់​នាង មាន​អ្នក​មើល​ប្រហែល​១​សែន​នាក់។ វីដេអូ​របស់​នាង​ដែល​ពិភាក្សា​អំពី​បញ្ហា​ព្រហ្មចារី ដែល​នាង​បាន​សួរ​ថា «តើ​តម្លៃ​របស់​ស្រ្តី​ត្រូវ​បាន​កំណត់​ដោយ​ព្រហ្មចារី​ឬ​យ៉ាង​ណា?» មាន​អ្នក​ទស្សនា​ចំនួន​២​លាន​នាក់ និង​ទទួល​បាន​មតិ​យោបល់​រាប់ពាន់ ដែល​ប្រទេស​កម្ពុជា​មាន​ប្រជាជន​ប្រហែល​១៦​លាន​នាក់​តែ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​ប្រជាជន​ប្រមាណ​៦​លាន​៨​សែន​នាក់​ប្រើ​ប្រាស់ Facebook។

Catherine លើក​យក​ប្រធាន​បទ​ដែល​នាងបាន​ពិពណ៌នា​ថា ជា«ប្រធាន​បទ​ចម្រូង​ចម្រាស់» មក​ពិភាក្សា និង​អំពាវ​នាវ​ឲ្យ​ធ្វើ​សកម្មភាព​ដើម្បី​ដោះស្រាយ​បញ្ហា។ នាង​បាន​ឆ្លើយ​តប​ទៅ​មតិ​យោបល់​មួយ​ចំនួន និង​អគុណ​ចំពោះ​មតិ​អវិជ្ជមាន​នានា។ Catherine ផលិត​វីដេអូ​ដោយ​មាន​ជំនួយ​ពី​មិត្ត​ប្រុស​របស់​នាង ឈ្មោះ​ ជុំ បញ្ញា ដែល​មាន​អាយុ​២៥​ឆ្នាំ និង​ជា​ម្ចាស់​ក្រុមហ៊ុន​បក​ប្រែ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ។ លោក ជុំ បញ្ញា បាន​និយាយ​ថា៖ «យ៉ាង​ហោច​ណាស់ អ្នក​ទស្សនា​វីដេអូ​របស់ Catherine អាច​ស្វែង​យល់​ពី​អ្វី​ដែល​ពួក​យើង​ចង់​និយាយ​ប្រាប់​ពួក​គេ»។

Catherine បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ពិភាក្សា​អំពី​ប្រធាន​បទ​ដែល​ខ្ញុំ​បាន​លើក​ឡើង។ ការ​ដែល​ពួកគេ​មិន​យល់​ស្រប​ជាមួយ​នឹង​ប្រធាន​បទ​របស់​ខ្ញុំ មិន​ចោទ​ជា​បញ្ហា​ទេ​សម្រាប់​ខ្ញុំ»។

«មិន​មែន​ប្រជាជន​គ្រប់​គ្នា​សុទ្ធ​តែ​សរសើរ​ពី​ភាព​ក្លាហាន​របស់ Catherine ទេ»។ នេះ​បើ​តាម​សម្តី​របស់ កញ្ញា លី ចិន្តាវតី ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​ជោគជ័យ​របស់​និស្សិត និង​ជា​អតីត​ប្រធាន​សភា​និស្សិត​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត។ «ប៉ុន្តែ​នៅ​ពេល​ដែល​នាង​និយាយ​អំពី​ប្រធាន​បទ​ទាំង​នោះ ទាំង​បុរស និង​ស្រ្តី​អាច​ដឹង​បាន​ថា ទាំង​នោះ​គឺ​ជា​បញ្ហា​សិទ្ធិ​ស្រ្តី»។

មួយ​ឆ្នាំ​ក្រោយ​ពី​នាង​បាន​ដំណើរ​ការ​វីដេអូ​ប្លុក​របស់​នាង ទស្សនាវដី្ត Forbes បាន​ចាត់​ថ្នាក់ Catherine ជា​យុវជន​អាស៊ី​ឈាន​មុខ «យុវជន​អាស៊ី​ទាំង​៣០​រូប​ដែល​ស្ថិត​ក្រោម​អាយុ​៣០​ឆ្នាំ»។

កញ្ញា ឃួន ចាន់ទេវី ដែល​ជា​ប្រធាន​ក្រុម​សិទ្ធិ​ស្រ្តី​នៅ​ឯ​អង្គការ ActionAid កម្ពុជា ដែល​បាន​ធ្វើ​ការ​ជា​មួយ Catherine ថា៖ «វា​គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​ពិភាក្សា​អំពី​ប្រធាន​បទ​ទាំង​នោះ ដែល​មិន​ធ្លាប់​បាន​ពិភាក្សា​ជា​សាធារណៈ​នៅ​កម្ពុជា។ នាង​ក្លាហាន​ក្នុង​ការ​ពិភាក្សា​អំពី​ប្រធាន​បទ​ដែល​មាន​ភាព​ចម្រូង​ចម្រាស់»។

Catherine ធ្លាប់​មាន​ការ​រើសអើង​ចំពោះ​ស្រ្តី មុន​ពេល​ក្លាយ​ជា​សកម្មជន​សិទ្ធិ​ស្រ្តី។ នាង​បានប្រាប់​ VOA ​ថា នាង​ធ្លាប់​រើស​អើង​មិត្តរួម​ថ្នាក់​ដែល​ធ្លាប់​រួម​ភេទ​កាល​ពី​ពេល​ដែល​មិត្ត​រួម​ថ្នាក់​របស់​នាង​មាន​អាយុ​១២​ឆ្នាំ។

Catherine កើត​នៅ​ទីក្រុង​ភ្នំពេញ។ ម្តាយ​របស់​នាង​មាន​ឈ្មោះ​ ស្វាយ សូលីនា និង​ឪពុក​មាន​ឈ្មោះ​ ហ៊ុន សម្បត្តិ។ នាង​មាន​ឈ្មោះ​កំណើត​ថា សម្បត្តិ សុខ​សុវណ្ណ​កេសរ។ Catherine បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​គ្រួសារ​ដែល​មាន​គំនិត​អភិរក្ស​និយម។ ឪពុក​របស់​នាង​ធ្លាប់​ប្រាប់​នាង​ថា នាង​មិន​គួរ​ស្លៀក​ខ្លី​នៅ​ទី​សាធារណៈ និង​ពុំ​គួរ​ជួប​មិត្តភ័ក្ភ​នៅ​ពេល​ល្ងាច​ជា​ដើម។

នាង​បាន​ប្រាប់ VOA ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ខ្វល់​ច្រើន​អំពី​យេនឌ័រ ឬ​វិសមភាព​នៅ​ក្នុង​សង្គម​ឡើយ»។ នាង​បាន​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ខ្លួន នៅ​ពេល​ដែល​នាង​ចាប់​ផ្តើម​ស្វែង​យល់​ពី​បញ្ហា​សង្គម​ក្រោយ​ពេល​បាន​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​តាម​ហាង​កាហ្វេ។ នាង​ក៏​បាន​ធ្វើ​ការ​ក្នុង​គម្រោង​ស្នេហ៍​៩​នៅ​ឯ​ស្ថានីយ​វិទ្យុ BBC ។ នាង​បាន​ប្រាប់​ថា៖ «ខ្ញុំ​ជួប​មនុស្ស​ជា​ច្រើន​ដែល​គាំ​ទ្រ​សិទ្ធិ​ស្រ្តី។ ខ្ញុំ​ធ្វើ​សកម្មភាព​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្រ្តី។ ហើយ​ខ្ញុំ​ក៏​ក្លាយ​ជា​ខ្ញុំ​បច្ចុប្បន្ន​នេះ»។

នាង​ប្តូរ​ឈ្មោះ​កំណើត សម្បត្តិ សុខ​សុវណ្ណ​កេសរ មក Catherineកាល​ពី​នាង​មាន​អាយុ​១៧​ឆ្នាំ ដើម្បី​តំណាង​ឲ្យ​បុគ្គលិក​លក្ខណៈ​ថ្មី​របស់​នាង។

អ្នកស្រី សូលីណា ដែល​ជា​ម្តាយ​របស់ Catherine សរសើរ​កូន​ស្រី​របស់​អ្នកស្រី។ អ្នកស្រី​បាន​និយាយ​ថា៖ «កូន​ស្រី​របស់​ខ្ញុំ មិន​ក្លាហាន​ទេ​កាល​ពី​ក្មេង។ បច្ចុប្បន្ន​នេះ នាង​ចូល​រួម​ចំណែក​ជួយ​សង្គម។ នាង​ផ្តល់​អំណាច​ដល់​ស្រ្តី ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ និង​ដើម្បី​តតាំង​ជាមួយ​នឹង​ការ​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​របស់​ស្រ្តី​តាម​បែប​ប្រពៃណី»។

Catherine បាន​កំណត់​និយមន័យ Feminism [ហ្វេមីនីស៊ឹម] ថា​ គឺ​ជា​ក្រុម​មនុស្ស​ដែល​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​សមភាព​រវាង​បុរស​និង​ស្រ្តី។

នាង​បាន​និយាយ​ថា៖ «ពេល​ខ្លះ នៅ​ពេល​ដែល​ខ្ញុំ​បើក​បរ ឬ​ក៏​ជិះ​កង់​តាម​ផ្លូវ មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​បាន​ហៅ​ខ្ញុំ​តាម​ផ្លូវ។ នៅ​ពេល​ល្ងាច ឬ​ពេល​យប់ មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​បាន​ដើរ​តាម​ខ្ញុំ​ជាដើម។ ដូច្នេះ​ខ្ញុំ​មិន​មាន​សេរីភាព​ដើរ​ហើរ​ឡើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​រស់​នៅ​ដោយ​មាន​សម្ពាធ និង​គ្មាន​សុវត្ថិភាព»។

Catherine និយាយ​ថា៖ «និយាម​បិតា​ធិបតេយ្យ​នៅ​កម្ពុជា ក៏​ប៉ះ​ពាល់​ដល់​បុរស​ដែរ។ បុរស​មិន​អាច​បញ្ចេញ​អារម្មណ៍​របស់​គេ​បាន​ទេ។ ពេល​ខ្លះ​បុរស​ដែល​ត្រូវ​បាន​រំលោភ​ផ្លូវ​ភេទ និង​រង​អំពើ​ហិង្សា​ផ្លូវ​ភេទ មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​និយាយ​ទេ ពីព្រោះ​តាម​ប្រពៃណី​ខ្មែរ បុរស​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទេ»។

នេះគឺជាបន្ទប់ស្ទូឌីយោរបស់កញ្ញា Catherine Harry ដែលនាងថតវីដេអូប្លុកផ្តោតលើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។

Catherine ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​លើ​វីដេអូ​ប្លុក​របស់​នាង ប៉ុន្តែ​នាង​មិន​មាន​បំណង​ឈប់​ផលិត​វីដេអូប្លុក​ទាំង​នេះ​ទេ។

នាង​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ពិភាក្សា​អំពី​បញ្ហា​ចម្រូង​ចម្រាស់​នៅ​ក្នុង​សង្គម។ ប្រសិន​បើ​គ្មាន​មតិ​អវិជ្ជមាន​លើ​វីដេអូ​របស់​ខ្ញុំ​ទេ ខ្ញុំ​គិត​ថា ​វីដេអូ​ទាំង​នោះ​មិន​មាន​ប្រសិទ្ធ​ភាព​ទេ។ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ចាប់​ផ្តើម​ពិភាក្សា​អំពី​ប្រធាន​បទ​ទាំង​នោះ។ បើ​ទោះ​បី​ជា​ប្រជាជន​យល់​ស្រប ឬ​មិន​យល់​ស្រប​ជាមួយ​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ក៏​ដោយ ក៏​ពួកគេ​មាន​វេទិកា​មួយ​ដើម្បី​ផ្លាស់​ប្តូរ​មតិ​យោបល់​របស់​ពួកគេ»។

អ្នកស្រី​ សូលីណា​ បារម្ភ​ពី Catherine។ លោកស្រី​បាន​ប្រាប់​ VOA ថា៖ «ខ្ញុំ​គិត​ថា​ វា​មិន​មែន​ជា​រឿង​អាក្រក់​ទេ ប៉ុន្តែ​អ្នក​ដែល​មាន​គំនិត​អភិរក្ស​និយម មិន​អាច​ទទួល​យក​បាន។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​គំនិត​វិជ្ជមាន។ មតិ​របស់​អ្នក​ដទៃ គឺ​ជា​បញ្ហា​របស់​អ្នក​ដទៃ»។

Catherine បាន​ប្រាប់​ថា ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​គាំទ្រ និង​សរសើរ​ការងារ​របស់​នាង ប្រជាជន​ជា​ច្រើន​មិន​យល់​ស្រប​នឹង​អ្វី​ដែល​នាង​ធ្វើ​ទេ ហើយ​ថែម​ទាំង​មិន​ឲ្យ​តម្លៃ​ថែម​ទៀត​ផង។ មិត្តភ័ក្ភ​របស់​នាង​មួយ​ចំនួន បាន​លុប​ឈ្មោះ​របស់​នាង​ពី​បញ្ជី​មិត្តភ័ក្ភ និង​ឈប់​តាម​ដាន​នាង​តាមFacebook។

ប្រជាជន​មួយ​ចំនួន​នៅ​តែ​ចង់​រក្សា​ការ​អនុវត្ត​ច្បាប់​ស្រី ដែលCatherine មិន​យល់​ស្រប​លើ​គោលការណ៍​មួយ​ចំនួន​នៃ​ច្បាប់​នេះ។

Catherine និយាយ​ថា៖ «មិត្តភ័ក្ភ​របស់​ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា ច្បាប់​ស្រី​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​សាលា​ទៀត​ទេ។ ហេតុអ្វី​បាន​ជា​ខ្ញុំ​ខ្វល់​ពី​រឿង​នេះ​ខ្លាំង​ម្លេះ ខណៈ​អ្នក​ផ្សេង​ទៀត​មិន​ទាំង​ខ្វល់​ផង»?

នាង​បាន​បន្ថែម​ថា៖ «មនុស្ស​ម្នាក់​នោះ​មិន​ទាំង​យល់​ថា អ្វី​ទៅ​គឺ​ជា​ច្បាប់​ស្រី ដែល​កប់​ជ្រៅ​ក្នុង​ផ្នត់​គំនិត​របស់​ប្រជាជន​កម្ពុជា។ មិន​ថា​ពួកគេ​បាន​ដឹង​ឬ​ក៏​អត់​ទេ ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​តែ​អនុវត្ត​ច្បាប់​ស្រី»។

Catherine បាន​ប្តូរ​គំនិត​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​របស់​នាង។ ឪពុក​របស់ Catherine បាន​ប្តូរ​មក​គាំទ្រ​ការងារ​របស់​នាង។ នាង​បាន​និយាយ​ថា៖ «ឪពុក​របស់​ខ្ញុំ បាន​បញ្ចេញ​មតិ​ដើម្បី​វែកញែក​ជាមួយ​ប្រជាជន​ដែល​រិះគន់​ខ្ញុំ​តាមFacebook។ គាត់​បាន​ពន្យល់​ពួកគេ​ថា ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​លើ​សិទ្ធិ​ស្រ្តី»។

ជុំ បញ្ញា​ ដែល​ជា​មិត្ត​ប្រុស​របស់ Catherine ក៏​បាន​ផ្លាស់​ប្តូរ​មក​គាំទ្រ​ការងារ​របស់ Catherine ដែរ​។ លោក​បាន​និយាយ​ថា៖ «Feminism [ហ្វេ​មី​នី​ស៊ឹម] មិន​ផ្តោត​តែ​លើ​ស្រ្តី​នោះ​ទេ វា​គឺ​ជា​ការងារ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ អ្វី​ដែលCatherine បាន​ធ្វើ​បង្ហាញ​ពី​តថភាព​ពិត​ក្នុង​សង្គម។ មនុស្ស​គួរ​តែ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា»៕